ភ្នំពេញៈ ក្រសួងសុខាភិបាល និងគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេសបានបញ្ជូនវ៉ាក់កូវីដ ១៩ រួចរាល់ ទៅដល់មន្ទីរសុខាភិបាលរាជធានី-ខេត្តទាំង ២៥ សម្រាប់ចាក់ដូសជំរុញជូនដល់ប្រជាពលរដ្ឋ ក្នុងចំណោមអត្រានៃអ្នកបានចាក់វ៉ាក់សាំងនៅទូទាំងប្រទេសបានចំនួន ៩២,៥៥% ធៀបនឹងចំនួនប្រជាពលរដ្ឋសរុបចំនួន ១៦ លាននាក់។
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការនៃក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បានថ្លែងកាលពីថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២២ កន្លងមកនេះថា ក្រសួងសុខាភិបាលបានផ្តល់វ៉ាក់សាំងកូវីដ ១៩ ចំនួន ២ ប្រភេទទៅតាមបណ្តារាជធានី-ខេត្តទាំងអស់នៅទូទាំងប្រទេសរួចរាល់ហើយ សម្រាប់ធ្វើការចាក់ជូននូវដូសទី ៣ និងដូសទី ៤ ដល់ប្រជាពលរដ្ឋ។
លោកស្រីបានមានប្រសាសន៍ថា៖ «គ.វ.ក-១៩ បានផ្តល់វ៉ាក់សាំង ២ ប្រភេទ គឺប្រភេទ Pfizer ក៏ដូចជាវ៉ាក់សាំងប្រភេទ AstraZeneca ដែលទទួលបាននាពេលកន្លងទៅថ្មីៗនេះ ទៅកាន់បណ្តារាជធានី-ខេត្តទាំង ២៥ រួចរាល់ហើយ ដើម្បីបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ដូសជំរុញទី ៣ និងទី ៤ ផងដែរ»។
លោកស្រីបានមានប្រសាសន៍ទៀតថា កងការពារនឹងធ្លាក់ចុះអស់ ប្រសិនបើទុកយូរពេកដោយមិនបានចាក់វ៉ាក់សាំងដូសជំរុញដើម្បីបង្កើននូវកងការពាររបស់ខ្លួនទេនោះ ដែលអាចធ្វើឱ្យសរីរាង្គរបស់បុគ្គលនោះងាយទទួលយកពីការវាយលុកធ្ងន់ធ្ងរនៃវីរុសកូវីដ ១៩ ពិសេសពីពពួកបំប្លែងថ្មីអូមីក្រុង។
ប្រធាន គ.វ.ក-១៩ រូបនេះបានបញ្ជាក់ទៀតថា ដើម្បីការពារអាយុជីវិតឱ្យទាន់ពេលវេលាសុំបុគ្គលគ្រប់រូបកុំមើលស្រាលហើយក៏មិនត្រូវភ្លេចខ្លួនដែរ ទោះបីជារបាយការណ៍ប្រចាំថ្ងៃបង្ហាញពីស្ថានភាពនៃការឆ្លងមានការធូរស្រាល ឬធ្លាក់ចុះក៏ដោយ។
លោកស្រីបានមានប្រសាសន៍ថា៖ «យើងត្រូវដឹងថា វីរុសកូវីដ ១៩ នៅតែមានវត្តមានដដែលហើយការចម្លងក៏នៅតែមាននៅឡើយដែរ ហើយថ្មីៗនេះនៅតាមបណ្តាប្រទេសនានាលើសកលលោក ឃើញមានការវិវឌ្ឍនៃពពួកអូមីក្រុងនេះដោយបំប្លែងខ្លួនជាបន្តទៀត។ ដូចនេះត្រូវនាំគ្នាទៅចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី ៣ និងទី ៤ ឱ្យបានគ្រប់ៗគ្នា ហើយកុំបារម្ភពីការខ្វះវ៉ាក់សាំងឡើយ គឺយើងមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់ជូនប្រជាពលរដ្ឋគ្រប់ៗគ្នា»។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលអូស្ត្រាលី និងត្រូវផ្ដល់ជូនក្នុងភាពជាដៃគូជាមួយយូនីសេហ្វ បានផ្តល់ទូបង្កកត្រជាក់ខ្លាំងចំនួន ៣៣ គ្រឿង (សីតុណ្ហភាព-៨០ អង្សាសេ) ដែលជាឧបករណ៍ចាំបាច់ ដើម្បីពង្រឹងសមត្ថភាពបរិក្ខារប្រព័ន្ធត្រជាក់របស់កម្ពុជា ដល់ក្រសួងសុខាភិបាលនាចុងខែកុម្ភៈកន្លងទៅផងដែរ។ ក្រសួងក៏បានបញ្ជូន និងដំឡើងទូបង្កកទាំងនេះទៅតាមបណ្តារាជធានីខេត្តសម្រាប់រក្សាវ៉ាក់សាំងកូវីដ ១៩ ផងដែរ។
ជាមួយគ្នានេះដែរ កាលពីថ្ងៃទី ២៦ ខែមីនា លោកស្រី ឱ វណ្ណឌីន និងលោកស្រី លី អៃឡែន តំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំកម្ពុជាបានចុះពិនិត្យមើលមណ្ឌលចាក់វ៉ាក់សាំងកូវីដ ១៩ និងពិនិត្យការងារថែទាំសុខភាពបឋមរបស់សហគមន៍ និងប្រព័ន្ធសុខាភិបាលក្នុងមូលដ្ឋាននៃខេត្តកំពតផងដែរ។
នាឱកាសនោះ លោកស្រី និងក្រុមការងារបានពិភាក្សាជាមួយគ្រប់ក្រុមគោលដៅសម្រាប់ជួយឱ្យក្រុមការងារអភិវឌ្ឍ និងគ្រប់គ្រងក្របខ័ណ្ឌអនុវត្តន៍ការជំរុញបង្កើនការងារថែទាំសុខភាពបឋម បង្កើតក្របខ័ណ្ឌការងារថែទាំសុខភាពបឋមដែលឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋដើម្បីលើកកម្ពស់គុណភាពជីវិតរបស់ពួកគាត់ តាមរយៈការផ្តល់ឱ្យពួកគាត់នូវសេវាថែទាំសុខភាពបឋមគ្រប់ជ្រុងជ្រោយ។
លោកស្រីតំណាងអង្គការសុខភាពពិភពលោក បានលើកឡើងដែរថា អ្នកដែលមានជំងឺប្រចាំកាយ ដូចជា អេសដ៍ ឬជំងឺផ្សេងៗទៀត ត្រូវតែចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ជាចាំបាច់ ដើម្បីការពារខ្លួន។
យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលបានឱ្យដឹងថា គិតត្រឹមថ្ងៃទី ២៦ ខែមីនា ប្រជាពលរដ្ឋជិត ១៥ លាននាក់ ឬ ៩២,៥៥% បានចាក់វ៉ាក់សាំងកូវីដ ១៩ ចំណែកអត្រាអ្នកចាក់វ៉ាក់សាំងដូសទី ៣ ជិត ៨ លាននាក់ និងអ្នកចាក់ដូសទី ៤ បានចំនួនជាង ១ លាននាក់ផងដែរ។
គួររំឭកថា កម្ពុជានឹងទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ជាបន្តបន្ទាប់ពីបណ្តាប្រទេសជាមិត្ត និងប្រទេសទ្វេភាគីមួយចំនួនទៀតនៅក្នុងឆ្នាំ ២០២២ នេះ ចាប់ពីខែមីនានេះតទៅដែលក្នុងនោះរួមមានប្រទេសចិន ប្រទេសអ៊ីតាលី និងសហរដ្ឋអាមេរិកផងដែរ ខណៈដែលក្នុងតែខែមីនានេះ កម្ពុជាអាចនឹងទទួលបានវ៉ាក់សាំងចន្លោះពី ៥ ទៅ ៧ លានដូស៕