ភ្នំពេញៈ រាជរដ្ឋាភិបាល​បាន​ត្រៀម​ថវិកា​ប្រមាណ ៨ លាន​ដុល្លារ​ឧបត្ថម្ភ​ដល់​មន្ដ្រីរាជការ និង​កម្លាំងប្រដាប់អាវុធ​ប្រមាណ ៥០ ​ម៉ឺន​នាក់ សម្រាប់​ពិធី​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ និង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំនេះ​ដោយ​មន្ដ្រីរាជការ​ម្នាក់ៗ និង​គ្រួសារ​ជនពលី និង​ជនមរណៈ​ជា​អតីតយុទ្ធជន​ ១​ គ្រួសារ​នឹង​ទទួលបាន​ ១០ ​ម៉ឺន​រៀល​។ យោងតាម​អនុក្រឹត្យ​ចុះហត្ថលេខា​ដោយ​លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន កាលពី​ថ្ងៃទី​ ២៥ ខែមីនា ឆ្នាំ​ ២០២២​។

អនុក្រឹត្យ​នេះ​បានឱ្យដឹងថា រាជរដ្ឋាភិបាល​បានសម្រេច​ផ្ដល់ប្រាក់​ឧបត្ថមុ្ភ​ចំនួន ១០ ម៉ឺន​រៀល​ជូន​ដល់​មន្ត្រីរាជការ​ស៊ីវិល​នៃ​ក្រុម​នីតិប្បញ្ញត្តិ នីតិប្រតិបត្តិ តុលាការ មន្ត្រីនគរបាល​ជាតិ​កម្ពុជា មន្ត្រី​ពន្ធនាគារ​ក្រសួងមហាផ្ទៃ យោធិន​នៃ​កងយោធពល​ខេមរភូមិន្ទ មន្ត្រី​រាជការ​នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ មន្ត្រីរាជការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត មន្ត្រី​ខុទ្ទកាល័យ ដូច​មានកំណត់​ក្នុង​អនុក្រឹត្យ​លេខ ១១ ចុះ​ថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០១៧ ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​របស់​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​។

ដូចជា មន្ត្រី​ដែលមាន​ឋានៈ​ស្មើ​សមាជិក​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ មន្ត្រី​នៃ​ការិយាល័យ​ប្រជាពលរដ្ឋ​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ប្រធានភូមិ អនុប្រធាន​ភូមិ សមាជិក​ភូមិ មន្ត្រី​ជាប់​កិច្ចសន្យា និង​បុគ្គលិក​អណ្ដែត ដែល​កំពុង​បម្រើ​ការងារ​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ព្រមទាំង​និវត្តជន ជន​បាត់បង់​សម្បទា​វិជ្ជាជីវៈ ជន​បាត់បង់​សមត្ថភាព​ការងារ និង​ជនពិការ ដែលជា​អតីតមន្ត្រី​រាជការ​ស៊ីវិល អតីត​យោធិន​នៃ​កងយោធពល​ខេមរភូមិន្ទ និង​អតីតមន្ត្រី​នគរបាលជាតិ​កម្ពុជា​។

លោកនាយក​រដ្ឋមន្ត្រី​ថ្លែង​ថា​៖ «​ក្រសួង ស្ថាប័ន​ថ្នាក់ជាតិ និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ត្រូវ​លើកសំណើ​ជាក់ស្ដែង​អំពី​ចំនួន​មន្ដ្រី​ដែល​ត្រូវ​ទទួល​ប្រាក់ឧបត្ថម្ភ​មក​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ជាការ​ប្រញាប់ ដើម្បី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​រៀបចំ​ប្រកាស​បន្ថែម​ឥណទាន​ថវិកា​ជូន​ទាន់ពេលវេលា និង​ធានា​ឱ្យ​ការបើក​ផ្ដល់ប្រាក់​ឧបត្ថម្ភ​នេះ​អនុវត្ដ​បាន​ទាន់ពេលវេលា​»​។

បើតាម​អនុក្រឹត្យ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង ស្ថាប័ន​សាមី ត្រូវ​សហការ និង​ចាត់ចែង​រៀបចំ​ការបើក​ផ្ដល់​ជា​បុរេប្រទាន​សម្រាប់​ប្រាក់ឧបត្ថម្ភ ក្នុងឱកាស​ពិធី​ចូលឆ្នាំថ្មី​ឱ្យដល់​សាមីជន​ម្នាក់ៗ​យ៉ាងយូរបំផុត​ត្រឹម​ថ្ងៃទី​ ​១៣ ខែមេសា ឆ្នាំ ២០២២ និង​ប្រាក់ឧបត្ថម្ភ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នៅក្នុងពេល​បើក​បៀវត្សរ៍​នៃ​ខែកញ្ញា ឆ្នាំ​ ២០២២​។

លោកនាយក​រដ្ឋមន្ដ្រី​បញ្ជាក់ថា ក្នុង​មន្ដ្រីរាជការ​ម្នាក់ៗ​នឹង​ទទួល​បាន​ប្រាក់ឧបត្ថម្ភ ៥ ម៉ឺន​រៀល សម្រាប់​ពិធី​ចូលឆ្នាំថ្មី​ហើយ ៥ ម៉ឺន​រៀល​ទៀត សម្រាប់​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​។ ចំពោះ​គ្រួសារ​ជន​ពលី និង​គ្រួសារ​ជន​មរណៈ​ជា​អតីតយុទ្ធជន​ក៏​ត្រូវបាន​ផ្តល់ជូន​ប្រាក់ឧបត្ថម្ភ​នេះដែរ​។ ប្រាក់ឧបត្ថម្ភ​នេះ​ត្រូវ​បានផ្តល់​សម្រាប់​ម្នាក់ៗ ឬ ១ គ្រួសារ​តែ ១ កន្លែង និង ១ លើក​ប៉ុណ្ណោះ​។

បើតាម​អនុក្រឹត្យ ការបើក​ផ្តល់ប្រាក់​ឧបត្ថម្ភ​ត្រូវអនុវត្ត​តាម​គណនី​បៀវត្សរ៍​របស់​សាមីជន ឬ​គ្រួសារ​ជនពលី និង​គ្រួសារ​ជនមរណៈ​ជា​អតីតយុទ្ធជន​។ ក្រសួង ស្ថាប័ន និង​អង្គភាព​ដែល​មិនទាន់បាន​បើក​គណនី​បៀវត្សរ៍​សម្រាប់​មន្ត្រីរាជការ បុគ្គលិក និង​ភ្នាក់ងារ​សាធារណៈ​របស់ខ្លួន​ត្រូវ​ចាត់ចែង​ការបើក​ផ្តល់ប្រាក់​ឧបត្ថម្ភ​ឱ្យបាន​ដល់​សាមីជន​ម្នាក់ៗ​គ្រប់​ចំនួន និង​ទាន់​ពេលវេលា​។

អ្នកនាំពាក្យ​ក្រសួង​មុខងារ​សាធារណៈ លោក យក់ ប៊ុនណា ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ បន្ថែមថា ទោះបីជា​កម្ពុជា​កំពុង​ប្រយុទ្ធ​ប្រឆាំង​ទៅនឹង​ជំងឺ​កូវីដ ​១៩ ក្តី ប៉ុន្តែ​រាជរដ្ឋាភិបាល​តែងតែ​យកចិត្ត​ទុកដាក់​ចំពោះ​មន្ត្រីរាជការ និង​បាន​ត្រៀម​ថវិកា​ចំនួន​ ៨ លាន​ដុល្លារ សម្រាប់​ឧបត្ថម្ភ​ដល់​មន្ត្រីរាជការ​ជាង ៥០ ​ម៉ឺន​នាក់​។

លោក​ថា​៖ « យើង​ដឹង​ទាំងអស់គ្នា​ហើយ​ថា យើង​កំពុង​ជួប​ស្ថានភាព​កូវីដ ទោះ​យ៉ាងណា​ក្តី​រាជរដ្ឋាភិបាល​ព្យាយាម​រក​វិធី​ដោះស្រាយ និង​លើក​ទឹកចិត្ត​មន្ត្រីរាជការ កងកម្លាំង​ប្រដាប់អាវុធ​ និង​មន្ត្រី​ទាំងអស់​ក្នុង​ស្ថានភាព​លំបាក​នេះ ជាពិសេស​ដើម្បី​ចូលរួម​ក្នុង​កម្មវិធី​បុណ្យ​ចូលឆ្នាំថ្មី និង​បុណ្យ​​ភ្ជុំបិណ្ឌ​ដែរ​»​។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា លោក ប៉ិច ពិសី ធ្លាប់​ថ្លែងថា ការផ្ដល់ប្រាក់​ឧបត្ថម្ភ​ដល់​មន្ដ្រីរាជការ​នេះ រាជរដ្ឋាភិបាល​បានធ្វើ​ជា​ទៀងទាត់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ ចុងក្រោយ​នេះ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​គិតថា​បើសិនជា​ថវិកាជាតិ​យើង​អត់​មាន​បញ្ហា ការផ្ដល់ប្រាក់​ឧបត្ថម្ភ​ដល់​មន្ដ្រីរាជការ​នេះ គឺជា​រឿង​ល្អ ព្រោះ​មន្ដ្រីរាជការ​របស់​យើង​មាន​ប្រាក់បៀវត្សរ៍​តិច ដូច្នេះ​ប្រាក់ឧបត្ថម្ភ​នេះ​គឺជា​ឱកាស​មួយ​សម្រាប់​មន្ដ្រី​រាជការទទួល​បាន​ប្រាក់​សម្រាប់​ប្រើប្រាស់​ក្នុងឱកាស​ពិធី​បុណ្យទាន​»​។

លោក ណន ដារី ជា​គ្រូបង្រៀន​នៅ​ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម​បាន​បញ្ជាក់​ឱ្យឃើញថា រាជរដ្ឋាភិបាល​បានគិតគូរ​ពី​សុខទុក្ខ​របស់​មន្ត្រី​រាជការ​សម្រាប់​ការចំណាយ​នៅ​កម្មវិធី​បុណ្យ​ផ្សេងៗ​ដែលជា​ការលើកទឹកចិត្ត​ឱ្យខិត​ខំ​បំពេញ​ការងារ​បន្តទៀត​។ លោក​ថា​៖ «​ចំពោះ​ថវិកា​នេះ​មិនតិច​មិន​ច្រើន តែ​សមរម្យ​សម្រាប់ ជួយ​ដល់​ការចំណាយ​ទៅលើ​ការចាក់​សាំង និង​ទិញ​»៕

វីដេអូ៖