សៀមរាបៈ ក្នុងត្រីមាសទី ១ ឆ្នាំនេះអាជ្ញាធរជាតិអប្សរាបានឯកភាពលើសំណើរបស់ពលរដ្ឋចំនួន ៣១៤ សំណើក្នុងចំណោម ៤៣៩ សំណើដែលបានស្នើសុំជួសជុល និងសាងសង់ផ្ទះក្នុងតំបន់ឧទ្យានអង្គរ និងក្រៅតំបន់ឧទ្យានអង្គរ។ អាជ្ញាធរនេះអះអាងថា នឹងបន្តផ្សព្វផ្សាយអប់រំបន្ថែមទៀតដើម្បីឱ្យពលរដ្ឋបានយល់កាន់តែច្បាស់ពីការជួសជុល សាងសង់ និងប្រើប្រាស់ដីតំបន់អង្គរ។
អាជ្ញាធរជាតិអប្សរាបានឱ្យដឹងថាលទ្ធផលប្រចាំត្រីមាសទី ១ ឆ្នាំ ២០២២ នេះក្រុមការងារសហគមន៍របស់អាជ្ញាធរជាតិអប្សរាបានចុះផ្សព្វផ្សាយអប់រំ និងពិនិត្យការស្នើសុំជួសជុលផ្ទះ រួមទាំងការសាងសង់តូចតាចទាំង ៥ ស្រុក/ក្រុងទាំងក្នុង និងក្រៅតំបន់ឧទ្យានអង្គរបានចំនួន ៤៣៩ សំណើ ក្នុងនោះបានអនុញ្ញាតជូនពលរដ្ឋចំនួន ៣១៤ សំណើ។
អាជ្ញាធរនេះ បញ្ជាក់ថា «ក្នុងករណីអនុញ្ញាតជូនប្រជាពលរដ្ឋខាងលើរួមមាននៅស្រុកប្រាសាទបាគងបានចំនួន ៣២ សំណើ ស្រុកអង្គរធំបានចំនួន ២៥ សំណើ ស្រុកពួកបានចំនួន ៦៧ សំណើ និងក្រុងសៀមរាបបានចំនួន ១៤១ សំណើ ស្រុកបន្ទាយស្រី ៤៨ សំណើ។ ក្រុមការងារក្រៅឧទ្យានបានចំនួន ១ សំណើ សរុបចំនួន ៣១៤ សំណើ»។
ទោះជាយ៉ាងណា បញ្ហាប្រឈមដែលក្រុមការងារសហគមន៍បានជួបប្រទះ មានដូចជា ការជួសជុល ឬការសាងសង់មុនការចុះពិនិត្យរបស់ក្រុមការងារ ការប្រកាសលក់ដីក្នុងតំបន់ការពារតាមរយៈបណ្តាញសង្គមហ្វេកប៊ុក និងការដាក់ស្លាក (ដីលក់) ផ្ទាល់ក្នុងតំបន់អង្គរ។ នេះបើតាមអាជ្ញាធរអប្សរា។
អាជ្ញាធរជាតិអប្សរាបញ្ជាក់ទៀតថា «ជាគោលដៅបន្តក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរានឹងបន្តផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋឱ្យយល់កាន់តែច្បាស់ពីតួនាទី ភារកិច្ចរបស់អាជ្ញាធរជាតិអប្សរា ការប្រើប្រាស់ដីធ្លីក្នុងតំបន់ការពារនៃរមណីយដ្ឋានអង្គរ នីតិវិធីនៃការដាក់ពាក្យស្នើសុំជួសជុល និងសាងសង់ផ្ទះក្នុងឧទ្យានអង្គរឱ្យកាន់តែមានប្រសិទ្ធភាពទាន់ពេលវេលា» ។
លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា ធ្លាប់បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា រាល់សំណើរបស់ពលរដ្ឋត្រូវបានក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាយកមកពិនិត្យ និងផ្តល់ការអនុញ្ញាតឱ្យសាងសង់ និងសំណើមួយចំនួនទៀតក៏ត្រូវបានបដិសេធដែរ ។
លោកថា៖ «សំណើដែលត្រូវបានបដិសេធ គឺមិនបានបំពេញលក្ខខណ្ឌត្រឹមត្រូវ និងទំហំនៃសំណើមានលក្ខណៈធំហួសពីលទ្ធភាពពីក្រុមការងារសម្រេចជូនគឺមានដំណោះស្រាយផ្សេងទៀតជូនពួកគាត់ ដើម្បីឱ្យការរស់នៅរបស់ពួកគាត់មានភាពប្រសើរ និងរក្សាបាននូវអត្តសញ្ញាណបែបបទខ្មែរ» ។
ទោះជាយ៉ាងណា លោកថា សំណើដែលត្រូវបានបដិសេធគឺពួកគាត់មិនមានការតវ៉ាឬជំទាស់នោះទេ គឺមានតែគោរពតាមការណែនាំ និងការពន្យល់របស់ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា។ បើតាមលោក ឡុង កុសល រាល់ការជួសជុល និងសាងសង់ផ្ទះក្នុងតំបន់ឧទ្យានអង្គរ ពលរដ្ឋចាំបាច់ត្រូវតែសុំពីអាជ្ញាធរជាតិអប្សរា ព្រោះចំណុចសំខាន់គឺត្រូវរក្សាឱ្យបាននូវអត្តសញ្ញាណបែបបទខ្មែរ និងអនុលោមតាមបេតិកភណ្ឌពាក់ព័ន្ធនឹងកម្ពស់ និងរចនាប័ទ្មជាដើម ។
លោក កុសល បានបន្ថែមថា ចំពោះពលរដ្ឋដែលទទួលបានការអនុញ្ញាត ប៉ុន្ដែបែរជាសង់ខុសពីសំណើ គឺអាជ្ញាធរជាតិអប្សរាតម្រូវឱ្យរុះរើវិញដាច់ខាត។
លោកថ្លែងថា៖ «កន្លងមកក្រៅពីការលួចសង់ដោយគ្មានច្បាប់ក៏មានពលរដ្ឋខ្លះដែលទទួលបានការអនុញ្ញាតឱ្យសាងសង់ហើយ ប៉ុន្ដែបែរជាសង់ខុសពីសំណើទៅវិញក៏មានដែរ ដែលករណីនេះ អាជ្ញាធរជាតិអប្សរាបានតម្រូវឱ្យរុះរើវិញ ចំណែកសំណង់ខុសច្បាប់ដែលគ្មានការអនុញ្ញាតត្រូវបានក្រុមការងារជំនាញយើងចុះទប់ស្កាត់ និងឱ្យរុះរើចេញវិញតែម្តង»។
លោក ឡុង កុសល បញ្ជាក់ទៀតថា រាល់ការស្នើសុំច្បាប់ជួសជុល គឺពុំមានការតម្រូវឱ្យបង់ប្រាក់នោះទេ។ ចំណែកសំណើដែលក្រុមការងារសហគមន៍បានចុះពិនិត្យ និងដោះស្រាយមានដូចជា ការជួសជុលផ្ទះ ការជួសជុល ឬប្តូរដំបូល ប្តូរជញ្ជាំង ប្តូរសសរ ប្តូរសំយាប ជួសជុលជណ្តើរ ជួសជុលរបងផ្ទះ បន្ទប់ក្រោមផ្ទះ និងសំណង់តូចតាចដែលបានសាងសង់ដូចជា បង្គន់ ទ្រុងមាន់ ទា ជ្រូក ជង្រុកស្រូវ តូប ឬរោងលក់ដូរនៅមុខផ្ទះ និងការចាក់ដីលុបជង្ហុកក្នុងបរិវេណក្រោមផ្ទះជាដើម៕