ភ្នំពេញៈ ឯកអគ្គរាជទូត អង់គ្លេសប្រចាំអាស៊ាន និងតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិកបានមកបំពេញទស្សនកិច្ចក្នុងប្រទេសកម្ពុជារយៈពេល ២ ថ្ងៃក្នុងសប្ដាហ៍នេះ ដើម្បីបង្កើតចំណងមិត្តភាពជាមួយប្រធានអាស៊ានថ្មី ខណៈដែលប្រទេសកម្ពុជាជាប្រធានអាស៊ាននៅឆ្នាំ ២០២២ នេះ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអង់គ្លេសប្រចាំកម្ពុជានៅថ្ងៃទី៤ ខែមេសា បានឱ្យដឹងថា ឯកអគ្គរាជទូតអង់គ្លេសប្រចាំអាស៊ាន និងប្រធាននាយកដ្ឋានប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ធ្វើដំណើរមកកម្ពុជា ដើម្បីបង្កើតចំណងមិត្តភាពជាមួយប្រធានអាស៊ានថ្មី។
លោក Jon Lambe ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំអាស៊ាន និងលោកស្រី Joelle Jenny នាយកប្រចាំ តំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិកធ្វើដំណើរមកកាន់ប្រទេសកម្ពុជាសម្រាប់ដំណើរទស្សនកិច្ចរយៈពេល ២ ថ្ងៃ ដើម្បីកសាងទំនាក់ទំនងឱ្យកាន់តែរឹងមាំ ស្របពេលដែលកម្ពុជាបានក្លាយជាប្រធានអាស៊ាននៅឆ្នាំនេះផងដែរ។
ស្ថានទូតបានលើកឡើងថា ៖ «ទំនាក់ទំនងរវាងចក្រភពអង់គ្លេស និងអាស៊ានដ៏រឹងមាំ គឺជាផ្នែកដ៏សំខាន់មួយនៃការចូលរួមជាសកលគោលនយោបាយការបរទេស និងឥណ្ឌូប៉ាស៊ីហ្វិករបស់យើង។ ភាពជាដៃគូសន្ទនាថ្មីរបស់អាស៊ាន បានអនុញ្ញាតឱ្យយើងធ្វើកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅរវាងចក្រភពអង់គ្លេស និងអាស៊ាន និងទទួលបានផលប្រយោជន៍ទៅវិញទៅមក»។
ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំអាស៊ាន លោក Jon Lambe បាននិយាយថាចក្រភពអង់គ្លេសមានសេចក្តីសោមនស្សរីករាយដែលបានក្លាយជាដៃគូសន្ទនាដំបូងគេរបស់អាស៊ានក្នុងរយៈពេល ២៥ ឆ្នាំ។ ភាពជាដៃគូនេះនឹងអនុញ្ញាតឱ្យអង់គ្លេសធ្វើការកាន់តែជិតស្និទ្ធជាមួយប្រទេសកម្ពុជា និងប្រទេសសមាជិកអាស៊ានផ្សេងទៀតលើបញ្ហាប្រឈមរួមគ្នាដូចជា ពាណិជ្ជកម្ម ការវិនិយោគ ការប្រែប្រួលអាកាសធាតុ បរិស្ថាន វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងការអប់រំ។
លោក Jon Lambe បានលើកឡើងទៀតថា៖ «ដំណើរទស្សនកិច្ចរបស់ខ្ញុំមកកាន់ប្រទេសកម្ពុជាក្នុងសប្តាហ៍នេះបង្ហាញពីការប្តេជ្ញាចិត្តរបស់យើង ចំពោះភាពជាដៃគូនេះ។ ខ្ញុំទន្ទឹងរង់ចាំដើម្បីបង្ហាញការគាំទ្ររបស់ចក្រភពអង់គ្លេសដល់ប្រទេសកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន និងធ្វើការជាមួយកម្ពុជា ដើម្បីដោះស្រាយបញ្ហាប្រឈមដ៏ធំបំផុតមួយចំនួន នៅក្នុងតំបន់ ដូចជាការកសាងឱ្យប្រសើរឡើងវិញពីកូវីដ ១៩ ឬក៏ដោះស្រាយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ»។
ជាមួយគ្នានេះដែរ លោកស្រី Joelle Jenry នាយិកាប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ក៏បានលើកឡើងតាមរយៈសេចក្តីប្រកាសព័ត៌មាននេះដែរថា ចក្រភពអង់គ្លេសបានប្តេជ្ញាចំពោះទំនាក់ទំនងជាមួយប្រទេសកម្ពុជា ហើយលោកស្រីរីករាយដែលបានមកទីនេះម្តងទៀត។ លោកស្រីថា៖ «កម្ពុជានឹងក្លាយជាដៃគូដ៏សំខាន់សម្រាប់ចក្រភពអង់គ្លេស នៅពេលដែលយើងបង្កើនការចូលរួមរបស់យើងជាមួយតំបន់ ហើយយើងចង់ពង្រីកទំនាក់ទំនងរបស់យើងឱ្យកាន់តែស៊ីជម្រៅ»។
លោកស្រី បន្តថា កម្ពុជាក៏មានតួនាទីសំខាន់ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំនេះ ហើយចក្រភពអង់គ្លេសក្នុងនាមជាដៃគូសន្ទនាអាស៊ាននៅឆ្នាំដំបូង បានប្តេជ្ញាគាំទ្រដល់ការធ្វើជាប្រធានរបស់កម្ពុជា។
សេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងដំណើរទស្សនកិច្ចនេះ ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំអាស៊ាន និងនាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក នឹងជួបប្រជុំជាមួយរដ្ឋលេខាធិការជាច្រើនរូបពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងប្រធានឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ានសម្រាប់ឆ្នាំ ២០២២។
លោក រ៉ូ វណ្ណៈ សហស្ថាបនិកវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ៤ ខែមេសា ថា ទស្សនកិច្ចនេះ គឺជាការពង្រឹងពង្រីកនូវចំណងការទូតទ្វេភាគីនៅក្នុងន័យធ្វើយ៉ាងណាឱ្យសហប្រតិបត្តិការសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាជាប្រធានអាស៊ាន និងចក្រភពអង់គ្លេសឱ្យកាន់តែប្រសើរឡើង។
លោកបានថ្លែងថា៖ «សម្រាប់ទិដ្ឋភាពភូមិសាស្ត្រនយោបាយវិញ អង់គ្លេសចាត់ទុកតំបន់ឥណ្ឌូប៉ាស៊ីហ្វិកជាតំបន់យុទ្ធសាស្ត្រដែលអង់គ្លេសមើលឃើញថាអាស៊ានគឺជាចំណុចស្នូលមួយនៃតំបន់ឥណ្ឌូប៉ាស៊ីហ្វិកសម្រាប់អង់គ្លេសដើរតួនាទីកាន់តែទូលំទូលាយជាងមុនក្រោយពីអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប អង់គ្លេសដើរតួនាទីសំខាន់ជាប្រទេសមហាអំណាចមួយនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក»។
លោក រ៉ូ វណ្ណៈ បានបញ្ជាក់ទៀតថា ដំណើរទស្សនកិច្ចរបស់ពួកគាត់ក្នុងរូបភាពមួយទៀត គឺបង្ហាញពីនយោបាយការបរទេសពីពិពិធកម្មរបស់កម្ពុជានៅក្នុងការសហការជាមួយនឹងមហាអំណាចពិភពលោក។ អង់គ្លេសគឺជាមហាអំណាចពិភពលោកមួយដែលកម្ពុជាអាចទទួលបានផលប្រយោជន៍ពីការពង្រឹងក្នុងន័យទទួលបានទីផ្សារនាំចេញនៃផលិតផលរបស់កម្ពុជា។
លោកថា៖ «អង់គ្លេសគឺជាប្រភពនៃការជួយគាំទ្រទៅដល់មូលធនមនុស្ស ពិសេសការផ្តល់នូវអាហារូបករណ៍ ឬគុណភាពអប់រំសម្រាប់សិស្សនិស្សិតដែលទទួលផលប្រយោជន៍ពីប្រព័ន្ធអប់រំលំដាប់ពិភពលោករបស់អង់គ្លេសផងដែរ»។ សម្រាប់តួនាទីកម្ពុជាជាប្រធានអាស៊ាន អង់គ្លេសអាចបង្ហាញពីការគាំទ្ររបស់កម្ពុជានៅក្នុងការដោះស្រាយនូវវិបត្តិមីយ៉ាន់ម៉ា ឬក៏អាចផ្តល់នូវផលប្រយោជន៍នៃការស្តារសេដ្ឋកិច្ចរបស់កម្ពុជាឡើងវិញក្រោយវិបត្តិកូវីដ ១៩។ នេះបើតាមលោក រ៉ូ វណ្ណៈ បញ្ជាក់បន្ថែម៕