ភ្នំពេញៈ ក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងជាតិសម្រាប់សហគមន៍ សង្គម-វប្បធម៌អាស៊ាន នាឆ្នាំ ២០២២ នេះ នឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំចំនួន ៣ ដែលនឹងធ្វើឡើង ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣០ ខែមីនា នៅរាជធានីភ្នំពេញ ដោយធ្វើតាមប្រព័ន្ធអនឡាញ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំឱ្យដឹងថា លោក ឌី ខាំបូលី ប្រធានឧត្តមមន្ត្រីសហគមន៍ សង្គម-វប្បធម៌អាស៊ាន (SOCA Chair) នឹងដឹកនាំកិច្ចប្រជុំចំនួន ២។ កិច្ចប្រជុំទី ១ គឺ កិច្ចប្រជុំលើកទី ៥ នៃក្រុមការងារអាស៊ាន សម្រាប់ការអនុវត្តសេចក្តីថ្លែងការណ៍ស្តីពីវប្បធម៌នៃការបង្ការ សម្រាប់សង្គមមួយប្រកបដោយសន្តិភាព បរិយាប័ន្ន ភាពជាសះស្បើយ សុខភាព និងសុខដុមនីយកម្ម (5th WG on CoP) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២២។ ចំណែកកិច្ចប្រជុំទី ២ គឺកិច្ចប្រជុំឧត្តមមន្ត្រីសហគមន៍ សង្គម-វប្បធម៌អាស៊ានលើកទី ៣២ (32nd SOCA Meeting) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៩ មីនា ឆ្នាំ ២០២២។
សេចក្តីប្រកាសព័ត៌មានដដែល បន្តថា លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមប្រឹក្សាសហគមន៍ សង្គមវប្បធម៌អាស៊ាន (ASCC Council Chair) នឹងដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គមវប្បធម៌អាស៊ានលើកទី ២៧ (27 ASCC Council Meeting) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៣០ មីនា ឆ្នាំ ២០២២ ខាងមុខនេះផងដែរ។
កិច្ចប្រជុំទាំង ៣ នេះ នឹងពិនិត្យមើលឡើងវិញអំពីវឌ្ឍនភាពនានានៃកិច្ចប្រជុំឧត្តមមន្ត្រីសហគមន៍ សង្គម-វប្បធម៌ អាស៊ាន លើកទី ៣១ កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍ សង្គម-វប្បធម៌អាស៊ាន លើកទី ២៦ និងកិច្ចប្រជុំអាស៊ានពាក់ព័ន្ធ នាពេលកន្លងមក។
លោក ឌី ខាំបូលី អគ្គនាយករងគោលនយោបាយ និងផែនការ និងជាឧត្តមមន្ត្រីនៃសហគមន៍ សង្គម-វប្បធម៌អាស៊ាន បានលើកឡើងក្នុងកិច្ចសម្ភាសន៍តាមរយៈគេហទំព័រក្រសួងអប់រំ យុវជន និងកីឡាថា សហគមន៍សង្គម-វប្បធម៌ បានដាក់ចេញនូវអាទិភាពស្នូលចំនួន ៤។ អាទិភាពទី ១ គឺការលើកកម្ពស់តម្លៃ ការយល់ដឹង និងអត្តសញ្ញាណអាស៊ាន តាមរយៈការអប់រំ ការផ្លាស់ប្តូរយុវជន ការផ្លាស់ប្តូរវប្បធម៌គ្នាទៅវិញទៅមក និងតាមរយៈកីឡា។
លោកបញ្ជាក់ថា៖ «នេះជាអាទិភាពទី ១ ដែលយើងត្រូវពង្រឹងទាំងអស់គ្នាទៅលើអត្តសញ្ញាណ ការយល់ដឹងនូវគុណតម្លៃរបស់អាស៊ាន»។
សម្រាប់អាទិភាពទី ២ គឺការលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស និងការផ្តល់សិទ្ធិអំណាចទៅដល់ស្ត្រី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចរយៈពេលវែង ដែលលោក ឌី ខាំបូលី បញ្ជាក់ថា នេះជាចំណុចធំមួយក្នុងតំបន់អាស៊ាន។ ចំណែកអាទិភាពទី ៣ គឺ លើកកម្ពស់សុខភាព សុខុមាលភាព និង កិច្ចគាំពារសង្គមដល់ប្រជាជនអាស៊ាន សំដៅកសាងសហគមន៍អាស៊ាន។
លោកថ្លែងថា៖ «យើងដឹងទាំងអស់គ្នាហើយទាក់ទងនឹងបញ្ហាសុខភាព សុខុមាលភាព និងការគាំពារសង្គម ដែលជាអាទិភាពមួយក្នុងចំណោមអាទិភាពទាំង ៤ នៃសហគមន៍ សង្គម-វប្បធម៌អាស៊ាន ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈម ជាពិសេសបញ្ហាកូវីដ ១៩»។
លោក ឌី ខាំបូលី បញ្ជាក់ទៀតថា អាទិភាពទី ៤ គឺ ការកសាងពង្រឹងនូវសមត្ថភាពស្ថាប័ន និងប្រសិទ្ធភាពរបស់សហគមន៍ សង្គមវប្បធម៌អាស៊ាន ដើម្បីឱ្យការងារមានភាពប្រទាក់ក្រឡាគ្នា និងឆ្លើយតបគ្នាទៅវិញទៅមករវាងវិស័យទាំងឡាយនៅក្រោមសហគមន៍ សង្គម-វប្បធម៌អាស៊ាន ហើយនិងមានការពិនិត្យតាមដានឱ្យបានច្បាស់លាស់ ដើម្បីឱ្យដឹងថា សកម្មភាពអនុវត្តបានសម្រេចប៉ុនណា និងមានបញ្ហាប្រឈមអ្វីខ្លះជាដើម។
លោកថ្លែងថា៖ «សហគមន៍ សង្គម-វប្បធម៌អាស៊ាននេះដើរតួនាទីកាន់តែសំខាន់ក្នុងការដោះស្រាយបញ្ហាអាស៊ានទាំងបញ្ហាផ្នែកសង្គម វប្បធម៌ សេដ្ឋកិច្ច ក៏ដូចជាបញ្ហាផ្នែកនយោបាយ ដែលយើងបានឃើញទាំងអស់គ្នានូវទិដ្ឋភាពបញ្ហាប្រឈមនយោបាយ សង្គម វប្បធម៌ នៅក្នុងតំបន់ អាស៊ាននេះមានកាន់តែច្រើនទៅៗក្នុងរយៈពេលថ្មីៗនេះ»។
ក្នុងនាមជាប្រធានក្រុមប្រឹក្សាសហគមន៍ សង្គម-វប្បធម៌អាស៊ាន លោក ហង់ជួន ណារ៉ុន នឹងជម្រាបជូនអង្គប្រជុំអំពីសមិទ្ធផលសំខាន់ៗ អាទិភាព ឯកសារលទ្ធផល និងព្រឹត្តិការណ៍អម ដែលនឹងត្រូវសម្រេចបានក្នុងឆ្នាំ ២០២២ ក្រោមមូលបទ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា»។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា កិច្ចប្រជុំក៏នឹងធ្វើការផ្លាស់ប្តូរទស្សនៈគ្នាទៅលើទិសដៅជាយុទ្ធសាស្ត្រក្នុងការអនុវត្តសេចក្តីសម្រេចនានារបស់ប្រមុខថ្នាក់ដឹកនាំអាស៊ាន និងដៃគូអាស៊ាន ផែនការលម្អិតសហគមន៍ សង្គម-វប្បធម៌អាស៊ាន ផែនការលម្អិតអន្តរសសរស្តម្ភ និងក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងក្នុងចំណោមប្រទេសសមាជិកអាស៊ាន និងដៃគូអាស៊ានទាំងអស់ ដើម្បីថែរក្សា និងលើកកម្ពស់មជ្ឈភាព សាមគ្គីភាព និងឯកភាពអាស៊ាន សំដៅឆ្ពោះទៅការកសាង និងអភិវឌ្ឍសហគមន៍អាស៊ាន៕