ភ្នំពេញៈ វ៉ាក់សាំង​កូវីដ​ ១៩ ​ប្រភេទ​ស៊ីណូវ៉ាក់​ប្រមាណ ​៣,៥ ​លាន​ដូស​បន្ថែមទៀត​ដែលជា​ជំនួយ​ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត្យ​ចិន ត្រូវ​បាន​ដឹក​មកដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី​ ៣០ ខែមីនា បន្ទាប់ពី​វ៉ាក់សាំង​ចំនួន​ជាង​ ១,៥ ​លាន​ដូស​ទើបបាន​ដឹក​មកដល់​កាលពី​ថ្ងៃទី​ ២៩ ខែមីនា ឆ្នាំ​ ២០២២​។

វ៉ាក់សាំង​ទាំង​ ៥ ​លាន​ដូស​នេះ​ជា​ការ​ផ្តល់​ និង​ដឹក​មកដល់​ប្រទេស​កម្ពុជា​ក្នុងចំណោម​វ៉ាក់សាំង​ ២០ ​លាន​ដូស​ដែល​ប្រធានាធិបតី​ចិន លោក ស៊ី ជីនភីង បាន​សន្យា​ផ្តល់ជូន​រដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា​។ ប្រទេស​ចិន​គឺជា​អ្នក​ដែល​បាន​ជួយ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ​ដំបូង​គេ​មកកាន់​ប្រទេស​កម្ពុជា​។ ក្នុងនោះ​វ៉ាក់សាំង​ជំនួយ​ចំនួន​ ៦០ ​ម៉ឺន​ដូស​បាន​ដឹក​មកដល់​ប្រទេស​កម្ពុជា​ជា​លើកដំបូង​នៅ​ថ្ងៃទី​ ៧ ខែកុម្ភៈ ឆ្នាំ​ ២០២១​។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ក្នុងពេល​ទទួល​​យក​វ៉ាក់សាំង​ជាង​ ១,៥ ​លាន​ដូស​កាលពី​ថ្ងៃទី​ ២៩ ខែមីនា​ថា​កម្ពុជា​បានចាត់ទុក​ប្រទេស​ចិន​គឺជា​ប្រទេសមួយ​ដែល​បានផ្តល់​ជំនួយ​វ៉ាក់សាំង​ដល់​កម្ពុជា​ជា​យុទ្ធសាស្ត្រ ហើយ​កន្លងមក​កម្ពុជា​ក៏បាន​ទទួល​នូវ​វ៉ាក់សាំង​ពី​ប្រទេស​ចិន​ជាច្រើន​ផងដែរ​។

លោកស្រី​បាន​ឱ្យដឹងថា​៖ «​កម្ពុជា​ក៏មាន​ដៃគូ​ច្រើន​ក្នុង​ការជួយ​ដល់​ប្រទេស​យើង​ក្រៅ​​ពី​ប្រទេស​ចិន ប៉ុន្តែ​ក្នុងនោះ​ប្រទេស​ចិន​ជា​ប្រទេសមួយ​ដែល​ឈានមុខ​គេ​ក្នុង​ការផ្តល់​វ៉ាក់សាំង​កូវីដ​ ១៩ ​មកដល់​ប្រទេស​កម្ពុជា​»​។

លោកស្រី យក់ សម្បត្តិ ក៏​​បាន​លើកឡើង​ដែរ​ថា មន្ត្រី​នៃ​ធនាគារ​ពិភពលោក​បាន​កោត​សរសើរ​ដល់​ប្រទេស​កម្ពុជា​ និង​បានស្នើ​មក​កម្ពុជា​ឱ្យ​ផ្តល់​ជា​បទពិសោធ​ និង​ជា​មេរៀន​សម្រាប់​​ប្រទេសជិតខាង​ផងដែរ​ពី​លទ្ធផល​ល្អ​នៃ​ការចាក់​វ៉ាក់សាំង​ និង​ការប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ ​នេះ​។

កាលពី​ថ្ងៃទី​ ២៨ ខែមីនា ឆ្នាំ​ ២០២២ កន្លងទៅនេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើងថា ឆ្នាំនេះ​កម្ពុជា​មាន​ស្ថានភាព​ល្អប្រសើរ ដែល​ទាំងនេះ​ក៏​ដោយសារតែ​យុទ្ធសាស្ត្រ​នៃ​ការចាក់​ស្រោច​វ៉ាក់សាំង​កូវីដ​ ១៩​បាន​ទាន់សភាពការណ៍​ផងដែរ​។

ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏ដោយ លោក ហ៊ុន សែន នៅតែ​បន្ត​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​មេត្តា​យកចិត្ត​ទុកដាក់​ការពារ​ការឆ្លង​ជំងឺ​កូវីដ​ ១៩ ជាពិសេស​អនុវត្ត​នូវ​វិធានការ ៣ ​កុំ ៣ ​ការពារ​ឱ្យ​បាន​ខ្ជាប់ខ្ជួន​ជានិច្ច​។

ដោយឡែក​កាលពី​ថ្ងៃទី​ ២៨ ​ខែមីនា កន្លងទៅ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​បាន​ទទួល​ជួប​ជាមួយ​លោក W.Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​, លោកស្រី Nancy Eslick ប្រធាន​បេសកកម្ម​របស់​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​ ដើម្បី​អភិវឌ្ឍន៍​អន្តរជាតិ​ (USAID)​ និង​លោកស្រី​ Rachel Albalak ប្រធាន​មជ្ឈមណ្ឌល​បង្ការ និង​គ្រប់គ្រង​ជំងឺឆ្លង​សហរដ្ឋអាមេរិក (US-CDC)​។

បើតាម​ក្រសួង​សុខាភិបាល​ជំនួប​នេះ​ធ្វើឡើង​ដើម្បី​សិក្សា​ស្វែងយល់​អំពី​ប្រព័ន្ធ​សុខាភិបាល​កម្ពុជា ពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិ​ការពង្រឹង​សុខាភិបាល​ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចព្រមព្រៀង​ ៥ ​ឆ្នាំ​បន្ត​ (DOG)​។

លោកស្រី ឱ វណ្ណឌីន បានលើកឡើង​ពី​ស្ថានភាព​ជំងឺ​កូវីដ-១៩ ព្រមទាំង​យុទ្ធនាការ​ចាំបាច់​ និង​សំខាន់ៗ​ដែល​ត្រូវបាន​អនុវត្ត​នាពេល​កន្លងមក​រហូត​ឈានទៅ​គ្រប់គ្រង​ការរាតត្បាត​ និង​ការបើក​ប្រទេស​ឡើងវិញ​ក្នុង​គន្លង​ប្រក្រតីភាព​ថ្មី​។

លោកស្រី​បញ្ជាក់ថា​៖ «​លទ្ធផល​សម្រេច​ដ៏ជា​ទីមោទនៈ​នេះ​​បានមកពី​ការដឹកនាំ​ប្រកប​ដោយ​​គតិបណ្ឌិត​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​តាមរយៈ​ការដាក់ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ និង​ផែនការ​ស្រោចស្រព​ចាក់​វ៉ាក់សាំង​កូវីដ-១៩ តាម​យុទ្ធសាស្ត្រ​ផ្កា​រីក​»​។

ថ្មីៗ​នេះ​ក្រសួង​សុខាភិបាល​បានដាក់​ចេញ​នូវ​ផែនការ​ជំរុញ​ការថែទាំ​សុខភាព​បឋម​ (Primary Healthcare Booster) ​ដោយ​ផ្តោតលើ​តម្រូវការ​របស់​សហគមន៍​ដែល​ទាមទារ​ឱ្យមាន​ការចូលរួម​ពី​ប្រជាជន​ជាមួយ​នឹង​ការគាំទ្រ​ពី​ដៃគូ​អភិវឌ្ឍន៍​។ នេះ​បើតាម​ការបញ្ជាក់​ពី​លោកស្រី ឱ វណ្ណឌីន​។

នាឱកាស​នោះដែរ លោក​ W. Patrick Murphy បាន​សាទរ​ និង​កោតសរសើរ​នូវ​ការខិតខំ​ជា​បន្តបន្ទាប់ និង​ជាប្រចាំ​របស់​ក្រសួង​សុខាភិបាល​ក្នុង​​ការពង្រឹង​ប្រព័ន្ធ​សុខាភិបាល ការលើកកម្ពស់​គុណភាព​សុខាភិបាល ជាពិសេស​ការ​គ្រប់គ្រង​ការ​រាតត្បាត​ជំងឺ​កូវីដ ​១៩​។

លោក​ក៏បាន​បញ្ជាក់​នូវ​គោលជំហរ​របស់​សហរដ្ឋ​អាមេរិក​ក្នុង​​ការបន្ត​គាំទ្រ​ពង្រឹង​វិស័យ​សុខាភិបាល​ព្រមទាំង​ពិនិត្យ​លទ្ធភាព​សហប្រតិបត្តិការ​ក្នុង​ផែនការ​ជំរុញ​ការថែទាំ​សុខភាព​បឋម​ដោយ​ផ្តោតលើ​តម្រូវការ​របស់​សហគមន៍​ដែល​ទើបនឹង​ផ្តួចផ្តើម​អនុវត្ត​ថ្មីៗ​នេះ​ផងដែរ​។

យោងតាម​របាយការណ៍​របស់​ក្រសួង​សុខាភិបាល​បានឱ្យដឹង​​ថា គិត​ត្រឹម​ថ្ងៃទី​ ២៩ ខែមីនា ឆ្នាំ​ ២០២២ កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ទៅដល់​ប្រជាពលរដ្ឋ​សរុប​ចំនួន ៩២,៦២ ​ភាគរយ​ធៀប​នឹង​ចំនួន​ពលរដ្ឋ​ ១៦​ លាន​នាក់​។

របាយការណ៍​បន្តថា សម្រាប់​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ​ ឬ​ដូស​ទី ​៣ មាន​ចំនួន​ជិត​ ៨​ លាន​នាក់ និង​អ្នក​ដែល​បាន​ចាក់​ដូស​ទី​ ៤ បាន​ចំនួន​ជាង​ ១ ​លាន​នាក់​ផងដែរ​៕