ភ្នំពេញៈ ក្នុងរយៈពេលប្រមាណ ៣ ខែ ឆ្នាំ ២០២២ នេះ យ៉ាងហោចណាស់មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៨៥៩ លើកបណ្តាលឱ្យមានអ្នកស្លាប់ ៤៨៦ នាក់ អ្នករបួសធ្ងន់ ៧៧៩ នាក់ និងរបួសស្រាល ៤៥៩ នាក់ដែលតួលេខទាំងនេះមានការកើនឡើងគួរឱ្យព្រួយបារម្ភ បើប្រៀបធៀបក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២១។
លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គសចគ) ប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ៣១ ខែមីនា ថា ដោយផ្អែកលើរបាយការណ៍បណ្តោះអាសន្នរបស់អគ្គស្នងការនគរបាលជាតិរយៈពេល ២ ខែ និង ៣០ ថ្ងែ [ប្រមាណ ៣ ខែ] ដើមឆ្នាំ ២០២២ នេះមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៨៥៩ លើក អ្នកស្លាប់ ៤៨៦ នាក់ អ្នករបួសធ្ងន់ ៧៧៩ នាក់ របួសស្រាល ៤៥៩ នាក់ និងមិនពាក់មួកសុវត្ថិភាពពេលមានគ្រោះថ្នាក់ ៨៦៦ នាក់។
លោកស្រីបានបញ្ជាក់ថា ចំនួននេះបើប្រៀបធៀបរយ:ពេលដូចគ្នានឹងឆ្នាំ ២០២១ គឺគ្រោះថ្នាក់កើនឡើងចំនួន ១០៥ លើក អ្នកស្លាប់កើន ៦៥ នាក់ អ្នករបួសធ្ងន់កើន ១២៤ នាក់ របួសស្រាលកើន ៦ នាក់ និងមិនពាក់មួកសុវត្ថិភាពពេលមានគ្រោះថ្នាក់កើន ៨៩ នាក់។
លោកស្រីថ្លែងថា៖ «នេះជាទិន្នន័យគួរឱ្យព្រួយបារម្ភបំផុត ដែលទាមទារ និងសំណូមពរដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់មេត្តាចូលរួមគោរពច្បាប់ និងបទដ្ឋានសុវត្ថិភាពចរាចរណ៍ទាំងអស់គ្នាទើបយើងអាចកាត់បន្ថយគ្រោះថ្នាក់ និងអ្នកស្លាប់ និងរបួសលើដងផ្លូវ ក៏ដូចជាភាពសុខសាន្តក្នុងគ្រួសារ និងសង្គមជាតិទាំងមូល ដើម្បីបន្តទទួលផលនៃការអភិវឌ្ឍក្រោមម្លប់សន្តិភាពដូចបច្ចុប្បន្នបាន»។
លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ី (AIP) ប្រចាំប្រទេសកម្ពុជាបានថ្លែងនៅថ្ងៃទី ៣១ ខែមីនាថា ការកើនឡើងចំនួនគ្រោះថ្នាក់ចរាចរណ៍មានអ្នកស្លាប់ និងរបួសនេះជាសញ្ញាមួយទាមទារឱ្យមានការយកចិត្តទុកដាក់ក្នុងការឆ្លើយតបឱ្យបានខ្លាំងបន្ថែមទៀតស្របពេលដែលកម្ពុជាបានវិលមករកប្រក្រតីភាពនៃការរស់នៅ និងការធ្វើដំណើរដែលមានយានយន្តច្រើនគ្រឿងរត់លើដងផ្លូវ។
លោកបានបន្តថា គ្រោះថ្នាក់ចរាចរណ៍មានចំនួនច្រើនបែបនេះ ដោយសារតែមានរំហូរចរាចរណ៍ច្រើន ដែលរៀងរាល់ថ្ងៃមានយានយន្តរាប់លានគ្រឿងធ្វើដំណើរលើដងផ្លូវ។ ក្រៅពីរំហូរចរាចរណ៍ក៏មានទាក់ទងនឹងវិធានការរឹតបន្ដឹងច្បាប់ចរាចរណ៍ផងដែរ ប្រសិនបើមានការចាត់វិធានការកាន់តែខ្លាំង និងទូលំទូលាយ នឹងអាចមើលឃើញចំនួនគ្រោះថ្នាក់មានការថយចុះវិញ។
លោកថ្លែងថា៖ «វិធានការដែលយើងនឹងអនុវត្ត គឺមានសារៈសំខាន់នៅក្នុងការឆ្លើយតបចំពោះរំហូរនៃចរាចរណ៍ដែលមានការកើនឡើងចំពោះកំណើននៃយានយន្តរៀងរាល់ខែឆ្នាំ។ អ៊ីចឹងជាទស្សនៈរបស់ខ្ញុំគឺអត់មានអីក្រៅពីការបន្តរឹតបន្ដឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានកាន់តែទូលំទូលាយ កាន់តែម៉ឺងម៉ាត់ ជាប់លាប់ ហើយធ្វើទាំងថ្ងៃទាំងយប់ប្រកបដោយតម្លាភាព» ។
លោក គឹម បញ្ញា បានថ្លែង លើកទឹកចិត្តឱ្យប្រជាពលរដ្ឋ ក៏ដូចជា ស្ថានប័នអង្គភាពនានា ទាំងរដ្ឋាភិបាល និងមិនមែនរដ្ឋាភិបាលឱ្យចូលរួមចំណែកបន្ថែមលើវិធានការដែលនឹងអនុវត្តដោយរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធធ្វើយ៉ាងណាដើរតួនាទីក្នុងនាមជាពលរដ្ឋ ជាអង្គភាព ឬស្ថាប័នមួយ រួមចំណែកក្នុងការកាត់បន្ថយការស្លាប់ និងរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ តាមរយៈការជំរុញការអប់រំផ្សព្វផ្សាយ ការកែប្រែឥរិយាបថក្នុងចំណោមគ្រួសារ និងអង្គភាពការងារជាដើម។
លោកថ្លែងថា៖ «គួរមានការផ្សព្វផ្សាយ ការដាស់តឿនក្រើនរំឭកដោយមាតាបិតា បងប្អូនសាច់ញាតិ ជាពិសេសយើងចាប់ផ្តើមពីឥរិយាបថងាយៗ ឧទាហរណ៍ ពេលឃើញចេញទៅក្រៅអត់ពាក់មួក គឺតម្រូវត្រូវតែឱ្យកូនចៅខ្លួនពាក់មួក ដោយឡែកអង្គភាពស្ថានប័នគួរមានការផ្សព្វផ្សាយ ឃ្លីបវីដេអូ ឯកសារចូលក្នុង group ការងារបង្កើតបទបញ្ជាផ្ទៃក្នុង អ៊ីចឹងទៅ» ។
លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានសរសេរលើទំព័រហ្វេសប៊ុកនៅថ្ងៃទី ៣០ ខែមីនាថា គ្រោះថ្នាក់ចរាចរណ៍នៅតែជាបញ្ហាប្រឈមយូរអង្វែង។ រាល់ថ្ងៃចំនួនអ្នកស្លាប់ជាមធ្យម នៅតែមានចំនួន ៥ នាក់ និងរបួស ១០ នាក់ និងកំពុងកើនឡើងជាថ្មីទៀតនាត្រីមាសទី ១ ឆ្នាំ ២០២២ នេះនៅក្នុងពេលដែលគ្រោះថ្នាក់សង្គមផ្សេងទៀត ដូចជា គ្រាប់មីន ជំងឺអេដស៍ ឬជំងឺកូវីដ ១៩ កំពុងថយចុះយ៉ាងខ្លាំង។
លោក ស ខេង បានអំពាវនាវជាថ្មីដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់មេត្តាបន្តចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងប្រកាន់នូវសីលធម៌យោគយល់អាធ្យាស្រ័យក្នុងការបើកបរ។
ជាមួយគ្នានោះលោកក៏បានក្រើនរំឭកដល់អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោករាជធានីខេត្តទាំង ២៥ ត្រូវបន្តខិតខំទប់ស្កាត់កំណើនគ្រោះថ្នាក់ចរាចរណ៍ ដោយត្រូវអនុវត្តឱ្យបានជោគជ័យតាមទិសដៅការងារឆ្នាំ ២០២២ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីការពារជីវិត និងទ្រព្យសម្បត្តិប្រជាពលរដ្ឋ និងព្រមទាំងអនុវត្តឱ្យបានជោគជ័យនូវអនុសាសន៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលគឺ «ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍»។
លោក ស ខេង បានថ្លែងថា៖ «កន្លងមកសៀវភៅច្បាប់ចរាចរណ៍ផ្លូវគោករាប់សែនក្បាលបានចែកឥតគិតថ្លៃ រួមទាំងខិត្តប័ណ្ណ បដា ពាក្យស្លោកជាច្រើនត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយទូទាំងប្រទេស។ ប៉ុន្តែទោះជាយ៉ាងណា នៅតែមានអ្នកប្រើប្រាស់ផ្លូវមួយចំនួនមិនបានយកចិត្តទុកដាក់ទទួលយកការអប់រំផ្សព្វផ្សាយនេះ រីឯមួយចំនួនទៀតបានយល់ដឹងច្បាប់ហើយតែបានបំពានច្បាប់បង្កកំហុស ឬគ្រោះថ្នាក់ពេលបើកបរ»៕