ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស លើកឡើងថា «កម្ពុជាប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស» ខណៈអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា នៅតែបង្កការព្រួយបារម្ភជាពិសេសក្នុងអំឡុងពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់កាន់តែខិតជិតចូលមកដល់។
ក្នុងជំនួបជាមួយលោក វិទិត មុនតាប៊ន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា កាលពីថ្ងៃទី ២៥ ខែមីនា លោក លុយ ដាវីត រដ្ឋលេខាធិការក្រសួងការបរទេសថ្លែងថា៖ «កម្ពុជាប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដែលបច្ចុប្បន្នមាន គណបក្សនយោបាយ ចំនួន ៤៧ ដោយក្នុងនោះមានគណបក្សនយោបាយ ចំនួន ១៧ បានចុះឈ្មោះដើម្បីធ្វើការប្រកួតប្រជែងនៅក្នុងការបោះឆ្នោតឃុំ សង្កាត់នៅក្នុងខែមិថុនា ឆ្នាំ ២០២២»។
លោក លុយ ដាវីត បន្តថា ក្នុងស្មារតីបង្រួបបង្រួមជាតិ រដ្ឋសភាបានធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយក្នុងឆ្នាំ ២០១៩ ដែលបានបើកផ្លូវដល់ការទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញសម្រាប់អ្នកដែលបានបាត់បង់សិទ្ធិ ដោយសាលដីកាតុលាការ និងសម្រាប់អ្នកដែលកំពុងស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ។
ប៉ុន្តែលោក មុនតាប៊ន បានថ្លែងទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិកាលពីថ្ងៃទី ២៩ ខែមីនា អំពីស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជាថា លម្ហសេរីភាពពលរដ្ឋ និងនយោបាយនៅកម្ពុជាកាន់តែរួមតូចទៅ និងដើរថយក្រោយ ដោយសារតែការគ្រប់គ្រង «បែបឯកបក្ស»។
លោកថ្លែងថា៖ «ទិដ្ឋភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជានៅតែបង្កការព្រួយបារម្ភលើវិស័យជាច្រើន ជាពិសេសក្នុងពេលដែលកាន់តែខិតជិតដល់ការបោះឆ្នោតឃុំ សង្កាត់ ដែលនឹងប្រព្រឹត្តទៅនៅខែមិថុនាឆ្នាំនេះ»។
លោកថ្លែងថា ខណៈពេលដែលប្រទេសកម្ពុជាមានការកែលម្អទាក់ទងនឹងសេចក្តីព្រាងច្បាប់ថ្មីៗ ដើម្បីការពារជនងាយរងគ្រោះ កិច្ចខិតខំប្រឹងប្រែងក្នុងការដោះស្រាយសំណុំរឿងនៅតុលាការ និងវឌ្ឍនភាពឆ្ពោះទៅរកការបង្កើតគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា ក៏នៅមានក្តីកង្វល់មួយចំនួនទាក់ទងនឹងការបិទលម្ហសេរីភាពពលរដ្ឋ និងនយោបាយ សវនាការលើសំណុំរឿងនយោបាយ និងការចាប់ខ្លួនអ្នកនយោបាយជំទាស់ដាក់ពន្ធនាគារ និងការបោះឆ្នោតនាពេលខាងមុខ។
លោកអំពាវនាវដល់អាជ្ញាធរកម្ពុជាគោរពសិទ្ធិមនុស្សជាមូលដ្ឋាន និងច្បាប់សិទ្ធិមនុស្សអន្តរជាតិដែលកម្ពុជាជារដ្ឋភាគី រួមទាំងសេរីភាពជាមូលដ្ឋានក្នុងការបញ្ចេញមតិ និងការជួបប្រជុំ។
លោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា មិនទាន់បានឆ្លើយតបទៅនឹងសំណួររបស់ភ្នំពេញប៉ុស្តិ៍នៅឡើយទេ គិតត្រឹមម៉ោងបោះពុម្ពផ្សាយកាសែតនាថ្ងៃទី ៣០ ខែមីនា។
ទោះយ៉ាងណា បើយោងតាមសេចក្តីប្រកាសព័ត៌មាន ក្រសួងការបរទេសនាថ្ងៃទី ២៩ ខែមីនា លោក លុយ ដាវីត បានបញ្ជាក់ថា ជាលទ្ធផល អតីតសមាជិកគណបក្សប្រឆាំងចំនួន ៣២ រូបបានទទួលសិទ្ធិធ្វើនយោបាយឡើងវិញ។
លោកមានប្រសាសន៍ថា៖ «រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាចិត្តចំពោះយន្តការអង្គការសហប្រជាជាតិ ហើយកម្ពុជាបានអនុវត្តសិទ្ធិអធិបតេយ្យរបស់ខ្លួនដោយឈរលើគោលការណ៍ធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ»។
លោកបានបន្តថា កម្ពុជាមានមោទនភាពដោយបានប្រែក្លាយពីប្រទេសដែលធ្លាប់ទទួលកងរក្សាសន្តិភាពទៅជាប្រទេស ដែលបញ្ជូនកងរក្សាសន្តិភាពទៅកាន់ប្រទេសមានជម្លោះនៅទូទាំងសកលលោកក្រោមឆត្ររបស់អង្គការសហប្រជាជាតិ។
ពាក់ព័ន្ធទៅនឹងលម្ហសង្គមស៊ីវិល សិទ្ធិនយោបាយ និងប្រជាធិបតេយ្យ លោក លុយ ដាវីត បញ្ជាក់ថា រាល់ការវាយតម្លៃចំពោះកម្ពុជា គួរផ្តោតការយកចិត្តទុកដាក់លើការវាយតម្លៃពីគ្រប់មជ្ឈដ្ឋានទាំងអស់។
សូមបញ្ជាក់ថាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់លោក មុនតាប៊ន ក្នុងជំនួបកាលពីខែកញ្ញា ឆ្នាំ ២០២១ ថា អ្វីដែលកម្ពុជាចង់បានកិច្ចសហប្រតិបត្តិការជាមួយលោក មុន តាប៊ន នោះគឺការបង្កើតបរិយាកាសដែលមានជំនឿជឿជាក់លើគ្នាទៅវិញទៅមក ប្រកបដោយការស្ថាបនាឈានឆ្ពោះទៅមុខលើបញ្ហាសិទ្ធិមនុស្ស ដែលមិនទម្លាក់កំហុសឱ្យគ្នាទៅវិញទៅមក។
ជាមួយគ្នានេះ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងមហាផ្ទៃក៏បានប្រាប់លោក មុន តាប៊ន ក្នុងជំនួបកាលពីពាក់កណ្តាលខែមីនាថា ការបោះឆ្នោតឃុំ សង្កាត់ឆ្នាំ ២០២២ នេះ គឺធ្វើឡើងស្របតាមរដ្ឋធម្មនុញ្ញ និងជាការបង្ហាញពីឆន្ទៈរដ្ឋាភិបាលក្នុងការខិតខំអនុវត្តកំណែទម្រង់ ដើម្បីផ្ទេរសិទ្ធិអំណាច និងធនធានពីថ្នាក់ជាតិទៅថ្នាក់ក្រោមជាតិ៕