ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចលុបឈ្មោះបេក្ខជនគណបក្សភ្លើងទៀន ចេញពីបញ្ជីឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី ៥ ឆ្នាំ ២០២២ ចំនួន ៨៦ រូប ដោយក្នុងនោះ បេក្ខជនមិនគ្រប់លក្ខខណ្ឌ មានចំនួន ៣៣ រូប និងបេក្ខជន ដែលមិនបានដឹងខ្លួនមានឈ្មោះនៅក្នុងបញ្ជីបេក្ខជន ចំនួន ៥៣ រូប។
គណបក្សភ្លើងទៀនបានសម្តែងការសោកស្តាយ និងបានចាត់ទុកថា «ជារឿងអយុត្តិធម៌» ចំពោះការលុបឈ្មោះបេក្ខជនឈរឈ្មោះបោះឆ្នោតនេះ។
លោក សោម សូរីដា អ្នកនាំពាក្យ គ.ជ.ប ប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ៤ ខែមេសាថា បណ្តឹងពាក់ព័ន្ធនឹងគណបក្សភ្លើងទៀន មាន ២ ករណីសំខាន់ៗ គឺទី ១ ករណីបេក្ខជនមិនគ្រប់លក្ខខណ្ឌតាមច្បាប់តម្រូវត្រូវបាន គ.ជ.ប លុបចេញពីបញ្ជីបេក្ខជនឈរឈ្មោះមានចំនួន ៣៣ រូប និងមួយទៀត បេក្ខជនដែលមិនបានដឹងខ្លួនត្រូវបានគេដាក់ឱ្យឈរឈ្មោះជាបេក្ខជនមានរហូតទៅ ៦២ បណ្តឹង ដោយក្នុងនោះ បេក្ខជន ៥៣ រូបត្រូវបានសម្រេចលុបចេញពីបញ្ជី។ លោកបន្តថា ពាក់ព័ន្ធនឹងបេក្ខជនមិនបានឈរឈ្មោះជាបេក្ខជននេះ គឺ គ.ជ.ប មានឯកសារគ្រប់គ្រាន់ និងផ្អែកលើប្រវត្តិរូប និងសេចក្តីប្រកាសជាបេក្ខជនគឺបេក្ខជនមិនបានបំពេញ និងផ្តិតមេដៃ និងចុះហត្ថលេខាលើប្រវត្តិរូបរបស់ខ្លួននោះដែរ។
លោកថ្លែងថា៖ «ចំពោះការបដិសេធចុះបញ្ជីបេក្ខជនគណបក្សភ្លើងទៀនកន្លងមកនេះ យើងពិនិត្យទៅលើអង្គហេតុ គណបក្សភ្លើងទៀននេះបានជ្រើសរើសប្រជាពលរដ្ឋ ដែលមិនចេះ អាន និងមិនចេះសរសេរអក្សរខ្មែរ យកមកធ្វើជាបេក្ខជន។ មួយទៀត ជីវប្រវត្តិ និងសេចក្តីប្រកាសរបស់បេក្ខជន ត្រូវបានបំពេញជំនួសដោយតំណាងគណបក្សភ្លើងទៀន»។
បើតាមលោក សោម សូរីដា គណបក្សភ្លើងទៀនបានចុះបញ្ជីបេក្ខជនគណបក្សនយោបាយនៅក្នុងឃុំ សង្កាត់ចំនួន ១ ៦៤៩ឃុំ-សង្កាត់ ដោយក្នុងនោះ គ.ជ.ប បដិសេធការចុះបញ្ជី ចំនួន ៦ ឃុំ សង្កាត់ និងបដិសេធបញ្ជីបេក្ខជនចំនួន ៥ ឃុំ សង្កាត់ ពោលគឺ គណបក្សនេះបាត់អស់ ១១ ឃុំ សង្កាត់ នៅសល់ ១ ៦៣៨ ឃុំ សង្កាត់ លើ ១ ៦៥២ ឃុំ សង្កាត់នៅទូទាំងប្រទេស។
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀនថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី ៤ ខែមេសាថា គណបក្សភ្លើងទៀន សោកស្តាយយ៉ាងខ្លាំង ចំពោះ គ.ជ.ប ដែលបានសម្រេចសេចក្តីដោយអយុត្តិធម៌ក្នុងការលុបបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតឃុំ-សង្កាត់របស់គណបក្សភ្លើងទៀនមួយចំនួនមិនឱ្យចូលរួមប្រកួតក្នុងការបោះឆ្នោត។ គ.ជ.ប បានសម្រេចលុបបញ្ជីបេក្ខជនឈរឈ្មោះរបស់គណបក្សភ្លើងទៀនចំនួន ១១ ឃុំ-សង្កាត់ រួមមាន ភ្នំពេញ មាន ៨ សង្កាត់ (សង្កាត់ទួលស្វាយព្រៃ១ សង្កាត់មនោរម្យ សង្កាត់ផ្សារដើមគ សង្កាត់ព្រែកលៀប សង្កាត់ក្បាលកោះ សង្កាត់អូរប្ញស្សីទី ១ សង្កាត់អូរប្ញស្សី ២ សង្កាត់ផ្សារដេប៉ូទី ១)។ ខេត្តកំពង់ចាម មាន ២ សង្កាត់ (សង្កាត់កំពង់ចាម សង្កាត់បឹងកុក)។ ខេត្តពោធិ៍សាត់មានចំនួន ១ ឃុំ (ឃុំកណ្ដៀង)។
លោកថ្លែងថា៖ «ការសម្រេចលុបបញ្ជីបេក្ខជនគណបក្សភ្លើងទៀន ដែលគណៈកម្មការរៀបចំការបោះឆ្នោតឃុំ-សង្កាត់ បានទទួលស្គាល់រួចហើយ ដោយជឿលើតែការអះអាងរបស់អ្នកប្ដឹងនៃបេក្ខជនម្នាក់ ឬ ២ នាក់ដែលព្យាយាមសុំលាឈប់មុននឹងការបិទផ្សាយបញ្ជីបេក្ខជនផ្លូវការ ធ្វើឱ្យប៉ះពាល់ដល់សិទ្ធិបេក្ខជនឈរឈ្មោះបោះឆ្នោតជាច្រើនផ្សេងទៀត ដែលមានឈ្មោះ និងលក្ខខណ្ឌត្រឹមត្រូវក្នុងបញ្ជីបេក្ខជនឈរឈ្មោះរួចហើយ ដែលជាការបង្ហាញឱ្យឃើញថា គជប ខ្វះសុភវិនិច្ឆ័យ និងមានចេតនាបំបិទសិទ្ធិ និងរារាំងគណបក្សនយោបាយក្នុងការចូលរួមប្រកួតប្រជែងការបោះឆ្នោត ស្របតាមគោលការណ៍ ប្រជាធិបតេយ្យ សេរីពហុបក្ស និងការជ្រើសរើសឡើងតាមប្រព័ន្ធបោះឆ្នោតសមាមាត្រ»។
គណបក្សភ្លើងទៀនបាន អំពាវនាវដល់ គ.ជ.ប សូមប្រកាន់ជំហរ និង អនុវត្តនូវតួនាទីរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួន ដូចមានចែងក្នុងមាត្រា ៣ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងសូមស្នើដោយទទូចដល់ គជប ពិនិត្យ និងពិចារណាឡើងវិញក្នុងការផ្ដល់ឱកាសដល់គណបក្សភ្លើងទៀន ទាំង ១១ ឃុំ-សង្កាត់ ដែល គ.ជ.ប បានសម្រេចលុបបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតឱ្យបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត ដោយរក្សាទុកបញ្ជីបេក្ខជនឈរឈ្មោះគណបក្សភ្លើងទៀន។
ប៉ុន្តែលោក សោម សូរីដា បញ្ជាក់ថា ការលើកឡើងរបស់គណបក្សភ្លើងទៀន គឺជាការមិនទទួលខុសត្រូវទៅលើទង្វើរបស់ខ្លួនក្នុងការរៀបចំបញ្ជីបេក្ខជន គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត។ គ.ជ.ប មានយន្តការ និងពិនិត្យដោះស្រាយបណ្តឹងច្បាស់លាស់តាមរយៈការចុះស្រាវជ្រាវ និងស៊ើបអង្កេត នៅតាមទីតាំងដែលកើតហេតុ។ ដូច្នេះរាល់ការសម្រេចរបស់ គ.ជ.ប ផ្អែកទៅលើភ័ស្តុតាង និងឯកសារបញ្ជាក់ច្បាស់លាស់ និងបិទផ្លូវតវ៉ាពោលគឺមិនអាចធ្វើតាមការស្នើសុំរបស់គណបក្សភ្លើងទៀនបានទេ។
លោកថ្លែងថា៖ «ស្ថាប័ន គជប ប្រកាន់ជំហរឯករាជ្យ អព្យាក្រឹត គឺមិនយកផលប្រយោជន៍នយោបាយ ឬក៏មិនយកអារម្មណ៍នយោបាយគាំទ្រគណបក្សណាមកធ្វើជាហេតុដើម្បីជាការចេញសេចក្តីសម្រេចទៅលើការដោះស្រាយបណ្តឹងរបស់ខ្លួនទេ គជប គឺជាស្ថាប័នអនុវត្តច្បាប់ អត់មានធ្វើអ្វីខុសក្រៅពីច្បាប់ទេ»។
យោងតាមរបាយការណ៍របស់ គ.ជ.ប បង្ហាញថា ការដាក់ការទទួល និងការដោះស្រាយពាក្យបណ្តឹងក្នុងដំណាក់កាលចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី ៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២ មានបណ្តឹងសរុបចំនួន ១៤៧ បណ្តឹងក្នុងចំណោមពាក្យបណ្តឹងទាំង ១៤៧ នោះ គ.ជ.ប បានលុបបញ្ជីបេក្ខជនរបស់គណបក្សនយោបាយចំនួន ៧ បណ្តឹង ស្មើនឹង ៣ គណបក្ស គឺគណបក្សភ្លើងទៀន គណបក្សសំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ និងគណបក្សឆន្ទៈខ្មែរសរុបចំនួន ១១៥ រូប៕
វីដេអូ៖