ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអនុញ្ញាតឱ្យមានការរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងមកដល់នៅពាក់កណ្តាលខែមេសាខាងមុខនេះ ប៉ុន្តែលោកបានណែនាំឱ្យបន្តអនុវត្តនូវវិធានសុខាភិបាល ជាពិសេសវិធានការ ៣ កុំ និង ៣ ការពារ ក្នុងពេលជួបជុំកម្សាន្តនានា ក្នុងពិធីបុណ្យនេះ ដើម្បីចៀសវាងការផ្ទុះឡើងជាថ្មីនៃការឆ្លងរាលដាលមេរោគកូវីដ ១៩។
លោកបានថ្លែងដូចនេះ នាព្រឹកថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២២ ក្នុងពិធីបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ។ លោក ហ៊ុន សែន បានប្រកាសឱ្យប្រជាពលរដ្ឋនាំគ្នាលេងឱ្យសប្បាយចុះក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរនៅឆ្នាំនេះ ប៉ុន្តែលោកនៅតែរំឭកដល់ប្រជាពលរដ្ឋនៅគ្រប់កន្លែងទូទាំងប្រទេស ត្រូវតែប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល។
លោកមានប្រសាសន៍ថា៖ «អ្វីដែលខ្ញុំស្នើឱ្យយកចិត្តទុកដាក់ ទី ១ ត្រូវបន្តការខិតខំអនុវត្តវិធានការសុខាភិបាលជាពិសេស ៣ កុំ ៣ ការពារ ដែលយើងបាននិងកំពុងធ្វើទាំងអស់គ្នា។ ជោគជ័យនៃការគ្រប់គ្រងកូវីដនៅកម្ពុជា មិនមែនបានមកពីតួអង្គ ហ៊ុន សែន តែម្នាក់ឯងនោះទេគឺបានមកពីការចូលរួមគ្រប់ផ្នែកទាំងអស់»។
លោកនាយករដ្ឋមន្ត្រីក៏បានធ្វើការផ្តាំផ្ញើផងដែរថា កុំឱ្យមានការផ្ទុះឡើងជាថ្មីម្តងទៀតនូវការរីករាលដាលនៃមេរោគកូវីដ ១៩ បន្ទាប់ពីបញ្ចប់នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ ដូចនេះគ្រប់ទីកន្លែងទាំងអស់ត្រូវតែមានវិធានការឱ្យបានហ្មត់ចត់ទាំងអស់ មិនមែនគ្រាន់តែទាក់ទងនឹងការការពារសណ្តាប់ធ្នាប់ទេ ប៉ុន្តែអាជ្ញាធរគ្រប់ទីកន្លែងទាំងអស់ត្រូវតែគ្រប់គ្រងទាំងកម្លាំងសន្តិសុខ និងសុខាភិបាលផងដែរ។
លោក ហ៊ុន សែន បានបញ្ជាក់ថា៖ «ត្រូវមានពេទ្យមានកន្លែងធ្វើតេស្តរហ័ស ដោយសារប្រជាពលរដ្ឋយើងខ្លះមិនមានតេស្តរហ័សនៅជាមួយខ្លួនទេ។ ដូចនេះយើងត្រូវតែត្រៀមឱ្យមានគ្រូពេទ្យ និងត្រូវបំប៉នគ្រូពេទ្យយ៉ាងណាដើម្បីឱ្យពួកគាត់មានលទ្ធភាពធ្វើការក្នុងពិធីបុណ្យចូលឆ្នាំខ្មែរនេះ»។
លោកបានលើកឡើងថា ក្នុងរយៈពេល ៣ ខែដើមឆ្នាំនេះ បើប្រៀបធៀបជាមួយនឹង ៣ ខែដើមឆ្នាំ ២០២១ កន្លងទៅ មានស្ថានភាពខុសគ្នាដាច់ស្រលះ ដែលមុនពេលកម្ពុជាមានវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ចាក់ជូនប្រជាពលរដ្ឋ អាជ្ញាធរត្រូវធ្វើការឃុំគ្រងប្រជាពលរដ្ឋ ដើម្បីធានាថា ប្រជាពលរដ្ឋមិនត្រូវស្លាប់ដោយសារការឆ្លងកូវីដ ១៩ នោះឡើយ។
លោក ហ៊ុន សែន បានថ្លែងថា៖ «ពេលនោះ យើងប្រើវិធានការច្រើនណាស់រាប់ទាំងវិធានការបិទខ្ទប់ទីក្រុងភ្នំពេញ បិទខ្ទប់តាមគោលដៅ ដែលមានទាំងតំបន់ក្រហម លឿងទុំ និងតំបន់លឿង ដើម្បីធានាថា អាយុជីវិតរបស់ប្រជាពលរដ្ឋយើងត្រូវបានធានា។ ទោះបីជាមានការខិតខំប្រឹងប្រែងយ៉ាងណាក៏ដោយ តែប្រជាពលរដ្ឋរបស់យើងបានទទួលមរណភាពនៅទូទាំងប្រទេសមានជាង ៣ ០០០ នាក់ និងមានអ្នកឆ្លងជាង ១៣ ម៉ឺននាក់ផងដែរ»។
រាជរដ្ឋាភិបាលកម្ពុជា ក្រសួងសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធបានប្រឹងប្រែងជម្នះរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋ ហើយមកដល់ពេលនេះ ប្រជាពលរដ្ឋជាង ៩២% បានទទួលការចាក់វ៉ាក់សាំងរួចស្រេចទៅហើយ ដែលធ្វើឱ្យមានភាពស៊ាំនៅក្នុងសហគមន៍របស់ប្រជាពលរដ្ឋបានល្អ។
មកដល់ពេលនេះ កម្ពុជាមានវ៉ាក់សាំងស្តុកក្នុងឃ្លាំងរហូតដល់ជិត ១២ លានដូស ហើយនៅថ្ងៃទី ០៦ ខែមេសា ប្រសិនបើមិនមានការប្រែប្រួលទេ វ៉ាក់សាំងមកពីប្រទេសអ៊ីតាលីជាង ១ លានសទៀត បូកបន្ថែមទៅនឹងវ៉ាក់សាំងដែលប៉ូឡូញកំពុងត្រៀមរៀបចំផ្តល់ជូនចំនួន ១ លានដូស និងមានការសន្យាផ្តល់ពីសហរដ្ឋអាមេរិកចំនួន ៧,៥ លានដូសនៅឆ្នាំនេះ ដែលអាចនឹងមកដល់នៅខែមេសា ឧសភា កក្កដា និងខែកញ្ញា។
លោក ហ៊ុន សែន បានលើកឡើងថា៖ «អ៊ីចឹង! យើងមានវ៉ាក់សាំងគ្រប់គ្រាន់ ដើម្បីនឹងការពារប្រជាពលរដ្ឋរបស់យើងតាមរយៈដូសជំរុញ ឬដូសទី ៣ និងដូសទី ៤។ ចំនួនឆ្លងវីរុសកូវីដ ១៩ នៅក្នុងប្រទេសរបស់យើងមានការថមថយច្រើន ហើយខេត្តខ្លះ ក៏មិនមានឆ្លងដែរ ប៉ុន្តែក៏ត្រូវតែបន្តធ្វើការការពារ និងអនុវត្តវិធានការសុខាភិបាលផងដែរ»។
ជាមួយគ្នានេះដែរ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក៏បានជូនដំណឹងដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ទាំងអស់អនុញ្ញាតឱ្យកម្មករនិយោជិតរបស់ខ្លួនឈប់សម្រាកដោយមានប្រាក់ឈ្នួលនាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះក្នុងរយៈពេល ៣ ថ្ងៃគឺពីថ្ងៃទី ១៤-១៥ និងថ្ងៃទី ១៦ ខែមេសា។
លោកបានលើកឡើងថា ចំពោះរោងចក្រ សហគ្រាសទាំងឡាយណា ដែលកម្មវត្ថុអាជីវកម្មមានចរិតលក្ខណៈសកលត្រូវប្រព្រឹត្តទៅជាប្រចាំ និងមិនអាចបញ្ឈប់សកម្មភាពបានត្រូវរៀបចំបែងចែកឱ្យកម្មករនិយោជិតបានឈប់សម្រាកទៅតាមថ្ងៃបុណ្យ នីមួយៗដោយផ្លាស់វេនគ្នា។
លោកថា៖ «កម្មករនិយោជិតដែលធ្វើការថ្ងៃឈប់បុណ្យចូលឆ្នាំខ្មែរឆ្នាំនេះមានសិទ្ធិទទួលនូវប្រាក់បំណាច់បន្ថែមដែលមានចំនួនស្មើនឹងប្រាក់ឈ្នួលថ្ងៃធ្វើការធម្មតា។ ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ត្រូវរៀបចំបញ្ជីឈ្មោះកម្មករនិយោជិត ដែលត្រូវផ្លាស់ប្តូរគ្នាឈប់សម្រាកតាមកាលបរិច្ឆេទនីមួយៗ និងរក្សាទុកជាប្រចាំសម្រាប់ការត្រួតពិនិត្យរបស់អធិការការងារ»។
ក្នុងករណីមានការព្រមព្រៀងគ្នារវាងកម្មករនិយោជិតសាមី និងនិយោជក ការឈប់សម្រាករបស់កម្មករនិយោជិតអាចអនុវត្តនៅពេលណា មួយផ្សេងទៀត ដែលខុសពីថ្ងៃឈប់សម្រាកបុណ្យ។ ទន្ទឹមនឹងនេះដែរ លោក អ៊ិត សំហេង ក៏បានក្រើនរំឭកដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស និងកម្មករនិយោជិតទាំងអស់ត្រូវបន្តចូលរួមអនុវត្តវិធានការ ៣ ការពារ និង ៣ កុំ និងវិធានការសុខាភិបាលចាំបាច់ផ្សេងទៀតឱ្យបានខ្ជាប់ខ្ជួន៕