
ស្ពានអាកាស និងផ្លូវក្រោមដីរង្វង់មូលចោមចៅត្រូវបានសម្ពោធដាក់ឱ្យប្រើនៅថ្ងៃទី ៣១ មីនា។ រូបថត SPM
ភ្នំពេញៈ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ដែលបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០១៩ និងបានប្រើប្រាស់ពេលវេលាសាងសង់អស់រយៈពេលជាង ៣០ ខែ និងចំណាយថវិកាសាងសង់ប្រមាណ ២២ លានដុល្លារ ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ចាប់ពីថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២២ ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅជាគម្រោងរបស់រាជរដ្ឋាភិបាល តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ហើយទទួលម៉ៅការសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជន-កម្ពុជា (OCIC)។
នៅក្នុងពិធីសម្ពោធ លោកនាយករដ្ឋមន្ត្រីបានថ្លែងថា ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ គឺជាសមិទ្ធផលជាប្រវត្តិសាស្ត្រមួយទៀត សម្រាប់រាជធានីភ្នំពេញ ក្នុងចំណោមសមិទ្ធផលផ្សេងៗទៀត ក្រោយពីកម្ពុជាទទួលបានសុខសន្តិភាព។ លោកមានប្រសាសន៍ថា៖ «ការសាងសង់ស្ពានអាកាស និងផ្លូវក្រោមដី គឺឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋដែលកំពុងមានកំណើនជារៀងរាល់ថ្ងៃនេះ។ ខ្ញុំសូមធ្វើការកោតសរសើរ ចំពោះរដ្ឋបាលរាជធានី-ភ្នំពេញ និងក្រុមហ៊ុន OCIC ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការកសាងស្ពានអាកាស និងផ្លូវក្រោមដីចោមចៅនេះ»។
សមិទ្ធផលស្ពានអាកាស និងផ្លូវក្រោមដីនៅរាជធានីភ្នំពេញដែលបានសាងសង់កន្លងមក គឺបានប្រើនយោបាយយកក្រុងចិញ្ចឹមក្រុង ឬអាចហៅថាយកស្លឹកត្នោតខ្ចប់ស្ករត្នោត ពីព្រោះដោយសារតែគម្រោងសាងសង់ទាំងអស់នេះបានថវិកាមកពីការអភិវឌ្ឍកោះពេជ្រ ក៏ដូចជាតំបន់នានាក្នុងទីក្រុងភ្នំពេញ ដើម្បីយកមកអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធចាំបាច់ក្នុងទីក្រុងភ្នំពេញ។ លោក ហ៊ុន សែន បានថ្លែងថា៖ «ចាប់ផ្តើមពីការលូតលាស់ ការរីកចម្រើនរបស់ប្រជាពលរដ្ឋយើងដែលតម្រូវឱ្យយើងធ្វើផ្លូវនេះ ធ្វើស្ពាននេះ ព្រោះថាតំបន់នេះ ជាតំបន់កកស្ទះយ៉ាងខ្លាំង។ ដូច្នេះហើយវាតម្រូវឱ្យយើងធ្វើស្ពាននៅទីនេះ»។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានថ្លែងនាពិធីបើកសម្ពោធស្ពានអាកាស និងផ្លូវក្រោមដីនេះថា ផ្អែកតាមលក្ខណៈបច្ចេកទេសរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ការដ្ឋាននេះត្រូវសាងសង់ដោយបែងចែកជា ៣ ផ្នែក។ លោកបានលើកឡើងថា ស្ពានទី ១ ជាស្ពានអាកាសមេតភ្ជាប់ចរាចរពីមហាវិថីសហព័ន្ធរុស្ស៊ី មកផ្លូវជាតិលេខ ៣ មានប្រវែងសរុប ៤០៨ ម៉ែត្រ ស្ពានទី ២ បំបែកចេញពីស្ពានអាកាសមេ បត់ឆ្វេងតភ្ជាប់ចរាចរពីមហាវិថីសហព័ន្ធរុស្ស៊ីឆ្ពោះទៅផ្លូវវេងស្រេងមានប្រវែងសរុប ២០២ ម៉ែត្រ។ លោក ឃួង ស្រេង បានបន្តថា ចំណែកស្ពានទី ៣ ជាស្ពានកោងបត់ឆ្វេងតភ្ជាប់ចរាចរពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ ៣ មានប្រវែងសរុប ២០៦ ម៉ែត្រ។
បន្ថែមពីលើនេះ គម្រោងក៏បានសាងសង់ផ្លូវក្រោមដី ១ ខ្សែទៀត ជាផ្លូវកោងតភ្ជាប់ចរាចរពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ ៤ មានប្រវែងសរុប ១៣០ ម៉ែត្រ ផ្លូវលើផ្ទៃដីជាផ្លូវមេតភ្ជាប់ចរាចរពីផ្លូវជាតិលេខ ៤ មកផ្លូវវេងស្រេងមានប្រវែងសរុប ២៣៥ ម៉ែត្រ និងផ្លូវក្រោមដី ១ ខ្សែ ដែលជាផ្លូវតភ្ជាប់ចរាចរពីផ្លូវជាតិលេខ ៤ មកមហាវិថីសហព័ន្ធរុស្ស៊ីដែលមានប្រវែងសរុប ៤៧០ ម៉ែត្រ ។
សម្រាប់ការបើកបរលើស្ពានអាកាស និងផ្លូវក្រោមដីចោមចៅនេះបានកំណត់ល្បឿនសុវត្ថិភាព ៤០ គីឡូម៉ែត្រក្នុង ១ ម៉ោង និងល្បឿនសុវត្ថិភាព ២៥ គីឡូម៉ែត្រ ក្នុង ១ ម៉ោង។ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅមានអាយុកាលប្រើប្រាស់រហូតដល់ទៅ ១០០ ឆ្នាំ ហើយមានបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវ រៀបចំបណ្តាញជុំវិញបរិវេណស្ពានអាកាស និងអាងស្តុកទឹកក្រោមដី មានទាំងបំពាក់ម៉ូទ័របូមទឹកស្វ័យប្រវត្តិផងដែរ។
លោក ឃួង ស្រេង ថ្លែងថា៖ «ស្ពានអាកាស និងផ្លូវក្រោមដីនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការដោះស្រាយការកកស្ទះចរាចរណ៍ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដែលមុននេះអ្នកដំណើរនៅប្រសព្វរង្វង់មូលចោមចៅតែងតែមានការកកស្ទះចរាចរណ៍រយៈពេលយូរ និងបានធ្វើឱ្យតំបន់នេះកាន់តែមានសក្តានុពលលើការអភិវឌ្ឍគ្រប់វិស័យ ជាពិសេសវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម និងអចលនទ្រព្យ»។
ក្នុងរាជធានីភ្នំពេញមានស្ពានអាកាសចំនួន ៦ ក្នុងនោះមាន ស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាស៧មករា (ពេទ្យលោកសង្ឃ) ស្ពានអាកាស និងផ្លូវក្រោមដីស្ទឹងមានជ័យ ស្ពានអាកាស និងផ្លូវក្រោមដី ៥ មករា (តិចណូ) ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ហើយស្ពានអាកាសទី ៦ គឺស្ពានអាកាសឫស្សីកែវដែលកំពុងធ្វើការសាងសង់៕
វីដេអូ៖