ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​លោក ស៊ុន ចាន់ថុល បាន​អំពាវនាវ​ដល់​ម្ចាស់​យានយន្ត​ដែល​ហួស​សុពលភាព​ឆៀក​ប្រមាណ​កន្លះ​លាន​គ្រឿង ប្រញាប់​ទៅ​ឆៀក​ឱ្យ​ទាន់​ពេលវេលា ខណៈ​ទីតាំង​ផ្ដល់​សេវាកម្ម​នេះ​កំពុងតែ​នៅ​ជិត​ពលរដ្ឋ ដែលជា​ការបង្ក​លក្ខណៈ​កាន់តែ​ងាយស្រួល​ជាង​មុន​។

ការអំពាវនាវ​របស់​លោក​បែប​​នេះ​បាន​ធ្វើឡើង​ក្នុងពេល​​លោក​ធ្វើជា​អធិបតី​សម្ពោធ​ដាក់ឱ្យ​ប្រើ​ជា​ផ្លូវការ​នូវ​មណ្ឌល​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ (​ឆៀក​)​ សាខា​ពោធិ៍​សែនជ័យ-​អូដឹម និង​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានជំនិះ (​ឆៀក​)​ ជំនាន់​ទី​ ២ នៅ​ថ្ងៃទី​ ២៨ ​មីនា ឆ្នាំ​ ២០២២​។

លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​លើកឡើងថា ការបង្កើត​បន្ថែម​នូវ​មណ្ឌល​ឆៀក​នេះ​គឺជា​ការយក​សេវាសាធារណៈ​ ដែល​ជា​សេវា​ចាំបាច់​ទៅ​កៀក​ប្រជាពលរដ្ឋ​ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​បន្ថែម​មួយកម្រិត​ទៀត​។

លោក​ថា​៖ «​តាម​ការណែនាំ​ដ៏ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន ដែល​លោក​មានប្រសាសន៍​​ណែនាំ​ឱ្យ​ក្រសួង​សាធារណការ រៀបចំ​ការផ្តល់​សេវា​សាធារណៈ និង​សេវា​ចាំបាច់​នេះ​ត្រូវ​ធ្វើឱ្យ​មាន​ប្រសិទ្ធភាព ធ្វើឱ្យ​​មាន​តម្លាភាព និង​លឿន​ជូន​បងប្អូន​ប្រជាពលរដ្ឋ​របស់​យើង ដូច្នេះ​ហើយ​បានជា​ក្រសួង​បាន​ខិតខំ​ប្រឹងប្រែង​សហការ​ជាមួយ​ផ្នែក​ឯកជន ដើម្បី​បន្ថែម​មណ្ឌល​ឆៀក​»​។

លោក​បាន​បញ្ជាក់ថា ការឆៀករថយន្ត​នេះ​គឺជា​តម្រូវ​ការចាំបាច់​ដែល​អ្នកបើកបរ​ត្រូវធ្វើ​ ដើម្បី​ឱ្យ​ស្របទៅតាម​ច្បាប់ ស្តង់ដា​រថយន្ត និង​អាច​បញ្ចៀស​នូវ​គ្រោះថ្នាក់​ចរាចរណ៍​ជាយថាហេតុ​ផងដែរ​។ ​លោក​ថា​៖ «​ច្បាប់​​តម្រូវ​ឱ្យ​មាន​ការត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស គឺ​ឆៀក​ឡាន​នេះឯង​មួយវិញ​ទៀត បើ​ឡាន​យើង​មិន​ស្របតាម​ស្តង់ដា​លក្ខណៈ​បច្ចេកទេស វា​អាច​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​នៅ​តាម​ដងផ្លូវ​របស់​យើង​»​។

បើតាម​លោក ចាន់ថុល គ្រោះថ្នាក់​ចរាចរណ៍​សព្វថ្ងៃ​ភាគច្រើន​​កើតចេញពី​កត្តា​មនុស្ស ប៉ុន្តែ​​ក៏មាន​ប្រហែលជា ៣,៥ ​ភាគរយ​មកពី​កត្តា​យានយន្ត​ដែល​​មិន​បានមក​ធ្វើ​ឆៀក​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​ឱ្យបាន​ត្រឹមត្រូវ​ផងដែរ​។

លោក​បានឱ្យដឹងថា មាន​រថយន្ត​ប្រមាណ​កន្លះ​លាន​គ្រឿង​​ដែល​បាន​ផុត​សុពលភាព​មិន​​ទាន់​បានមក​ឆៀក​នៅឡើយ ដោយ​លោក​បាន​អំពាវនាវ​ដល់​ម្ចាស់​យានយន្ត​ឱ្យប្រញាប់​យក​រថយន្ត​ទាំង​នោះមក​ឆៀក​ឱ្យទាន់​ពេលវេលា ចៀសវាង​ការផាកពិន័យ​។

លោក​ថា​៖ «​កុំ​ចោទថា រដ្ឋាភិបាល​ចេះតែ​ផាកពិន័យ​ចង់បាន​​លុយ​ប្រជាពលរដ្ឋ បើ​យើង​ធ្វើ​មិន​ខុស មិន​ផាកពិន័យ​ទេ​»​។

លោក​បាន​រំឭក​ផងដែរ​ថា​ក្នុងករណី​ម្ចាស់​មិនបាន​យក​រថយន្ត​ទៅ​ឆៀក​ឱ្យទាន់​ពេលវេលា​នឹងត្រូវ​ផាកពិន័យ​ក្នុង​ ១​ ថ្ងៃ​ ៥០០ រៀល ដោយ​គិត​ចាប់ពី​ថ្ងៃ​ដែល​រថយន្ត​នោះ​ហួស​សុពលភាព​។ ​លោក​បានឱ្យ​ដឹងថា​គិតពី​ថ្ងៃ​អនុវត្ត​ច្បាប់​ចាប់ពី​ខែកក្កដា ឆ្នាំ ២០២០ មាន​រថយន្ត​ជាង​ ១៧ ​ម៉ឺន​គ្រឿង​មិន​បានមក​ឆៀក​ទៀងទាត់ ហើយ​ត្រូវ​បង់​ផាកពិន័យ​ទាំងអស់ ២១ ​ពាន់​លាន​រៀល​ចូល​ថវិកាជាតិ​។

លោក​រដ្ឋមន្ត្រី​បានឱ្យដឹង​ទៀត​​ថា សព្វថ្ងៃ​នៅ​កម្ពុជា​មាន​មណ្ឌល​​ឆៀក​នៅ​ភ្នំពេញ​ ៧​ កន្លែង នៅតាម​ខេត្ត​មាន​ទីតាំង​ ១៧​ កន្លែង ខណៈ​លោក​កំពុង​ស្នើ​ទៅ​ក្រុមហ៊ុន​ឯកជន​ដែល​សហការ​ជាមួយ​ក្រសួង​ឱ្យ​ទិញ​រថយន្ត-​ឆៀក​ចល័ត​បន្ថែមទៀត​ ដើម្បី​យកទៅ​ឆៀក​តាម​ខេត្ត​ដែល​មិនទាន់​មាន​មណ្ឌល​ឆៀក​។

មណ្ឌល​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ (​ឆៀក​) ​សាខា​ពោធិ៍​សែនជ័យ-​អូដឹម រាជធានី​ភ្នំពេញ​មាន​ទំហំ​ប្រមាណ ​១៥ ០០០​ ម៉ែត្រការ៉េ​ដែល​​ចាប់ផ្តើម​សាងសង​ពី​ខែវិច្ឆិកា​​ឆ្នាំ​ ២០២០ និង​បានបញ្ចប់​ការសាងសង់ និង​ដំឡើង​ម៉ាស៊ីន​រួចរាល់​នៅ​ខែតុលា ឆ្នាំ​ ២០២១​។

ក្រោយពី​ទទួលបាន​ការ​អនុញ្ញាត​ឱ្យមាន​ការប្រើប្រាស់​សាកល្បង​កាលពី​ខែមករា ឆ្នាំ​ ២០២២ ​មក មណ្ឌល​នេះ​បាន​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ចំនួន ១ ១២០ ​គ្រឿង ក្នុងនោះ​មាន​រថយន្ត​ធុនតូច​ ៩៨០​ គ្រឿង រថយន្ត​ធុន​ធំ​ចំនួន​ ១៣៣ ​គ្រឿង និង​រថយន្ត​ចំនួន​ ៣៦៧ ​គ្រឿង​ដែល​ហួស​សុពលភាព​។ មណ្ឌល​នេះ​មាន​​បំពាក់​ឧបករណ៍​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​ទំនើប ៣ ​ខ្សែ​ដែល​ផលិត​នៅ​ចិន រួមមាន​ឧបករណ៍​វាស់​ល្បឿន ចង្កូត ថ្លឹង​ទម្ងន់ វាស់​កម្លាំង ហ្វ្រាំង ផ្សែង​ម៉ាសូត និង​ផ្សែង​សាំង និង​ឧបកណ៍​វាស់​ភ្លើង​ហ្វាកូត ដែល​អាច​ឆៀករថយន្ត​បាន ៣០០ ​គ្រឿងក្នុង​រយៈពេល ​៨ ​ម៉ោង​។

លោក ហ៊ាង សុទ្ធាយុត្តិ ប្រធានាយកដ្ឋាន​ព័ត៌មានវិទ្យា​ទំនាក់ទំនង​សាធារណៈ​បាន​ថ្លែងថា ចាប់តាំងពី​ដាក់ឱ្យ​ដំណើរការ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ផ្តល់​សេវាសាធារណៈ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ចាប់ពី​ខែមករា ឆ្នាំ​ ២០១៧​ មកទល់​បច្ចុប្បន្ន ក្រសួង​បាន​​ផ្តល់​សេវាសាធារណៈ​បាន​ប្រមាណ ​៦,៥​ លាន​សេវា ក្នុង​នោះ​ការឆៀក​យានយន្ត​ប្រមាណ​ ១,៩ ​លាន​គ្រឿង​នៅ​​ទូទាំង​ប្រទេស​។

លោក​បន្តថា ខណៈ​បច្ចេកវិទ្យា​កំពុង​រីកចម្រើន សន្តិសុខ​បច្ចេកវិទ្យា​ក៏មាន​ជា​បន្តបន្ទាប់​ស្រប​ពេលដែល​តម្រូវការ​សង្គម​មានការ​កើនឡើង​លើ​វិស័យ​ផ្តល់​សេវាសាធារណណៈ ស្រប​​ពេល​ប្រព័ន្ធ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ជំនិះ​ជំនាន់​ចាស់​ប្រឈម​បញ្ហា​ជាច្រើន​ដូចជា មាន​ភាពយឺតយ៉ាវ រអាក់រអួល ជាប់គាំង​មិន​ដំណើរការ​ជាដើម​។

លោក​ថា យ៉ាងណាមិញ​នៅ​អំឡុង​ខែមីនា និង​មេសា ឆ្នាំ ២០២០ ក្រុមការងារ​រៀបចំ​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ឆៀក​ជំនាន់​ទី​ ២ បានចាប់ផ្តើម​សិក្សា​ស្វែងយល់ និង​ប្រមូល​ធាតុ​ចូល​ពី​ប្រព័ន្ធ​ជំនាន់​ចាស់ និង​បាន​ឆ្លងកាត់​ការប្រជុំ​ពិភាក្សា​ជាមួយ​​ភាគី​ពាក់ព័ន្ធ​ដើម្បី​ឈានទៅ​សម្រេច​គោលដៅ​ក្នុង​ការរៀបចំ​ប្រព័ន្ធ​ឆៀក​ជំនាន់​ថ្មី​ ដើម្បី​ទៅ​ជំនួស​ប្រព័ន្ធ​ឆៀក​ជំនាន់​ចាស់​ដែល​កំពុងមាន​បញ្ហា​៕

វីដេអូ៖