ភ្នំពេញៈ លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានលេខាធិការដ្ឋាននៃគណៈបញ្ជាការសន្តិសុខអចិន្រៃ្តយ៍សម្រាប់ការបោះឆ្នោត (គ.ស.អ) បានណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ត្រូវពង្រឹងវិធានការសន្តិសុខ ការពាររាល់ព្រឹត្តិការណ៍នយោបាយ ទប់ស្កាត់រាល់ការប៉ុនប៉ងណាមួយមកលើដំណើរការបោះឆ្នោត ដើម្បីកុំឱ្យបញ្ហានេះកើតឡើង។
ក្នុងកិច្ចប្រជុំលេខាធិការដ្ឋាននៃគណៈបញ្ជាការសន្តិសុខអចិន្រៃ្តយ៍សម្រាប់ការបោះឆ្នោត (គ.ស.អ) កាលពីថ្ងៃទី ២៨ ខែមីនា លោក នេត សាវឿន ថ្លែងថា គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត គឺជាអ្នកដែលត្រូវទទួលខុសត្រូវចំពោះផ្លូវច្បាប់ខ្ពស់ជាងគេនៅរាជធានី ខេត្តរបស់ខ្លួន ក៏ដូចជា ការទទួលខុសត្រូវចំពោះមុខរាជរដ្ឋាភិបាលអំពីកិច្ចការរៀបចំការបោះឆ្នោតក្នុងភូមិសាស្ត្ររបស់ខ្លួន គឺត្រូវប្រើប្រាស់កម្លាំងទាំងអស់ ដើម្បីធានាឱ្យបាននូវសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ បរិយាកាសសង្គម ដំណើរការបោះឆ្នោតឱ្យបានដោយជោគជ័យ។
លោកបន្តថា ស្នងការនគរបាលរាជធានី-ខេត្តត្រូវសហការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មការរៀបចំការបោះឆ្នោត កងរាជអាវុធហត្ថ បញ្ជាការដ្ឋានតំបន់សឹករង និងជាមួយកម្លាំងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្ត ដើម្បីធ្វើជាសេនាធិការជូនគណៈបញ្ជាការសន្តិសុខអចិន្រៃ្តយ៍នៅតាមរាជធានី ខេត្ត។ តួនាទីស្នងការនគរបាលរាជធានី ខេត្ត ត្រូវរៀបចំធ្វើផែនការជាក់លាក់ ដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់ នៅតាមរាជធានី ខេត្តរបស់ខ្លួនឱ្យបានបន្ទាន់។
បើតាមលោក នេត សាវឿន គ្រប់ស្នងការនគរបាលរាជធានី ខេត្ត ត្រូវសហការជាមួយអាជ្ញាធរពាក់ព័ន្ធដើម្បីធ្វើផែនការពង្រាយកម្លាំងបញ្ជូនទៅដល់ស្រុកឃុំ និងប្រមូលកម្លាំងប្រជាការពារដើម្បីជួយក្នុងប្រតិបត្តិការបោះឆ្នោតនេះ។ ទន្ទឹមនោះក៏ត្រូវត្រៀមកម្លាំងសម្រាប់ជំនួសនៅតាមការិយាល័យបោះឆ្នោតផងដែរ ខណៈស្ថានភាពជំងឺកូវីដ ១៩ មិនទាន់បានធូរស្រាលនៅឡើយនោះ។
លោក នេត សាវឿន ថ្លែងថា៖ «គោលបំណងរបស់យើង គឺធានាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពគ្រប់ដំណាក់កាលនៃដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ដោយត្រូវធានាបរិយាកាសស្ងប់ស្ងាត់ គ្មានការគំរាមកំហែង គ្មានការបំភិតបំភ័យ និងគ្មានអំពើហិង្សា អព្យាក្រឹតសេរី ត្រឹមត្រូវ យុត្តិធម៌សុវត្ថិភាពគ្រប់គោលដៅ»។
លោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២៩ ខែមីនានេះថា លោកមិនអាចប្រាប់ពីចំនួនកងកម្លាំងដែលត្រូវការពារក្នុងអំឡុងពេលរៀបចំការបោះឆ្នោតបានទេ ព្រោះវាជាការសម្ងាត់របស់កងកម្លាំង ក៏ប៉ុន្តែលោកថា ជាគោលការណ៍ គឺកងកម្លាំងនឹងការពារនៅតាមគោលដៅអាទិភាពដូចជា ស្នាក់ការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ស្នាក់ការគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ស្នាក់ការគណៈកម្មការឃុំ សង្កាត់រៀបចំ (គឃ.សប) ការិយាល័យពិនិត្យបញ្ជីឆ្នោត និងចុះឈ្មោះបោះឆ្នោត,ការដឹកជញ្ជូនឧបករណ៍សម្ភារឯកសារបោះឆ្នោត សន្លឹកឆ្នោត និងកន្លែងទុកសន្លឹកឆ្នោត។
លោកបន្តថា ជាមួយគ្នានេះកងកម្លាំងក៏ត្រូវយកចិត្តទុកដាក់ការពារមុខសញ្ញាសំខាន់ៗផងដែរ ក្នុងនោះគឺពលរដ្ឋជាម្ចាស់ឆ្នោត បេក្ខជនឈរឈ្មោះបោះឆ្នោត ឥស្សរជនជាន់ខ្ពស់នយោបាយ អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ មន្ត្រីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត រួមជាមួយនឹងអ្នកពាក់ព័ន្ធការងារបោះឆ្នោតទាំងអស់។
លោកថា៖ «ក្រៅពីការបោះឆ្នោតយើងមានជាផែនការទូទៅដែលជាផែនការគាំទ្រ ផែនការអន្តរស្ថាប័ន បានន័យថា គ្រប់ស្នងការរាជធានី-ខេត្តទាំងអស់តម្រូវឱ្យពង្រឹងសន្តិសុខនៅក្នុងរាជធានីខេត្តសាមី។ អានេះជាផែនការទូទៅដែលយើងធ្វើ ដើម្បីធានាសន្តិសុខសណ្តាប់ធ្នាប់ទូទៅ និងរៀបចំការផែនការបោះឆ្នោត»។
លោក សោម សូរីដា អ្នកនាំពាក្យ គ.ជ.ប ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ទាក់ទងកម្លាំងសន្តិសុខបោះឆ្នោតនេះ គ.ជ.ប ស្នើសុំទៅរាជរដ្ឋាភិបាលដាក់តាមការិយាល័យបោះឆ្នោតដែលមានចំនួនជាង ២៣ ៦០០ ការិយាល័យប៉ុណ្ណោះ ដោយក្នុង ១ ការិយាល័យមាន ភ្នាក់ងារសន្តិសុខ ៣ នាក់ ដោយមា្នក់ចល័តជុំវិញបរិវេណការិយាល័យ និង ២ នាក់ទៀតចល័តនៅខាងក្រៅបរិវេណការិយាល័យ។
លោកបន្តថា ក្រៅពីនេះក៏នឹងការពារនៅទីស្តីការ គ.ជ.ប នៅរាជធានីភ្នំពេញ គណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោតចំនួន ២៥ រាជធានី-ខេត្ត និងគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត មានចំនួន ១ ៦៥២ ឃុំ-សង្កាត់។
ជាមួយគ្នានេះក្រុងស្រុក-ខណ្ឌ ក៏ជាគោលដៅដែលត្រូវមានកម្លាំងការពារដែរ ប៉ុន្តែរចនាសម្ព័ន្ធ គ.ជ.ប អត់មាននៅក្នុងស្រុកខណ្ឌនោះទេ ប៉ុន្តែរាជរដ្ឋាភិបាលក៏បានដាក់ប្រដាប់អាវុធ ដើម្បីចាំជួយអន្តរាគមន៍។
លោកថ្លែងថា៖ «ការិយាល័យបោះឆ្នោត ២៣ ៦០០ នេះ គឺជាគោលដៅសំខាន់ដែលរាជរដ្ឋាភិបាលបានកំណត់ក្នុងការការពារ និងចាត់ឱ្យមានសន្តិសុខបោះឆ្នោត ដើម្បីការពារ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ។ ទាក់ទងនឹងបញ្ហានេះ ជាទៀងទាត់នៅមុនដំណើរការរៀបចំការបោះឆ្នោត គ.ជ.ប គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត (គ.ស.អ) តែងតែប្រជុំពិភាក្សាលើកឡើងពីវិធានការនានាពាក់ព័ន្ធទៅនឹងការពារសន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់ នៅពេលបោះឆ្នោត»៕