កំពតៈ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កំពុង​រក​ថវិកា ដើម្បី​ជួសជុល​កំណាត់​ផ្លូវ​ (​កំពត-​វាលរេញ​)​ ប្រវែង ២០ ​គីឡូម៉ែត្រ​ឱ្យមាន​ភាពប្រសើរ​ជាង​មុន​ដើម្បី​សម្រួល​ដល់​ការធ្វើ​ចរាចរណ៍​ជា​បណ្តោះអាសន្ន​សិន ខណៈ​កំពុង​រង់ចាំ​ប្រាក់​កម្ចីសម្បទាន​ពី​ភាគី​ចិន ដែល​ផ្លូវ​នេះ​ត្រូវការ​ថវិកា​ពី​ ៦០ ​ទៅ ​៧០ លាន​ដុល្លារ ទើប​អាច​ស្ថាបនា​បានឱ្យ​ស្របទៅតាម​ស្តង់ដា​បច្ចេកទេស​។

ក្នុងអំឡុងពេល​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ផ្លូវជាតិ​លេខ​ ៣ (​កំពត-​វាលរេញ​) កាលពី​ថ្ងៃ​ទី​ ២៩ ខែមីនា រដ្ឋមន្ត្រី​ក្រសួង​សាធារណការ លោក ស៊ុន ចាន់ថុល មានប្រសាសន៍ថា បច្ចុប្បន្ន​កម្ពុជា​​បានដាក់​លិខិត​ជា​លាយលក្ខណ៍អក្សរ​ទៅ​មិត្ត​ចិន​ឱ្យជួយ​ជា​ប្រាក់កម្ចី​សម្បទាន សម្រាប់​សាងសង់​ផ្លូវ ២០ ​គីឡូម៉ែត្រ​នេះ​រួចហើយ​។

លោក​ថា​៖ «​សម្តេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន សែន លោក​បានស្នើ​សុំឱ្យ​មិត្តចិន ជួយ​ជា​ប្រាក់កម្ចី​សម្បទាន មក​សាងសង់​ផ្លូវ ២០ ​គីឡូម៉ែត្រ​នេះ ហើយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បានធ្វើ​លិខិត​ជា​លាយលក្ខណ៍អក្សរ​ទៅ​ស្ថានទូត​ចិន​ហើយ ដើម្បី​ស្នើសុំ​ថវិកា អ៊ីចឹង​យើង​រង់ចាំ​ថវិកា​ជា​ផ្លូវការ​ពី​មិត្ត​ចិន ជា​ប្រាក់កម្ចី ដើម្បី​យកមក​សាងសង់​ផ្លូវ​នេះ​តាម​លក្ខណៈ​បច្ចេកទេស​»​។

លោក​បន្តថា ទន្ទឹមនឹង​ការរង់ចាំ​នេះ ក្រសួង​ក៏​មិន​ព្រងើយ​កន្តើយ ចំពោះ​ផ្លូវ​នេះដែរ ខណៈ​ក្រសួង​កំពុង​រក​ប្រភព​ថវិកា​ដើម្បី​ជួសជុល​ផ្លូវ​នេះ​ឱ្យ​ប្រសើរ​ឡើងជា​បណ្តោះអាសន្ន និង​ស្នើសុំ​ការយោគយល់​ពី​អ្នកដំណើរ​ផងដែរ​។

លោក​ថា​៖ «​ប៉ុន្តែ​មុននឹង​ទទួល​ថវិកា​នេះ ផ្លូវ​ខូច សម្បុក​មាន់​ច្រើន ដែលមាន​ការលំបាក​វេទនា​ក្នុង​ការធ្វើ​ដំណើរ ជាពិសេស​ពេល​រដូវភ្លៀង ហើយ​ឥឡូវនេះ ផ្លូវជាតិ​លេខ​ ៤ កំពុងតែ​ពង្រីក អ៊ីចឹង​មាន​ការកកស្ទះ ហើយ​មានការ​បង្វែរ​ចរាចរណ៍​ពី​ផ្លូវជាតិ​លេខ​ ៤ មក​ផ្លូវ​លេខ​ ៣ ​សិន អ៊ីចឹង​ធ្វើឱ្យ​កំណើន​ការធ្វើ​ចរាចរណ៍ ផ្លូវ​កំពត វាលរេញ ច្រើន​»​។

លោក​បន្តថា​៖ «​អ៊ីចឹង​ដំណោះស្រាយ​បញ្ហា​នេះ ខ្ញុំ​កំពុង​ប្រឹងប្រែង​រក​ប្រភព​ថវិកា ដើម្បី​មក​​ជួយ​សម្រួល​ឱ្យធ្វើ​ចរាចរណ៍​ស្រួល​ជាង​មុន ប៉ុន្តែ​មិនមែន​ធ្វើជា​លក្ខណៈ​បច្ចេកទេស​ទេ គឺ​ធ្វើ​បណ្តោះអាសន្ន កុំឱ្យ​វា​ពិបាក​ពេក ២០ ​គីឡូម៉ែត្រ​រហូត​ដល់​ការសាងសង់​តាម​លក្ខណៈ​បច្ចេកទេស​ដែលមាន​ភាពរឹងមាំ និង​ជាប់​បានយូរ​»​។

លោក​ ចាន់ថុល បាន​បង្ហើប​ឱ្យដឹងថា តាម​ការសិក្សា ដើម្បី​ធ្វើ​ផ្លូវ​ប្រវែង​ ២០ ​គីឡូម៉ែត្រ​នេះ​ឱ្យបាន​រឹងមាំ និង​ស្របតាម​បច្ចេកទេស​គ្រោង​ចំណាយ​ថវិកា​សរុប​ប្រមាណ​ពី ៦០ ​ទៅ ៧០ ​លាន​ដុល្លារ​អាមេរិក​។ ផ្លូវ ២០ ​គីឡូម៉ែត្រ​នេះ មាន​បញ្ហា​ច្រើនណាស់ ធ្វើ​មិនដែល​បាន​ជាប់​ទេ​តាំងពីដើម​មក​ដោយសារ​ផ្លូវ​នេះ​មិនបាន​សិក្សា​ឱ្យបាន​ល្អិតល្អន់​ឱ្យ​ស្របតាម​លក្ខណៈ​បច្ចេកទេស​ព្រោះ​នៅ​តំបន់​នោះ​មាន​ដី​ស្អុយ​ខាងក្រោម​រហូតដល់ ១៨ ​ម៉ែត្រ​។

លោក​បញ្ជាក់ថា​៖ «​អ៊ីចឹង​ផ្លូវ ២០ ​គីឡូម៉ែត្រ​នេះ យើង​បែងចែក​ជា​ ២ ពី​ផ្លូវជាតិ​លេខ​ ៤ មក​ប្រវែង​មាន ​៥​ គីឡូម៉ែត្រ គី​ដី​ស្អុយ​រហូតដល់ ១៨ ​ម៉ែត្រ ខាងក្រោម ដូច្នេះ​ដើម្បី​ធ្វើឱ្យបាន​ជាប់ យើង​វ៉ៃ​សសរ​គ្រឹះ​ឱ្យទៅដល់​ដី​ដែល​ស្អុយ ១៨​ ម៉ែត្រ​។ ១៥​ គីឡូម៉ែត្រ​ទៀត យើង​ត្រូវ​ពង្រឹង​គ្រឹះ​វា ដល់​ចប់​អស់ហើយ ទើប​ផ្លូវ​នេះ​វា​លែង​ស្រុត បើ​មិន​អ៊ីចឹង​ទេ ទោះ​យើង​យក​ថវិកា​មក​ធ្វើ​ល្អ​បាន ​១ ​ឆ្នាំ វា​ស្រុត​ទៅវិញ ដូច្នេះ​យើង​បានឱ្យ​ក្រុមហ៊ុន​ចិន​សិក្សា​អំពី​លទ្ធភាព​ធ្វើ​ផ្លូវ​នេះ​ឱ្យបាន​​រឹងមាំ កុំឱ្យ​ស្រុត​ទៀត​»​។

បើតាម​លោក ស៊ុន ចាន់ថុល ផ្លូវ​នេះ ធ្លាប់​បានធ្វើ ៤ ​ដង​រួចមកហើយ ប៉ុន្តែ​នាពេលនោះ​មិនបាន​សិក្សា​នៅ​តំបន់​ភូមិសាស្ត្រ​ឱ្យបាន​ត្រឹមត្រូវ ខណៈ​ថវិកា​សាងសង់​ផ្លូវ​ពេលនោះ មាន​ចំនួន​ប្រមាណ​ជិត ២០ ​លាន​ដុល្លារ​ប៉ុណ្ណោះ​។

លោក​បន្តថា ក្រសួង​ក៏បាន​សិក្សា​លទ្ធភាព​ក្នុង​ការធ្វើ​ផ្លូវ​វាង ឬ​ដូរ​ផ្លូវ​នេះដែរ ប៉ុន្តែ​មិនអាច​ទៅរួច​នោះទេ ដោយសារ​តំបន់​ប្រវែង ២០ ​គីឡូម៉ែត្រ​នេះ សុទ្ធតែ​ដី​ស្អុយ ដូច្នេះ​មានតែ​ខិតខំ​រក​ថវិកា ដើម្បី​បន្តធ្វើ​ផ្លូវ​នេះ​​ដដែល​។ បន្ថែម​ពីនេះ លោក​បាន​អំពាវនាវ​ដល់​ក្រុមហ៊ុន​ដឹកជញ្ជូន​កុំឱ្យ​ដឹកទំនិញ​លើស​ទម្ងន់​កំណត់ដោយ​ច្បាប់​ដែល​ធ្វើឱ្យ​​ផ្លូវ​ឆាប់​ខូច​ទូទាំង​ប្រទេស ខណៈ​លោក​សង្កត់ធ្ងន់​ថា រថយន្ត​ដែល​ដឹក​លើស​ទម្ងន់​ប្រឈម​នឹង​ការឃាត់ទុក​ ១​ ឆ្នាំ និង​រង​ការ​ផាក​ពិន័យ​ជាដាច់ខាត ដោយ​មិន​លើកលែង​ឡើយ​។

លោក​បញ្ជាក់ថា​៖ «​ឥឡូវនេះ​ចាប់បាន​ប្រមាណ ១៦០ គ្រឿង​ទៀតហើយ ក្នុងនោះ​ដឹក​លើស​ទម្ងន់​ជាង​ ១០ ​ភាគរយ ហើយ​លើសពី​ ១០​ ភាគរយ​ទៅ​ឃាត់ទុក​ ១ ​ឆ្នាំ រើ​ឥវ៉ាន់​ចេញ និង​ផាកពិន័យ​។ អ៊ីចឹង​ទោះ​មាន​សំណូមពរ​ឱ្យ​ខ្ញុំ​លែង ក៏​ខ្ញុំ​អត់​មាន​សិទ្ធិអំណាច​លែង​រថយន្ត​ដែល​ល្មើសច្បាប់​នោះដែរ​គឺ ត្រូវតែ​រក្សាទុក​ ១ ​ឆ្នាំ អ៊ីចឹង​អត់​មាន​​អន្តរាគមន៍​ដោះលែង​ឡាន​នោះទេ​» ។ សូមជម្រាបថា សម្រាប់​ផ្លូវជាតិ​លេខ​ ៣ (​កំពត-​វាលរេញ​) ​មាន​ចម្ងាយ ៥៤ ​គីឡូម៉ែត្រ ក្នុងនោះ ធនាគារ​ពិភពលោក​បាន​ផ្តល់​ថវិកា ដើម្បី​ស្តារ​ផ្លូវ​នេះ និង​ធ្វើ​បានល្អ​រឹងមាំ​បាន​ចំនួន ៣៤ ​គីឡូម៉ែត្រ​៕