ភ្នំពេញៈ លោក កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មានបានជំរុញឱ្យអ្នកសារព័ត៌មាន បន្តធ្វើការសិក្សារៀនសូត្របន្ថែមទៀតក្នុងសម័យបច្ចេកវិទ្យាថ្មី ដើម្បីទទួលបានចំណេះដឹងជ្រៅជ្រះទូលំទូលាយ និងផ្តល់ព័ត៌មានសម្បូរបែប គ្រប់ជ្រុងជ្រោយ ទៅដល់សាធារណជន។
ការជំរុញរបស់លោក កឹម គុណវឌ្ឍន៍ ទៅកាន់អ្នកសារព័ត៌មានបែបនេះធ្វើឡើងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «តួនាទីអ្នកសារព័ត៌មាន ក្រោមប្រធានបទ ទន្លេតែមួយ អនាគតតែមួយ» នៅសណ្ឋាគារសុខាភ្នំពេញ នៅថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២២ ។ លោកបានរំឭកដល់អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានត្រូវចាត់វិធានការឱ្យបានម៉ឺងម៉ាត់ ដើម្បីពង្រឹងគុណភាពព័ត៌មាន និងត្រូវផលិតមាតិកា ដែលគួរឱ្យទាក់ទាញមានភាពពាក់ព័ន្ធការពិតសម្រាប់បម្រើប្រយោជន៍សាធារណៈ ពីព្រោះស្ថាប័នព័ត៌មានមានតួនាទីសំខាន់ក្នុងការលុបបំបាត់ដំណឹងក្លែងក្លាយ និងព័ត៌មានមិនពិត ព្រោះសង្គមជាតិត្រូវការប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ដែលរឹងមាំ និងអាចទុកចិត្តបានដែលផ្សព្វផ្សាយអំពីព្រឹត្តិការណ៍បច្ចុប្បន្ន និងនិន្នាការនៃថ្ងៃអនាគត។
លោកថា៖ «ការសិក្សារៀនសូត្រ គឺគ្មានទីបញ្ចប់នោះឡើយ ការសិក្សាអស់ ១ ជីវិតជាត្រីវិស័យចង្អុលបង្ហាញប្រាប់ថា ដើម្បីមានចំណេះដឹង ចំណេះធ្វើ ចំណេះក្នុងការគិត គឺមានតែការសិក្សារៀនសូត្រ ១ គត់ ដែលនឹងនាំយើងទៅកាន់ទីតាំងមួយដែលសង្គមត្រូវការ និងផ្តល់តម្លៃ»។
បើតាមលោក កឹម គុណវឌ្ឍន៍ ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនការយល់ដឹងរបស់សាធារណជនចំពោះកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ (LMC) និងជាមធ្យោបាយដ៏មានសារៈសំខាន់ក្នុងការចែករំលែកនូវព័ត៌មានពីសេដ្ឋកិច្ច នយោបាយ សង្គម និងវប្បធម៌ នៃប្រទេសជាសមាជិក។ តម្លៃ និងសារៈសំខាន់នៃប្រព័ន្ធផ្សព្វផ្សាយ និងសារព័ត៌មានត្រូវបានមើលឃើញរឹតតែច្បាស់នៅពេលប្រទេសជាតិជួបប្រទះនូវបញ្ហាអសន្តិសុខ សង្គ្រាម ឬវិបត្តិសុខភាពសាធារណៈ ដូចជាជំងឺកូវីដ ១៩ ជាដើម។ លោកថា ប្រព័ន្ធផ្សព្វផ្សាយបានដើរតួយ៉ាងលេចធ្លោក្នុងការផ្សព្វផ្សាយព័ត៌មានត្រឹមត្រូវតាមវិជ្ជាជីវៈក្នុងអំឡុងពេលមានការផ្ទុះឡើងនៃជំងឺរាតត្បាតនេះ និងជួយផ្សព្វផ្សាយពីសេចក្តីណែនាំផ្នែកសុខាភិបាលវិធាន ការបង្ការ និងការពារដល់សាធារណជនបានទាន់ពេលវេលា ខណៈមានការកើនឡើងនៃដំណឹងក្លែងក្លាយ និងព័ត៌មានមិនពិត។
ការជួបជុំអ្នកសារព័ត៌មានជាតិ និងអ្នកសារព័ត៌មានមកពីតាមបណ្តាប្រទេសសមាជិក LMC នៅក្នុងវគ្គបណ្តុះបណ្តាលនេះ គឺជាការចាប់ផ្តើមមួយដ៏ល្អ ដើម្បីពង្រឹងចំណេះដឹង និងវិជ្ជាជីវៈក្នុងចំណោមអ្នកសារព័ត៌មាន LMC ហើយជាវេទិកាសម្រាប់អ្នកសារព័ត៌មាន រៀនសូត្រពីគ្នា ពិភាក្សាពីគ្នា បង្កើតបណ្តាញ និងចែករំលែកបទពិសោធគ្នាទៅវិញទៅមក អំពីតួនាទីជាអ្នកសារព័ត៌មានក្នុងការចូលរួមចំណែកពង្រឹងនូវកិច្ចសហប្រតិបត្តិការ LMC លើកកម្ពស់សន្តិភាព វិបុលសុខ និងការអភិវឌ្ឍនូវសេដ្ឋកិច្ច។ លោក កឹម គុណវឌ្ឍន៍ ថ្លែងថា៖ «ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងចំណោមអ្នកសារព័ត៌មានអាចពង្រឹងគុណភាព និងភាពសម្បូរបែបនៃព័ត៌មានប្រសិទ្ធភាពការងារ និងចំណេញពេលវេលា»។
លោកស្រី ម៉ម ដាត្ថាលីណែត ទីប្រឹក្សាក្រសួងព័ត៌មានថ្លែងថា ជាអ្នកសារព័ត៌មានមិនអាចយកចិត្តទុកដាក់តែទៅលើព័ត៌មានតែមួយជ្រុងនោះទេ គឺត្រូវមានព័ត៌មានគ្រប់ជ្រុងជ្រោយ សិក្សាឱ្យបានច្បាស់លាស់ យល់ដឹងពីច្បាប់គតិយុត្តិផ្សេងៗ ដែលរាជរដ្ឋាភិបាលបានលើកឡើង និងកិច្ចសហប្រតិបត្តិការ ឬការចុះកិច្ចព្រមព្រៀងផ្សេងៗជាដើម ដែលធ្វើឱ្យអ្នកសារព័ត៌មាន មានចំណេះដឹងទូលំទូលាយ។ ហេតុនេះនៅពេលបកស្រាយអ្វីមួយ ឬព័ត៌មានអ្វីមួយធ្វើឱ្យអ្នកព័ត៌មានចាប់បានគ្រប់ជ្រុង និងអាចក្តាប់បានព័ត៌មានបានគ្រប់គ្រាន់ទាំងផ្នែកវិជ្ជមាន និងអវិជ្ជមាន។ លោកស្រីថ្លែងថា៖ «យើងមិនមែនជាចៅក្រមទេ ប៉ុន្តែយើងជាអ្នកផ្តល់ព័ត៌មាន ដែលព័ត៌មានហ្នឹងត្រូវតែមាន balance [តុល្យភាព] ហើយការវិនិច្ឆ័យយ៉ាងណានោះគឺ អាស្រ័យលើអ្នកអានគាត់នឹងធ្វើការវិនិច្ឆ័យ។ ក៏ប៉ុន្តែចំពោះយើង បើសិនជាយើងមានការលម្អៀង យើងស្តាប់ព័ត៌មានតែម្ខាង ហើយយើងយកព័ត៌មានមួយទៀតអត់គ្រប់ នោះការផ្តល់ព័ត៌មានរបស់យើងគឺលម្អៀង»
លោកស្រីបានគូសបញ្ជាក់ថា ដើម្បីមានចំណេះដឹងទូលំទូលាយ អ្នកសារព័ត៌មានត្រូវបន្តការរៀនរហូត។ ជាពិសេសក្នុងសម័យបច្ចេកវិទ្យានេះ គឺជាឱកាសឱ្យអ្នកសារព័ត៌មានមានចំណេះដឹងគ្រប់គ្រាន់ក្នុងការទទួលយកព័ត៌មាន ហើយថែមទាំងទទួលបានចំណេះដឹង មិនត្រឹមតែក្នុងស្រុកនោះទេគឺថែមទាំងក្រៅស្រុកផងដែរ។ ការរៀនបច្ចេកវិទ្យា ភាសាបរទេស មិនមែនតែភាសាអង់គ្លេសនោះទេ គួរតែមានការចេះភាសាផ្សេងទៀត ដូចជាភាសាចិនជាដើម គឺមានប្រយោជន៍សំខាន់ ដើម្បីអ្នកសារព័ត៌មានអាចផ្សាយព័ត៌មានកាន់តែទូលំទូលាយទៅកាន់ពិភពលោក។ លោកស្រីថ្លែងថា៖ «អ៊ីចឹងយើងត្រូវមានលទ្ធភាពយ៉ាងណាផ្តល់ព័ត៌មានជាភាសាបរទេស ជាភាសាអង់គ្លេស ឬក៏ភាសាចិនដើម្បីផ្សព្វផ្សាយព័ត៌មានថា រដ្ឋាភិបាលយើងបានធ្វើអ្វីខ្លះជូនទៅដល់ពួកគាត់ អ៊ីចឹងបានវាមាន balance ក្នុងការផ្សាយ»។
លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មានថ្លែងថា នេះជាជាវគ្គបណ្តុះបណ្តាលលើកដំបូងក្នុងចំណោមផែនការបណ្តុះបណ្តាលរបស់ក្រសួងព័ត៌មាន ក្នុងឆ្នាំ ២០២២ នេះ។ វគ្គនេះមានសិក្ខាកាមចូលរួមសរុប ១៣៥ នាក់ ដែលភាគច្រើនជាមន្ត្រីព័ត៌មាន និងអ្នកសារព័ត៌មានវ័យក្មេងដែលមានអាយុ ក្រោម ៣០ ឆ្នាំ។ លោកបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះមានគោលបំណងចែករំលែកពុទ្ធិ និងបទពិសោធល្អៗជូនមន្ត្រីព័ត៌មាន និងអ្នកសារព័ត៌មានវ័យក្មេង ដើម្បីបានជ្រួតជ្រាបបន្ថែម ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងល្អ ការស្វែងយល់ពីបច្ចេកវិទ្យានៃឌីជីថលូបនីយកម្ម និងរួមគ្នាធ្វើយ៉ាងណាលើកកម្ពស់វិជ្ជាជីវៈ សារព័ត៌មានដែលជាវិជ្ជាជីវៈជំនាញ និងជាវិស័យអាទិភាពមួយ ដែលបានចូលរួមចំណែកយ៉ាងច្រើនក្នុងការអភិវឌ្ឍប្រទេសជាតិ និងដើម្បីសម្រេចបានតាមវត្ថុបំណង «ទន្លេតែមួយអនាគតតែមួយ» របស់រដ្ឋាភិបាល និងប្រជាជននៃបណ្តាប្រទេសទន្លេមេគង្គ មានដូចជា កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ វៀតណាម និងចិន៕