ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់ទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឱ្យពនឿនរៀបចំបង្កើនថវិកាសម្រាប់ដំឡើងប្រាក់សោធននិវត្តន៍ជូនដល់មន្ត្រីរាជការ និងអតីតយុទ្ធជន ដែលទទួលបានប្រាក់បៀវត្សរ៍ទាប ដើម្បីដោះស្រាយវិសមភាពប្រាក់ចូលនិវត្តន៍របស់មន្ត្រីរាជការ។
ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅកាលពីថ្ងៃទី ៣១ ខែមីនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថារាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ចំពោះមន្ត្រីរាជធាការដែលចូលនិវត្តន៍ និងបានកំពុងរៀបចំគោលនយោបាយដំឡើងប្រាក់សោធននិវត្តន៍ជូនមន្ត្រីរាជការផងដែរ។
លោកថា៖ « ខ្ញុំចង់និយាយទៅកាន់សោធននិវត្តន៍ទាំងអស់ ទាំងស៊ីវិល ទាំងកងទ័ព ដែលបានចូលនិវត្តន៍មុន យើងបានយកចិត្តទុកដាក់ដើម្បីដំឡើងប្រាក់បៀវត្សរ៍សម្រាប់អ្នកសោធននិវត្តន៍ដែលចូលនិវត្តន៍មុន និងចូលនិវត្តន៍ ព្រោះអ្នកចូលនិវត្តន៍ អ្នកចូលក្រោយក្នុងពេលដែលមានប្រាក់បៀវត្សរ៍ ១ លានរៀល ដល់ពេលចូលនិវត្តន៍បានប្រាក់ ៨០ ម៉ឺនរៀល ។ ឯអ្នកចូលនិវត្តន៍មុនប្រាក់បៀវត្សរ៍ត្រឹម ៥០ ម៉ឺនរៀល ដល់ពេលចូលនិវត្តន៍នៅសល់ជាង ៣០ ម៉ឺនរៀល»។
ដោយមើលឃើញពីភាពខុសគ្នាប្រាក់សោធននិវត្តន៍រវាងអ្នកមុន និងអ្នកក្រោយ លោកនាយករដ្ឋមន្ត្រីបានចេញបញ្ជាទៅកាន់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវពន្លឿនដំឡើងប្រាក់សោធននិវត្តន៍ ដល់មន្ត្រីរាជការ អតីតយុទ្ធជន ដែលទទួលបានប្រាក់បៀវត្សរ៍ទាប ដើម្បីកុំឱ្យមានវិសមភាពខុសគ្នាឆ្ងាយ ជាពិសេសមន្ត្រីរាជការដែលចូលនិវវត្តន៍មានប្រាក់ខែគោលតិចជាង ១ លានរៀល។
លោកថា៖ «អ៊ីចឹងសូមឯកឧត្តម អូន ព័ន្ធមុនីរ័ត្ត ដឹកនាំការងារនេះពិនិត្យ និងដោះស្រាយបញ្ហានេះដោយយើងរៀបចំបង្កើនថវិកាខ្ញុំគិតថាមិនចាំបាច់កែតម្រូវថវិកាជាតិសម្រាប់អ្នកទាំងនេះទេ ព្រោះថា ចំនួននេះក៏មិនច្រើនពេកដែរ ព្រោះយើងរើសយកអ្នកណា ឧទាហរណ៍ថាអ្នកចូលនិវត្តន៍ប្រាក់ខែគោលត្រឹម ៥០ ម៉ឺនរៀល អ៊ីចឹងត្រូវឱ្យឡើង ៣០ ភាគរយ ដល់អ្នកប្រាក់ខែគោល ៦០ ម៉ឺន ឱ្យឡើងត្រឹម ២៨ ភាគរយ អ្នកប្រាក់គោល ៧០ ម៉ឺន ឱ្យឡើងត្រឹម ២៥ ភាគរយ អ៊ីចឹងរកវិធីសាស្ត្រដោះស្រាយ ដើម្បីរុញ ហើយអ្នកដែលមានប្រាក់ចូលនិវត្តន៍ត្រឹម ១ លានរៀល យើងទុកសិនចុះ»។ លោកបញ្ជាក់ផងដែរថា សម្រាប់យុទ្ធជន អតីតយុវជន ដែលចូលនិវត្តន៍មុន និងមន្ត្រីរាជការស៊ីវិលដែលចូលនិវត្តន៍មុន គប្បីយកចិត្តទុកដាក់ លើកទឹកចិត្តជំរុញការដំឡើងបៀវត្សរ៍ដល់អ្នកទាំងនោះ។
ក្រៅពីនេះ លោកនាយករដ្ឋមន្ត្រីបានបន្ថែមថា លោកក៏បានចាត់ចែងឱ្យលោក គន់ គីម ជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ពាំនាំថវិកា ចុះសួរសុខទុក្ខដល់មន្ត្រីរាជការ និងអតីតយុទ្ធដែលចូលនិវត្តន៍ផងដែរ។
លោកថា៖ «ខ្ញុំសូមផ្ញើជូនចំពោះបងប្អូនអតីយុទ្ធជន ក៏ដូចជាបងប្អូន បងៗដែលចូលសោធននិវត្តន៍ ខ្ញុំឱ្យឯកឧត្តម គន់ គីម ដើរយកថវិកាមួយចំនួនទៅជួបជាមួយ និងអតីតយុទ្ធជនហើយពន្យល់ប្រាប់គាត់ ហើយថ្ងៃនេះខ្ញុំចេញសារមួយជម្រាបជូនបងប្អូនថា ខ្ញុំបានបញ្ជាទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឱ្យបន្ថែមបង្កើនល្បឿនដោះស្រាយបញ្ហានេះ ដើម្បីដោះស្រាយអំពីវិសមភាពនៃប្រាក់ចូលនិវត្តន៍»។
បើតាមលោកនាយករដ្ឋមន្ត្រី៖ «ឥឡូវក្នុងមួយឆ្នាំយើងដាក់ក្នុងគម្រោងរបស់យើងចំនួន ៣០ ពាន់លានឥឡូវខ្ញុំសូមចេញបញ្ជាខ្ញុំទាក់ទងជាមួយឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឱ្យពន្លឿនទៅលើកម្រិតអ្នកដែលមានប្រាក់សោធននិវត្តន៍ទាបឱ្យកើនបានខ្ពស់បន្តិច»។
លោក សេម សុវុន្ថា ដែលជាអតីតយុទ្ធជនចូលនិវត្តន៍តាំងពីឆ្នាំ ១៩៩៣ មក និងជានាយកសមាគមជនពិការអង្គរនាពេលបច្ចុប្បន្នបានថ្លែងអំណរគុណចំពោះប្រមុខរាជរដ្ឋាភិបាលដែលតែងតែគិតគូរពីអតីតយុទ្ធជន។
លោកថា៖ « ខ្ញុំមានសេចក្តីសោមន្សរីករាយយ៉ាងខ្លាំងបំផុតចំពោះបងប្អូនអតីយុទ្ធជនដូចគ្នានៅពេលសម្តេចបានប្រកាសបែបនេះ ដោយមានយន្តការជំរុញឱ្យលឿន អ៊ីចឹងសប្បាយចិត្តណាស់ ព្រោះឥឡូវនេះវាពិបាកមែនទែន ដោយសារថវិកាតិច សម្រាប់ការចំណាយលើការរស់នៅជីវភាពប្រចាំថ្ងៃ»។
លោក សេម សុវុន្ថា បានឱ្យដឹងថា កាលចូលនិវត្តន៍ដំបូងកាលពីឆ្នាំ ១៩៩៣ មកសម្រាប់លោកទទួលបានប្រាក់សោធននិវត្តន៍ជាង ១០ ម៉ឺនរៀល បន្ទាប់មកចាប់ពីឆ្នាំ ២០១២ មកទទួលបាន ៣០ ម៉ឺនរៀល ហើយឆ្នាំ ២០២០ ប្រាក់បៀវត្សរ៍ឡើងបាន ៦៤ ម៉ឺនរៀល៕