ភ្នំពេញៈ តាមរបាយការណ៍ពីគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត គិតត្រឹមថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២២ មានគណបក្សនយោបាយចំនួន ១៧ បានដាក់ពាក្យស្នើសុំចុះឈ្មោះ ភ្នាក់ងារសង្កេតការណ៍ ដើម្បីសង្កេតមើលពីដំណើរការបោះឆ្នោត និងការរាប់សន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី ៥ ឆ្នាំ ២០២២ សរុបមានចំនួន ៧៨ ៤៥៧ នាក់ ក្នុងនោះស្ត្រីមានចំនួន ២២ ៥៩៦ នាក់។
តាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) នៅថ្ងៃទី ៤ ខែមេសា បានឱ្យដឹងថា ភ្នាក់ងារគណបក្សនយោបាយ ដែលត្រូវបានអនុញ្ញាតមានចំនួន ១៧ រួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សភ្លើងទៀន គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សខ្មែររួបរួមជាតិ គណបក្សខ្មែរស្រឡាញ់ជាតិ គណបក្សសញ្ជាតិកម្ពុជា គណបក្សយុវជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សកែទម្រង់កម្ពុជា គណបក្សកម្ពុជានិយម គណបក្សខ្មែរតែមួយ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា គណបក្សឯកភាពជាតិខ្មែរ គណបក្សរស្មីខេមរា និងគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច។
សេចក្តីប្រកាសព័ត៌មាននេះ បន្តថា យោងតាមច្បាប់ស្ដីពីការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ គណបក្សនយោបាយដែលមានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវដាក់ពាក្យសុំចុះឈ្មោះភ្នាក់ងាររបស់ខ្លួនទៅគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ក្នុងរយៈពេលយ៉ាងយូរ ៧ ថ្ងៃ បន្ទាប់ពីកាលបរិច្ឆេទនៃការបិទផ្សាយបញ្ជីបេក្ខជនផ្លូវការ។
គ.ជ.ប បញ្ជាក់ថា សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់បេក្ខជនឈរឈ្មោះបោះឆ្នោតមេភូមិ ជំនួយការមេភូមិ ប្រជាការពារភូមិ និងកម្លាំងប្រដាប់អាវុធ មិនត្រូវបានអនុញ្ញាតឱ្យធ្វើជាភ្នាក់ងារគណបក្សនយោបាយ សង្កេតមើលដំណើរការបោះឆ្នោត និងការរាប់សន្លឹកឆ្នោតឡើយ។
បើតាម គ.ជ.ប ភ្នាក់ងារគណបក្សនយោបាយ ដែលចូលរួមសង្កេតមើលដំណើរការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវគោរពច្បាប់ បទបញ្ជាដែលពាក់ព័ន្ធជាធរមាន និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌ សម្រាប់គណបក្សនយោបាយ បេក្ខជន និងភ្នាក់ងារគណបក្សនយោបាយក្នុងដំណើរការបោះឆ្នោត។
លោក ឡឹក សុធារ អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ៤ ខែមេសាថា គណបក្សបានដាក់អ្នកសង្កេតការណ៍របស់ខ្លួន នៅតាមឃុំ សង្កាត់ដែលខ្លួនបានឈរឈ្មោះសម្រាប់ការបោះឆ្នោត ដើម្បីឃ្លាំមើលដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២។
ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់ គឺតំណាងគណបក្សនយោបាយបានដាក់អ្នកសង្កេតការណ៍មានចំនួនច្រើនជាងអង្គការសង្គមស៊ីវិល។
ទោះជាយ៉ាងណា លោក មិនទាន់ហ៊ានវាយតម្លៃយ៉ាងណានៅឡើយទេ ចំពោះភ្នាក់ងារគណបក្សនយោបាយ ដើម្បីសង្កេតមើលដំណើរការបោះឆ្នោតនេះ។ មួយវិញទៀត ការមិនមានអង្គការសង្គមស៊ីវិលចូលរួមសង្កេតការណ៍ច្រើន អាចពាក់ព័ន្ធនឹងថវិកា ក្នុងការចំណាយលើការធ្វើកិច្ចការការងារនេះ។ លោកថ្លែងថា៖ «តំណាងគណបក្សនយោបាយ គឺជាតំណាងស្របច្បាប់ដែលអាចដាក់បណ្តឹងបន្ទាប់ពីឃើញព្រឹត្តិការណ៍មិនប្រក្រតីណាមួយកើតឡើង នៅក្នុងអំឡុងពេលបោះឆ្នោត និងរាប់សន្លឹកឆ្នោត» ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក ខឺយ ស៊ីនឿន អនុប្រធានគណបក្សខ្មែរស្រឡាញ់ជាតិ ប្រាប់ភ្នំពេញប៉ុស្តិ៍ថា យោងតាមច្បាប់ និងនីតិវិធីនៃការបោះឆ្នោត គណបក្សដែលបានចុះបញ្ជីគណបក្សនយោបាយមានសិទ្ធិដាក់ភ្នាក់ងារឃ្លាំងមើល ឬសង្កេតការណ៍នៅក្នុងឃុំ-សង្កាត់ណាដែលខ្លួនមានបេក្ខជនចូលរួមបោះឆ្នោត។ ដោយឡែកឃុំណា ដែលអត់បានដាក់បេក្ខជនគឺមិនអាចដាក់ភ្នាក់ងារសង្កេតការណ៍បាននោះទេ
លោកថ្លែងថា៖ «មកទល់ពេលនេះ គណបក្សនៅតែបន្តដាក់ (ចប់ត្រឹមថ្ងៃទី ៥ ខែមេសា ) ព្រោះនៅមានឃុំ សង្កាត់មួយចំនួនមានការប្តឹងតវ៉ាយើងបានទទួលបេក្ខជនឃុំ សង្កាត់មកវិញក្រោយប្តឹងតវ៉ាទៅគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត យើងនឹងបន្តដាក់ភ្នាក់ងារបន្តទៀត»។
លោក សំ សុគន្ធាមី ប្រធានអង្គការឃ្លាំមើលការបោះឆ្នោតនិកហ្វិច ថ្លែងថា អង្គការរបស់លោកក៏មានគម្រោងចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ខាងមុខនេះដែរ ប៉ុន្តែប្រហែលដាក់អ្នកសង្កេតការណ៍មិនបានច្រើននោះទេព្រោះមិនមានថវិកាគ្រប់គ្រាន់។ ទោះជាយ៉ាងណាសម្រាប់ការបោះឆ្នោតនេះ លោកក៏កំពុងចុះតាមបណ្តាខេត្តគោលដៅ ដើម្បីរៀបចំដាក់ភ្នាក់ងារអ្នកសង្កេតការណ៍។ លោកថ្លែង ថា៖ «យើងដាក់បានតិចដែរទេ ដោយសារតែថវិកាមានកំណត់ អត់មានលុយបើកឱ្យភ្នាក់ងារ។ នេះ គឺជាបញ្ហា។ តែយ៉ាងណា យើងដាក់តាមលទ្ធភាព និងតាមអ្នកស្ម័គ្រចិត្តរបស់យើង គេចំណាយលុយខ្លួនគេ»៕