ភ្នំពេញៈ លោកស្រី អ៊ីម ចុងហ៊ី អនុប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េហៅកាត់ KOICA បានបង្ហាញពីផែនការ និងគម្រោងថ្មីជាច្រើនដើម្បីគាំទ្រសម្រាប់ការអភិវឌ្ឍកម្ពុជាចាប់ពីឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៤ ដើម្បីជួយឱ្យសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍របស់រដ្ឋាភិបាលកម្ពុជា។
តាមសេចក្តីប្រកាសព័ត៌មានរបស់ KOICA ឱ្យដឹងថា ការបង្ហាញនេះ ត្រូវបានធ្វើឡើង ខណៈលោកស្រី អ៊ីម ចុងហ៊ី អនុប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ខណៈលោកស្រី ចូលជួបសម្តែងការគួរសមជាមួយ លោក ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/ក.អ.ក) នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍នៅថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២២។
សេចក្តីប្រកាសព័ត៌មានបន្តថា កិច្ចប្រជុំបានផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជារួមជាមួយកម្ពុជា ការបង្ហាញអំពីគម្រោងគាំទ្ររបស់ KOICA សម្រាប់ប្រទេសកម្ពុជា ផែនការប្រចាំប្រទេសរបស់ KOICA សម្រាប់ប្រទេសកម្ពុជា KOICA Cambodia Country Plan (CP) គម្រោងថ្មីសម្រាប់ឆ្នាំ ២០២២ គម្រោងត្រៀមសម្រាប់ឆ្នាំ ២០២៣ និងវឌ្ឍនភាពបច្ចុប្បន្ននៃការស្នើសុំគម្រោងថ្មីសម្រាប់ឆ្នាំ ២០២៤ ការពិនិត្យទៅលើវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ និងការកំណត់អាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត។
លោកស្រី អ៊ីម ចុងហ៊ី បានលើកឡើងថា ប្រទេសកម្ពុជា គឺជាប្រទេសឈានមុខគេ ក្នុងវិស័យវប្បធម៌អាស៊ីអាគ្នេយ៍ ហើយមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ជាមួយនឹងសក្ដានុពលនៃការអភិវឌ្ឍយ៉ាងខ្លាំង។ ជាពិសេស កម្ពុជាបានប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩ បានយ៉ាងល្អក្នុងរយៈពេល ២ ឆ្នាំមកនេះ។
លោកស្រីថ្លែងថា៖ «ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការរក្សាការគ្រប់គ្រងការរាតត្បាតនៃជំងឺកូវីដ ១៩ ហើយខ្ញុំក៏សូមថ្លែងអំណរអរគុណយ៉ាងស្មោះស្ម័គ្រចំពោះការបើកដំណើរការិយាល័យកយកាប្រចាំនៅប្រទេសកម្ពុជាប្រកបដោយសុវត្ថិភាព»។
លោកស្រីបន្តថា ប្រទេសកម្ពុជា គឺជាប្រទេសដៃគូដ៏សំខាន់របស់កូរ៉េ ដែលជាប់ចំណាត់ថ្នាក់កំពូលនៃការគាំទ្រការអភិវឌ្ឍរបស់ KOICA និងជាប្រទេសដៃគូ ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ដ៏សំខាន់មួយ។ KOICA នឹងបន្តជួយដល់កម្ពុជា ដើម្បីឱ្យសម្រេចបាននូវគោលដៅអភិវឌ្ឍន៍របស់រដ្ឋាភិបាលកម្ពុជា។
បើតាមលោកស្រី អ៊ីម ចុងហ៊ី ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ ១៩ KOICA បានធ្វើសកម្មភាពគាំទ្រចម្រុះក្នុងការឆ្លើយតបនឹងជំងឺកូវីដ ១៩ តាមរយៈកិច្ចសហប្រតិបត្តិការជាមួយគ្នាទៅវិញទៅមក ហើយ KOICA សង្ឃឹមថានឹងពង្រឹងកិច្ចសហប្រតិបត្តិការនាពេលអនាគតដើម្បីអភិវឌ្ឍប្រទេសកម្ពុជា។
លោក ឈៀង យ៉ាណារ៉ា ក៏បានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលដែលសម្រេចបានដោយ KOICA ហើយបានថ្លែងអំណរគុណចំពោះ KOICA និងប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដែលបានគាំទ្រយ៉ាងខ្ជាប់ខ្ជួន ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជា តាមរយៈការអនុវត្តគម្រោង និងកម្មវិធី ក៏ដូចជាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ របស់ប្រទេសកម្ពុជា និងដើម្បីសម្រួលដល់ការស្តារសេដ្ឋកិច្ចកម្ពុជា។
ចាប់តាំងពីឆ្នាំ ១៩៩១ ដល់ឆ្នាំ ២០២១ KOICA បានផ្តល់ជំនួយឥតសំណងប្រហែល ៣១០ លានដុល្លារអាមេរិកដល់ប្រទេសកម្ពុជាជាទម្រង់នៃគម្រោងអភិវឌ្ឍន៍ កម្មវិធីបណ្តុះបណ្តាល ការប្រឹក្សា អ្នកស្ម័គ្រចិត្តជាដើម ហើយបានបង្កើនចំនួនជាបន្តបន្ទាប់ជារៀងរាល់ឆ្នាំ។
ដោយឡែក សម្រាប់ឆ្នាំ ២០២២ នេះវិញ ជំនួយឥតសំណងរបស់ KOICA សម្រាប់ប្រទេសកម្ពុជាមានចំនួនសរុប ៣០ លានដុល្លារអាមេរិកក្នុងនោះមានរួមជាមួយនឹងគម្រោងភាពជាដៃគូប្រចាំប្រទេសចំនួន ១៤ គម្រោងកម្មវិធី ភាពជាដៃគូរវាងសាធារណៈ និងឯកជនចំនួន ១៨ និងកម្មវិធីបណ្តុះបណ្តាល (CIAT) រួមទាំងកម្មវិធីអ្នកស្ម័គ្រចិត្តកូរ៉េ ជាដើម៕