ហ្សឺណែវៈ លោក អាន សុខខឿន ឯកអគ្គរាជទូត និងជាតំណាងអចិន្រៃ្តយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ (UN) ចាត់ទុក របាយការណ៍របស់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា ដែលបានថ្លែងនៅថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០២២ នៅទីក្រុងហ្សឺណែវនៅក្នុងកិច្ចសន្ទនាអន្តរសកម្មស្ដីពីរបាយការណ៍ផ្ទាល់មាត់ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដោយបានបង្ហាញពីការព្រួយបារម្ភមានការបំភិតបំភ័យនោះ គឺពុំត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយនោះទេ។
តាមរយៈសេចក្តីថ្លែងការណ៍ពីទីក្រុងហ្សឺណែវកាលពីថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២២ លោក អាន សុខខឿន បានឱ្យដឹងថា៖ «កិច្ចខិតខំប្រឹងប្រែង និងវឌ្ឍនភាពសិទ្ធិមនុស្សរបស់កម្ពុជា ត្រូវបានប្រទេសជាច្រើនទទួលស្គាល់នៅក្នុងកិច្ចពិភាក្សារបស់អង្គការសហប្រជាជាតិ នាទីក្រុងហ្សឺណែវ។ នៅក្នុងឱកាសនោះគណៈប្រតិភូពីប្រទេសចំនួន ២៨ បានថ្លែងគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែង វឌ្ឍនភាព និងសមិទ្ធផលរបស់កម្ពុជាក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស»។
លោកបានបន្តថា ក្នុងនោះ គណៈប្រតិភូជាច្រើនបានអបអរសាទរចំពោះវិធានការរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ រួមទាំងអត្រាដ៏ខ្ពស់នៃការចាក់វ៉ាក់សាំងទូទាំងប្រទេសដោយឥតគិតថ្លៃ និងកម្មវិធីគាំពារសង្គមជាច្រើនដល់ក្រុមងាយរងគ្រោះព្រមទាំងទទួលស្គាល់ចំពោះវឌ្ឍនភាព និងសមិទ្ធផលនានាក្នុងការលើកកម្ពស់តួនាទីស្ត្រីក្នុងភាពជាអ្នកដឹកនាំ សហគ្រិនភាពក្នុងសន្តិភាព និងសន្តិសុខ ក៏ដូចជាការលើកកម្ពស់សិទ្ធិកុមារ។
លោក អាន សុខខឿន ថ្លែងថា ជាមួយគ្នានេះ គណៈប្រតិភូក៏បានលើកសរសើរកម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងកិច្ចពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធយ៉ាងទូលំទូលាយក្នុងការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីស្ថាប័នជាតិសិទ្ធិមនុស្ស ស្របតាមគោលការណ៍ទីក្រុងប៉ារីស និងបានថ្លែងសង្កត់ធ្ងន់លើរបៀបរបបការងាររបស់អ្នករាយការណ៍ពិសេស ដែលគួរតែគោរពគោលការណ៍សត្យានុម័ត តុល្យភាព មិនធ្វើនយោបាយូបនីយកម្ម និងមិនជ្រើសរើសតែ ១ ជ្រុង ដោយត្រូវគិតគូរផងដែរនូវទស្សនៈរបស់រដ្ឋាភិបាល កាលៈទេសៈរបស់ប្រទេស និងសារៈសំខាន់នៃប្រភពព័ត៌មានដែលអាចជឿជាក់បាន និងមានការផ្ទៀងផ្ទាត់ត្រឹមត្រូវព្រមទាំងអង្គហេតុពិត។
លោកបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងកំណែទម្រង់បោះឆ្នោត លម្ហនយោបាយ និងពហុភាពនៃទស្សនៈនយោបាយសំដៅធានាថាការបោះឆ្នោតនាពេលខាងមុខប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ មានសណ្ដាប់ធ្នាប់ ដោយសន្តិវិធី និងមានតម្លាភាពក៏ត្រូវបានគណៈប្រតិភូប្រទេសអាស៊ាន និងប្រទេសផ្សេងទៀតសម្តែងការស្វាគមន៍ផងដែរ។
ជាការកត់សម្គាល់ គណៈប្រតិភូចំនួន ៨ ប្រទេសផ្សេងទៀត ដែលបានចូលរួមក្នុងកិច្ចពិភាក្សាខាងលើបានបញ្ចេញមតិយោបល់ទិតៀនលម្ហពលរដ្ឋ និងនយោបាយរួមទាំងសេរីភាពនៃការបញ្ចេញមតិ និងការប្រមូលផ្តុំដោយសន្តិវិធី។
ទន្ទឹមនេះគណៈប្រតិភូទាំងនោះស្ទើរតែទាំងអស់ក៏បានស្វាគមន៍កិច្ចសហប្រតិបត្តិការដ៏យូរលង់ និងការចូលរួមប្រកបដោយស្ថាបនារបស់កម្ពុជាជាមួយយន្តការសិទ្ធិមនុស្សអង្គការសហប្រជាជាតិរួមទាំងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស គណៈកម្មាធិការតាមដានការអនុវត្តសន្ធិសញ្ញា និងអ្នករាយការណ៍ពិសេស។ ម្យ៉ាងទៀត ក៏មានការទទួលស្គាល់ផងដែរលើវឌ្ឍនភាពសង្គមសេដ្ឋកិច្ច និងកិច្ចខិតខំប្រឹងប្រែងជាច្រើនរបស់កម្ពុជា ក្នុងការអនុវត្តកំណែទម្រង់ការបោះឆ្នោត។
លោកថ្លែងថា៖ «បើទោះបីកម្ពុជាបានផ្តល់នូវកិច្ចសហប្រតិបត្តិការពិតប្រាកដរបស់ខ្លួនដែលស្តែងឡើង តាមរយៈកិច្ចសន្ទនា ១៩ លើកជាមួយអ្នករាយការណ៍ពិសេសចាប់តាំងពីខែឧសភា ឆ្នាំ ២០២១ យ៉ាងណាក៏ដោយ ក៏របាយការណ៍របស់អ្នករាយការណ៍ពិសេសពុំបានលើកឡើងឱ្យបានត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយថែមទាំងរំលងនូវគោលការណ៍សត្យានុម័ត អព្យាក្រឹត និងមិនជ្រើសរើសតែ ១ ជ្រុង»។
ក្នុងកិច្ចសន្ទនាអន្តរសកម្មស្ដីពីរបាយការណ៍ផ្ទាល់មាត់របស់អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាបានប្រព្រឹត្តទៅនៅថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២២ នៅទីក្រុងហ្សឺណែវ លោក វិទិត មុនតាប៊ន អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជាថ្លែងថា លម្ហពលរដ្ឋ និងនយោបាយនៅកម្ពុជាកាន់តែរួមតូចទៅ និងដើរថយក្រោយ ដោយសារតែការគ្រប់គ្រងបែបឯកបក្ស។ ខណៈពេលដែលប្រទេសនេះ មានការកែលម្អទាក់ទងនឹងសេចក្តីព្រាងច្បាប់ថ្មីៗ ដើម្បីការពារជនងាយរងគ្រោះ កិច្ចខិតខំប្រឹងប្រែងក្នុងការដោះស្រាយសំណុំរឿងនៅតុលាការ និងវឌ្ឍនភាពឆ្ពោះទៅរកការបង្កើតគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា ក៏នៅមានក្តីកង្វល់មួយចំនួន ទាក់ទងនឹងការបិទលម្ហពលរដ្ឋ និងនយោបាយ សវនាការលើសំណុំរឿងនយោបាយ និងការចាប់ខ្លួនអ្នកនយោបាយជំទាស់ដាក់ពន្ធនាគារ និងការបោះឆ្នោតនាពេលខាងមុខ។ ដោយឡែក ទិដ្ឋភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេស នៅតែបង្កការព្រួយបារម្ភលើវិស័យជាច្រើន ជាពិសេសក្នុងពេលដែលកាន់តែខិតជិតដល់ការបោះឆ្នោតឃុំសង្កាត់ ដែលនឹងប្រព្រឹត្តទៅនៅខែមិថុនាឆ្នាំនេះ។
លោក អាន សុខខឿន ថា អ្នករាយកាណ៍ពិសេសពុំបានពន្យល់ អង្គហេតុលម្អិតដែលធាតុពិតមានជាប់ពាក់ព័ន្ធនឹងការញុះញង់ឱ្យយោធិន និងជនស៊ីវិលមិនស្តាប់បង្គាប់ (រដ្ឋាភិបាល) ទង្វើបែបនេះ សុទ្ធតែត្រូវបានគេថ្កោលទោស មេខ្លោងរៀបចំផែនការនេះ។ ការចោទប្រកាន់ដោយមិនឈរលើហេតុផលអំពីការដឹកនាំដោយឯកបក្សនោះ ក៏មិនត្រឹមត្រូវដែរ ព្រោះការដឹកនាំនៅកម្ពុជា គឺកើតចេញពីការបោះឆ្នោត ជ្រើសតាំងដោយប្រជាជនតាមបែបប្រជាធិបតេយ្យ និងស្របតាមរដ្ឋធម្មនុញ្ញ៕