ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់នៃគណៈបញ្ជាការសន្តិសុខអចិន្រៃ្តយ៍សម្រាប់ការបោះឆ្នោតបានជួបប្រជុំផ្សព្វផ្សាយគោលដៅការពារ ដើម្បីធានាដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ដែលគ្រោងរៀបចំនៅដើមខែមិថុនាឱ្យប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងគ្មានការគំរាមកំហែង បំភិតបំភ័យ ទៅលើគណបក្សនយោបាយនានា ដែលត្រៀមខ្លួនចូលរួមប្រកួតប្រជែងយកសន្លឹកឆ្នោត។
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្តិសុខ អចិន្រៃ្តយ៍ សម្រាប់ការបោះឆ្នោត និងលោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាអនុប្រធានគណៈបញ្ជាការនេះបានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការអន្តរស្ថាប័នស្ដីពីកិច្ចការងារពិនិត្យបញ្ជីឈ្មោះ និងការបោះឆ្នោតថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិ តាមប្រព័ន្ធបញ្ជូនសំឡេង និងរូបភាពកាលពីថ្ងៃទី ២៨ ខែមីនាឆ្នាំ ២០២២។
លោក ស ខេង បានណែនាំដល់គ្រប់កម្លាំង និងមន្ត្រីមុខងារសាធារណៈទាំងអស់ ត្រូវតែប្រកាន់អព្យាក្រឹតភាព និងការពារគ្រប់សកម្មភាព និងបេក្ខជនឈរឈ្មោះរបស់គណបក្សនយោបាយ ដើម្បីឱ្យការបោះឆ្នោតនៅពេលខាងមុខ ប្រព្រឹត្តទៅដោយ សេរី ត្រឹមត្រូវ យុត្តិធម៌ តាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ គ្មានការគំរាមកំហែង ការបំភិតបំភ័យ គ្មានអំពើហិង្សាផ្សេងៗ ស្របតាមច្បាប់ និងជាពិសេស មន្ត្រីនយោបាយទាំងអស់ក៏មិនត្រូវប្រើធនធានរបស់រដ្ឋ ដើម្បីបម្រើសកម្មភាពនយោបាយដែរ។
លោក ស ខេង បានថ្លែងថា គោលដៅការពារក្នុងដំណើរការបោះឆ្នោតនេះមានច្រើនទីតាំង ក្នុងនោះបន្ថែមលើកម្លាំងនគរបាល និងកងរាជអាវុធហត្ថដែលមិនគ្រប់គ្រាន់លោកក៏បានឯកភាពឱ្យប្រើកម្លាំងប្រជាការពារ ដើម្បីជួយគាំទ្រក្នុងការរក្សាសន្តិសុខសម្រាប់ការបោះឆ្នោត ដោយមានការបណ្ដុះបណ្ដាលអំពីគោលការណ៍សំខាន់មួយចំនួនផងដែរ។
លោកបន្តថា ការបោះឆ្នោតនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិជាច្រើនលើកច្រើនសានាពេលកន្លងមក និងអនាគតជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ និងប្រកបដោយមោទនភាព ព្រមទាំងជាការបង្ហាញឆន្ទៈនយោបាយ និងការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញឱ្យមានអភិបាលកិច្ចល្អ បន្តអនុវត្តនយោបាយវិមជ្ឈការ និងវិសហមជ្ឈការនៅថ្នាក់មូលដ្ឋាន ពង្រឹងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស ការពង្រឹងនីតិរដ្ឋ និងការអភិវឌ្ឍប្រទេសជាតិ។
លោកថ្លែងថា៖ «គោលបំណងរបស់គណៈបញ្ជាការសន្តិសុខអចិន្រៃ្តយ៍សម្រាប់ការបោះឆ្នោត (គ.ស.អ) រួមមានចាត់វិធានការបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងរាល់ឧបាយកល ដែលប៉ុនប៉ងបំផ្លិចបំផ្លាញ ឬធ្វើឱ្យរាំងស្ទះដល់ដំណើរការរៀបចំការបោះឆ្នោតតាមគ្រប់រូបភាព ធានាឱ្យបាននូវបរិយាកាសនយោបាយស្ងប់ស្ងាត់ អព្យាក្រឹត ដើម្បីឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ តាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ គ្មានការគំរាមកំហែង ការបំភិតបំភ័យ គ្មានអំពើហិង្សាផ្សេងៗ និងធានាឱ្យបាននូវសុវត្ថិភាពទាំងស្រុង និងផ្តល់នូវសេវាសន្តិសុខដោយស្មើភាពគ្នាជាដើម»។
លោក ស ខេង បានថ្លែងទៀតថា គ.ស.អ ដែលមានសមាសភាពមកពីប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្តដែរនោះ ត្រូវខិតខំបំពេញមុខងារសាធារណៈរបស់ខ្លួនឱ្យបានហ្មត់ចត់ ច្បាស់លាស់ ក្នុងស្មារតីទទួលខុសត្រូវចំពោះមុខច្បាប់ ដោយគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់មនុស្សគ្រប់រូប។ ទន្ទឹមនោះក៏ត្រូវខិតខំទប់ស្កាត់ឱ្យបានរាល់អំពើកេងចំណេញនានាពីការប្រកួតប្រជែងខាងនយោបាយ ព្រមទាំងត្រូវបញ្ចៀសឱ្យបានដាច់ខាតនូវអំពើហិង្សា ការបង្កអសន្តិសុខ និងអស្ថិរភាពសង្គម នៅក្នុងដំណាក់កាលទាំងមុន អំឡុងពេល និងក្រោយការបោះឆ្នោត។
នៅក្នុងកិច្ចប្រជុំនោះដែរ លោក ទៀ បាញ់ ថ្លែងថា កិច្ចប្រជុំនៅពេលនេះ គឺជាកិច្ចប្រជុំដ៏មានសារៈសំខាន់ក្នុងការត្រៀមលក្ខណៈបំពេញភារកិច្ចចាំបាច់ ដើម្បីឈានឆ្ពោះទៅការបោះឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់នៅឆ្នាំនេះ និងការបោះឆ្នោតនៅពេលខាងមុខជាបន្តបន្ទាប់ទៀត និងស្នើសុំឱ្យមានការបើកកិច្ចប្រជុំម្តងទៀត នៅពេលណាមួយសមស្របដើម្បី ស្តាប់ការបញ្ជាក់ឡើងវិញពីលេខាធិការដ្ឋានអចិន្រៃ្តយ៍។
លោកបន្តថា គណៈបញ្ជាការឯកភាពរាជធានី-ខេត្ត ត្រៀមលក្ខណៈបែងចែកកម្លាំងទៅកាន់ការិយាល័យបោះឆ្នោត ឬទីតាំងពាក់ព័ន្ធឱ្យបានជាក់លាក់ ក្នុងនោះប្រសិនបើប្រើកម្លាំងបន្ថែមក៏គួរតែទាមទារការបណ្ដុះបណ្ដាលឱ្យបានច្បាស់លាស់ ដើម្បីធានាការបំពេញភារកិច្ចស្របតាមច្បាប់ និងបញ្ចៀសបានការប្ដឹងផ្ដល់ដែលតែងតែកើតមានជារឿយៗក្នុងដំណើរការបោះឆ្នោត។
លោកថ្លែងថា៖ «កម្លាំងការពារ ចាំបាច់ណាស់ត្រូវតែឱ្យមានការយល់ដឹងគ្រប់ផ្នែក ទាំងច្បាប់ និងសេចក្តីប្រកាសផ្សេងៗឱ្យបានជ្រៅជ្រះ ដើម្បីអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់តម្រូវតាំងពីការចាត់តាំងមនុស្សទៅកាន់ការងារនីមួយៗ។ ដូច្នេះ យើងឃើញហើយ វាតែងតែមានហេតុការណ៍កើតឡើងរហូតមកដល់ពេលនេះ ក៏នៅមានការប្តឹងផ្តល់គ្នា រឿងកើតទុក្ខមិនសុខចិត្តនេះ និងមានបន្តទៀត ដូច្នេះត្រូវតែបំពេញតាមផ្លូវច្បាប់ឱ្យបានពេញលេញ»។
លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានថ្លែងថា គ.ជ.ប ក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិបានកសាងផែនការអន្តរស្ថាប័ន សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និង ការចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោតថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ៣ ឆ្នាំ ជាប់ៗគ្នា (ឆ្នាំ ២០២២-២០២៨)។ ក្នុងរយៈពេលនេះ ស្ថាប័នទាំង ៣ មានការងារជាច្រើនដែលត្រូវបំពេញ ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ តាមរយៈការបោះឆ្នោតប្រកបដោយសន្តិសុខ សុវត្ថិភាព គ្មានការគំរាមកំហែង គ្មានការបំភិតបំភ័យ និងគ្មានអំពើហិង្សា។
«ក្នុងផែនការអន្តរសា្ថប័ន បានកំណត់ច្បាស់លាស់អំពីគោលដៅ និងមុខសញ្ញាសំខាន់ៗ ដែលត្រូវការពារ ចំនួនកម្លាំងដែលត្រូវប្រើប្រាស់តាមដំណាក់កាលនីមួយៗនៃការបោះឆ្នោត ព្រមទាំងយន្តការ រចនាសម្ព័ន្ធ និងកិច្ចសហការសន្តិសុខបោះឆ្នោត សំដៅរក្សាបាននូវសន្តិសុខ សុវត្ថិភាព ស្ថិរភាពនយោបាយ និងបរិយាកាសល្អទាំងមុនពេលបោះឆ្នោត ក្នុងពេលបោះឆ្នោត និងក្រោយ ពេលបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ»៕