ភ្នំពេញៈ អគារមជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់កនៃមនី្ទរពេទ្យព្រះអង្គឌួង ដែលចំណាយថវិកាសម្រាប់សាងសង់សរុបប្រមាណ ៨ លានដុល្លារអាមេរិក ជាជំនួយឥតសំណង់របស់សាធារណរដ្ឋកូរ៉េ តាមរយៈទីភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិកូរ៉េ KOICA បានប្រកាសដាក់ឱ្យប្រើប្រាស់នាថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២២។
នាឱកាសនៃការប្រកាសបើកសម្ពោធដាក់ឱ្យប្រើប្រាស់អគារព្យាបាលនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឱ្យមានការយកចិត្តទុកដាក់ ទៅលើការផ្ទេរនូវបច្ចេកវិទ្យាទាំងឡាយដែលកូរ៉េមានសម្រាប់គ្រូពេទ្យកម្ពុជា ដើម្បីទទួលបាននូវចំណេះដឹងបន្ថែមទៀតផងដែរ ក្នុងការគ្រប់គ្រង និងព្យាបាល អ្នកជំងឺតាមប្រព័ន្ធឌីជីថល។
លោកបានមានប្រសាសន៍ថា៖ «មន្ទីរពេទ្យនេះ បានដាក់ដំណើរការជំហានដំបូងបំផុត សម្រាប់មន្ទីរពេទ្យមួយដែលដាក់ឱ្យដំណើរការតាមប្រព័ន្ធឌីជីថល។ សាធារណរដ្ឋកូរ៉េ គឺជាប្រទេសមួយដែលជឿនលឿននៅក្នុងបច្ចេកវិទ្យាព័ត៌មាន ដូចនេះដំណើរការតាមប្រព័ន្ធឌីជីថលក្នុងមន្ទីរពេទ្យនេះ មិនមែនជារឿងចម្លែកសម្រាប់កូរ៉េទេ តែវាជារឿងថ្មីសម្រាប់កម្ពុជាយើង»។
លោកបញ្ជាក់ទៀតថា បើសិនគ្រាន់តែមានមន្ទីរពេទ្យសាងសង់រួចហើយ ប៉ុន្តែមិនមានការផ្ទេរនូវបច្ចេកវិទ្យាសម្រាប់ការចេះដឹង និងទទួលយកចំណេះដឹងពីសំណាក់ក្រុមគ្រូពេទ្យនោះទេ កម្រិតនៃការព្យាបាលក៏នៅតែមានកម្រិតដដែល។
លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា៖ «ខ្ញុំសុំស្នើឱ្យក្រុមគ្រូពេទ្យ របស់យើងទាញយកនូវចំណេះដឹង បច្ចេកវិទ្យាទាំងឡាយដែលកូរ៉េបានផ្ទេរមកឱ្យយើង ហើយត្រូវខិតខំពង្រឹងសមត្ថភាពនៃការព្យាបាលរបស់យើងឱ្យកើនឡើងថែមទៀត»។
ឆ្លៀតពេលនោះដែរ លោក ហ៊ុន សែន ក៏បានបន្តអំពាវនាវទៅដល់គ្រូពេទ្យទាំងអស់ បន្តការយកចិត្តទុកដាក់ពីសុខុមាលភាពរបស់ប្រជាជនដោយស្មោះត្រង់ និងត្រូវគិតគូរពីសីលធម៌វិជ្ជាជីវៈរបស់គ្រូពេទ្យ ដែលវាជាចំណុចគន្លឹះនៃការអភិវឌ្ឍវិស័យសុខាភិបាលក្នុងប្រទេសកម្ពុជា។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង បានលើកឡើងថា មន្ទីរពេទ្យព្រះអង្គឌួង គឺជាគ្រឹះស្ថានសាធារណៈរបស់រដ្ឋចាប់ពីខែវិច្ឆិកា ឆ្នាំ ២០១២ ដែលជាពហុព្យាបាលត្រចៀក ច្រមុះ បំពង់ក ចក្ខុរោគ មាត់ធ្មេញ សើស្បែក កែសម្ផស្ស និងស្តារលទ្ធភាពពលកម្ម និងជំងឺសំខាន់ៗមួយចំនួនទៀត។
លោកបន្តថា ដោយមានការណែនាំពីក្រសួងសុខាភិបាលនៅឆ្នាំ ២០១៤ មន្ទីរពេទ្យព្រះអង្គឌួងបានប្រែក្លាយចេញវេជ្ជបញ្ជាតាមប្រព័ន្ធកុំព្យូទ័រ ហើយបន្ទាប់មកទៀត នៅខែមិថុនា ឆ្នាំ ២០១៩ មន្ទីរពេទ្យព្រះអង្គឌួងបានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធឌីជីថល ក្នុងការគ្រប់គ្រងទិន្នន័យអ្នកជំងឺ។
លោក ម៉ម ប៊ុនហេង បានមានប្រសាសន៍ថា៖ «មន្ទីរពេទ្យព្រះអង្គឌួង ជាមន្ទីរពេទ្យរដ្ឋដំបូងគេបង្អស់នៅកម្ពុជាដែលបានដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធឌីជីថល និងដែលហៅថា មន្ទីរពេទ្យឌីជីថល»។
អគារមជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក នៃមនី្ទរពេទ្យព្រះអង្គឌួងនេះ មានកម្ពស់ ៥ ជាន់ ដែលបានចាប់ផ្តើមសាងសង់ឡើងនៅខែមីនាឆ្នាំ ២០២០ និងបើតាមគម្រោងនឹងត្រូវបញ្ចប់ការសាងសង់នៅចុងឆ្នាំ ២០២១ ប៉ុន្តែដោយសារការរាតត្បាតនៃជំងឺកូវីដ ១៩ គម្រោងនេះបានពន្យារពេលមកដើមឆ្នាំ ២០២២ វិញ។ គម្រោងសាងសង់អគារត្រចៀក ច្រមុះ បំពង់ក មិត្តភាពកម្ពុជា-កូរ៉េ ចំណាយថវិកាសរុប ៨ លានដុល្លារអាមេរិក រួមមាន ១- ការសាងសង់អគារកម្ពស់ ៥ ជាន់ លើផ្ទៃសំណង់សរុបជាង ៤ ពាន់ម៉ែត្រការ៉េ ចែកចេញជា ៨២ បន្ទប់ មានគ្រែសម្រាកព្យាបាលចំនួន ១២៨ គ្រែ ចំណាយអស់ថវិកាចំនួន ៤ ៦៧០ ០០០ ដុល្លារអាមេរិក។ ២- ការបំពាក់សម្ភារបរិក្ខារពេទ្យទំនើបៗ ចំណាយអស់ថវិកាចំនួន ១ ៥០០ ០០០ ដុល្លារអាមេរិក និង ៣- ការបណ្ដុះបណ្ដាលបុគ្គលិកក្នុងមន្ទីរពេទ្យ SOON CHUN HYANG Medical Center នៃសាធារណរដ្ឋកូរ៉េចំណាយថវិកា ១ ៨៣០ ០០០ ដុល្លារអាមេរិក។
លោក Park Heung kyeong ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំនៅកម្ពុជាបានសាទរ ចំពោះសមិទ្ធផលនៃអគារមជ្ឈមណ្ឌល ត្រចៀក ច្រមុះ បំពង់ក នៃមន្ទីរពេទ្យព្រះអង្គឌួងនាពេលនេះ ដែលកើតចេញពីចំណងមិត្តភាពកម្ពុជា-កូរ៉េ។
លោកបានថ្លែងក្នុងពិធីសម្ពោធអគារមជ្ឈមណ្ឌល ត្រចៀក ច្រមុះ បំពង់ក នៃមន្ទីរពេទ្យព្រះអង្គឌួងនេះថា ក្រៅពីការលើកកម្ពស់ផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត សមត្ថភាពរបស់វេជ្ជបណ្ឌិតជំនាញឯកទេស និងបុគ្គលិកទាំងអស់ក៏ត្រូវបានបង្កើនសមត្ថភាព តាមរយៈកម្មវិធីបណ្តុះបណ្តាល និងការផ្ទេរចំណេះដឹង និងចំណេះធ្វើពីវេជ្ជបណ្ឌិតជនជាតិកូរ៉េផងដែរ៕