ភ្នំពេញៈ មន្ត្រីនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ សម្តែងការសោកស្តាយចំពោះក្រុមបាតុករជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ដែលនៅបន្តប្រមូលផ្តុំធ្វើបាតុកម្មនៅតាមទីសាធារណៈ ខណៈការចរចាតាមរយៈការសម្របសម្រួលពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈភាគីទាំង ២ នៅបន្តខ្វែងគំនិតគ្នា។
សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានសម្តែងការសោកស្តាយ ចំពោះក្រុមបាតុករទាំងនោះដែលបន្តប្រមូលផ្តុំបាតុកម្មនៅតាមទីសាធារណៈមកដល់ថ្ងៃទី ២៩ ខែមីនា ដោយចាត់ទុកថា សកម្មភាពនេះ ជាការប្រមូលផ្តុំដោយខុសច្បាប់។ បន្ថែមពីនេះ អ្នកនាំពាក្យបានកត់សម្គាល់ថា អ្វីដែលកាន់តែនឹកស្មានមិនដល់ថែមទៀតនោះគឺ ក្រុមបាតុករបានត្រៀមលក្ខណៈក្រោមផែនការ ដែលបានរៀបចំទុកជាមុន ដើម្បីធ្វើសកម្មភាពផ្សេងៗតាមតួនាទីរៀងៗខ្លួន ដើម្បីបង្កើតព្រឹត្តិការណ៍ចាំទម្លាក់កំហុសមកលើអាជ្ញាធរមានសមត្ថកិច្ច។
សេចក្តីប្រកាសបញ្ជាក់ថា៖ «ដោយនៅរសៀលថ្ងៃទី ២៩ មីនា ឆ្នាំ ២០២២ នេះ ពួកគេបានសម្ដែងឈុតឆាកទៅតាមការរៀបចំ និងចាត់តាំងតួអនុវត្ដទុកជាមុន រួមមាន អ្នកសម្តែងធ្វើជាតួកម្សត់ ដោយរៀបចំឱ្យមានការលុតជង្គង់ សំពះ យំអង្វរ និងតួជនរងគ្រោះធ្វើជាដួលសន្លប់»។
មន្ត្រីនាំពាក្យបន្តថា៖ «ហើយអ្នកខ្លះទៀតប្រើអំពើហិង្សាមកលើសមត្ថកិច្ចធ្វើឱ្យមានរូបភាពប្រតាយប្រតប់ ក្រញាំឱ្យមានរបួសស្រាល បញ្ឆេះកំហឹង ជេរប្រមាថ មាក់ងាយមើលថោក ប្រើពាក្យសម្ដីអសុរោះ កាយវិការអសីលធម៌គ្រប់បែបយ៉ាងមកលើសមត្ថកិច្ច ដើម្បីត្រៀមកេងចំណេញ ប្រសិនបើអាជ្ញាធរមានសមត្ថកិច្ចពុំអាចអត់ទ្រាំនឹងទង្វើទាំងអស់នោះ ហើយធ្វើសកម្មភាពមិនប្រក្រតីណាមួយ ដែលនឹងក្លាយទៅជាចំណីរបស់តួដែលត្រៀមចាំប្រមាញ់យករូបភាពដូចដែលធ្លាប់បានធ្វើកន្លងមក»។
ជាក់ស្តែងមកដល់ពេលបច្ចុប្បន្នរាល់ការចោទប្រកាន់ថាសមត្ថកិច្ចបានប្រើអំពើហិង្សា និងបៀតបៀនផ្លូវភេទលើស្ត្រីជាក្រុមបាតុករមិនទាន់មានជនរងគ្រោះណាម្នាក់បានដាក់ពាក្យបណ្ដឹងទៅស្ថាប័នតុលាការ ឬសមត្ថកិច្ចពាក់ព័ន្ធណាមួយ ដើម្បីស្វែងរកអ្នកប្រព្រឹត្តមកទទួលខុសត្រូវនៅឡើយទេ។ នេះសបញ្ជាក់ឱ្យឃើញថា គឺជាការចោទប្រកាន់ដែលប្រាសចាកពីការពិត។ ចំណែកកិច្ចចរចារវាងភាគីតំណាងឱ្យក្រុមហ៊ុនណាហ្គាវើលដ៍ និងតំណាងសហជីព តំណាងឱ្យកម្មករនិយោជិតកាលពីថ្ងៃទី ២៩ ខែមីនា នៅមិនទាន់រកចំណុចឯកភាពរួមណាមួយឡើយ។ នេះបើតាមសេចក្តីប្រកាសដដែល។
តាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈស្តីពីវឌ្ឍនភាពនៃការដោះស្រាយវិវាទការងារនេះបានឱ្យដឹងថា ភាគីតំណាងសហជីព សង្ឃឹមថានឹងមានពន្លឺខ្លះក្នុងការទទួលបានការដោះស្រាយ និងបានពិភាក្សាគ្នាអំពីជម្រើសដែលអាចទទួលបានលទ្ធផលឈ្នះ-ឈ្នះ សម្រាប់ភាគីវិវាទទាំងសងខាង។ តាមរយៈកិច្ចប្រជុំនោះ ភាគីតំណាងកម្មករនិយោជិត នៅតែបន្តទាមទារឱ្យក្រុមហ៊ុនណាហ្គាវើលដ៍ទទួលបុគ្គលិក ដែលបញ្ឈប់ពីការងារចូលធ្វើការវិញ រីឯចំណុចវិវាទផ្សេងទៀតអាចពិភាក្សាបន្ទាប់។
ចំណែកភាគីតំណាងក្រុមហ៊ុនណាហ្គាវើលដ៍ បានបញ្ជាក់ជំហរថា ក្រុមហ៊ុនមិនអាចទទួលយកកម្មករនិយោជិតដែលត្រូវបានបញ្ឈប់ពីការងារឱ្យចូលធ្វើការវិញបាននោះទេ ហើយក៏មិនពិចារណា ក្នុងការដោះដូរ តាមសំណើរបស់តំណាងកម្មករនិយោជិតនោះដែរ។ តាមរយៈសេចក្តីជូនដំណឹងនេះ ភាគីក្រុមហ៊ុននៅតែមានជំហរដោះស្រាយឱ្យបានលឿនជាមួយនឹងសហជីព។ ប៉ុន្តែឱ្យតំណាងកម្មករនិយោជិតលើកឡើងនូវជម្រើសផ្សេងទៀតដែលជាជម្រើសដែលអាចទៅរួច ប្រសើរជាងជម្រើសបច្ចុប្បន្ន ដើម្បីយកមកពិភាក្សា ហើយក្រុមហ៊ុននឹងរង់ចាំទទួលព័ត៌មានថ្មីពីខាងតំណាងកម្មករនិយោជិត។
តាមរយៈសេចក្តីជូនដំណឹងដដែលនេះ ក្រុមហ៊ុនយល់ថា គួរតែពិភាក្សាលើបញ្ហា ដែលនៅសេសសល់ទាំងនោះ ព្រោះថាទោះបីជាដោះស្រាយនៅទីណា ឬទៅស្ថាប័នតុលាការក៏ដោយ បញ្ហាទាំងអស់នៅក្នុងវិវាទ ក៏មុខតែនឹងលើកឡើងមកពិភាក្សាដដែល។
ក្រោយពីការពិភាក្សាគ្នាយ៉ាងផុលផុសភាគីទាំង ២ នៅមិនទាន់ឈានដល់ចំណុចព្រមព្រៀងគ្នានៅឡើយទេ។ ចំណែកក្រសួងការងារក៏បានកំណត់កាលបរិច្ឆេទប្រជុំបន្ទាប់ទៀត នៅថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២២ វេលាម៉ោង ១៤:៣០ នាទី ដើម្បីឱ្យភាគីទាំង ២ មានឱកាសពិចារណាឡើងវិញអំពីលទ្ធភាពនៃការធ្វើសម្បទានគ្នាទៅវិញទៅមក ដែលនឹងអាចឈានទៅបញ្ចប់វិវាទនេះ។
ឆ្លៀតក្នុងឱកាសនេះ ក្រសួងការងារបញ្ជាក់ដែរថា បើទោះបីជាមិនទាន់មានការឯកភាពគ្នាក៏ក្រសួងនឹងនៅបន្តខិតខំធ្វើការសម្របសម្រួល និងកំណត់កាលបរិច្ឆេទប្រជុំបន្តបន្ទាប់ទៀត ស្របតាមតួនាទីដែលបានកំណត់ដោយច្បាប់ ក៏ដូចជាការទាមទាររបស់គូភាគី។ ជាថ្មីម្តងទៀត ក្រសួងស្នើឱ្យភាគីទាំង ២ មានការយោគយល់គ្នាខ្ពស់ក្នុងការចូលរួមដោះស្រាយបញ្ចប់វិវាទការងារនេះ។ បន្តសហការជិតស្និទ្ធជាមួយអាជ្ញាធរមានសមត្ថកិច្ច និងភាគីពាក់ព័ន្ធដោយសន្តិវិធី និងថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ។
ពាក់ព័ន្ធបញ្ហានេះដែរ ក្រុមអង្គការសិទ្ធិមនុស្ស និងមន្ត្រី-អង្គការសង្គមស៊ីវិលធ្វើការលើសិទ្ធិការងារជំរុញដល់ភាគីពាក់ព័ន្ធ រួមគ្នាដោះស្រាយវិវាទនេះឱ្យបានឆាប់ចប់ ដើម្បីកុំឱ្យមានបាតុភាពណាមួយកើតឡើង ដែលអាចជះឥទ្ធិពលដល់សង្គម កាន់តែអាក្រក់ឡើង ខណៈស្ថាប័នរដ្ឋកំពុងបន្តសម្របសម្រួលជូនភាគីទាំង ២៕