ភ្នំពេញៈ សេចក្តីព្រាងច្បាប់ស្តីពី «ការការពាររុក្ខជាតិ និងភូតគាមអនាម័យ» ត្រូវបានរដ្ឋសភា អនុម័តតាមសំណើររបស់រាជរដ្ឋាភិបាល ដើម្បីឆ្លើយតបទៅនឹងនិន្នាការនៃការរីកចម្រើនវិស័យកសិកម្ម ខណៈច្បាប់នេះក៏ជាផ្នែកមួយនៃការបង្កើនការនាំចេញកសិផលរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិផងដែរ។
សេចក្តីព្រាងច្បាប់នេះ ត្រូវបានសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី ៧ នីតិកាលទី ៦ សម្រេចបោះឆ្នោតអនុម័តកាលពីព្រឹកថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២២ ដោយមានសំឡេងគាំទ្រជាឯកឆន្ទចំនួន ៩២ លើ ៩២ សំឡេង។ សេចក្តីព្រាងច្បាប់នេះ មាន ១៥ ជំពូក និង ១១៣ មាត្រា។
នាសម័យប្រជុំនោះ លោក ឡូយ សុផាត ប្រធានគណៈកម្មការផែនការវិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភាបានធ្វើការរាយការណ៍ជូនអង្គសភាអំពីលទ្ធផលនៃការពិនិត្យសិក្សាសេចក្តីព្រាងច្បាប់នេះ។
ជាមួយគ្នានោះលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានដឹកនាំក្រុមការងារជំនាញក្នុងនាមជាតំណាងរាជរដ្ឋាភិបាលបានឡើងការពារសេចក្តីព្រាងច្បាប់ស្តីពី «ការការពាររុក្ខជាតិ និងភូតគាមអនាម័យ»នៅចំពោះមុខអង្គសភាទាំងមូល។
លោករដ្ឋមន្ត្រីបានជម្រាបជូនអង្គសភាថា សេចក្តីព្រាងច្បាប់នេះ គឺជាសមិទ្ធផលថ្មីមួយទៀតក្នុងការកសាងឯកសារបទដ្ឋានគតិយុត្ត សម្រាប់ធ្វើការអភិវឌ្ឍវិស័យកសិកម្ម ដូចមានចែងយ៉ាងច្បាស់នៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាលនីតិកាលទី ៦ នៃរដ្ឋសភា ដើម្បីបង្កើនផលិតភាព ពិពិធភាវូបនីយកម្ម និងពាណិជ្ជូបនីយកម្មកសិកម្មក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មទី ៤ និងបច្ចេកវិទ្យាឌីជីថល។
លោកបានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ប្រវត្តិនៃដំណើរការរៀបចំសេចក្តីព្រាងច្បាប់នេះត្រូវបានរៀបចំយ៉ាងលម្អិតជាបន្តបន្ទាប់ ដោយបានបញ្ជាក់យ៉ាងច្បាស់អំពីដំណើរការនៃការកសាងច្បាប់ ស្របទៅតាមនិន្នាការនៃការវិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ ទាំងសេដ្ឋកិច្ច និងសង្គម ឆ្លើយតបតាមអនុសញ្ញាអន្ដរជាតិស្តីពី «ការការពាររុក្ខជាតិ»នៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ១៩៥២ និងកាតព្វកិច្ចក្នុងនាមជាប្រទេសជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) ជាពិសេសលក្ខខណ្ឌតម្រូវភូតគាមអនាម័យនៃទីផ្សារនាំចេញ និងនាំចូលកសិផល និងរុក្ខជាតិមកក្នុងព្រះរាជាណាចក្រកម្ពុជា»។
លោកបន្តទៀតថា ដោយយល់ច្បាស់ពីសេចក្តីត្រូវការចាំបាច់អំពីឯកសារគតិយុត្តរបស់កម្ពុជារាជរដ្ឋាភិបាល ដែលមានក្រសួងកសិកម្ម ជាសេនាធិការ ចាំបាច់ និងជាបន្ទាន់ ត្រូវបង្កើតច្បាប់ស្តីពី "ការការពាររុក្ខជាតិ និងភូតគាមអនាម័យ" នេះឡើង។
លោកឱ្យដឹងដែរថា សេចក្តីព្រាងច្បាប់នេះ ទទួលបានការសហការ និងគាំទ្រពីគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ គណ:រដ្ឋមន្ត្រី គណ:កម្មាធិការទី ៣ និងគណ:កម្មការផ្សេងៗទៀតនៃរដ្ឋសភាបានពិនិត្យ ពិភាក្សា និងវាយតម្លៃលើទម្រង់ ខ្លឹមសារគតិយុត្ត និងបានអនុម័តជាឯកច្ឆន្ទអនុញ្ញាតឱ្យដាក់សេចក្តីព្រាងច្បាប់នេះចូលក្នុងរបៀបវារៈនៃសម័យប្រជុំពេញអង្គរដ្ឋសភានាពេលនេះ។ សេចក្តីព្រាងច្បាប់នេះ ត្រូវបានអង្គសភា ធ្វើការពិនិត្យ ពិភាក្សា និងលើកជាសំណួរក្នុងន័យស្ថាបនាដែលផ្តល់ធាតុចូលសម្រាប់ជាមូលដ្ឋានគ្រឹះ និងគាំទ្រលើខ្លឹមសារបច្ចេកទេស និងមូលដ្ឋានគតិយុត្តនៃច្បាប់នេះបន្ថែមទៀតផងដែរ។
ប្រធានសម្ព័ន្ធសហគមន៍កសិករ-កម្ពុជាលោក ថេង សាវឿង មើលឃើញថា ច្បាប់នេះនឹងផ្តល់ផលប្រយោជន៍ជាច្រើនសម្រាប់កម្ពុជាទាំងការនាំចេញកសិផល និងនាំចូលម្ហូបអាហារដែលមានគុណភាពអាចធានាដល់អ្នកបរិភោគ និងសុខភាពសាធារណៈ។ លោកថា ច្បាប់នេះបានកំណត់អំពីការគ្រប់គ្រងសុខភាពរុក្ខជាតិ ហើយសង្ឃឹមថា ច្បាប់ដែលបង្កើតឡើងនេះអាចចូលរួមអភិរក្ស រុក្ខជាតិកម្របុរាណរបស់ខ្មែរផងដែរ។ ទន្ទឹមនេះដែរ លោកស្នើឱ្យរដ្ឋាភិបាលមានការផ្សព្វផ្សាយច្បាប់នេះជាសាធារណៈឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ ជាពិសេសកសិករ ដើម្បីឱ្យពួកគាត់បានយល់ដឹងបន្ថែម ចៀសវាងគាត់អត់បានយល់ដឹងពីច្បាប់ ហើយអនុវត្តមិនបានត្រឹមត្រូវដែលធ្វើឱ្យកសិផលរបស់កសិករបរាជ័យ។ លោកថា៖ «ច្បាប់នេះមានផលខាត ក៏មានផលចំណេញដែរ បើច្បាប់នេះទៅពិនិត្យសុខភាពនៃការដាំដុះ ឬប្រភេទនៃការនាំចេញបែបលក់បែបគ្រួសារ ឬការដាំដុះរបស់ប្រជាពលរដ្ឋ នោះនឹងបង្កើនការរំខានដល់ពួកគាត់។ ប៉ុន្តែបើច្បាប់នេះ ប្រើសម្រាប់ឧស្សាហកម្ម និងកសិកម្មធំៗសម្រាប់ការនាំចេញទៅក្រៅប្រទេស គឺមានភាពល្អប្រសើរ ព្រោះធានាបាននូវគុណភាព និងសក្តានុភាពផលិតភាពកសិកម្ម»។
លោកបន្តថា មួយវិញទៀតយើងក៏អាចប្រើប្រាស់ច្បាប់នេះសម្រាប់ត្រួតពិនិត្យគ្រប់ម្ហូបអាហារ ឬគ្រឿងរុក្ខជាតិដែលនាំចូលពីក្រៅប្រទេសមកលក់ក្នុងប្រទេស ដូចជាបន្លែ ត្រី សាច់ ដែលនាំចូលពីប្រទេសជិតខាងជាដើម ដើម្បីធានាបាននូវសុខភាពសាធារណៈដល់អ្នកប្រើប្រាស់ និងមិនប៉ះពាល់ដល់សុខភាព។
ក្រសួងកសិកម្មបានឱ្យដឹងថា នៅក្នុងរយៈពេល ៣ ខែ ដើមឆ្នាំ ២០២២ នេះ ការនាំចេញកសិផលទៅក្រៅប្រទេសដែលអគ្គនាយកដ្ឋានកសិកម្មទទួលបានផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ មានបរិមាណសរុប ៣ ៤៣៤ ០៧០,៦៣ តោន ទៅកាន់ទិសដៅ ៥៧ ប្រទេស គឺមានការកើនឡើងចំនួន ៣៤៤ ៨៦០,៧១ តោន ស្មើនឹង ១១,១៦% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១ ។ ក្រសួងបន្តថា ផលិតផលកសិផលដែលកម្ពុជានាំចេញរួមមាន អង្ករ ស្រូវ ចំណិតដំឡូងមីក្រៀម ដំឡូងមីស្រស់ ម្សៅដំឡូងមី គ្រាប់ស្វាយចន្ទីឆៅ និងកែច្នៃ គ្រាប់ពោត គ្រាប់សណ្តែកបាយ ផ្លែចេកស្រស់ ផ្លែក្រូចត្លុង ផ្លែស្វាយស្រស់ និងកែច្នៃ ម្រេចស្រស់ និងកែច្នៃ ថ្នាំជក់ បន្លែចម្រុះ ម្ទេសស្រស់ និងក្រៀម ជាដើម៕