ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់អ្នករិះគន់លោកទុកជាមុនថា សូមកុំចាត់ទុកការសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីនៅខេត្តសៀមរាបជាផ្នែកមួយដើម្បីពង្រឹងសមត្ថភាពកងទ័ពចិន ដោយលោកអះអាងថា កម្ពុជាមិនត្រូវការយោធាបរទេសនៅលើទឹកដីកម្ពុជានោះទេ។
លោកថ្លែងថា៖ «សុំឱ្យក្រុមអ្នកវិភាគទាំងឡាយ តិចនាំគ្នាវិភាគថា អានេះមូលដ្ឋានសម្រាប់ចុះយន្តហោះចិន។ តិចនាំគ្នាវិភាគអាធុនហ្នឹង។ បើគេចង់ចុះ គេចុះនៅពោធិ៍ចិនតុងក៏បានដែរ កុំទៅឆ្ងល់ពេក គេចុះនៅឯណាក៏បានដែរ បើសិនជាគេចង់ចុះ។ ឧបមាថាគេបើកប្រតិបត្តិការយោធា អ៊ីចឹងចុះ គេចុះនៅឯណាក៏គេចុះបានដែរ»។
លោក ហ៊ុន សែន ថ្លែងដូច្នេះ ក្នុងឱកាសលោកចុះពិនិត្យការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ដែលស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។
លោកបន្តថា៖ «សង្ឃឹមថា អ្នកធ្វើអត្ថាធិប្បាយ និងអ្នកវិភាគ មិនចាត់ទុកការធ្វើព្រលានយន្តហោះអន្តរជាតិសៀមរាបនេះ ជាផ្នែកមួយនៃការពង្រឹងសមត្ថភាពយោធាចិននៅក្រៅប្រទេស នៅក្នុងប្រទេសកម្ពុជាទេ។ ផ្ញើសារជូនទុកឱ្យហើយ។ កុំឱ្យវិភាគបែបឆ្កួត។ កម្ពុជាអត់ត្រូវការយោធាបរទេសទេ ត្រូវការទេសចរបរទេសមកឱ្យច្រើន»។ លោកនាយករដ្ឋមន្ត្រីថ្លែងថា កម្ពុជាមិន «ល្ងង់» រហូតទៅដល់ឱ្យកងទ័ពបរទេសបោះទីតាំងនៅលើទឹកដីរបស់ខ្លួន ដោយខុសពីធម្មនុញ្ញរបស់ខ្លូនហើយក៏មិនត្រូវការទីប្រឹក្សាយោធានៅកម្ពុជាផងដែរ តែកម្ពុជាទទួលយកអនុព័ន្ធយោធាដោយលោកបញ្ជាក់យ៉ាងដូច្នេះថា៖ «យកកងទ័ពចិន យកកងទ័ពបរទេសមកដាក់ស្រុកធ្វើអី»។ លោក ហ៊ុន សែន ថ្លែងថា៖ «នៅចុះអនុព័ន្ធយោធានៅបាន ប៉ុន្តែកងទ័ពបរទេសនៅអត់បានទេ។ យោធាបរទេសនៅបាន ប៉ុន្តែនៅក្នុងឋានៈជាអនុព័ន្ធ»។
លោកលើកឡើងថា នៅរាល់ពេលដែលមានការសាងសង់ព្រលានយន្តហោះដែលមានជំនួយពីចិន អ្នករិះគន់លោកតែងតែចាត់ទុកព្រលានយន្តហោះនោះ ជាកន្លែងសម្រាប់ចុះចតនៃកងទ័ពចិន។
លោកបញ្ជាក់ថា៖ «សង្ឃឹមថា អ្នកវិភាគមិនវិភាគទៅជ្រុល។ ឱ្យតែឯងធ្វើជាមួយចិន ដឹងថាដាក់កងទ័ពចិនតែម្តង។ នែវាទៅអ៊ីចេះ។ បរទេសខ្លះទៅ ខ្មែរខ្លះទៅ ហើយយូរៗទៅអានេះឡប់បណ្តោយ ចូលអាក្បួនឡប់។ បើគិតពីយុទ្ធសាស្ត្រយោធាទៅវិញ ចុះអាព្រលានយន្តហោះមានស្រាប់ចុះបាន ម៉េចមិនចុះ។ និយាយតាមអ៊ីចេះហ្មងទៅ»។
លោកនាយករដ្ឋមន្ត្រីបន្តថា អ្នករិះគន់លោកមួយចំនួនលើកឡើងថា ព្រលានយន្តហោះអន្តរជាតិតារាសាគរ ក្នុងខេត្តកោះកុង គឺជាព្រលានយន្តហោះមួយ សម្រាប់ទទួលយោធាចិនហើយលោកប្រតិកម្មវិញថា៖ «ឆ្កួតទេអី! ចុះម៉េចក៏មិនចុះនៅព្រលានយន្តហោះកងកេង (ខេត្តព្រះសីហនុ) បណ្តោយទៅមិនស្រួល! អីក៏វាយ៉ាប់មាំម៉េស! បើបានជាជ្រុលមួលបង្កាច់ហើយ មួលបង្កាច់ឱ្យវាច្បាស់ហ្មងថាព្រលានយន្តហោះទាំងអស់ នៅស្រុកខ្មែរត្រៀមចុះ [ទទួល] យោធាចិនទាំងអស់អ៊ីចឹងហ្មងទៅ»។
អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ គ្រោងចំណាយទុនវិនិយោគប្រមាណ ៨៨០ លានដុល្លារអាមេរិក។ អាកាសយានដ្ឋាននេះ បានចាប់ផ្តើមដំណើរការសាងសង់កាលពីខែមីនា ឆ្នាំ ២០២០ ហើយគ្រោងប្រើរយៈពេលសាងសង់សរុបចំនួន ៣៦ ខែ ឬ ៣ ឆ្នាំ ដោយបានប្រើប្រាស់កម្មករប្រមាណជាង ១ ០០០ នាក់ ក្នុងនោះ ៧០ ភាគរយជាពលករខ្មែរ។
តាមគម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ គ្រោងនឹងបញ្ចប់ការសាងសង់នៅខែមីនា ឆ្នាំ ២០២៣ និងដំណើរការសាកល្បង ជាលើកដំបូងនៅខែតុលា ឆ្នាំ ២០២៣។ បច្ចុប្បន្នការសាងសង់សម្រេចបានប្រមាណ ២២ ភាគរយនៃផែនការសរុប។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណិ្ឌត្យសភា ប្រាប់ភ្នំពេញ-ប៉ុស្តិ៍នាថ្ងៃទី ៣ ខែមេសា ថា អ្វីដែលលោក ហ៊ុន សែន លើកឡើងនេះ គឺជាការសម្ដែងអារម្មណ៍ធុញទ្រាន់ទៅនឹងការចោទប្រកាន់ម្តងហើយម្តងទៀត ដោយមិនមានមូលដ្ឋានថា កម្ពុជាមានមូលដ្ឋានកងទ័ពបរទេស។ បើទោះបីជាកម្ពុជាខិតខំប្រឹងប្រែងបង្ហាញនូវតម្លាភាពជាច្រើនលើកច្រើនសាហើយក៏ដោយ ក៏ការសង្ស័យថា កម្ពុជាមានមូលដ្ឋានយោធាបរទេសនេះ ហាក់ដូចជាមិនត្រូវបានលាងជម្រះ។
លោកថ្លែងថា៖ «ការសង្ស័យនេះ គឺជាការសង្ស័យដែលរៀបចំឡើងជាសារមួយសម្រាប់ទប់ស្កាត់ការប៉ុនប៉ងណាមួយរបស់ប្រទេសចិនក្នុងការពង្រីកមូលដ្ឋានយោធារបស់ខ្លួននៅអាស៊ីអាគ្នេយ៍ ឬក៏នៅកម្ពុជា ដែលជាការគិតក្នុងសេណារីយោរបស់សហរដ្ឋអាមេរិកទេ។ មែនទែនជាល្បែងភូមិសាស្ត្រនយោបាយរវាងចិន និងសហរដ្ឋអាមេរិកទេ។ សហរដ្ឋអាមេរិកនិយាយបង្ការហើយទោះជាពិត ឬមិនពិតក៏ដោយ គឺជាការបង្ការច្រើនជាងមូលដ្ឋានពិតដែលមាន»៕