ភ្នំពេញៈ ​ក្រុម​ឧត្ដមមន្ត្រី​ការពារ​ជាតិ​នៃ​បណ្តា​ប្រទេស​អាស៊ាន និង​ប្រទេស​អាស៊ាន​បូក​ដែល​ដឹកនាំ​ដោយ​កម្ពុជា​កំពុង​​ពិភាក្សា​ពី​ការពង្រឹង​សាមគ្គីភាព​ក្នុង​តំបន់​ ដើម្បី​ឆ្លើយតប​ជំងឺ​រាតត្បាត​កូវីដ​ ១៩​ ស្តារឡើងវិញ​ ក្រោយ​កូវីដ​ ១៩ និង​ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​កំពុង​កើតមាន​។

អគ្គនាយកដ្ឋាន​នយោបាយ​ និង​កិច្ចការបរទេស​ក្រសួង​ការពារជាតិ​កម្ពុជា​បាន​ដឹកនាំ​កិច្ចប្រជុំ​ក្រុមការងារ​ឧត្តម​មន្ត្រី​ការពារជាតិ​អាស៊ាន​ (ADSO-MWC) ​និង​កិច្ចប្រជុំ​ក្រុមការងារ​ឧត្តមមន្ត្រី​ការពារជាតិ​អាស៊ាន-​បូក​ (ADSOM-Plus WG)​ ជា​លើក​ទី​ ២ ក្នុង​រយៈពេល​ ២ ​ថ្ងៃ ចាប់ពី​ថ្ងៃ​ ២៨ ដល់ ​២៩ ខែមីនា តាម​ប្រព័ន្ធ​វីដេអូ​។

កិច្ចប្រជុំ​ទាំង​ ២ ​នេះ ប្រព្រឹត្តទៅ​ក្រោម​មូលបទ​ «​សាមគ្គីភាព​ដើម្បី​សន្តិសុខ​ប្រកបដោយ​ភាព​សុខដុម​» និង​មានការ​ចូលរួម​ពី​ប្រធាន​ក្រុមការងារ​​ឧត្តមមន្ត្រី​ការពារជាតិ​នៃ​រដ្ឋ​ជា​សមាជិក​អាស៊ាន ប្រធាន​ក្រុម​ការងារ​ឧត្តមមន្ត្រី​ការពារជាតិ​នៃ​បណ្តា​ប្រទេស​បូក និង​អគ្គលេខាធិការដ្ឋាន​អាស៊ាន​។

អគ្គនាយកដ្ឋាន​នេះ​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​ ២៨ ខែមីនា ថា​៖ «[​មូលបទ​នេះ​]​ ជា​ការឆ្លុះបញ្ចាំង​ពី​សុច្ឆន្ទៈ​របស់​កម្ពុជា ក្នុងនាម​ប្រធាន​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ក្នុង​ឆ្នាំ​ ២០២២ ដើម្បី​ពង្រឹង​សាមគ្គីភាព​តំបន់​ឆ្លើយតប​បញ្ហា​ប្រឈម​រួម​ក្នុងនោះ​រួមមាន ការឆ្លើយតប​ជំងឺ​រាតត្បាត​កូវីដ ​១៩ ​ប្រកប​ដោយ​ប្រសិទ្ធភាព និង​ការចូលរួម​ស្តារឡើងវិញ​ក្រោយ​កូវីដ​ ១៩ ​ប្រកបដោយ​បរិយាប័ន្ន ក៏​ដូចជា​ការពង្រឹង​ភាពជា​ដៃគូ​ក្នុង​​ការដោះស្រាយ​រួមគ្នា​នូវ​បញ្ហា​ប្រឈម​ជា​ប្រពៃណី និង​មិន​ប្រពៃណី​ផ្សេងទៀត​កំពុង​កើតមាន​ដោយ​ឈរលើ​គោលការណ៍​​មជ្ឈភាព បរិយាប័ន្ន និង​តួនាទី​នាំមុខ​របស់​អាស៊ាន​»​។

កិច្ចប្រជុំ​ក្រុមការងារ​ឧត្តមមន្ត្រី​ការពារជាតិ​អាស៊ាន​គឺ​ធ្វើការ​ពិនិត្យ​បញ្ចប់​លើ​ឯកសារ​ទស្សនាទាន​ចំនួន​ ៣ ​របស់​កម្ពុជា​ ​និង​លក្ខខណ្ឌ​ប្រតិបត្តិ​មជ្ឈមណ្ឌល​ឧត្តមភាព​ព័ត៌មាន និង​សន្តិសុខ​អ៊ីនធឺណិត​នៃ​ក្របខ័ណ្ឌ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន ដែល​បាន​ឯកភាព​ជា​បណ្តោះ​អាសន្នកាល​ពី​កិច្ចប្រជុំ​នា​ខែកុម្ភៈ កន្លងមក​។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល កិច្ចប្រជុំ​នេះ​ក៏​ពិភាក្សា​ផងដែរ​លើ​ឯកសារ​ស្តីពី​ការបង្កើត​ទំនាក់ទំនង​រវាង​គំនិត​ផ្តួចផ្តើម​អនុវត្ត​ច្បាប់​ដែនសមុទ្រ​អាស៊ីអាគ្នេយ៍​ និង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​បូក​ក្នុង​វិស័យ​សន្តិសុខ​លម្ហ​សមុទ្រ​​ និង​ឯកសារ​ប្រវត្តិសាស្ត្រ​យោធា​ ដើម្បី​លើកកម្ពស់​សន្តិភាព​ប្រកបដោយ​ចីរភាព​។

កិច្ចប្រជុំ​នេះ​ក៏​បន្ត​ពិចារណា​លើ​ឯក​សារៈសំខាន់ៗ​ចំនួន​ ៣ រួមមាន សេចក្តីព្រាង​សេចក្តី​ប្រកាស​រួម​នៃ​ចក្ខុវិស័យ​ភ្នំពេញ​ស្តីពី​តួនាទី​ស្ថាប័ន​ការពារជាតិ​ក្នុងការ​គាំទ្រ​ការស្តារ​ឡើងវិញ​ក្រោយ​កូវីដ​ ១៩ សេចក្តី​ព្រាង​សេចក្តី​ថ្លែងការណ៍​រួម​របស់​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​ និង​សេចក្តីព្រាង​សេចក្តី​ថ្លែងការណ៍​រួម​របស់​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​បូក​។

កិច្ចប្រជុំ​ដដែល​នេះ​ក៏​ពិភាក្សា​លើ​ការប្រុងប្រៀប​សម្រាប់​រៀបចំ​កិច្ចប្រជុំ​ឧត្តមមន្ត្រី​ការពារជាតិ​អាស៊ាន​ (ADSOM) ​និង​កិច្ចប្រជុំ​ឧត្តមមន្ត្រី​ការពារជាតិ​អាស៊ាន​បូក​ (ADSOM-Plus) ​ដែល​គ្រោង​ធ្វើ​នៅ​ពាក់​កណ្តាលខែ​​ឧសភា​ ដើម្បី​ឆ្ពោះទៅរក​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​ (ADMM) ​លើក​ទី​ ១៦ ​ក្នុង​ខែ​​មិថុនា ខាងមុខ​។

ដោយឡែក​កិច្ចប្រជុំ​ក្រុម​ការងារ​ឧត្តមមន្ត្រី​ការពារជាតិ​អាស៊ាន​បូក​គឺជា​ការធ្វើ​បច្ចុប្បន្នភាព​ផែនការ​ការងារ​របស់​ក្រុមការងារ​ជំនាញ​ក្រោម​ក្របខ័ណ្ឌ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​បូក​ក៏ដូចជា ពិនិត្យ​បញ្ចប់​លើ​សេចក្តី​ព្រាង​សេចក្តី​ថ្លែងការណ៍​រួម​របស់​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​បូក រួមទាំង​ការប្រុងប្រៀប​រៀបចំ​កិច្ចប្រជុំ​​ឧត្តម​មន្ត្រី​ការពារជាតិ​អាស៊ាន​-​បូក​ផងដែរ​។

លោក ថុង ម៉េងដាវិត អ្នកសិក្សា​ស្រាវជ្រាវ​នៅ​មជ្ឈមណ្ឌល​មេគង្គ​សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រ​នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៨ ខែមីនា​ថា បញ្ហា​សន្តិសុខ​នៅ​អាស៊ាន​គឺជា​សសរស្តម្ភ​ស្នូល​​មួយ តែ​វា​កំពុង​ជួបប្រទះ​បញ្ហា​ជាច្រើន​ដូចជា វិបត្តិ​នៅ​មីយ៉ាន់ម៉ា សមុទ្រ​ចិន​ខាងត្បូង សង្គ្រាម​រុស្ស៊ី​-​អ៊ុយក្រែន ការប្រកួត​ប្រជែង​ភូមិសាស្ត្រ​នយោបាយ​របស់​​មហាអំណាច​ក្នុង​តំបន់​ និង​បញ្ហា​សន្តិសុខ​មិន​ប្រពៃណី​មួយចំនួន​ទៀត​ដូចជា បញ្ហា​កូវីដ​ ១៩ ជនភៀសខ្លួន ការជួញដូរ​មនុស្ស និង​គ្រឿងញៀន​ជាដើម​។

លោក​បន្តថា កត្តា​ទាំងនេះ​ត្រូវការ​សហការគ្នា​ល្អ​រវាង​ប្រទេស​នៅ​អាស៊ាន​ក្នុង​ការចែក​រំលែក​ព័ត៌មាន ដោះដូរ​បទពិសោធ​ និង​កិច្ចប្រជុំ​ដោះដូរ​យោបល់​ក៏ដូចជា​ការដាក់ចេញ​គោលនយោបាយ​រួម​ប្រកប​ដោយ​បរិយាប័ន្ន ដើម្បី​រក្សា​ឱ្យបាន​នូវ​ស្ថិរភាព សន្តិសុខ​ល្អ និង​វិបុលភាព​ក្នុង​តំបន់​សម្រាប់​ការអភិវឌ្ឍ និង​ប្រជាជន​។

លោក​ ម៉េង ដាវិត ថ្លែងថា​៖ «​អាស៊ាន​បាន​ក្លាយជា​ទិសដៅ​ស្នូល​ក្នុងការ​ដោះដូរ​ពាណិជ្ជកម្ម​ពិភពលោក ផ្គត់ផ្គង់​វត្ថុ​ធាតុដើម ក៏ដូចជា ចង្វាក់​ផលិតកម្ម​ជាដើម​។ ​ដូចនេះ​អាស៊ាន​ត្រូវតែ​រក្សា​នូវ​ជំហរ​អព្យាក្រឹត គោរព​តាមច្បាប់​អន្តរជាតិ និង​ជំរុញ​ការដោះស្រាយ​បញ្ហា​ក្នុង​តំបន់​ក៏ដូចជា​អន្តរជាតិ​តាម​យន្តការ​សន្តិភាព និង​ការគោរព​គ្នា​ទៅវិញ​ទៅមក​»៕