ភ្នំពេញៈ ពេលមានសង្គ្រាមទើបឃើញសន្តិភាពមានតម្លៃ ឯកម្ពុជាបានមើលឃើញតម្លៃនៃសន្តិភាព តាំងពីសង្គ្រាមចាប់ផ្តើម នាឆ្នាំ ១៩៧០ គឺ ៥២ ឆ្នាំមុន ប៉ុន្តែគ្មានជម្រើសទេ ព្រោះពេលនោះពលរដ្ឋជាចំណាប់ខ្មាំងនៃសង្គ្រាម ទៅណាក៏គេចាប់ធ្វើទាហាន វ៉ៃគ្នា ពេញប្រទេស។ ដូច្នេះបានជាកត្តាសន្តិភាពត្រូវមើលឱ្យឃើញចាប់ផ្តើមពីចំណុចសន្តិភាពនេះហើយដែលមានលទ្ធភាពដើម្បីអភិវឌ្ឍ។ នេះជាការថ្លែងរបស់លោក ហ៊ុន សែន។
ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ នាថ្ងៃទី ៣១ មីនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថាបើគ្មានសន្តិភាព កុំនិយាយពីការអភិវឌ្ឍ ហើយកុំនិយាយពីលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ ក្នុងន័យនេះដែរ លោកបានប្រៀបធៀបទៅប្រទេសអ៊ុយក្រែនដែលកំពុងញាំញីដោយភ្លើងសង្គ្រាមជាមួយប្រទេសរុស្ស៊ី ធ្វើឱ្យបាត់បង់ទីជម្រក បែកបាក់គ្រួសារ បាត់បង់ការគោរពសិទ្ធិមនុស្សផងដែរ។
លោកថ្លែងថា៖ «ឥឡូវសូមទៅសួរអ៊ុយក្រែន តើសិទ្ធិមនុស្សនៅកន្លែងណា បើគ្រាប់បែក គ្រាប់ផ្លោង កុមារនៅក្រោមដី អត់សាលារៀន អត់ទឹកស្អាតប្រើប្រាស់។ ជនភៀសខ្លួនចេញពីអ៊ុយក្រែន គឺមានជនជាតិអ៊ុយក្រែនផង និងមាននិស្សិតនៃបណ្តាប្រទេសអាហ្វ្រិក ដែលរៀននៅអ៊ុយក្រែនផងត្រូវបានទទួលការរើសអើងនៅទ្វីបអឺរ៉ុបដែលជាប្រទេស ដែលចាត់ទុកថា ប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្ស»។
ត្រង់ចំណុចនេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់ជាសំណួរទៅកាន់ប្រទេសក្នុងសហភាពអឺរ៉ុបថា៖ «ប៉ុន្តែនៅមានរឿងមួយទៀត គឺជនភៀសខ្លួនស៊ីរី និងលីប៊ីកំពុងរស់នៅជំរំភៀសខ្លួននៅឡើយទេ។ អ៊ីចឹងនេះ ជាចំណោទដែលចោទសួរទៅប្រទេសអឺរ៉ុប ថា តើហេតុអ្វីបានជាអ្នកឯងមានស្តង់ដា ២ ឬស្តង់ដា ៣។ ចំណុចនេះមិនប្រាកដថាអ្នកនិយាយពីបញ្ហារើសអើង អ្នកនិយាយពីប្រជាធិបតេយ្យ និងសិទ្ធិមនុស្សល្អទេ រឿងទង្វើជាក់ស្តែងទើបជាការត្រឹមត្រូវ»។
លោកនាយករដ្ឋមន្ត្រីប្រាប់ឱ្យពលរដ្ឋត្រូវមើលឱ្យឃើញពីតម្លៃនៃសន្តិភាព ខណៈនៅលើពិភពលោកកំពុងតែស្រែករកសន្តិភាពកំពុងខិតខំការពារសន្តិភាព ក្នុងពេលដែលមានអស្ថិរភាព ដោយសារសង្គ្រាមអ៊ុយក្រែន និងដោយសារលទ្ធភាពនៃការកើតឡើងនៃសង្គ្រាមលោកលើកទី ៣ និងកើតឡើងនូវសង្គ្រាមនុយក្លេអ៊ែរ។
លោក ហ៊ុន សែន បញ្ជាក់ថា៖ «អ៊ីចឹងទេ តម្លៃសន្តិភាពដែលថ្ងៃនេះ ខ្ញុំនិយាយ មិនមែនជាបញ្ហាដាច់ដោយឡែករបស់ខ្លួនខ្ញុំទេហើយចង់លើកតម្លៃខ្លួនខ្ញុំទេ។ ប៉ុន្តែខ្ញុំបានរួមចំណែកជាមួយប្រជាជនកម្ពុជា ដើម្បីនាំមកនូវសន្តិភាពដែលរកបានដោយលំបាក ដូច្នេះហើយបានជាយើងចាប់ផ្តើមនិយាយពីសន្តិភាពមុនគេបង្អស់»។
លោកបន្តថា៖ «អ៊ីចឹងសម្រាប់យើងកាលពីពេលមុន យើងទាមទាររកសន្តិភាព។ ក្រោយរកសន្តិភាពបានហើយ យើងខិតខំនិយាយធ្វើម៉េចការពារសន្តិភាពឱ្យបានដោយតម្លៃណាក៏ដោយរហូតដល់គេនិយាយថា យើងគិតតែនិយាយពីសន្តិភាព ភ្លេចគិតពីប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ បាទខ្ញុំទទួលស្គាល់ហើយ តែខ្ញុំនិយាយរឿងសន្តិភាពមុន»។
ទន្ទឹមនឹងការថ្លែងសារពាក់ព័ន្ធសន្តិភាពនេះ លោកនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ជាថ្មីថា លោកនឹងបន្តឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ការបោះឆ្នោតឆ្នាំ ២០២៣ ខាងមុខនេះ។ ចំណែក លោក ហ៊ុន ម៉ាណែត ជាកូនប្រុសច្បងរបស់លោក គឺជាបេក្ខជនបន្តវេន ដែលត្រូវបានត្រៀមបម្រុងទុក ហើយនេះជារឿងធម្មតារបស់គណបក្សនយោបាយនីមួយៗ។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណិ្ឌត្យសភាកម្ពុជា គាំទ្រប្រសាសន៍របស់ថ្នាក់ដឹកនាំដែលតែងលើកឡើងពីគុណតម្លៃនៃសន្តិភាព ដើម្បីឱ្យគ្រប់គ្នាការពារសន្តិភាពនេះ។
លោកថ្លែងថា៖ «ពាក់ព័ន្ធតម្លៃសន្តិភាពនេះជាតម្លៃសកលមួយដែលបណ្តាប្រជាជាតិទាំងអស់នៅក្នុងពិភពលោកតែងតែផ្តល់តម្លៃខ្ពស់។ នៅពេលដែលយើងអត់មានសន្តិភាព គឺយើងអត់អាចនិយាយពីអ្វីបានទេ សិទ្ធិមនុស្សក្តី លទ្ធិប្រជាធិបតេយ្យក្តី និរន្តរភាពក្តីអាចរីកដុះដាលបាន លុះត្រាតែមានសន្តិភាព។ អ្វីដែលជាសិទ្ធិមូលដ្ឋានសំខាន់បំផុតនោះគឺ សិទ្ធិរស់រានមានជីវិតនេះហើយ»។
លោកបន្ថែមថា៖ «បើសិនជាប្រទេសជាតិមួយមិនមានសន្តិភាព សួរថា តើសិទ្ធិរស់រានមានជីវិត ឬអាយុជីវិតរបស់ប្រជាពលរដ្ឋអាចធានាបានដែរឬទេ? គឺពិតជាមិនអាចត្រូវបានធានាទេ។ អ៊ីចឹងហើយបានជាតម្លៃនៃសន្តិភាពនេះមានសារៈសំខាន់ណាស់សម្រាប់ការអភិវឌ្ឍ ដែលជាចំណុចសំខាន់»។
ម្យ៉ាងទៀតលោកលើកឡើងថា នៅបណ្តាប្រទេសលោកខាងលិចតែងតែផ្តល់នូវមេរៀនមិនចេះចប់ មិនចេះហើយអំពីសិទ្ធិមនុស្ស ប្រជាធិបតេយ្យ អំពីសមភាពនៃសេរីភាពរបស់មនុស្ស ក៏ប៉ុន្តែក៏ជាបណ្តាប្រទេសដែលមានការរើសអើងជាងគេដែរ។ គាត់ផ្តល់តម្លៃខ្ពស់សម្រាប់តែប្រជាជាតិអឺរ៉ុបគ្នាគាត់ ចំណែកប្រជាជាតិផ្សេងទៀត ក្រោមក្រសែភ្នែករបស់ពួកគាត់ គឺជាជាតិដែលអន់ថយជាងពួកគាត់។
លោក គិន ភា បានបញ្ជាក់ថា៖ «ហើយយើងឃើញជាក់ស្តែងវិបត្តិជនភៀសខ្លួនពីប្រទេសស៊ីរីពីប្រទេសផ្សេងៗទៀតនៅមជ្ឈិមបូព៌ា ដែលជួបសង្គ្រាម និងអំពើហិង្សា ហើយនាំឱ្យមានលំហូរជនភៀសខ្លួនត្រូវបានប្រទេសអឺរ៉ុបរើសអើងខ្លាំងមែនទែន»៕