ភ្នំពេញៈ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជានៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានធ្វើការបណ្តុះបណ្តាលជំនាញឌីជីថលដល់មន្ត្រីរាជការក្រសួងប្រៃសណីយ៍បានចំនួន ៦៥០ នាក់ គិតចាប់ពីខែវិច្ឆិកា ឆ្នាំ ២០២១ រហូតមកដល់ថ្ងៃទី ២៩ ខែមីនា។ សិក្ខាកាមដែលបានចូលរៀនភាគច្រើនទទួលបានលទ្ធផលល្អប្រសើរ និងត្រូវទទួលបានវិញ្ញាបនបត្រទទួលស្គាល់ជំនាញឌីជីថលចាំបាច់ផងដែរ។
លោក តុល ញ៉ាក់ អគ្គនាយកប្រៃសណីយ៍ និងទូរគមនាគមន៍ បានឱ្យដឹងនៅថ្ងៃទី ៣០ ខែមីនាថា ការដែលក្រសួងប្រៃសណីយ៍បើកវគ្គបណ្តុះបណ្តាលមន្ត្រីក្រោមឱវាទនេះឡើងគឺដើម្បីពង្រឹងសមត្ថភាពឌីជីថលដល់ពួកគាត់ និងដើម្បីភាពងាយស្រួលទៅថ្ងៃក្រោយក្នុងការបំពេញការងារដោយប្រើឧបករណ៍ឌីជីថល។
លោកថ្លែងថា៖ «យើងចង់រុញគោលនយោបាយអភិវឌ្ឍន៍ឌីជីថលទាល់តែរុញមនុស្សឌីជីថល អ៊ីចឹងផ្តើមចេញពីក្រសួងក៏បានបើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីក្រោមឱវាទ ដើម្បីថ្ងៃក្រោយទៅក្រសួងនឹងធ្វើជាឯកសារអេឡិចត្រូនិកអី ពួកគាត់អាចមានបំណិនលើការប្រើប្រាស់ឌីជីថលបាន»។
យោងតាមហ្វេសប៊ុកក្រសួងប្រៃសណីយ៍នៅថ្ងៃទី ២៩ ខែមីនាបានឱ្យដឹងថា គិតចាប់ពីខែវិច្ឆិកា ឆ្នាំ ២០២១ រហូតមកទល់ពេលនេះ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជានៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានរៀបចំវគ្គបណ្ដុះបណ្ដាលជំនាញឌីជីថលចាំបាច់ជូនមន្ត្រីរាជការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍សរុបចំនួន ៦៥០ នាក់។
សិក្ខាកាមដែលចូលរួមវគ្គបណ្តុះបណ្តាលត្រូវបានឆ្លងកាត់ការប្រឡងសមត្ថភាពក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ហើយជាលទ្ធផលសិក្ខាកាមភាគច្រើនទទួលបានលទ្ធផលល្អប្រសើរ និងត្រូវទទួលបានវិញ្ញាបនបត្រទទួលស្គាល់ជំនាញឌីជីថលចាំបាច់ផងដែរ។ វគ្គបណ្តុះបណ្តាលជំនាញឌីជីថលចាំបាច់នេះ រៀបចំឡើងក្នុងគោលបំណងបង្កើនសមត្ថភាពមន្ត្រីរាជការ ទាំងវ័យក្មេង និងវ័យចំណាស់ ក្នុងការប្រើប្រាស់ព័ត៌មានវិទ្យាបម្រើដល់ការអនុវត្តការងារប្រចាំថ្ងៃ ការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈ ប្រកបដោយប្រសិទ្ធភាពសុវត្ថិភាព និងស័ក្តិសិទ្ធិភាព។
ក្រសួងបញ្ជាក់ថា៖ «ជាពិសេស នេះគឺជាការចូលរួមចំណែកអនុវត្តគោលនយោបាយរដ្ឋាភិបាល ឌីជីថល និងគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល និងជាការអនុវត្តស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែឱ្យតម្លៃលើសារៈសំខាន់នៃការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា»។
បើតាមក្រសួងប្រៃសណីយ៍ វគ្គជំនាញឌីជីថលចាំបាច់នេះមានកម្មវិធីសិក្សាសំខាន់ៗដែលរៀបចំតម្រូវដល់សិក្ខាកាមជាមន្ត្រីរាជការ និងបុគ្គលិក ក្រសួងស្ថាប័ននានារបស់រដ្ឋអាចទទួលបានការយល់ដឹងពីការប្រើប្រាស់ និងការថែទាំកុំព្យូទ័រ ការប្រើប្រាស់មុខងារសំខាន់ៗនៅលើអ៊ីនធឺណិត ការកំណត់អត្តសញ្ញាណ ស្វែងរក វាយតម្លៃ និងប្រើប្រាស់ព័ត៌មានប្រកបដោយប្រសិទ្ធភាព ព្រមទាំងយល់ដឹងអំពីវិធីការពារសុវត្ថិភាព និងឯកជនភាពរបស់ខ្លួន។
វគ្គនេះក៏ផ្តល់នូវជំនាញបង្កើត និងរៀបចំឯកសារ តារាងបញ្ជី និងបច្ចេកទេសវិភាគទិន្នន័យបានល្អ លឿន និងមានប្រសិទ្ធភាពខ្ពស់ ដោយប្រើប្រាស់កម្មវិធីក្នុងកុំព្យូទ័រ ទូរស័ព្ទឆ្លាតវៃ និងបច្ចេកវិទ្យាពពក ព្រមទាំងជំនាញក្នុងការបង្កើតមាតិកាឌីជីថលផងដែរ។
លោក ង៉ែត ម៉ូសេ អ្នកប្រឹក្សាផ្នែកសន្តិសុខឌីជីថលថ្លែងនៅថ្ងៃទី ៣០ មីនាថា ការសិក្សាពីឌីជីថលនេះគឺជួយសម្រួលទៅដល់កិច្ចការងារការិយាល័យបានងាយស្រួលច្រើនជាងមុន។ «ពីមុនការសរសេរឯកសារគឺនៅលើក្រដាសសៀវភៅ ប៉ុន្តែឌីជីថលគឺសរសេរនៅលើម៉ាស៊ីនកុំព្យូទ័រ វិញ វានឹងអាចជួយសម្រួលដល់ការទុកដាក់ឯកសារ»៕