ភ្នំពេញៈរដ្ឋសភាកម្ពុជាបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) ដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាសមាជិក ដើម្បីសន្តិភាព ទប់ស្កាត់សង្គ្រាម និងស្តារប្រទេសឡើងវិញ ក្រោយសង្គ្រាម។
ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៩ ខែមីនា គណៈប្រតិភូសភាកម្ពុជាដឹកនាំដោយលោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិឃោសនាការ និងព័ត៌មាននៃរដ្ឋសភាបានចូលរួមសម័យប្រជុំពេញអង្គលើកទី ៩ នៃសភាអន្តរជាតិ IPTP នៅទីក្រុងអាប៊ុយដាប៊ី និងឌូបៃនៃប្រទេសអារ៉ាប់រួម។
កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោកSaqr Ghubash ប្រធានក្រុមប្រឹក្សាជាតិសហព័ន្ធអារ៉ាប់រួម និងសន្និសីទអន្តរជាតិស្តីពីភាពអត់ឱននិងសន្តិភាព (ITCC) និងអ្នកអង្គម្ចាស់ Sheikh Nahyan bin Mubarak Al Nahyan រដ្ឋមន្ត្រីក្រសួងភាពអត់ឱន និងការរួមរស់នៃប្រទេសអារ៉ាប់រួម។
កិច្ចប្រជុំនេះមានការចូលរួមពីសមាជិកសភាមកពីជាង ៨០ ប្រទេស មកពីទ្វីបអាស៊ី អាហ្វ្រិក អាមេរិកឡាទីន និងអឺរ៉ុបព្រមទាំងតំណាងអង្គការជាតិ និងអន្តរជាតិដើម្បីលើកកម្ពស់គុណតម្លៃនៃភាពអត់ឱន សន្តិភាព និងការរួមរស់ជាមួយគ្នានៅក្នុងតំបន់ និងពិភពលោក។
សេចក្តីប្រកាសព័ត៌មានរដ្ឋសភាកម្ពុជាបញ្ជាក់នៅថ្ងៃទី ៣១ ខែមីនា ថា៖ «រដ្ឋសភាកម្ពុជាដែលតំណាងដោយ ឯកឧត្តមសួស យ៉ារ៉ា ក៏បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយសភាអន្តរជាតិ IPTP»។
ក្រៅពីចុះ MoU នេះ លោកក៏បានជួបពិភាក្សាការងារជាមួយលោក Ahmed bin Mohammed Al Jarwan ប្រធានក្រុមប្រឹក្សាសកលដើម្បីភាពអត់ឱន និងសន្តិភាពដែលជាស្ថាប័នកំពូលនៃសភាអន្តរជាតិ IPTP ដើម្បីជំរុញការតភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ន និងប្រទេសទាំង ២ ក្នុងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាសមាជិក និងបណ្តាស្ថាប័ននានាលើការជំរុញភាពអត់ឱននិងសន្តិភាព ការទប់ស្កាត់សង្គ្រាម ការដោះស្រាយជម្លោះ និងការស្ថាបនានិងស្តារប្រទេសឡើងវិញក្រោយសង្គ្រាម។
លោក សួស យ៉ារ៉ា បានលើកឡើង ៥ ចំណុច ដើម្បីសម្រេចបានសន្តិភាពដោយចីរភាពរួមមានទី ១- កិច្ចសហប្រតិបត្តិការពហុភាគី ទី ២- ការអភិវឌ្ឍយុវជន ទី ៣- ភាពជាដៃគូរវាងរដ្ឋាភិបាល សង្គមស៊ីវិល និងវិស័យឯកជន ទី ៤- ការគោរពចំពោះទស្សនៈនិងជំនឿខុសៗគ្នានិងទី៥-ការជំរុញការសិក្សាស្រាវជ្រាវនិងសហប្រតិបត្តិការរវាងធនាគារខួរក្បាល។
កិច្ចប្រជុំបានអនុម័តជាឯកច្ឆន្ទនូវសេចក្តីសម្រេចចិត្ តដើម្បីលើកកម្ពស់ភាពអត់ឱន និងសន្តិភាព នៅក្នុងតំបន់ និងសកលលោក។
លោក សួស យ៉ារ៉ា មិនអាចទាក់ទងបាន ដើម្បីសុំការបញ្ជាក់បន្ថែមបានទេ កាលពីថ្ងៃទី ៣ ខែមេសា ៕