ភ្នំពេញៈ អង្គការសន្សំម្លប់ព្រៃកំពុងប្រកាសជ្រើសរើសកសិករ សម្រាប់ចូលរួមជាសមាជិក-កសិករ IBIS ដោយឥតគិតថ្លៃ ដើម្បីអនុវត្តការដាំដុះស្រូវសរីរាង្គមិត្តភាពសង្គ្រោះសត្វព្រៃ នៅខេត្តចំនួន ៤ គឺខេត្តស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងខេត្តព្រះវិហារ ដែលការជ្រើសរើសនេះនឹងធ្វើឡើងត្រឹម ខែមេសា ២០២២។
លោក កែវ សុជាតិ នាយកប្រតិបត្តិអង្គការសន្សំម្លប់ព្រៃឱ្យដឹង នៅថ្ងៃទី ៣ មេសាថា ការជ្រើសរើស កសិករ សម្រាប់ចូលជាសមាជិក-កសិករ IBISនេះធ្វើឡើងដោយមិនគិតថ្លៃឡើយ។ ការជ្រើសរើសនៅបណ្តាខេត្តទាំង ៤ នោះ ក៏មិនកំណត់ចំនួនគ្រួសារប្រជាពលរដ្ឋនោះដែរ សំខាន់ពលរដ្ឋធ្វើបានត្រឹមត្រូវតាមលក្ខន្តិកៈដែលបានកំណត់។ គម្រោងនេះមានគោលបំណងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ដែលរស់នៅក្នុងសហគមន៍ ឬតំបន់ការពារធម្មជាតិឱ្យមានជីវភាពប្រសើរឡើង និងចូលរួមសកម្មភាពអភិរក្ស។
លោកថ្លែងថា៖ «ការចូលរួមជាសមាជិកហ្នឹង អត់គិតកម្រៃអីទេ ហើយយើងនឹងផ្តល់ពូជស្រូវ ដែលមានគុណភាពល្អឱ្យគាត់ថែមទៀត។ ការជ្រើសរើសហ្នឹង ក៏យើងមានគណៈកម្មការតាមភូមិនីមួយៗក្នុងការផ្សព្វផ្សាយ និងធានាក្នុងការជ្រើសរើសសមាជិកផងដែរ ហើយការដាំដុះនោះ គឺដាំទីណាក៏បាន សំខាន់គាត់មិនប៉ះពាល់ដល់ការកាប់រានទន្ទ្រានដីព្រៃថ្មី»។
លោក កែវ សុជាតិ ប្រាប់ថា បច្ចុប្បន្នមានប្រជាពលរដ្ឋប្រមាណជិត ១ ៥០០ គ្រួសារកំពុងអនុវត្តការដាំស្រូវសរីរាង្គមិត្តភាពសង្គ្រោះសត្វព្រៃ។ ជាទូទៅសម្រាប់ប្រជាពលរដ្ឋដែលបានអនុវត្តតាមលក្ខខន្តិកៈ ទាំងសរីរាង្គ ទាំងមិត្តភាពសង្គ្រោះសត្វព្រៃនោះអង្គការនឹងផ្តល់ជូនតម្លៃលើសទីផ្សារពី ២០ ទៅ ៣០ ភាគរយ ហើយពេលខ្លះ មានរហូតដល់ ៥០ ទៅ ៦០ ភាគរយផងដែរ។
ហ្វេសប៊ុកអង្គការសន្សំម្លប់ព្រៃ សរសេរនៅថ្ងៃទី ២៨ ខែមីនា ឱ្យដឹងថា បើមានចំណាប់អារម្មណ៍បង្កើនចំណូលពីការដាំដុះស្រូវសរីរាង្គមិត្តភាពសង្គ្រោះសត្វព្រៃកសិករដែលកំពុងប្រកបមុខរបរកសិកម្មដំណាំស្រូវនៅតាមបណ្តាតំបន់មួយចំនួន ដូចជា ដែនជម្រកសត្វព្រៃលំផាត់ និង ឧទ្យានជាតិវើនសៃ-សៀមប៉ាង ខេត្តរតនគិរី ដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី ក៏ដូចជា ដែនជម្រកសត្វព្រៃសៀមប៉ាង និងព្រៃឡង់នៅខេត្តស្ទឹងត្រែង ជាពិសេសគឺដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ព្រៃព្រះរកា និងដែនជម្រកសត្វព្រៃស្រុកឆែប ដែលស្ថិតនៅខេត្តព្រះវិហារ អាចធ្វើការទំនាក់ទំនងទៅកាន់អ្នកសម្របសម្រួលគម្រោងនៅតាមតំបន់គោលដៅនីមួយៗបាន ដើម្បីស្វែងយល់បន្ថែមពីដំណើរការនៃកម្មវិធីទាំងមូលឱ្យបានមុនដាច់ខែមេសា។
ហ្វេសប៊ុកដដែលបន្តថា អត្ថប្រយោជន៍នៃការដាំដុះស្រូវនេះ គឺមានទីផ្សារច្បាស់លាស់ និងតម្លៃខ្ពស់ បង្កើនចំណូលបន្ថែមក្នុងគ្រួសារ អាហារមានសុវត្ថិភាព ចូលរួមការពារព្រៃឈើ និងសត្វព្រៃ រួមទាំងទប់ស្កាត់ការប្រែប្រួល អាកាសធាតុ ងទទួលបានបច្ចេកទេសកសិកម្មថ្មីៗផងដែរ។
លោក លីន សម្បត្តិ បុគ្គលិកទីវាលនៃអង្គការសន្សំម្លប់ព្រៃឱ្យដឹងថា ក្នុងនាមជាបុគ្គលិកទីវាល លោកបានរួមចំណែកកិច្ចការងារចម្បងក្នុងការត្រួតពិនិត្យគ្រាប់ស្រូវតាមដំណាក់កាលនីមួយៗរហូតស្រូវត្រូវបានដឹកជញ្ជូនដល់រោងម៉ាស៊ីនធំ។ ការត្រួតពិនិត្យធ្វើតាមរបៀបបច្ចេកទេសពិនិត្យគុណភាពស្រូវ គឺមើលទៅលើទំហំ ពណ៌ ការបាក់ និងភាពស្វិត ជាពិសេសការបកសម្បកមើលគ្រាប់ និងការពិនិត្យលើសំណើមផងដែរ។
លោក សម្បត្តិ លើកឡើងថា ចំណុចទាក់ទាញដែលធ្វើឱ្យលោកសម្រេចប្តូរការងារពីក្រុមហ៊ុនប្រេងធំមួយក្នុងស្រុក មកធ្វើការជាមួយអង្គការសន្សំម្លប់ព្រៃនេះ ដោយសារការមើលឃើញគុណតម្លៃនៃគោលការណ៍ ៤ សំខាន់ៗ មានដូចជា ១ មិនប្រើថ្នាំគីមី និងជីគីមីគ្រប់ប្រភេទ ២ មិនរានដីព្រៃថ្មី និងដីខុសច្បាប់។ ៣ មិនកាប់ឈើ និងជួញដូរឈើខុសច្បាប់ និង ៤ មិនបរបាញ់សត្វព្រៃ និងជួញដូរសត្វព្រៃខុសច្បាប់។
លោកថ្លែងថា៖ «ខ្ញុំបាទរំពឹងថាទៅថ្ងៃមុខ ពួកគាត់នៅបន្តចូលរួមក្នុងកម្មវិធីស្រូវមិត្តភាពសង្គ្រោះ សត្វព្រៃ រួមទាំងមានជីវភាពកាន់តែ ប្រសើរ និងមានលទ្ធភាពបញ្ជូន កូនៗទៅសិក្សារហូតចប់ថ្នាក់បរិញ្ញាបត្រ ឬថ្នាក់បណ្ឌិតផងដែរ ហើយខ្ញុំក៏សង្ឃឹមថា កិច្ចការពារសត្វព្រៃ និងព្រៃឈើ នឹងបន្សល់ទុកឱ្យក្មេងៗជំនាន់ក្រោយបានឃើញបានយល់បានស្គាល់ពីស្នាដៃបងៗ ដែលខិតខំអភិរក្សកន្លងមក»៕