ពោធិ៍សាត់ៈ លោកទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានស្នើតាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តពោធិ៍សាត់ ត្រូវពន្លឿនការផ្តល់បណ្ណសមធម៌ជូនអតីតយុទ្ធជនឱ្យបានទាន់ពេលវេលា និងណែនាំដល់អាជ្ញាធរមូលដ្ឋាន ត្រូវថែទាំ និងយកចិត្តទុកដាក់ពីសុខទុក្ខ ជូនអតីតយុទ្ធជនឱ្យបានគ្រប់ៗគ្នា ខណៈអតីតយុទ្ធជនបានពលី និងលះបង់ ដើម្បីជាតិមាតុភូមិ។ លោកទេសរដ្ឋមន្ត្រី គន់ គីម បានស្នើបែបនេះ ក្នុងពេលជួបសំណេះសំណាល សួរសុខទុក្ខ សមាជិកសមាគមអតីតយុទ្ធជនកម្ពុជាស្ថិតនៅបុរីវប្បធម៌កោះសំពៅមាស ខេត្តពោធិ៍សាត់ ជាមួយជនពិការប្រភេទ ក ១ និងក ២ ប្រមាណ ១៥០ នាក់។
ជំនួបនេះ ក៏មានការចូលរួមពីលោក ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តពោធិ៍សាត់ ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធផងដែរ។
លោក គន់ គីម បានថ្លែងអំណរគុណដល់សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តពោធិ៍សាត់ ដែលតែងយកចិត្តទុកដាក់ជួយឧបត្ថម្ភថវិកា ស្បៀង ព្រមទាំងសម្ភារប្រើប្រាស់ដល់អតីតយុទ្ធជន ដែលមានជីវភាពក្រីក្រ ជាពិសេសបានចុះប្រគល់ថវិកាបេឡាមរណៈសង្គ្រោះជូនដល់គ្រួសារសមាជិកសមាគមបានទាន់ពេលវេលា។
លោកបានស្នើថា៖ «សមាគមអតីតយុទ្ធជន ខេត្តពោធិ៍សាត់ត្រូវបន្តពិនិត្យស្ថានភាពរស់នៅរបស់អតីតយុទ្ធជន ខណៈកាលពីថ្មីៗនេះ ខេត្តពោធិ៍សាត់បានប្រគល់បង្គ្រប់ផ្ទះ និងដីសម្បទានសង្គមកិច្ច ជូនអតីតយុទ្ធជនចំនួនជាង ៦០០ នាក់»។
លោកបន្តថា៖ «ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា តែងតែបន្តយកចិត្តទុកដាក់ ចំពោះអតីតយុទ្ធជនគ្រប់រូបជាប្រចាំ ដូចជាការផ្តល់ដីសម្បទានសង្គមកិច្ច ការសាងសង់ផ្ទះ ការផ្តល់របបសន្តិសុខសង្គម ជាពិសេសការពិនិត្យសុខភាព ដោយឥតគិតថ្លៃ និងការទទួលប្រាក់សោធននិវត្តន៍ជារៀងរាល់ខែ»។
បើតាមលោក គន់ គីម តាមការធ្វើបច្ចុប្បន្នភាពរបស់សមាគមអតីតយុទ្ធជនកម្ពុជាតាំងពីឆ្នាំ ២០១៦ រហូតដល់ឆ្នាំ ២០២១ នៅទូទាំងប្រទេសមានអតីតយុទ្ធជនមានប្រមាណជាង ១០ ម៉ឺននាក់ ក្នុងចំណោមនោះមានអតីតយុទ្ធជនជិត ៩ ០០០ គ្រួសារជួបការខ្វះខាតដីធ្លី ខ្វះផ្ទះ ឬជម្រកស្នាក់នៅហើយស្ថិតនៅក្នុងបន្ទាត់នៃភាពក្រីក្រ។
តាមរយៈលទ្ធផលនៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២២ រាជរដ្ឋាភិបាលបានណែនាំដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរៀបចំការពន្លឿនការលើកកម្រិតប្រាក់សោធននិវត្តន៍របស់អតីតមន្ត្រីរាជការ និងអតីតយុទ្ធជនចូលនិវត្តន៍ ដែលទទួលបានប្រាក់សោធននិវត្តន៍ទាបឱ្យបានកើនខ្ពស់ជាងមុន ដើម្បីបង្កើនល្បឿននៃការភ្ជិតគម្លាតប្រាក់សោធននិវត្តន៍រវាងអ្នកចូលនិវត្តន៍ចាស់ និងអ្នកចូលនិវត្តន៍ថ្មី។
លោកនាយករដ្ឋមន្ដ្រីក៏បានណែនាំឱ្យបើកប្រាក់សោធននិវត្តន៍ត្រូវបើកជូនអតីតមន្ត្រីរាជការ និងអតីតយុទ្ធជនចូលនិវត្តន៍ឱ្យបានទៀងទាត់ ដើម្បីពួកគាត់អាចយកថវិកាទាំងនោះប្រើប្រាស់សម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ និងប្រើប្រាស់តាមតម្រូវការបានទាន់ពេលវេលា៕