ភ្នំពេញៈ អង្គការ Fauna & Flora International (FFI) បានឱ្យដឹងថា មានក្រពើភ្នំចំនួន ១៣៦ ក្បាលហើយ ត្រូវបានលែងចូលទៅក្នុងតំបន់ធម្មជាតិ ខណៈក្រពើភ្នំចំនួន ២៥ ក្បាលចុងក្រោយ បានលែងកាលពីដើមខែមីនាដោយបំពាក់ជាមួយឧបករណ៍តាមដានសូរសំឡេង និងប្រព័ន្ធផ្កាយរណប ដែលមិនធ្លាប់មានពីមុនមក។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការ FFI ដែលភ្នំពេញប៉ុស្តិ៍ទទួលបាននៅថ្ងៃទី ៤ ខែមេសា បានឱ្យដឹងថា អ្នកអភិរក្សមកពីអង្គការ Fauna & Flora International (FFI) និងដៃគូក្នុងប្រទេសកម្ពុជា បានដោះលែងក្រពើភ្នំចំនួន ២៥ ក្បាល ដែលជិតផុតពូជបំផុត ទៅក្នុងព្រៃ នៅតំបន់ឆាយរាបនៃជួរភ្នំក្រវាញរបស់កម្ពុជាកាលពីដើមខែមីនា។ សេចក្តីប្រកាសបន្តថា៖ «ក្រពើទាំង ២៥ ក្បាល ត្រូវបានបំពាក់ដោយឧបករណ៍តាមដានដោយប្រព័ន្ធសូរសំឡេង ដែលនេះជាលើកទី ១ ដែលពួកវា ត្រូវបានតាមដានតាមរបៀបនេះ។ ក្រពើដ៏ធំបំផុតចំនួន ៣ ក៏ត្រូវបានបំពាក់ជាមួយប្រព័ន្ធតាមដានដោយផ្កាយរណបផងដែរ ដែលអនុញ្ញាតឱ្យអ្នកអភិរក្ស ប្រមូលទិន្នន័យសំខាន់ៗ អំពីចំនួន និងការផ្លាស់ទីរបស់ពួកវា»
អង្គការនេះបានឱ្យដឹងទៀតថា ការដាក់បំពាក់សញ្ញាតាមដាន និងការត្រួតពិនិត្យសុខភាព មុនពេលដោះលែងបានធ្វើឡើងនៅកន្លែងចិញ្ចឹមសត្វព្រៃភ្នំតាម៉ៅ ដែលគ្រប់គ្រងដោយ FFI សហការជាមួយរដ្ឋបាលព្រៃឈើកម្ពុជា ហើយក្រពើភ្នំទាំងនោះត្រូវបានដោះលែងនៅតំបន់ឆាយរាបនៃជួរភ្នំក្រវាញរបស់កម្ពុជាកាលពីដើមខែមីនា។
សេចក្តីប្រកាសព័ត៌មានអង្គការ FFI បានឱ្យដឹងទៀតថា ការដោះលែងក្រពើ ២៥ ក្បាលនោះត្រូវបានគ្រប់គ្រងយ៉ាងប្រុងប្រយ័ត្ន និងជានិមិត្តរូបឱ្យការជំរុញដល់ឱកាសរស់រានមានជីវិតដ៏ទូលាយរបស់សត្វល្មូន ដែលជិតផុតពូជ បន្ទាប់ពីការរកឃើញឡើងវិញរបស់វា នៅលើភ្នំក្រវាញដាច់ស្រយាលកាលពី ២ ទសវត្សរ៍មុន។
អង្គការនេះឱ្យដឹងថា ភាពជោគជ័យនៃកម្មវិធីបង្កាត់ពូជ និងការដោះលែងជាលក្ខណៈអភិរក្សមានក្រពើជាង ១៣៦ ក្បាលត្រូវបានដោះលែងទៅក្នុងតំបន់ធម្មជាតិ។ ក្រពើទាំងនោះត្រូវបានតាមដាន និងថែរក្សាយ៉ាងមានប្រសិទ្ធភាពដោយសហគមន៍ប្រឆាំងនឹងការលួចបរបាញ់ និងការពារនៅកន្លែងបង្កាត់កូនសំខាន់ៗ ក្នុងប្រទេសកម្ពុជា។ «ក្រពើភ្នំនៅតែស្ថិតក្នុងបញ្ជីក្រហម ប៉ុន្តែមានការថែទាំយ៉ាងយកចិត្តទុកដាក់ ពីអង្គការ FFI រដ្ឋាភិបាលកម្ពុជា និងសហគមន៍មូលដ្ឋាន ក្នុងរយៈពេល ២ ទសវត្សរ៍ចាប់តាំងពីការរកឃើញឡើងវិញមក»។
សេចក្តីប្រកាសដដែលបានឱ្យដឹងថា ឆ្មាំសហគមន៍បន្តដើរតួយ៉ាងសំខាន់ក្នុងភាពជោគជ័យនៃគម្រោងអភិរក្សសត្វក្រពើកម្ពុជា។ កាលពីមេសា ឆ្នាំ ២០២១ ក្រុមអ្នកអភិរក្សមកពីខេត្តកោះកុង បានទទួលពានរង្វាន់ឧទ្យានុរក្សអន្តរជាតិដ៏មានកិត្យានុភាពសម្រាប់ការងារត្រួតពិនិត្យ និងប្រឆាំងការបរបាញ់។
លោក Pablo Sinovas អ្នកគ្រប់គ្រង Flagship Species Manager ជាមួយកម្មវិធី FFIs Cambodia បានថ្លែងថា នេះគឺជាការដោះលែងក្រពើដ៏ធំបំផុត ដែលមិនធ្លាប់មាន និងជាជំហានដ៏សំខាន់មួយឆ្ពោះទៅមុខក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញការស្ដារឡើងវិញនូវប្រភេទសត្វជិតផុតពូជនេះក្នុងរយៈពេលចុងក្រោយបង្អស់របស់វា។
លោកបន្តថា នៅដើមសតវត្សរ៍ទី ២១ ក្រពើទាំងនេះ ត្រូវបានគេគិតថា បានផុតពូជនៅក្នុងព្រៃ។ ប៉ុន្តែរយៈពេល ២ ទស្សវត្សរ៍ក្រោយមក អង្គការអាចប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបំផុត ដើម្បីជួយតាមដានចំនួនសត្វក្រពើនេះ និងជួយដល់ការស្តារឡើងវិញផងដែរ។ លោកថ្លែង៖ «វាជាពេលវេលាដ៏រំភើបមួយ សម្រាប់អ្នកអភិរក្ស និងសម្រាប់ប្រទេសកម្ពុជាទាំងមូលផងដែរ។ ១ ជំហានម្តងៗ សត្វល្មូនដ៏កម្របំផុតមួយរបស់ពិភពលោក កំពុងត្រូវបាននាំយកមកវិញពីការផុតពូជ»។
លោក កែវ អូម៉ាលីស អគ្គនាយករដ្ឋបាលព្រៃឈើកម្ពុជាថ្លែងថា ការដោះលែងនេះកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាបាននូវចំនួនសត្វព្រៃ ទោះបីជាវាដំណើរការយឺតក៏ដោយ។ ជោគជ័យកើតចេញពីការប្តេជ្ញាចិត្តរបស់អ្នកពាក់ព័ន្ធទាំងអស់ជាពិសេសសហគមន៍មូលដ្ឋាន។ លោកថ្លែងថា៖ «សំខាន់បំផុត ក្រៅពីកិច្ចខិតខំប្រឹងប្រែងទាំងនេះ យើងក៏កំពុងការពារសត្វព្រៃដទៃទៀត ដែលមានការរស់នៅដូចគ្នាជាមួយក្រពើត្រី» ។
លោក សុខ វិជ្ជា អ្នកស្រាវជ្រាវជីវចម្រុះនៅកម្ពុជាថ្លែងនៅថ្ងៃទី ៣ ខែមេសាថា ការថែរក្សាអភិរក្សសត្វក្រពើភ្នំ គឺជាសកម្មភាពមួយល្អ និងគួរតែបន្តការថែរក្សាបន្ថែមទៀត ដោយសារតែសត្វប្រភេទនេះកំពុងតែរងគ្រោះ និងប្រឈមការផុតពូជ ព្រោះតែការនេសាទ និងការជួញដូរមួយចំនួន។ លោកបានបញ្ជាក់ថា ក្រពើភ្នំមិនងាយវាយប្រហារលើមនុស្សឡើយ ប៉ុន្តែបើសិនជាមានការទន្ទ្រាននៅតំបន់ដែនជម្រកដែលវារស់នៅនោះ នឹងអាចមានការវាយប្រហារមកលើមនុស្សវិញផងដែរ។ លោកថ្លែងថា៖ «បើសិនជាមានការនេសាទត្រី ពីតំបន់ដែលវារស់នៅច្រើន បង្កឱ្យវាខ្វះចំណីអាហារនឹងអាចមានការវាយប្រហារលើមនុស្សខ្លះៗដែរ ប៉ុន្តែបើក្នុងតំបន់ដែលវារស់នៅ ត្រីមិនត្រូវបាននេសាទទេ អត់មានការប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីរបស់វា នោះមិនមានបញ្ហាអ្វីទេ» ៕