ភ្នំពេញៈ អូស្ត្រាលីប្រកាសផ្តល់ជំនួយជាទូត្រជាក់ចំនួន ៣៣គ្រឿង សម្រាប់រក្សាវ៉ាក់សាំងកូវីដ ១៩ ប្រភេទ Pfizer ដល់កម្ពុជា ខណៈលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឱ្យអូស្ត្រាលីពិនិត្យមើលវិស័យផ្សេងៗ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងប្រទេសទាំង ២។
ការប្រកាសនេះធ្វើឡើងក្នុងជំនួបរវាង លោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាថ្ងៃទី ១ ខែមេសា។
លោក Pablo Kang បានបញ្ជាក់ខ្លឹមសារលិខិតរបស់លោក Scott Morrison នាយករដ្ឋមន្ត្រីអូស្ត្រាលី ប្រាប់លោក ហ៊ុន សែន ថា៖ «អូស្ត្រាលីនឹងផ្តល់ជំនួយជាទូត្រជាក់ចំនួន ៣៣ គ្រឿង សម្រាប់រក្សាវ៉ាក់សាំង Pfizer »។ នេះបើយោងតាមហ្វេសប៊ុកលោក ហ៊ុន សែន នាថ្ងៃទី ១ ខែមេសា។
លិខិតដដែលបញ្ជាក់ថា អូស្ត្រាលីនឹងបើកប្រទេសឡើងវិញ នៅ ២ សប្តាហ៍ខាងមុខ។ ប្រទេសអូស្ត្រាលីនឹងអនុញ្ញាតឱ្យប្រជាជនធ្វើដំណើរចូលប្រទេសអូស្ត្រាលីដោយមិនបាច់ត្រូវការធ្វើតេស្តកូវីដទៀតទេ។
លិខិតដដែលបន្តថា អូស្ត្រាលីនឹងផ្ដល់ជំនួយកិច្ចសហប្រតិបត្តិការជាដៃគូលើវិស័យកសិកម្ម កសិឧស្សាហកម្ម ដើម្បីផលិតកសិផលក្នុងការនាំចេញទៅប្រទេសក្រៅ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។
លោក ហ៊ុន សែន ថ្លែងថា អូស្ត្រាលីបានទទួលស្គាល់កម្ពុជាមុនកម្ពុជាទទួលបានឯករាជ្យ ហើយជាចរន្តជំរុញឱ្យកម្ពុជាទទួលបានឯករាជ្យពីបារាំង។
លោកបានអបអរសាទរដល់រដ្ឋាភិបាលអូស្ត្រាលីក្នុងការគ្រប់គ្រង ការរីករាលដាលជំងឺកូវីដ ១៩ និងការបើកប្រទេសឡើងវិញ នៅ ២ សប្តាហ៍ខាងមុខនេះ ។
លោក ហ៊ុន សែន អរគុណដល់រដ្ឋាភិបាលអូស្ត្រាលីដែលបានផ្ដល់វ៉ាក់សាំង និងទូត្រជាក់រក្សាវ៉ាក់សាំង និងកិច្ចសហប្រតិបត្តិការជាដៃគូជា ពិសេសលើវិស័យកសិកម្ម កសិឧស្សាហកម្ម ដើម្បីជំរុញចង្វាក់ផលិតកម្មសម្រាប់ការនាំចេញផលិតផលកសិកម្មកម្ពុជា តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ ហ្វេសប៊ុកលោក ហ៊ុន សែន បន្តថា លោកបានស្នើឱ្យលោក Pablo Kang ធ្វើការពិនិត្យលើវិស័យផ្សេងៗទៀត ដើម្បីពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើទំនាក់ទំនងរវាងប្រទេសទាំង ២។
លោក Pablo Kang បានសរសេរនៅលើ Twitter ក្រោយជំនួបនេះថា លោកបានពិភាក្សាជាមួយលោក ហ៊ុន សែន ក្នុងរយៈពេលវែង ហើយកិច្ចពិភាក្សានេះទទួលបានលទ្ធផលផ្លែផ្កាអំពីទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំង ២ ទំនាក់ទំនងអាស៊ាន និងបញ្ហាអន្តរជាតិ និងតំបន់ជាច្រើន ដែលជាកង្វល់សំខាន់បំផុត រួមទាំងជម្លោះនៅអ៊ុយក្រែន និងមីយ៉ាន់ម៉ាផងដែរ។
លោកបានសរសេរថា លោកក៏បានជួបជាមួយលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយបានពិភាក្សាពីការផ្លាស់ប្តូរទស្សនៈស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី កំណែទម្រង់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការគាំទ្រទៅលើការផ្តល់វ៉ាក់សាំងកូវីដ ១៩ និងវិស័យកសិកម្ម និងទឹក។
នៅថ្ងៃទី ៣ ខែមេសាក្រសួងសុខាភិបាលបានរកឃើញអ្នកឆ្លងវីរុសកូវីដ ១៩ ចំនួន ៣៣ នាក់បន្ថែមទៀត ដែលជាប្រភេទមេរោគបំប្លែងថ្មីអូមីក្រុងទាំងអស់ និងជារករណីឆ្លងក្នុងសហគមន៍ទាំងអស់ ខណៈអ្នកជាសះស្បើយមានចំនួន ១២៨ នាក់ តែមិនមានអ្នកស្លាប់នោះទេ។
គិតត្រឹមព្រឹកថ្ងៃទី ៣ ខែមេសា កម្ពុជាបានរកឃើញអ្នកឆ្លងវីរុសកូវីដ- ១៩ សរុបចំនួន ១៣៥ ៧៤៧ នាក់ អ្នកជាសះស្បើយចំនួន ១៣២ ០៦៨ នាក់ និងអ្នកស្លាប់សរុបមានចំនួន ៣ ០៥៤ នាក់ ខណៈករណីអូមីក្រុងឆ្លងក្នុងសហគមន៍សរុបមានចំនួន ១៣ ៩៥៣ ករណី៕