ភ្នំពេញៈ ក្នុងរយៈជាង ៥ ឆ្នាំចុងក្រោយនេះកម្ពុជារកចំណូលបានពីការចុះបញ្ជីលេខរថយន្តពិសេស និងចុះបញ្ជីលេខពិសេសផ្ទាល់ខ្លួន បានជាង ៧០ លានដុល្លារអាមេរិក ខណៈអន្តរក្រសួងកំពុងបន្តខិតខំធ្វើជាមួយក្រុមហ៊ុនគោលដៅដើម្បីផ្សព្វផ្សាយពីលេខពិសេសនេះបន្ថែមទៀត។
ថ្លែងនៅក្នុងកិច្ចប្រជុំពិភាក្សាលើរបាយការណ៍វឌ្ឍនភាពនៃការលក់លេខចុះបញ្ជីរថយន្ត កាលពីថ្ងៃទី ២៣ ខែមីនា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត លោកស្រី កុយ សុដានី បានលើកឡើងថា លេខចុះបញ្ជីរថយន្ត (លេខចុះបញ្ជីពិសេស និងលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន) លក់បានជាង ២០ ម៉ឺនលេខដោយទទួលបានចំណូលជាង ៧០ លានដុល្លារអាមេរិកគិតចាប់តាំងពីខែកញ្ញាឆ្នាំ ២០១៦ ដល់ខែកុម្ភៈ ឆ្នាំ ២០២២។
តាមរយៈទំហំចំណូលនេះ លោកស្រី បានថ្លែងកោតសរសើរដល់ក្រុមការងារជំនាញទាំង ២ ដែលបានខិតខំបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ ទោះបីក្នុងស្ថានភាពនៃការឆ្លងរីករាលដាលជំងឺកូវីដ ១៩ ក៏ដោយ ក៏នៅតែអនុវត្តការងាររបស់ខ្លួនបានប្រសើរ ទៀងទាត់ និងបានដោះស្រាយបញ្ហាទាន់ពេលវេលាផងដែរ។
លោកស្រីបានបញ្ជាក់ថា៖ « គណៈកម្មការនឹងពិនិត្យលទ្ធភាពជួបប្រជុំជាមួយនឹងក្រុមហ៊ុននានាជាច្រើនទៀត ដើម្បីផ្សព្វផ្សាយឱ្យក្រុមហ៊ុនទាំងនោះបានដឹងអំពីជម្រើស និងគោលការណ៍រួមដែលត្រូវផ្តល់ជូនទាក់ទងនឹងការទិញលេខចុះបញ្ជីពិសេស និងលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន»។
អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាលោក ហុង វណ្ណៈ បានថ្លែងថា ចំណូលនេះគឺជាផលវិជ្ជមានមួយសម្រាប់ក្រសួងក្នុងការបង្កើតសេវាកម្ម ដើម្បីរកចំណូលបន្ថែមក្រៅពីចំណូលផ្សេងៗរបស់រដ្ឋាភិបាល។
លោកបានបញ្ជាក់ថា៖ «បើនិយាយពីប្រាក់ចំណូលវិញ ខ្ញុំគិតថា សុទ្ធតែបានរួមចំណែកទៅក្នុងសេដ្ឋកិច្ចកម្ពុជាហើយឱ្យតែមុខរបរក៏ដូចជាការបង្កើតសេវាកម្មផ្សេងៗដោយក្រសួងរបស់រដ្ឋ។ បើនិយាយមែនទែនទៅឱ្យតែគ្រប់ស្ថាប័នរបស់រដ្ឋចេះច្នៃប្រឌិតធ្វើយ៉ាងអាចលក់សេវាកម្មបានបង្កើតបានជាថវិកាមួយចំនួនទោះតិចក្តី ច្រើនក្តី បានរួមចំណែកដល់សេដ្ឋកិច្ចជាតិ»។
លោកបន្តថា ចំណូលនេះក៏បង្ហាញឱ្យឃើញពីគំនិតច្នៃប្រឌិតសក្តានុពលក្រសួងសាធារណការ ក្រៅពីការចាយលុយយកទៅស្ថាបនាផ្លូវ ស្ពាន ថ្នល់ នោះក៏បានរួមចំណែករកចំណូលខ្លួនឯងមួយចំនួនផងដែរ។
លោកថា៖ «អ៊ីចឹងរដ្ឋាភិបាលក៏មិនខុសពីគ្រួសារដែលចេះសន្សំសំចៃ ច្នៃប្រឌិត ដើម្បីរកចំណូលបន្ថែមទៅចំណាយជាចរន្ត ឬសងរំលស់ថ្លៃដើមការប្រាក់ដែលយើងជំពាក់បំណុលបរទេស»។
ទន្ទឹមនេះដែរ លោក ហុង វណ្ណៈ ជំរុញដល់ស្ថាប័នរដ្ឋត្រូវបង្កើនសេវាដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ ចៀសវាង បង្កើនបញ្ហាស្មុគស្មាញដល់ពលរដ្ឋ។
សូមជម្រាបថា អង្គប្រជុំខាងលើក៏បានជជែកពិភាក្សាអំពីរបាយការណ៍សកម្មភាពការងារលក់លេខចុះបញ្ជីរថយន្តការជ្រើសរើសក្រុមហ៊ុនគោលដៅចំនួន ១៤ ក្រុមហ៊ុន ដើម្បីជំរុញការលក់លេខពិសេសផ្ទាល់ខ្លួនក្នុងតម្លៃឯកភាពណាមួយ ការពិនិត្យលើបញ្ជីឈ្មោះម៉ាកកម្មសិទ្ធិបញ្ញាដែលទទួលបានពីក្រសួងពាណិជ្ជកម្មជាង ៦ ម៉ឺន ដើម្បីដាក់បញ្ចូលទៅក្នុងប្រព័ន្ធ និងការសហការរវាងអនុគណៈកម្មការបច្ចេកទេសរៀបចំបញ្ចូលទៅក្នុងប្រព័ន្ធគោលការណ៍ក្នុងការចាប់សញ្ញាចុច (DOT) ក្នុងការគណនាតម្លៃលេខដែលមានតួលេខ ១៦៨ ការកែសម្រួលអត្រារូបមន្តដែលទើបបង្កើតថ្មីចំនួនជាង ៦០០ រូបមន្ត និងបញ្ជីឈ្មោះក្រុមហ៊ុនពីក្រសួងពាណិជ្ជកម្មផងដែរ។
យោងតាមរបាយការណ៍របស់គណៈកម្មការអន្តរក្រសួងឱ្យដឹងថា លេខចុះបញ្ជីរថយន្ត (លេខចុះបញ្ជីពិសេស និងលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន) លក់បានចំនួន ២០១ ៩៨០ លេខ ទទួលបានចំណូលសរុបចំនួន ២៨០ ៧២៨ ២២៨ ៨០០ រៀល គិតចាប់តាំងពីខែកញ្ញា ឆ្នាំ ២០១៦ ដល់ខែកុម្ភៈ ឆ្នាំ ២០២២ ស្មើនឹង ៧០ ១៨២ ០៥៧ ដុល្លារអាមេរិក៕
វីដេអូ៖