ភ្នំពេញៈ គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) បានបញ្ជប់កិច្ចប្រជុំលើកទី ៣៤ ដោយរលូននិងជោគជ័យ។ តំណាងនៃប្រទេសអាស៊ានទាំងអស់ប្រចាំ អាយឆា នឹងរួមសហការគ្នាក្នុងការអនុវត្តនូវផែនការសកម្មភាពអាទិភាពរបស់អាយឆាឆ្នាំ២០២២ ក្នុងទិសដៅនៃការលើកកម្ពស់សិទ្ធិមនុស្សក្នុងតំបន់អាស៊ាន។
យោងតាមលិខិតប្រកាសព័ត៌មានរបស់ អាយឆា ដែលភ្នំពេញប៉ុស្តិ៍ទទួលបាននៅថ្ងៃទី ២ ខែមេសា បានឱ្យដឹងថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងនាមជាប្រធានគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) ឆ្នាំ២០២២ បានរៀបចំកិច្ចប្រជុំលើកទី៣៤ របស់គណៈកម្មការ អន្តររដ្ឋាភិបាលអាស៊ាន (អាយឆា) តាមប្រព័ន្ធវីដេអូ ដែលមានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី ៣០-៣១ ខែមីនា ឆ្នាំ២០២២។
កិច្ចប្រជុំនេះដឹកនាំដោយ លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាតំណាងកម្ពុជាប្រចាំអាយឆា និងជាប្រធានអាយឆា ឆ្នាំ២០២២ ដែលមានការចូលរួមពីតំណាងប្រទេសសមាជិកអាស៊ានទាំងអស់ និងលេខាធិការដ្ឋានអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស។
លិខិតដដែលបានឱ្យដឹងថា កិច្ចប្រជុំលើកទី៣៤ នេះ អាយឆា បានពិនិត្យលើការអនុម័តរបាយការណ៍សង្ខេបចំនួន ៥ អំពីសកម្មភាព របស់អាយឆា ក្នុងឆ្នាំ ២០២១ ការជម្រាបជូនពីវឌ្ឍនភាពថ្មីៗនិងគំនិតផ្តួចផ្តើមពាក់ព័ន្ធនឹងសិទ្ធិមនុស្ស របស់ប្រទេសសមាជិកអាស៊ានមួយចំនួន។
ជាមួយគ្នានោះ ក៏មានការបន្ដពិភាក្សាលើឯកសារទស្សនទានជាច្រើននៃកម្មវិធីអាទិភាព របស់អាយឆាដែលគ្រោងអនុវត្តក្នុងឆ្នាំ ២០២២។ ការពិភាក្សាពីកម្មវិធីអាទិភាពរបស់អាយឆា សម្រាប់អនុវត្តនៅឆ្នាំ ២០២៣ ការរាយការណ៍ពីការតាមដាននិងវាយតម្លៃលើក្របខ័ណ្ឌការងារនៃផែនការ៥ ឆ្នាំរបស់អាយឆា (២០២១-២០២៥) ព្រមទាំងការលើកឡើងពីគម្រោងរៀបចំការប្រារព្ធអបអរខួប ១០ឆ្នាំ នៃសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ាន និងសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញស្តីពីការអនុម័ត សេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ាន។
ក្នុងលិខិតសរសេរថាៈ«ផែនការសកម្មភាពអាទិភាពរបស់អាយឆា ឆ្នាំ ២០២២ បានផ្តោតលើ សិទ្ធិកុមារ សិទ្ធិជនមានពិការភាព ធុរកិច្ចនិងសិទ្ធិមនុស្ស ការបង្ការទារុណកម្ម សេរីភាពជំនឿ សាសនា សេរីភាពក្នុងការបញ្ចេញមតិ សិទ្ធិទទួលបានទឹកស្អាតនិងអនាម័យ បម្រែបម្រួលអាកាសធាតុ ការជួញដូរមនុស្ស សិទ្ធិទទួលបានសេវាសុខាភិបាល និងសិទ្ធិទទួលបានសញ្ជាតិ»។
កិច្ចប្រជុំក៏បានធ្វើបច្ចុប្បន្នភាពលើកម្មវិធី និង សកម្មភាពអាទិភាពរបស់ អាយឆា ឆ្នាំ ២០១៤-២០២១ ដែលអាយឆាបានអនុម័តរួចហើយ តែមិនទាន់បានរៀបចំធ្វើដោយសារតែបញ្ហាជំងឺកូវីដ១៩។ ទន្ទឹមនឹងនេះ ក៏មានការធ្វើបច្ចុប្បន្នភាពទៅលើសេចក្តីព្រាងរបាយការណ៍ចំនួន ៥ ស្តីពីកម្មវិធី និង សកម្មភាពដែលអាយឆា បានអនុវត្តនាពេលកន្លងមក ព្រមទាំងវឌ្ឍនភាពនៃការសិក្សា និងប្រធានបទសិក្សារបស់ អាយឆាចំនួន ៥ សកម្មភាពទៀត។
កិច្ចប្រជុំបានពិភាក្សាលើទម្រង់ឯកសារចំនួន៣ សម្រាប់ជំនួបប្រចាំឆ្នាំជាមួយរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលរួមទាំងរបាយការណ៍សកម្មភាពរបស់ អាយឆា ត្រៀមធ្វើការរាយការណ៍ជូនកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅអំឡុង ខែកក្កដា ឆ្នាំ ២០២២ ខាងមុខនេះផងដេរ៕