ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជាបានយល់ព្រមជាគោលការណ៍ឱ្យជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាជិត ៤៦ ០០០ នាក់ សម្រាប់បម្រើការងារនៅតាមក្រសួង ស្ថាប័ននានា ប៉ុន្តែមិនអនុញ្ញាតឱ្យជ្រើសរើសក្របខ័ណ្ឌថ្មីជំនួយអ្នកចូលនិវត្តន៍ឡើយ លើកលែងតែក្រសួងស្ថាប័ន ដែលមានគោលការណ៍ ដោយឡែកពីប្រមុខរាជរដ្ឋាភិបាល។
នេះបើយោងតាមលិខិតចុះថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២២ ដែលភ្នំពេញប៉ុស្តិ៍ទទួលបានពីថ្ងៃទី ២៩ ខែមីនាដែលចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈលោក ព្រុំ សុខា ជម្រាបដល់ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រីគ្រប់ក្រសួង-ស្ថាប័នស្តីពីគោលការណ៍ប្រើប្រាស់ក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិលមន្ត្រីជាប់កិច្ចសន្យា និងគ្រូបង្រៀនប្រភេទផ្សេងទៀតជូនដល់គ្រប់ក្រសួង-ស្ថាប័នសម្រាប់ឆ្នាំ ២០២២។
លោក ព្រុំ សុខា បានលើកឡើងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនអនុញ្ញាតឱ្យជ្រើសរើសក្របខ័ណ្ឌថ្មីជំនួសអ្នកចូលនិវត្តន៍ឡើយ លើកលែងតែក្រសួង-ស្ថាប័ន ដែលមានគោលការណ៍ដោយឡែកពីប្រមុខរាជរដ្ឋាភិបាល។ ក្នុងករណីមានគោលការណ៍អនុញ្ញាតឱ្យជ្រើសរើសក្របខ័ណ្ឌបន្ថែមពីប្រមុខរាជរដ្ឋាភិបាល ក្រសួងមុខងារសាធារណៈស្នើឱ្យគ្រប់ក្រសួង-ស្ថាប័នមានកិច្ចសហការសម្រាប់ដំណើរការជ្រើសរើសចាប់តាំងពីដំណាក់កាលដំបូងរហូតដល់ដំណាក់កាលបញ្ចប់។
មន្ត្រីជាប់កិច្ចសន្យាដែលត្រូវជ្រើសរើសរហូតដល់ ៤៥ ៩៣១ នាក់ សម្រាប់ ៣២ ក្រសួង ស្ថាប័ន ដែលក្នុងនោះ រួមមាន ព្រះបរមរាជវាំង ទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងព័ត៌មាន ក្រសួងសុខាភិបាល ក្រសួងផែនការ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងបរិស្ថាន និងស្ថាប័នជាច្រើនទៀត។
លោក ព្រុំ សុខា បានឱ្យដឹងថា៖ «រាជរដ្ឋាភិបាលបានយល់ព្រមផ្តល់គោលការណ៍ជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាចំនួន ១៦ ៩៣២ នាក់, មន្ត្រីឆ្មាំទំនប់ប្រព័ន្ធធារាសាស្ត្រជាប់កិច្ចសន្យាចំនួន ២៥០ នាក់,គ្រូបង្រៀនពុទ្ធិកសិក្សាជាប់កិច្ចសន្យាចំនួន ១ ៤៦២ អង្គ/នាក់, គណៈគ្រប់គ្រងពុទ្ធិកសិក្សាចំនួន ៣៥២ អង្គ/នាក់,គ្រូបង្រៀនជាប់កិច្ចសន្យាចំនួន ៩ ៨៩៦ នាក់»។
លោកបានបន្ថែមថា រាជរដ្ឋាភិបាលក៏បានយល់ព្រមជ្រើសរើសគ្រូបង្រៀនជាប់កិច្ចសន្យាខ្មែរ-អ៊ិស្លាមចំនួន ១៧៨ នាក់, គ្រូបង្រៀនជាប់កិច្ចសន្យាអប់រំក្រៅប្រព័ន្ធចំនួន ២ ៤៧២ នាក់, គ្រូបង្រៀន ២ ថ្នាក់ ២ ពេល (២ វេន) ចំនួន ១១ ៦៧១ នាក់,គ្រូបង្រៀនថ្នាក់គួប ២ ចំនួន ២ ៥៩៨ នាក់ និងគ្រូបង្រៀនថ្នាក់គួប ៣ ចំនួន ១២០ នាក់។
រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបានបញ្ជាក់ថា បន្ទាប់ពីទទួលបានផែនការប្រើប្រាស់មន្ត្រីជាប់កិច្ចសន្យា ក្រសួង-ស្ថាប័ន នីមួយៗត្រូវរៀបចំតារាងឧបសម្ព័ន្ធស្តីពីការបែងចែកការប្រើប្រាស់មន្ត្រីជាប់កិច្ចសន្យាមកក្រសួងមុខងារសាធារណៈ ដើម្បីទទួលស្គាល់ និងបញ្ចូលការបែងចែកការប្រើប្រាស់ជាក់ស្តែងទៅក្នុងប្រព័ន្ធព័ត៌មានវិទ្យា។
សម្រាប់ក្រសួង-ស្ថាប័នដែលជ្រើសរើសមន្ត្រីជាប់កិច្ចសន្យានេះត្រូវផ្សព្វផ្សាយជាសាធារណៈយ៉ាងតិច ១ សប្តាហ៍ ត្រូវធ្វើឡើងតាមរយៈការប្រឡងប្រជែង (វិញ្ញាសាសរសេរ ឬសម្ភាសផ្ទាល់មាត់) និងបេក្ខជនទាំងនោះត្រូវមានសញ្ជាតិខ្មែរ ព្រមទាំងមានអាយុយ៉ាងតិច ១៨ ឆ្នាំ។
ប្រភពដដែលបានបន្តថា បេក្ខជនត្រូវបំពេញការងារសម្រាប់រយៈពេលយ៉ាងតិច ៣ ខែ និងយ៉ាងច្រើន ១២ ខែ ក្នុងឆ្នាំនីមួយៗនិងពេលចូលបម្រើការងារត្រូវបំពេញប្រវត្តិរូប និងរបបស្វ័យប្រកាសដែលត្រូវធានាអះអាង និងបញ្ជាក់ពីការប្រើប្រាស់ជាក់ស្តែងពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន ឬប្រធានអង្គភាពគ្រប់គ្រងផ្ទាល់។
លោក យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២៩ ខែមីនាថា កន្លងទៅរាជរដ្ឋាភិបាលតែងតែអនុញ្ញាតឱ្យជ្រើសរើសមន្ត្រីក្របខ័ណ្ឌថ្មី ដើម្បីជំនួសអ្នកចូលនិវត្តន៍ក្នុងពេលស្ថានភាពសង្គមធម្មតា។
លោកបានថ្លែងថា៖ «នៅក្នុងសេដ្ឋកិច្ចសង្គមដែលយើងរងនូវវិបត្តិនៃការឆ្លងរាលដាលមេរោគកូវីដ ១៩ និងនៅពេលថ្មីៗនេះយើងរងនូវការជះឥទ្ធិពលដោយប្រយោលពីសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែននេះផង វាធ្វើឱ្យមានវិបត្តិសេដ្ឋកិច្ច-សង្គម ដែលយើងរងគ្រោះទាំងអស់គ្នា។ ដូចនេះរាជរដ្ឋាភិបាលមិនបានអនុញ្ញាតឱ្យមានការជ្រើសរើសក្របខ័ណ្ឌថ្មីជំនួសអ្នកចូលនិវត្តន៍នោះទេ»។
លោក យង់ ពៅ បានបន្តថា ការអនុញ្ញាតឱ្យជ្រើសរើសតែមន្ត្រីក្របខ័ណ្ឌកិច្ចសន្យានេះជាស្ថានភាពសេដ្ឋកិច្ចសង្គមស្ថិតក្នុងបរិបទដែលពិភពលោកជួបនូវវិបត្តិកូវីដ និងសង្គ្រាមនៅអ៊ុយក្រែនដែលការជ្រើសរើសតែមន្ត្រីជាប់កិច្ចសន្យាគឺប្រាកដណាស់ជាការជួយសន្សំសំចៃកញ្ចប់ថវិកាជាតិបានមួយចំនួនផងដែរ។
លោកថា៖ «មន្ត្រីជាប់កិច្ចសន្យាគឺជាមន្ត្រីដែលទទួលបានប្រាក់ខែពីរាជរដ្ឋាភិបាលក្នុង ១ ឆ្នាំម្តង ចូលទៅបម្រើការងារចាំបាច់របស់ក្រសួងស្ថាប័នដែលត្រូវការចាំបាច់ ហើយប្រសិនបើពួកគាត់បម្រើការងារបាន ១ ឆ្នាំ ហើយរាជរដ្ឋាភិបាលអស់កញ្ចប់ថវិកានឹងជួល ឬគម្រោងនោះចប់អ៊ីចឹង!វានឹងចប់ដោយស្វ័យប្រវត្តិតាមកិច្ចសន្យាប្រចាំឆ្នាំ ប៉ុន្តែប្រសិនបើជាមន្ត្រីក្របខ័ណ្ឌគឺត្រូវរក្សាមន្ត្រីនោះរហូតដល់ចូលនិវត្តន៍»។
លោក ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២៩ ខែមីនាថា ការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា ដើម្បីឆ្លើយតបនឹងកង្វះខាតមន្ត្រីក្នុងស្ថាប័នសាធារណៈក៏ដូចជាបំពេញនូវមន្ត្រីដែលបានចូលនិវត្តន៍ហើយនោះ គឺជារឿងល្អ ដោយសារវាអាចសន្សំសំចៃថវិការបស់ជាតិ និងជាការឆ្លើយតបនឹងតម្រូវការជាក់ស្តែងផងដែរ។
លោកបានបញ្ជាក់ថា៖ «ខ្ញុំសូមអំពាវនាវឱ្យរាល់ការជ្រើសរើសមន្ត្រីទាំងក្នុងក្របខ័ណ្ឌក្តីជាមន្ត្រីជាប់កិច្ចសន្យាក្តី សុំឱ្យការជ្រើសរើសនោះប្រព្រឹត្តដោយត្រឹមត្រូវ និងយុត្តិធម៌ ដោយចៀសវាងនូវការរើសអើងផ្នែកនយោបាយ និងអំពើពុករលួយទើបអាចធានាថាមន្ត្រីដែលយកមកបម្រើការងារនៅតាមស្ថាប័នសាធារណៈមានគុណសម្បត្តិខ្ពស់ និងចំណេះជំនាញគ្រប់គ្រាន់ក្នុងការបម្រើជាតិ»៕