មណ្ឌលគិរីៈ ទិវា ១ ម៉ោងសម្រាប់ភពផែនដី គឺជាឱកាសល្អមួយសម្រាប់ទាំងអស់គ្នាបង្ហាញពីការយកចិត្តទុកដាក់ចំពោះធម្មជាតិ និងបរិស្ថានក៏ដូចជាប្រាប់ដល់អ្នកដទៃទៀតឱ្យបានយល់ពីសារៈសំខាន់នៃធនធានធម្មជាតិ ចំពោះជីវិតនៅលើភពផែនដី ព្រមទាំងចូលរួមស្វែងរកដំណោះស្រាយ ចំពោះបញ្ហាប្រឈមជាច្រើន ដែលកំពុងកើតឡើង។
នេះជាការថ្លែងរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិកា និងជាអ្នកនាំពាក្យក្រសួងបរិស្ថាននៅក្នុងឱកាសចូលរួមប្រារព្ធទិវា ១ ម៉ោងសម្រាប់ភពផែនដី ដែលធ្វើឡើងនៅល្ងាចថ្ងៃទី ២៦ ខែមីនា ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ក្រោមប្រធានបទ «អនាគតដែលយើងប្រាថ្នា» ដែលជាប្រធានបទមួយ ជំរុញឱ្យមានការប្តេជ្ញាចិត្តរួមគ្នាបន្ថែមទៀតសម្រាប់និរន្តរភាពនៃភពផែនដី។
លោកលើកឡើងថា បញ្ហាដែលកំពុងកើតឡើងក្នុងពេលបច្ចុប្បន្នមានការប្រែប្រួលអាកាសធាតុ និងការខូចខាតប្រព័ន្ធអេកូឡូស៊ី ដែលជាកត្តាគំរាមកំហែងសកលដល់ មនុស្ស និងធម្មជាតិ។
លោកថ្លែងថា៖ «ទិវា ១ ម៉ោងសម្រាប់ភពផែនដីផ្តល់ឱកាសសម្រាប់យើងចូលរួមអបអរ ក៏ប៉ុន្តែវាក៏ជាពេលដែលយើងត្រូវបង្ហាញឆន្ទៈដ៏មោះមុត ចំពោះការការពារបរិស្ថាន និងធនធានធម្មជាតិជាតិផងដែរ ហើយការការពារបរិស្ថាន និងអភិរក្សធនធានធម្មជាតិនេះ មិនមែនធ្វើត្រឹមរយៈពេល ១ ម៉ោងនៃការប្រារព្ធទិវានេះទេ គឺយើងត្រូវធ្វើជាប្រចាំ»។
ការនិយាយថាទេចំពោះសាច់សត្វព្រៃជាផ្នែកមួយនៃការចូលរួមការពារជីវចម្រុះរីឯការចូលរួមដាំដើមឈើ គឺជាការបង្កើនជម្រកសម្រាប់គ្រប់គ្នា សម្រាប់សត្វព្រៃ ក៏ដូចជាបង្កើតនូវខ្យល់បរិសុទ្ធ ហើយនេះ គឺជាអ្វីដែលគ្រប់គ្នាត្រូវធ្វើពីពេលនេះតទៅមុខទៀត។ ដើម្បីពិភពលោកមានសម្រស់បៃតងមានផាសុកភាព មានខ្យល់ដែលបរិសុទ្ធ ហើយផ្តល់នូវសុខភាពល្អសម្រាប់មនុស្សគ្រប់ជំនាន់ ។ លោកថ្លែងថា៖ «សូមចូលរួមការពារភពផែនដីរបស់យើង សូមចូលរួមការពារ សត្វព្រៃរបស់យើង សូមចូលរួមការពារព្រៃឈើរបស់យើង ហើយធម្មជាតិ និងផ្តល់មកឱ្យយើងវិញ តបស្នងមកឱ្យយើងវិញ ចំពោះអ្វីដែលយើងគោរពធម្មជាតិ» ។
ដើម្បីរក្សាធនធានធម្មជាតិ និងបរិស្ថាន យើងចាំបាច់ត្រូវការបង្កើតសេដ្ឋកិច្ចនៅមូលដ្ឋាន តាមរយៈពាក្យស្លោករក្សាឈើឈរដើម្បីរកចំណូលក្នុងនោះរួមមានការលក់ឥណទានកាបូននៅក្នុងទីផ្សារស្ម័គ្រចិត្តអន្តរជាតិ យកចំណូលថវិកាមកពង្រឹងការងារអភិរក្សធនធានធម្មជាតិ និងអភិវឌ្ឍសហគមន៍តំបន់ការពារធម្មជាតិ ក៏ដូចជាជំរុញលើការអភិវឌ្ឍទេសចរណ៍ធម្មជាតិ បង្កើតមុខរបរថ្មី បង្កើនចំណូល និងធ្វើឱ្យជីវភាពពលរដ្ឋមូលដ្ឋានកាន់តែមានភាពល្អប្រសើរ និងដើម្បីកម្ពុជាសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ខ្លួន។ នេះជាការបន្ថែមរបស់លោក នេត្រ ភក្ត្រា ។
លោកបន្តថា កម្ពុជាបាននិងកំពុងខិតខំប្រឹងប្រែងបន្តទៀតក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ និងធ្វើយ៉ាងណា ធានាឱ្យបាននូវនិរន្តរភាពបរិស្ថាន គុណភាពបរិស្ថាន ត្រូវបានធានា ធនធានធម្មជាតិត្រូវបានថែរក្សាការពារបានយ៉ាងល្អសម្រាប់ជាប្រយោជន៍ដល់មនុស្សជាតិរាប់ជំនាន់ទៀត។ ក្នុងនោះកម្ពុជាបាននិងកំពុងអនុវត្តផែនការយុទ្ធសាស្ត្ររយៈពេលវែងរបស់ខ្លួនក្នុងការធ្វើអព្យាក្រឹតភាពកាបូនត្រឹមឆ្នាំ ២០៥០។ ប្រទេសកម្ពុជា បានប្តេជ្ញាដាក់ឱ្យដំណើរការនូវប្រព័ន្ធ ត្រួតពិនិត្យព្រៃឈើជាតិ និងប្រព័ន្ធព័ត៌មានសុវត្ថិភាពបរិស្ថាន និង សង្គមសម្រាប់ការអនុវត្តគម្រោងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ពីការបាត់បង់ និងរេចរឹលព្រៃឈើ (REDD+) និងកំណត់គោលដៅកាត់បន្ថយអត្រានៃការបាត់បង់ព្រៃឈើមកត្រឹមពាក់កណ្តាលនៅត្រឹមឆ្នាំ ២០៣០ ក្នុងវិស័យព្រៃឈើ និងការប្រើប្រាស់ដី (FOLU) ស្របតាមយុទ្ធសាស្ត្ររ៉េដបូក ជាតិកម្ពុជា ។
លោក សេង ទៀក តំណាងអង្គការ WWF បានថ្លែងថា ការបិទភ្លើង ១ ម៉ោងបានក្លាយជាសកម្មភាពនិមិត្តរូបសកលមួយចាប់តាំងពីព្រឹត្តិការណ៍ប្រចាំឆ្នាំមួយនេះបានចាប់កំណើតឡើងក្នុងឆ្នាំ ២០០៧ នៅទីក្រុងស៊ីដនីនៃប្រទេសអូស្ត្រាលី ដែលពេលនោះទិវានេះត្រូវបានធ្វើឡើង ដើម្បីផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការប្រើប្រាស់ភ្លើងអគ្គិសនីទៅលើបរិស្ថាន។ លោកបន្តថា តាមរយៈការបិទភ្លើងមួយម៉ោងនេះ ប្រជាជននៅលើពិភពលោកបង្ហាញឆន្ទៈ និងចូលរួមចំណែកលើកកម្ពស់ការយល់ដឹងជាសកល ជំរុញការផ្លាស់ប្តូរឥរិយាបថជាវិជ្ជមានក្នុងការប្រើប្រាស់ថាមពលអគ្គិសនី ដើម្បីរួមចំណែកកាត់បន្ថយផលប៉ះពាល់ពីការឡើងកម្តៅផែនដី។
លោកថ្លែងថា៖ «ធនធានធម្មជាតិ ព្រមទាំងប្រព័ន្ធអេកូឡូស៊ីផ្តល់នូវមូលដ្ឋានគ្រឹះសម្រាប់ទ្រទ្រង់ដល់ការរស់នៅរបស់មនុស្ស សត្វ និងជីវចម្រុះគ្រប់ប្រភេទ ខណៈវាក៏ជាធាតុដ៏ចាំបាច់ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពផងដែរ។ ការថែរក្សាការពារធនធានធម្មជាតិ និងភពផែនដី ដែលជាផ្ទះរួមរបស់យើង គឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា។ រួមគ្នា យើងអាចកសាងអនាគតមួយដែលមនុស្ស និងធម្មជាតិអាចរស់នៅបានដោយសុខដុមរមនាជាមួយគ្នា» ។
លោក Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជាបានថ្លែងថា ទិវា ១ ម៉ោង សម្រាប់ភពផែនដីបានបន្តឆ្លុះបញ្ចាំងឱ្យឃើញពីលទ្ធផលដែលយើងទទួលបានចេញពីភាពរួបរួមសាមគ្គីគ្នា ដែលវាផ្តល់នូវក្តីសង្ឃឹមក្នុងការរៀបចំអនាគតដ៏ប្រសើរមួយសម្រាប់មនុស្សជំនាន់ក្រោយៗទៀត។
លោកថ្លែងថា៖ «យើងអាចចូលរួមធ្វើឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន ចំពោះវិបត្តិអាកាសធាតុតាមរយៈការកាត់បន្ថយការប្រើប្រាស់ថាមពល និងបន្តប្រកាន់ខ្ជាប់នូវសកម្មភាពមេត្រីភាព បរិស្ថានងាយៗក្នុងការរស់នៅប្រចាំថ្ងៃរបស់យើង គឺអនាគតបែប នេះហើយដែលយើងគ្រប់គ្នាត្រូវចូលរួមកសាងរួមគ្នា»។
លោកបានលើកឡើងទៀតថា និរន្តរភាព គឺជាប្រធានបទដែលកំពុងមានសារៈសំខាន់ សម្រាប់មនុស្សគ្រប់គ្នា។ ផលវិបាកនៃការប្រែប្រួលអាកាសធាតុ និងការបាត់បង់ ធនធានធម្មជាតិ កំពុងជះឥទ្ធិពលដល់ជីវិតរបស់យើង ក៏ដូចជាដល់ការរស់នៅនៃសត្វ និងជីវចម្រុះគ្រប់ប្រភេទនៅលើភពផែនដី។ និរន្តរភាពបានកំពុងក្លាយជាធាតុដ៏សំខាន់ចាំបាច់នៃស្តង់ដាប្រតិបត្តិការអាជីវកម្មសម្រាប់វិស័យឯកជន ម្ចាស់ក្រុមហ៊ុន សហគ្រិន បុគ្គលិក និងអតិថិជនគ្រប់រូបផងដែរ៕