ភ្នំពេញៈ សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​ ៣០ ខែមីនា បាន​បន្ត​សវនាការ​លើ​សំណុំរឿង​លោក​ កឹម សុខា អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដោយបាន​សួរដេញដោល​លើ​ការចាប់​ផ្តើម​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ និង​អង្គហេតុ​នៅមុន​ការបោះឆ្នោត ប៉ុន្តែ​សហមេធាវី​របស់​លោក ​កឹម សុខា បាន​ជំទាស់​ចំពោះ​អង្គហេតុ​ទាំងអស់នេះ ព្រោះ​ត្រូវបាន​សួរដេញដោល​រួច​ម្តង​មក​ហើយ កាលពី​សវនាការ​លើក​មុន​។

លោក​ ផែង ហេង សហមេធាវី របស់​លោក​ កឹម សុខា បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅខាងមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​ថា តុលាការ​បាន​បន្ត​សវនាការ​សំណុំ​រឿង​របស់​លោក​ កឹម សុខា ដូច​សព្វដង ដោយបាន​កំណត់​យក​អង្គហេតុ​មក​សួរដេញដោល​ពាក់ព័ន្ធ​នឹង​ការចាប់ផ្តើម​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ និង​អង្គហេតុ​នៅមុន​បោះឆ្នោត​។

លោក​បន្តថា សវនាការ​លើក​នេះ សំណួរ​ភាគច្រើន​ត្រូវបាន​តាំង​ដោយ​តំណាង​អយ្យការ ប៉ុន្តែ​សំណួរ​ទាំងអស់​នោះ ទាំង​កូនក្តី និង​សហមេធាវី កត់សម្គាល់​ឃើញថា​ជា​សំណួរ​ដែល​ធ្លាប់​សួរ​កាលពីពេល​កន្លងមក​ហើយ និង​បានស្នើ​តំណាង​អយ្យការ​ឱ្យ​ទៅ​មើល​កំណត់​ហេតុដែល​កត់ត្រា​ និង​ឆ្លើយ​រួចហើយ​។ ជាមួយ​គ្នា​នេះ​តុលាការ​ក៏បាន​ឱ្យ​ចាក់​វីដេអូ​ឃ្លីប​ចំនួន​ ៥ ដើម្បី​ឆ្លើយតប​ទៅនឹង​សំណួរ​របស់​តំណាង​អយ្យការ ដែល​ចង់ដឹង​ពាក់ព័ន្ធ​នឹង​គោលនយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​ការបង្កើត​គណបក្ស​សង្គ្រោះ​ជាតិ​។

លោក​ថ្លែងថា​៖ «​បើ​យើង​ពិនិត្យមើល​ចុងក្រោយ​ថា ការសួរដេញដោល វា​ជា​នីតិវិធី​ចុងក្រោយ​ដែល​ក្រុមប្រឹក្សា​កំណត់​។ ប៉ុន្តែ​បើ​យើង​មើល​សំណុំរឿង មានការ​កោះហៅ​សាក្សី​ និង​ភាគី​ពាក់ព័ន្ធ​។ ដូច្នេះ​ក្រុម​សហមេធាវី​ក៏​មិនអាច​វាយ​តម្លៃ​ថា​នឹង​ឆាប់​ចប់ ឬក៏​យឺត​យ៉ាងណា​ទេ ដោយសារ​អាស្រ័យ​លើ​សំណួរ​។ បើ​មាន​សំណួរ​ច្រើន វា​ត្រូវ​ចំណាយពេល​ក្នុងការ​ឆ្លើយ​។ មួយទៀត សាក្សី​នោះ ហៅ​ចំនួន​ប៉ុន្មាន​។

បើតាម​លោក​ ផែង ហេង តុលាការ​ក៏បាន​កោះហៅ​សាក្សី​មួយចំនួន​រួច​ហើយ​។ ប៉ុន្តែ​ក្រុម​សហមេធាវី​ក៏ដូចជា លោក​ កឹម សុខា ប្រហែលជា​អាច​នឹង​ស្នើ​សុំឱ្យ​តុលាការ​កោះហៅ​សាក្សី ដែល​តុលាការ​បាន​ចោទប្រកាន់ ដែល​មាន​ការពាក់ព័ន្ធ​នឹង​សំណុំរឿង «​សន្ទិដ្ឋភាព​ជាមួយ​បរទេស​» ដែល​មេធាវី​ដើម​បណ្តឹងរដ្ឋប្បវេណី​ធ្វើការ​ចោទប្រកាន់ មានដូចជា សហរដ្ឋអាមេរិក អាល្លឺម៉ង់ សហគមន៍​អឺរ៉ុប អង្គការ​អន្តរជាតិ អង្គការ USAID និង​អង្គការ konrad ជាដើម ដើម្បី​មក​បង្ហាញ​ការពិត​ជូន​តុលាការ​។

លោក​ ផែង ហេង ថ្លែងថា​៖ «​យើង​នឹង​ពិនិត្យមើល តើ​គួរឱ្យ​ហៅ​សាក្សី​ណាខ្លះ​ដែល​ចាំបាច់​ ដើម្បី​បង្ហាញ​ការពិត​ទៅលើ សំណុំរឿង​លោក​ កឹម សុខា ​នេះ​។ សំណួរ​ដែល​សួរ​រួចហើយ យើង​នឹង​ជំទាស់​កុំឱ្យ​សួរ​ទៀត​ ដើម្បី​កុំឱ្យ​ខាត​ពេល ព្រោះ​យើង​ចង់ឱ្យ​ដំណើរការ​នីតិវិធី​ដើរទៅ​លឿន ដើម្បី​ផ្តល់​យុត្តិធម៌​ឱ្យ​កូនក្តី​របស់​យើង​»​។

លោក ​ប្លង់ សុផល អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ថ្លែងថា ដំណើរការ​សវនាការ​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​នៅ​ថ្ងៃទី​ ៣០ ខែមេសា ឆ្នាំ​ ២០២២ បាន​សាកសួរ​ចម្លើយ​ជនជាប់ចោទ​ដោយ​ខាង​តំណាង​អយ្យការ ហើយ​សវនាការ​បន្តទៀត​នោះ​នឹង​ត្រូវ​ធ្វើ​នៅ​ថ្ងៃទី​ ៦ ខែមេសា ឆ្នាំ​ ២០២២ វេលា​ម៉ោង​ ៨:៣០ ​នាទី​ព្រឹក​។

លោក​ កឹម សុខា ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី ​៣ ខែកញ្ញា ឆ្នាំ​ ២០១៧ នៅ​គេហដ្ឋាន​របស់​លោក​ដែល​ស្ថិតនៅ​សង្កាត់​បឹងកក់​ ២ ខណ្ឌ​ទួលគោក និង​ត្រូវបាន​បញ្ជូនទៅ​ដាក់​ក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង ខេត្ត​ត្បូងឃ្មុំ ដោយ​ចោទ​ពី​បទ «​សន្ទិដ្ឋភាព​ជាមួយ​បរទេស​» ​ឬ​ «​ឃុបឃិត ជាមួយ​បរទេស​ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា​» ដោយ​គិត​មកដល់​ពេលនេះ គឺមាន​រយៈពេល​ជាង​ ៤​ ឆ្នាំ​។ លោក​ កឹម សុខា ត្រូវបាន​ដោះលែង​ឱ្យនៅ​ក្រៅ​ឃុំ កាលពី​ថ្ងៃទី​ ១០ ខែវិច្ឆិកា ឆ្នាំ​ ២០១៩ ប៉ុន្តែ​ត្រូវបាន​ដាក់ឱ្យ​ស្ថិតក្រោម​ការត្រួតពិនិត្យ​របស់​តុលាការ​៕

វីដេអូ៖