ភ្នំពេញៈ គណៈកម្មការទន្លេមេគង្គ (MRC) កាលថ្ងៃទី ៣១ ខែមីនា បានសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយតាមដានកម្រិតទឹកទន្លេមេគង្គទី ១ នៅផ្នែកខាងលើអាងទន្លេមេគង្គក្រោម សំដៅកាត់បន្ថយភាពងាយរងគ្រោះ សម្រាប់ប្រជាជនអាស៊ីអាគ្នេយ៍រាប់លាននាក់នៅផ្នែកខាងក្រោមទន្លេដែលងាយរងឥទ្ធិពលបំផុតពីរំហូរទឹក។
MRC បញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី ១ ខែមេសាថា ស្ថានីយតាមដានថ្មីក្នុងស្រុកសៀងកុក ស្ថិតនៅព្រំប្រទល់ភាគខាងជើងឡាវជាប់នឹងប្រទេសមីយ៉ាន់ម៉ានឹងជំរុញកិច្ចសហប្រតិបត្តិការដែល MRC ចង់បានជាយូរមកហើយ។ ក្នុងករណីនេះ ប្រទេសមីយ៉ាន់ម៉ាមានឱកាសចូលរួមប្រមូលទិន្នន័យការបញ្ចេញទឹក រួមគ្នាជាមួយនឹងសហការីឡាវ ដែលប្រជាជនរាប់លាននាក់រស់នៅខាងក្រោមទន្លេ នឹងទទួលបានសម្រាប់ប្រើប្រាស់យ៉ាងឆាប់រហ័ស។
សេចក្តីប្រកាសព័ត៌មានដកស្រង់សម្ដីលោក AnoulakKittikhoun នាយកប្រតិបត្តិលេខាធិការដ្ឋាន MRC ថាស្ថានីយថ្មីនេះ នឹងកត់ត្រារំហូរទឹកពីផ្នែកខាងលើនៃទន្លេមេគង្គ ដែលនៅប្រទេសចិន គេហៅថា ទន្លេឡាងឆា ចម្ងាយប្រមាណ ១៣០ គីឡូម៉ែត្រពីស្ថានីយនេះ។
លោកថ្លែងថា៖ «នេះជាស្ថានីយតាមដានបែបយុទ្ធសាស្ត្រមួយ។ ប្រសិនបើមានការប្រែប្រួលណាមួយពីការបញ្ចេញទឹក ការបិទច្រកទ្វារ ឬភ្លៀងធ្លាក់ភ្លាមៗ យើងនឹងទទួលបានដំណឹងនេះភ្លាម។ ជាមួយនឹងសមត្ថភាពកាន់តែប្រសើរ យើងអាចផ្តល់ព័ត៌មានច្រើនទៅឱ្យប្រទេសជាសមាជិក និងសហគមន៍តាមមូលដ្ឋាន។ ប៉ុន្តែវាក៏ទាមទារឱ្យប្រទេសនីមួយៗ ចែករំលែកព័ត៌មានកាន់តែច្រើនពីប្រតិបត្តិការទំនប់ផងដែរ»។
ស្ថានីយសៀងកុក ជាស្ថានីយមួយក្នុងចំណោមស្ថានីយតាមដានថ្មីៗជាច្រើន ដែលការសាងសង់ត្រូវបានពន្យារពេលដោយសារជំងឺកូវីដ។ វាធ្វើឱ្យការដឹកជញ្ជូនសម្ភារ និងគ្រឿងបន្លាស់ចាំបាច់ មានភាពយឺតយ៉ាវ។
ទោះជាយ៉ាងនេះក្តី សព្វថ្ងៃនេះ ស្ថានីយបែបនេះជាច្រើនកំពុងនិងដំណើរការថ្មី ព្រោះថាប្រទេសជាសមាជិកទាំង ៤ រួមមាន កម្ពុជា ឡាវ ថៃ និងវៀតណាម បានជំរុញឱ្យសមត្ថភាពតាមដាន និងព្យាករតាមតំបន់កាន់តែប្រសើរ។
MRC បញ្ជាក់ថា ជាយូរមកហើយ ជីវិតតាមដងទន្លេមេគង្គក្រោម ងាយរងគ្រោះដោយសាររំហូរទឹក មិនថា ដោយសារកត្តាមនុស្ស ឬធម្មជាតិនោះទេ។ ភូមិស្រុកជាច្រើន ត្រូវបានលិចលង់ជាបន្តបន្ទាប់ បង្កឱ្យមានផលវិបាកមហន្តរាយសម្រាប់ក្រុមគ្រួសារដែលរស់នៅទីនោះ។
ចាប់ពីឆ្នាំ ២០០៨ ដល់ឆ្នាំ ២០១២ នៅដំណាក់កាលទី ១ នៃគម្រោងប្រព័ន្ធអង្កេតតាមដានវដ្តជលសាស្ត្រ (HYCOS) គេបានសាងសង់ស្ថានីយចំនួន ៤៩ តាមដងទន្លេមេគង្គ និងដៃទន្លេនេះ ដើម្បីវាស់ស្ទង់ជាបន្តបន្ទាប់ពីកម្រិតទឹក និងបរិមាណភ្លៀងធ្លាក់។
MRC បន្តថា ស្ថានីយចំនួន ១២ ក្នុង ១ ប្រទេស ត្រូវបានស្ថាបនានៅកម្ពុជា ឡាវ និងវៀតណាម ១១ នៅថៃ និង ២ នៅភាគខាងត្បូងប្រទេសចិនដែលភាគច្រើនទន្លេហូរកាត់។ ទីភ្នាក់ងារអភិវឌ្ឍន៍ប្រទេសបារាំង (AFD) ជាអ្នកផ្តល់មូលនិធិ។
ក្នុងចំណោមស្ថានីយទាំង ៤៩ នេះ ស្ថានីយចំនួន ៤៥ នៅដំណើរការនៅឡើយ។ ប៉ុន្តែគេត្រូវការស្ថានីយច្រើនបន្ថែមទៀត។ តាមរយៈគម្រោង HYCOS ការពង្រីក និងការធ្វើបច្ចុប្បន្នភាពស្ថានីយនឹងទទួលបាននូវស្ថានីយសរុបចំនួន ៥៦ តាមដងទន្លេមេគង្គក្នុងពេលឆាប់ៗនេះ ជាមួយនឹងស្ថានីយ ១៣ បន្ថែមទៀតលើដៃទន្លេមេគង្គ ក្រោមគម្រោងគ្រប់គ្រងគ្រោះរាំងស្ងួតរបស់ជប៉ុន និង ២ ទៀតក្រោមគម្រោងសាកល្បងតាមដានបរិស្ថានរួមរបស់ MRC។
ប្រភពដដែលបន្តថា កន្លងមកក្នុងប្រទេសកម្ពុជា MRC បានសាងសង់បញ្ចប់នូវស្ថានីយថ្មីមួយ និងជួសជុលកែលម្អស្ថានីយមួយ។ ឡាវបានកែលម្អស្ថានីយចំនួន ២ ដោយមានការសាងសង់នូវស្ថានីយថ្មីចំនួន ២ រួមទាំងស្ថានីយសៀងកុក។ ដោយសារជំងឺកូវីដបានធូរស្រាល ស្ថានីយដែលទើបនឹងសាងសង់បញ្ចប់ថ្មីៗនេះ ក៏កំពុងដំណើរការដែរក្នុងប្រទេសថៃ និងវៀតណាម។
លោក រ៉ូ វណ្ណៈ សហស្ថាបនិកវិទ្យាស្ថានប្រជាធិបតេយ្យ-កម្ពុជាថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ៣ ខែមេសាថា ប្រទេសទាំងអស់ដែលអាស្រ័យលើទន្លេមេគង្គនឹងទទួលបានផលប្រយោជន៍ ប្រសិនបើស្ថានីយនេះប្រព្រឹត្តទៅដោយតម្លាភាព គណនេយ្យភាព និងដោយមានការចូលរួមពេញលេញពីប្រទេសទាំងអស់នេះ ខណៈប្រទេសចិនគឺជាប្រភពនៃការហូរនៃទឹកទន្លេមេគង្គ។
លោកថ្លែងថា៖ «ថាតើប្រទេសចិនមានសមានចិត្ត មានសុច្ឆន្ទៈនៅក្នុងការគិតគូរពីផលប្រយោជន៍របស់បណ្តាប្រទេសដែលស្ថិតនៅក្រោមខ្សែទឹកទន្លេមេគង្គដែរឬទេ ដោយសារតែចិនគាត់បានធ្វើវារីអគ្គិសនីច្រើននៅក្នុងផ្ទៃទន្លេមេគង្គខាងលើដែលឱ្យគេហៅថាមានការប្រែប្រួលទៅលើប្រព័ន្ធអេកូឡូស៊ីការប្រែប្រួលកម្រិតនៃទឹកទន្លេមេគង្គ។ អ៊ីចឹងចិនគាត់ជាអ្នកកាន់ក្បាលរ៉ូប៊ីណេ»។
លោក រ៉ូ វណ្ណៈ បានបន្តថា កម្ពុជានឹងទទួលបានផលប្រយោជន៍ច្រើន ប្រសិនបើស្ថានីយនេះត្រូវបានបង្កើតឡើងហើយមានប្រសិទ្ធភាពហើយវាជាចំណុចចាប់ផ្តើមល្អមួយសម្រាប់ប្រទេសទាំងអស់នៅតាមដងទន្លេមេគង្គ៕