ភ្នំពេញៈ កម្ពុជា ជាប្រទេសមួយដែលធ្លាប់ញាំញីដោយសង្គ្រាមស៊ីវិល ឥឡូវនេះបានក្លាយជាប្រទេសមួយក្នុងចំណោម ប្រទេសដែលមានកំណើនសេដ្ឋកិច្ច លឿនបំផុតនៅលើពិភពលោក ជាមួយនឹងអត្រាកំណើនសេដ្ឋកិច្ច ៧.៥% និងជាអ្នកចូលរួមចំណែក កងទ័ពយ៉ាងសកម្មក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ នេះជាការលើកឡើងរបស់មន្ត្រីអាជ្ញាធរមីន។
លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី ១ អាជ្ញាធរមីន ក្នុងពេលអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងអាជ្ញាធរមីន តំណាងដោយលោក ព្រំ សុភមង្គល អគ្គលេខាធិការ និងអង្គការមនុស្សធម៌ Platinum East ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក តំណាងដោយលោក Shathel Fahs កាលពីថ្ងៃទី ២៨ ខែមីនា នៅទីស្នាក់ការអាជ្ញាធរមីន លោក លី ធុជ លើកឡើងថា បញ្ហាគ្រាប់មីន និងសំណល់ជាតិផ្ទុះសល់ពីសង្គ្រាមនៅកម្ពុជាបានបង្កនូវបញ្ហាយ៉ាងធ្ងន់ធ្ងរ និងរារាំងដល់ការអភិវឌ្ឍជាតិ។ អ្នកទាំងអស់គ្នាបានឃើញយ៉ាងច្បាស់នូវជីវិតមនុស្សស្លូតត្រង់រាប់ពាន់នាក់បានបាត់បង់នៅលើដី ដែលពួកគាត់ចាត់ទុកថា មានសុវត្ថិភាពក្នុងការចាប់ផ្តើមជីវិតថ្មី និងអនាគតថ្មី បន្ទាប់ពីសង្គ្រាម និងការផ្លាស់លំនៅអស់ជាច្រើនទសវត្សរ៍កន្លងមក។
លោកថ្លែងថា៖ «ជីវិតពួកគាត់នឹងមិនបាត់បង់ទេ ប្រសិនបើប្រទេសកម្ពុជាមានជំនាញបច្ចេកទេស បរិក្ខារ និងឧបករណ៍ចម្រុះ និងបច្ចេកវិទ្យាជឿនលឿនជាងមុន ដើម្បីធ្វើសកម្មភាពដោះមីនឱ្យបានលឿននៅទូទាំងប្រទេស»។
លោកបញ្ជាក់ថា៖ «ពីប្រទេសមួយ ដែលធ្លាប់ញាំញី ដោយសង្គ្រាមស៊ីវិល កម្ពុជាបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅលើពិភពលោក ជាមួយនឹងកំណើនសេដ្ឋកិច្ច ៧.៥% និងជាអ្នកចូលរួមចំណែកកងទ័ពយ៉ាងសកម្មនៅក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ»។
បើតាមអាជ្ញាធរមីន ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ក្នុងគោលបំណងពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការគាំទ្រដល់ការអភិវឌ្ឍបច្ចេកវិទ្យា នវានុវត្តន៍ ការបណ្តុះបណ្តាល និងបច្ចេកទេសគាំទ្រដល់ការបោសសម្អាតមីន ដើម្បីបង្កើនប្រសិទ្ធភាពក្នុងតំបន់ និងជាសកលនៃសហគមន៍សកម្មភាពមីនមនុស្សធម៌។
លោក លី ធុជ លើកឡើងថា ទោះបីជាទទួលបានភាពជោគជ័យ និងកេរ្តិ៍ឈ្មោះល្អក៏ដោយ កម្ពុជានៅតែត្រូវការជំនួយអន្តរជាតិ ដើម្បីធ្វើទំនើបកម្មបន្ថែមទៀតនូវជំនាញបច្ចេកទេស ការបង្កើតថ្មីនៃការដោះមីន ការរាវរក ឧបករណ៍បច្ចេកវិទ្យា និងធ្វើស្តង់ដាប្រតិបត្តិកររបស់ខ្លួនទាក់ទងនឹងចំណេះដឹង និងវិជ្ជាជីវៈ។ ក្នុងនោះអាជ្ញាធរមីន ដើរតួនាទីយ៉ាងសំខាន់រវាងរាជរដ្ឋាភិបាលកម្ពុជា និងម្ចាស់ជំនួយ។
លោក លី ធុជ បានបន្ថែមថា អាជ្ញាធរមីនមានមោទនភាពក្នុងការពង្រីកកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយគ្រប់តួអង្គចម្រុះ និងតួអង្គសំខាន់ៗក្នុងវិស័យនេះ ដើម្បីធ្វើពិពិធកម្មបណ្តាញគាំទ្រ។
លោកសម្តែងការជឿជាក់ថា អង្គការ Platinum East ដែលជាស្ថាប័នជំនាញផ្នែកដោះមីនតាមបច្ចេកវិទ្យាច្នៃប្រឌិត នឹងធ្វើឱ្យប្រតិបត្តិការបោសសម្អាតមីននៅទីវាលកាន់តែមានសុវត្ថិភាព និងអាចរំដោះផ្ទៃដីបានលឿនសម្រាប់ប្រជាជនកម្ពុជា។
បើតាមលោក លី ធុជ លោកសង្ឃឹមថា នឹងឃើញការអភិវឌ្ឍជំនាញថ្មីៗកាន់តែច្រើនឡើង និងបច្ចេកវិទ្យាក្នុងវិស័យសកម្មភាពមីន ដែលអាចឱ្យប្រតិបត្តិករដោះមីនបំពេញភារកិច្ចអស់ពីសមត្ថភាព ហើយជាសមិទ្ធផលដ៏អស្ចារ្យសម្រាប់កម្ពុជា ជាប្រទេសនាំមុខគេនៅលើពិភពលោក ដែលមានជំនាញច្រើន ក៏ដូចជាសម្របខ្លួនទៅនឹងបច្ចេកវិទ្យាជឿនលឿននៅពេលនិយាយអំពីបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម៕