កំពង់ស្ពឺៈ លោក ជា ហ៊ាន ប្រធានអង្គការប្រឆាំងអំពើពុករលួយ ទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋ (ACNCIPO) នៅថ្ងៃទី ២៨ ខែមីនា បានដាក់ពាក្យប្តឹងទៅរដ្ឋបាលខេត្តកំពង់ស្ពឺ ដើម្បីជំទាស់ការស្នើសុំកាត់ឆ្វៀលដីព្រៃ ១ ២២៧ ហិកតា នៅឃុំតាសាល ស្រុកឱរ៉ាល់ ដោយសំអាងថា ក្រុមហ៊ុនពុះដីឡូត៍លក់បានយកពលរដ្ឋធ្វើជាខែល។
យោងតាមបណ្តឹងរបស់លោក ជា ហ៊ាន ដាក់ជូនទៅរដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី ២៨ ខែមីនា បានឱ្យដឹងថា ការស្នើសុំធ្វើការកាត់ឆ្វៀលដីព្រៃនៅភូមិដូនជន ភូមិសូរិយា និងភូមិថ្មី ឃុំតាសាល ស្រុកឱរ៉ាល់ គឺផ្ទុយពីគោលនយោបាយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងផ្ទុយពីច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ព្រោះទីតាំងដីព្រៃនៅទីនោះទើបតែមានការឈូសឆាយនៅចុងឆ្នាំ ២០២១ ដើមឆ្នាំ ២០២២ ហើយបច្ចុប្បន្ន មានពុះដីឡូត៍លក់ និងទើបតែមានការដាំចម្ការលម៉ើផងដែរ។
ក្នុងលិខិតលោក ជា ហ៊ាន បានឱ្យដឹងទៀតថា ក្រោយពីពលរដ្ឋស្នើសុំកាត់ឆ្វៀលលើទីតាំងដី ១ ២២៧ ហិកតានេះ ឃើញក្រុមការងារជំនាញពាក់ព័ន្ធចុះពិនិត្យដើម្បីស្នើសុំធ្វើការកាត់ឆ្វៀល។ ក្រោយមកអង្គការក៏បានចុះពិនិត្យតាមក្រោយជាលទ្ធផល ឃើញថា ទីតាំងដីដែលស្នើសុំកាត់ឆ្វៀល បានពុះដីឡូត៍លក់មួយចំនួន ដែលផ្ទុយពីច្បាប់ស្តីពីតំបន់ការពារធម្មជាតិនិង បទបញ្ជាប្រមុខរាជរដ្ឋាភិបាល ដែលតែងតែយកចិត្តទុកដាក់ជួយដល់ពលរដ្ឋក្រីក្រ ដើម្បីអនុវត្ត និងគ្រប់គ្រងដីរដ្ឋឱ្យមានប្រសិទ្ធភាព។
លោក ជា ហ៊ាន បញ្ជាក់ថា៖ «អង្គការសុំប្តឹងជំទាស់នឹងការកាត់ឆ្វៀលដីព្រៃទាំងនេះជូនពលរដ្ឋ និងសុំដកហូតទុកជាសម្បត្តិរដ្ឋវិញ ខណៈទីតាំងដីនោះពាក់ព័ន្ធ នឹងដីដែលក្រសួងបរិស្ថានផ្តល់ជូនបណ្ឌិត្យសភានគរបាលកម្ពុជាចំនួន ៣០០ ហិកតាដើម្បីធ្វើជាមណ្ឌលហ្វឹកហ្វឺន»។
លោក ជា ហ៊ាន បានឱ្យដឹងនៅថ្ងៃទី ២៨ ខែមីនាថា តាមគោលការណ៍របស់រាជរដ្ឋាភិបាល គឺការកាត់ឆ្វៀលបានលុះត្រាតែប្រជាពលរដ្ឋអាស្រ័យផលចាប់ពី ១០ ឆ្នាំឡើងទៅ ហើយអាស្រ័យផលជាក់ស្តែង មិនមែនជាព្រៃជាក់ស្តែងដូចការស្នើសុំបច្ចុប្បន្ននេះទេ។ បើតាមលោក ជា ហ៊ាន ទីតាំងដែលស្នើសុំធ្វើការកាត់ឆ្វៀលនោះ មានក្រុមហ៊ុនមួយកំពុង ពុះដីឡូត៍លក់ និងដាំដើមលម៉ើជាលក្ខណៈចម្ការសម្រាប់លក់ និងបានយកឈ្មោះប្រជាពលរដ្ឋធ្វើជាខែលទៅស្នើសុំធ្វើការកាត់ឆ្វៀលដី។
លោកថ្លែងថា៖ «ក្រុមហ៊ុនអ្នកដាំ ក្រុមហ៊ុនអ្នកលក់ ប៉ុន្តែគាត់យកឈ្មោះប្រជាពលរដ្ឋក្នុងមូលដ្ឋានលក់ឱ្យគាត់ហើយធ្វើជាលិខិតស្នើសុំកាត់ឆ្វៀល»។
បើតាមលោក ជា ហ៊ាន ដីព្រៃ ១ ២២៧ ហិកតានោះ ត្រូវបានក្រុមហ៊ុនធ្វើការឈូសឆាយរួច ផ្ទៃដីព្រៃប្រមាណតែ ៥០ ទៅ ៦០ ហិកតាប៉ុណ្ណោះ។ លោកបញ្ជាក់ថា៖ «ក្រុមហ្នឹងគឺក្រុមហ៊ុនពុះដីឡូត៍លក់ មិនមែនក្រុមហ៊ុនជួលដីរដ្ឋទេ អ៊ីចឹងបើតាមនីតិវិធីច្បាប់ ក្រុមហ៊ុនបង្កើតក្រុមហ៊ុនគឺជួលដី វិនិយោគពីរដ្ឋ ប៉ុន្តែនេះ មិនមែនជួល មិនមែនអីទេ គឺគាត់ទិញពីប្រជាពលរដ្ឋ ហើយការទិញនោះវាមិនទាន់ស្របច្បាប់នៅឡើយ ព្រោះជាដីតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់មិនទាន់បានកាត់ឆ្វៀលរួចរាល់ចេញពីតំបន់ការពារដោយព្រះរាជក្រឹត្យ» ។ ទោះយ៉ាងណាលោក ជា ហ៊ាន មិនបានប្រាប់ឱ្យដឹងពីឈ្មោះក្រុមហ៊ុននោះទេ។
ភ្នំពេញប៉ុស្តិ៍មិនអាចរកប្រភពទាក់ទងទៅតំណាងក្រុមហ៊ុនដែលលោក ជា ហ៊ាន អះអាងថា ជាក្រុមហ៊ុនពុះដីឡូត៍លក់នោះបានទេនៅថ្ងៃទី ២៨ ខែមីនា ប៉ុន្តែយ៉ាងណាក៏ដោយបើយោងតាមរបាយការណ៍របស់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ នៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២២ បានឱ្យដឹងថា កម្លាំងមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដឹកនាំដោយលោក ថន ចាន់ អនុប្រធានការិយាល័យ ដែនជម្រកសត្វព្រៃ បានចុះល្បាតស្រាវជ្រាវ ពិនិត្យជាក់ស្តែងដល់ទីតាំងរុករានដីព្រៃនោះនៅចំណុចត្រពាំងកំពឹស ភូមិសាស្ត្រភូមិដូនជន ឃុំតាសាល ស្រុកឱរ៉ាល់ ពិនិត្យឃើញថា ទីតាំងដីនេះ ស្ថិតក្នុងដីក្រសួងបរិស្ថាន ផ្តល់ឱ្យបណ្ឌិត្យសភានគរបាលជាតិ និងមានការកាប់គាស់រុករានដីព្រៃថ្មីៗព្រមទាំងមានដាំដើមលម៉ើទើបតែដាំប្រាកដមែន ហើយបច្ចុប្បន្ន មន្ត្រីបរិស្ថានកំពុងតាមដានស្រាវជ្រាវរកជនប្រព្រឹត្តបទល្មើស។
របាយការណ៍បញ្ជាក់ថា៖ «ទីតាំងដីនេះ ស្ថិតក្នុងដីដែលក្រសួងបរិស្ថានផ្តល់ឱ្យបណ្ឌិត្យសភានគរបាលជាតិកម្ពុជាទំហំ ៣០០១ ហិកតា។ មានការកាប់គាស់ រុករានដីព្រៃថ្មីៗ ទំហំប្រមាណ ១០ ហិកតា រួមទាំងមានដើមលម៉ើទើបដាំប្រមាណ ៥៤០ ដើម»។
ភ្នំពេញប៉ុស្តិ៍ មិនអាចទាក់ទងសុំការបំភ្លឺពីលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានទេ ប៉ុន្តែកាលពីសប្តាហ៍មុនលោកធ្លាប់ប្រាប់ថា អាជ្ញាធរបានពិនិត្យ និងស្រង់ទិន្នន័យប្រជាពលរដ្ឋនៅទីតាំងដែលបានស្នើសុំធ្វើការកាត់ឆ្វៀលដីនោះហើយ។ ដោយឡែកការងារបន្ត រដ្ឋបាលខេត្ត និងមន្ត្រីជំនាញនឹងធ្វើការប្រជុំត្រួតពិនិត្យបន្តនីតិវិធីមុននឹងស្នើសុំទៅរាជរដ្ឋាភិបាលដើម្បីធ្វើអនុបយោគប្រគល់ដីទៅឱ្យប្រជាពលរដ្ឋ។
លោក វ៉ី សំណាង មិនបានបញ្ជាក់ច្បាស់ពីចំនួនប្រជាពលរដ្ឋដែលបានស្នើសុំធ្វើការកាត់ឆ្វៀលដីនោះទេ ប៉ុន្តែលោកប្រាប់ថា ប្រជាពលរដ្ឋនៅដោយកន្លែងផ្សេងៗគ្នា ហេតុនេះការកាត់ឆ្វៀលអាចនឹងធ្វើឡើងតាមលក្ខណៈស្បែកខ្លា ។ លោកថ្លែងថា៖ «ការកាត់ឆ្វៀលហ្នឹងមិននៅជាប់ៗគ្នាទេ គឺវាទៅជាស្បែកខ្លា។ គាត់មិនទៅនៅជុំគ្នាដូចយើងឯណា គាត់នៅដាច់ដោយឡែកពីគ្នា គាត់ទៅនៅទីនេះ ២-៣ គ្រួសារអ៊ីចឹងទៅនៅជាប់ក្រោយភូមិ នៅជាប់នឹងព្រៃ បម្រុងទុក ព្រៃសហគមន៍ ដែនជម្រកសត្វព្រៃ អ៊ីចឹងទៅ»៕