ភ្នំពេញៈ ក្រសួងបរិស្ថានបានទទួលញត្តិរបស់អង្គការសង្គម-ស៊ីវិល និងសហគមន៍ ជាង ២០ ស្ថាប័ន ដែលស្នើសុំឱ្យបើកលម្ហសិទ្ធិសេរីភាពក្នុងការចុះល្បាតព្រៃឈើនៅតាមតំបន់ការពារធម្មជាតិ និងតំបន់ផ្សេងៗឡើងវិញ និងសូមឱ្យបង្កើនការយកចិត្តទុកដាក់ក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ និងរឹតបន្ដឹងការអនុវត្តច្បាប់។
ប៉ុន្តែក្រសួងបរិស្ថានបញ្ជាក់ថា ទោះបីជាគ្មានញត្តិនេះក៏ក្រសួងបាននិងកំពុងអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រនានាលើការការពារ និងអភិរក្សធនធានធម្មជាតិប្រកបដោយការទទួលខុសត្រូវ និងវិជ្ជាជីវៈរួចជាស្រេចទៅហើយដែរ។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន ប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២៩ ខែមីនាថា នៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូននៅឆ្នាំ ២០៥០ កម្ពុជា បានប្តេជ្ញាចិត្តខ្ពស់ក្នុងវិស័យព្រៃឈើ និងការប្រើប្រាស់ដីផ្សេងទៀត ដោយក្នុងនោះ ប្តេជ្ញាចិត្តក្នុងកាកាត់បន្ថយអត្រានៃការបាត់បង់ព្រៃឈើឱ្យបានពាក់កណ្តាលនៅឆ្នាំ ២០៣០ និងបញ្ឈប់ការបាត់បង់ព្រៃឈើនៅឆ្នាំ ២០៤៥។ លោកបន្តថា ជាមួយគ្នានេះ ដើម្បីសម្រេចបានគោលដៅបង្កើនឡើងនូវគម្រោងព្រៃឈើជាតិ កម្ពុជានឹងជំរុញលើការដាំដើមឈើ ការកែលម្អការគ្រប់គ្រងព្រៃឈើ និងការស្តារ ព្រៃឈើឡើងវិញកសិរុក្ខកម្ម និងចម្ការឈើពាណិជ្ជកម្ម ព្រមទាំងការអនុវត្តពេញលេញនៃផែនការវិនិយោគ REDD+ ត្រឹមឆ្នាំ ២០៥០។
បើតាមលោក នេត្រ ភក្ត្រា បច្ចុប្បន្ននេះកម្ពុជាមានគម្របព្រៃឈើលើផ្ទៃដីជាង ៨,៥ លានហិកតាស្មើប្រមាណ ៤៦,៨៦% ក្នុងនោះ ៤១% ស្ថិតក្រោមការការពារ និងអភិរក្សរបស់ក្រសួងបរិស្ថានហើយជាមួយការការពារ និងអភិរក្សមានភាពល្អប្រសើរ កម្ពុជាបានឈានដល់ការលក់ឥណទានកាបូននៅក្នុងទីផ្សារស្ម័គ្រចិត្តអន្តរជាតិ យកថវិកាមកពង្រឹងការគ្រប់គ្រងអភិរក្ស និងអភិវឌ្ឍសហគមន៍មូលដ្ឋាន។ កម្ពុជាមានសុទិដ្ឋិនិយមនឹងទទួលបានថវិកាបន្ថែមទៀតពីការលក់ឥណទានកាបូនក្រោមទិសស្លោករក្សាឈើឈរ ដើម្បីរកចំណូលតាមរយៈការលក់ឥណទានកាបូន និងទេសចរណ៍ធម្មជាតិ។
សមាគមអង្គការសង្គមស៊ីវិល សកម្មជនបរិស្ថានសិស្សនិស្សិត និងប្រជាពលរដ្ឋខ្មែរអ្នកស្រឡាញ់ធនធានធម្មជាតិ មកពី ២០ ស្ថាប័ននៅថ្ងៃទី ២៩ មីនា ឆ្នាំ ២០២២ បានរួមគ្នាដាក់ញត្តិនៅក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្នើឱ្យអនុវត្តការប្តេជ្ញាចិត្តរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួន ដូចមានចែងនៅក្នុងកម្មវិធីព្រៃឈើជាតិ សម្រាប់ដាក់ឱ្យអនុវត្តពីឆ្នាំ ២០១០ ដល់ ២០២៩ ដែលសន្យាថែរក្សាគម្របព្រៃឈើឱ្យបាន ៦០ ភាគរយ ត្រឹមឆ្នាំ ២០២៩។
ខ្លឹមសារនៃញត្តិនោះសរសេរថា៖ «យកចិត្តទុកដាក់ក្នុងការទប់ស្តាត់បទល្មើសធនធានធម្មជាតិ ផ្តន្ទាទោសដល់អ្នកទិញ-លក់ឈើខុសច្បាប់ ព្រមទាំងស៊ើបអង្កេតរកអ្នកពាក់ព័ន្ធ និងអនុវត្តច្បាប់ដោយខានពុំបានចំពោះការប្រព្រឹត្តអំពើពុករលួយគ្រប់ប្រភេទដែលបណ្តាលឱ្យមានការបាត់បង់ធនធានធម្មជាតិនៅកម្ពុជា»។
ខ្លឹមសារនៃញត្តិនោះបន្តថា ត្រួតពិនិត្យតាមដានការអនុវត្តកិច្ចសន្យា និងអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច និងជំរុញឱ្យមានការបើកទូលាយឱ្យអង្គការសង្គមស៊ីវិល សហគមន៍-មូលដ្ឋានចូលរួមអង្កេត ដើម្បីធានានូវតម្លាភាព និងចៀសវាងការឃុបឃិតគ្នាជាប្រព័ន្ធ និងបើកការស៊ើបអង្កេត និងផ្សព្វផ្សាយជាចំហនូវរបាយការណ៍ពាក់ព័ន្ធនឹងការរត់ពន្ធឈើដោយខុសច្បាប់ទាំង ២១១ តោន ដែលត្រូវបានរកឃើញដោយអាជ្ញាធរគយហុងកុង។
ទោះយ៉ាងណា លោក នេត្រ ភក្ត្រា បានស្នើដល់ក្រុមដែលលោកហៅថា «សកម្មជននយោបាយជ្រកក្រោមស្លាកបរិស្ថាន និងធនធានធម្មជាតិ ប្រែក្លាយពីការនិយាយឱ្យតែពីរោះ និងធ្វើសកម្មភាពដើម្បីគ្រាន់តែបំពេញចិត្តម្ចាស់ជំនួយខ្លួនមកជាសកម្មភាពពិតប្រាកដក្នុងការចូលរួមដាំស្តារព្រៃឈើឡើងវិញ» ជួយស្វែងរកដំណោះស្រាយលើការផ្លាស់ប្តូរជីវភាពផ្តល់ជម្រើសថ្មីជូនប្រជាពលរដ្ឋដូចដែលក្រសួងបរិស្ថាន បាននិងកំពុងធ្វើដើម្បីបង្កើនជីវភាពពលរដ្ឋដែលរស់នៅជុំវិញតំបន់អភិរក្សកុំឱ្យបន្តពឹងអាស្រ័យលើធនធានធម្មជាតិទាំងស្រុង។
លោកថ្លែងថា៖ «ពួកគេកុំឈរថា និងកុំគ្រាន់តែបង្ហាញការសោកស្តាយ តែត្រូវធ្វើសកម្មភាពពិត ចូលរួមឱ្យពិតប្រាកដ និងប្រាប់ម្ចាស់ជំនួយខ្លួនឱ្យចូលរួមធ្វើសកម្មភាពពិតជាមួយរាជរដ្ឋាភិបាលការពារ និងអភិរក្សធនធានធម្មជាតិ ចៀសវាងគ្រាន់តែបង្ហាញការស្រឡាញ់ធនធានធម្មជាតិតែសម្បកក្រៅ»។
បើតាមលោក នេត្រ ភក្ត្រា ក្រសួងបរិស្ថាន ស្វាគមន៍រាល់ការចូលរួមរបស់គ្រប់ភាគីទាំងអស់ដោយគ្រាន់តែពួកគេអនុវត្តស្របតាមច្បាប់ដែលមានជាធរមាន និងសូមមានភាពស្មោះត្រង់ក្នុងកិច្ចសហការ និងគោរពគ្នាជាដៃគូសហការពិតប្រាកដ ហើយក្រសួងបរិស្ថាន បាននិងកំពុងធ្វើកិច្ចសហការយ៉ាងស្អិតល្មួតជាមួយសមាគម និងអង្គការក្រៅរដ្ឋាភិបាល និងសហគមន៍តំបន់ការពារធម្មជាតិក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ។ លោកថ្លែងថា៖ «យើងខ្ញុំគ្មានជំងឺតួឯក ដូចក្រុមជនខ្លះនោះឡើយ»៕
វីដេអូ៖