ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រេសិតពិសេសអង្គការសហប្រជាជាតិ (UN) បញ្ជាក់ពីសកម្មភាព ដែលភាគីទាំង ២ ត្រូវធ្វើជាបន្ទាន់នោះ គឺការបញ្ឈប់អំពើហិង្សានៅមីយ៉ាន់ម៉ា និងនាំយកជំនួយមនុស្សធម៌ជូនដល់ប្រជាជនមីយ៉ាន់ម៉ា ដែលកំពុងត្រូវការ។
ក្នុងជំនួបជាមួយលោក ហ៊ុន សែន នាថ្ងៃទី ១ មេសា លោកស្រី Noeleen Heyzer ប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកលើបញ្ហាមីយ៉ាន់ម៉ាបានប្រាប់លោក ហ៊ុន សែន នូវកិច្ចការដែលលោកស្រីបានធ្វើនារយៈពេល ៣ ខែកន្លងមកក្នុងនាមជាប្រេសិតពិសេស។ នេះបើយោងតាមហ្វេសប៊ុកលោក ហ៊ុន សែន នាថ្ងៃទី ១ ខែមេសា។
កិច្ចការដែលលោកស្រីប្រាប់លោក ហ៊ុន សែន រួមមានការពិចារណាដោះស្រាយបញ្ហាមីយ៉ាន់ម៉ាតាមរយៈការបង្កើតក្របខ័ណ្ឌពហុច្រកឈរលើមូលដ្ឋានទស្សនទានរង្វង់ ៣ ស្រទាប់។ ស្រទាប់ទី ១ នៅកណ្ដាលរង្វង់ គឺដំណើរការរកដំណោះស្រាយ ដែលដឹកនាំដោយមីយ៉ាន់ម៉ា និងជាកម្មសិទ្ធិរបស់មីយ៉ាន់ម៉ា ដែលឆ្លុះបញ្ចាំងពីឆន្ទៈរបស់ប្រជាជនមីយ៉ាន់ម៉ា។
ស្រទាប់ទី ២ គឺដំណើរការដឹកនាំដោយសហគមន៍តំបន់ដែលមានអាស៊ាន និងបណ្ដាប្រទេសជាប់ព្រំដែនមីយ៉ាន់ម៉ាទាំងអស់ចូលរួម និងស្រទាប់ទី ៣ ស្រទាប់ខាងក្រៅបង្អស់ គឺសហគមន៍-អន្តរជាតិ ដែលភាគច្រើនជាប្រទេសលោកខាងលិច។
បើយោងតាមហ្វេសប៊ុកដដែល លោកស្រី Heyzer ថ្លែងថា ក្របខ័ណ្ឌនេះមិនខុសពីការព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុចរបស់អាស៊ាននោះទេ។ រួមមានការផ្ដោតការខិតខំទៅលើការផ្តល់ជំនួយមនុស្សធម៌ ការការពារប្រជាជន និងការវិលទៅរកការគ្រប់គ្រងស៊ីវិលដែលជាការចាំបាច់ត្រូវមានការកសាងទំនុកចិត្ត។
លោក ហ៊ុន សែន ថ្លែងថា៖ «យើងមានចំណុចរួមគ្នា នោះគឺជួយស្វែងរកជូនប្រជាជនមីយ៉ាន់ម៉ានូវសន្តិភាព ស្ថិរភាព និងការរីកចម្រើន ហើយអ្វីដែលត្រូវធ្វើជាបន្ទាន់នោះ គឺបញ្ឈប់អំពើហិង្សា។ នាំអំណោយមនុស្សធម៌ជូនដល់ប្រជាជនទាំងអស់ដែលកំពុងត្រូវការ និងបង្កលក្ខណៈជឿទុកចិត្តគ្នាដោះស្រាយបញ្ហា ជាពិសេស តាមរយៈការព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុចរបស់អាស៊ាន»។
ដោយឡែក លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា និងលោកស្រី Heyzer ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី ៣១ ខែមីនា នៅទីស្តីការក្រសួងការបរទេស បានឯកភាពធ្វើការរួមគ្នាក្នុងការជួយប្រទេសមីយ៉ាន់ម៉ាឱ្យរួចផុតពីវិបត្តិនេះ តាមរយៈកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុចរបស់អាស៊ាន។
លោកប្រាប់លោកស្រី Heyzer អំពីជំហានចំនួន ៣ នៃការងារបន្ទាប់របស់លោក ក្នុងនាមជាប្រេសិតពិសេស។ ទី ១ ការត្រៀមរៀបចំកិច្ចប្រជុំពិគ្រោះយោបល់អំពីជំនួយមនុស្សធម៌ ដែលគ្រោងនឹងរៀបចំនៅដើមខែឧសភា ដើម្បីធ្វើការផ្លាស់ប្តូរទស្សនៈជាមួយភាគីផ្សេងៗលើរបៀបក្នុងការចែកចាយជំនួយមនុស្សធម៌ ប្រកបដោយប្រសិទ្ធភាពឱ្យទៅដល់ប្រជាជនដែលត្រូវការជំនួយបំផុតដោយគ្មានការរើសអើង។ ជំហានទី ២ គឺអំពីគម្រោងរៀបចំជំនួបតាមប្រព័ន្ធវីដេអូរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមេដឹកនាំយោធា មីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង និងទី ៣ អំពីដំណើរទស្សនកិច្ចជាលើកទី ២ របស់លោកទៅកាន់ប្រទេសមីយ៉ាន់ម៉ា។
ភាគីទាំង ២ បានពិភាក្សាគ្នាអំពីការរៀបចំកិច្ចប្រជុំពិគ្រោះយោបល់អំពីជំនួយមនុស្សធម៌ និងការបង្កើតច្រករបៀងមនុស្សធម៌ ដើម្បីធានាដំណើរការផ្តល់ជំនួយដោយរលូន និងសុវត្ថិភាព។
សេចក្តីប្រកាសព័ត៌មានក្រសួងការរបរទេសបានឱ្យដឹងថា លោកស្រី Heyzer បានធានាចំពោះលោក ប្រាក់ សុខុន អំពីការគាំទ្រ និងការចូលរួមយ៉ាងពេញលេញរបស់អង្គការសហប្រជាជាតិ។ ប្រេសិតពិសេសទាំង ២ ក៏បានពិភាក្សាគ្នាផងដែរ អំពីតួនាទីរបស់ប្រទេសមួយចំនួនក្នុងតំបន់ និងសហគមន៍អន្តរជាតិទាំងមូល ក្នុងការស្វែងរកដំណោះស្រាយចំពោះវិបត្តិមីយ៉ាន់ម៉ា។
ភាគីទាំង ២ ក៏បានពិភាក្សាគ្នាផងដែរ អំពីទម្រង់សហប្រតិបត្តិការបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក ដែលត្រូវអនុវត្តដោយអាស៊ាន និងអង្គការសហប្រជាជាតិ និងដោយប្រេសិតពិសេសទាំង ២ ក្នុងដំណើរការជាជំហានៗដោយចាប់ផ្តើមពីការចែកចាយជំនួយមនុស្សធម៌ទៅកាន់ប្រទេសមីយ៉ាន់ម៉ា។
លោក ហេង គីមគង់ អ្នកស្រាវជ្រាវជាន់ខ្ពស់នៃមជ្ឈមណ្ឌលអភិវឌ្ឍន៍-កម្ពុជាប្រាប់ភ្នំពេញប៉ុស្តិ៍ នាថ្ងៃទី ៣ ខែមេសា ថា វិបត្តិនៅមីយ៉ាន់ម៉ាចាំបាច់ត្រូវដោះស្រាយជាបន្ទាន់។ កម្ពុជាក្នុងនាមជាប្រធានអាស៊ាន គឺមានជំហរល្អក្នុងការនាំមកនូវដំណោះស្រាយចំពោះវិបត្តិនេះ។
លោកថ្លែងថា៖ «កម្ពុជាអាចសម្រេចបាននូវចំណុចនេះ តាមរយៈការធ្វើការជាមួយភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីនាំមកនូវសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា»៕