ព្រះសីហនុៈ អាជ្ញាធរជាតិរួមគ្នាជាមួយក្រសួងពាក់ព័ន្ធ និងរដ្ឋបាលខេត្តព្រះសីហនុ បានបើកវគ្គបណ្តុះបណ្តាល មន្ត្រីនៅមជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀននៅខេត្តព្រះសីហនុ ដើម្បីពង្រឹងសមត្ថភាពមន្ត្រីផ្តល់សេវាព្យាបាល និងស្តារនីតិសម្បទាដល់អ្នកញៀនគ្រឿងញៀននៅមជ្ឈមណ្ឌលជាតិនេះ។
ការបើកវគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងនៅមជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀននៅខេត្តព្រះសីហនុ នៅថ្ងៃទី ៤ ខែមេសា ក្រោមអធិបតីភាពលោក ធូ ស៊ុន រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមានការចូលរួមពីលោក ហុក គីមចេង អគ្គនាយកបច្ចេកទេស សុខាភិបាល លោក ជ័យ បុប្ផា និងតំណាងក្រសួង ស្ថាប័ន អង្គភាពខេត្តព្រះសីហនុ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងដោយអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំង គ្រឿងញៀន ក្រសួងសុខាភិបាលក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តព្រះសីហនុដើម្បីពង្រឹងសមត្ថភាពមន្ត្រីផ្តល់សេវាព្យាបាល និងស្តារនីតិសម្បទាដល់អ្នកញៀនគ្រឿងញៀននៅមជ្ឈមណ្ឌលជាតិ។
លោក ធូ ស៊ុន ថ្លែងថា ក្រសួងស្ថាប័នពាក់ព័ន្ធបានយកចិត្តទុកដាក់ខ្ពស់ ដោយឱ្យអ្នកពាក់ព័ន្ធធ្វើការពង្រឹងប្រសិទ្ធភាពលើការផ្តល់សេវាព្យាបាល និងស្តារនីតិសម្បទាដល់អ្នកញៀនគ្រឿងញៀន ដើម្បីពិនិត្យវាយតម្លៃនូវលក្ខខណ្ឌ អ្នកញៀនគ្រឿងញៀនទាំងឡាយណា ដែលមានសភាពធ្ងន់ធ្ងរចាំបាច់ត្រូវបញ្ជូនទៅព្យាបាល និងស្តារនីតិសម្បទានៅមជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍នៅខេត្តព្រះសីហនុ។
លោកបន្តថា៖ «មជ្ឈមណ្ឌលជាតិត្រូវរៀបចំជាមជ្ឈមណ្ឌលស្តង់ដាប្រកបដោយប្រសិទ្ធភាពទាំងការងារព្យាបាលដោយវេជ្ជសាស្ត្រ ការងារស្តារនីតិសម្បទា ឱ្យមានសុខភាពល្អទាំងផ្លូវកាយ-ផ្លូវចិត្ត បណ្តុះបណ្តាល វិជ្ជាជីវៈជំនាញពិតប្រាកដទាំងរយ:ពេលវែង និងខ្លី និងផ្តល់ការងារឱ្យអ្នកនៅទីនេះធ្វើសំដៅផ្តល់ភាពជឿជាក់ដល់មាតាបិតាអាណាព្យាបាលក៏ដូចជាបំណងប្រាថ្នារបស់ថ្នាក់ដឹកនាំ ពិសេសឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន»។
លោក ធូ ស៊ុន បានណែនាំដល់សិក្ខាកាមទាំង ៤៥ នាក់ ត្រូវខិតខំក្រេបចាប់យកចំណេះដឹងពីវគ្គបណ្តុះបណ្តាលនេះពង្រឹងបាននូវសមត្ថភាពរបស់ខ្លួន ដើម្បីប្រសិទ្ធភាពការងារ។
លោក លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា បានប្រាប់ថា កម្មវិធីបណ្តុះបណ្តាលនេះរៀបចំក្នុងគោលបំណងពង្រឹង សមត្ថភាពមន្ត្រី ដែលកំពុងបម្រើការងារនៅមជ្ឈមណ្ឌលជាតិ តាមរយៈការផ្តល់ជាមេរៀននិងចែករំលែកបទពិសោធពីសំណាក់វេជ្ជបណ្ឌិត គ្រូពេទ្យ មន្ត្រីជំនាញ អ្នកឯកទេស មានចំណេះដឹង និងបទពិសោធខ្ពស់។ លោកឱ្យដឹងថា កម្មវិធីបណ្តុះបណ្តាលនេះប្រព្រឹត្តទៅមានរយ:ពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី ៤ មេសា ដល់ថ្ងៃទី ៧ មេសា។ វគ្គបណ្ដុះបណ្តាលនេះ គឺជាវគ្គពិសេសសម្រាប់មន្ដ្រីសង្គមកិច្ច និងមន្ដ្រីសុខាភិបាលដែលកំពុងបម្រើការងារនៅមជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀននៅខេត្តព្រះសីហនុ ដើម្បីពង្រឹងសមត្ថភាពរបស់មន្ដ្រីក្នុងការបំពេញតួនាទីជាមន្ដ្រីដែលមានគុណភាព និងជាគំរូដល់មន្ដ្រីនៅតាមមណ្ឌលដទៃទៀត។ លោកថ្លែងថា៖ «មណ្ឌលជាតិយើងនេះ គឺជាមណ្ឌលជំនាញ សម្រាប់ព្យាបាលអ្នកញៀនគ្រឿងញៀន បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងផ្ដល់ការងារដល់ជនរងគ្រោះដោយសារគ្រឿងញៀនដែលមកស្នាក់នៅក្នុងមណ្ឌល»។ លោកបញ្ជាក់ថា ក្រោយទទួលបានការបណ្ដុះបណ្ដាលរយៈពេល ៤ ថ្ងៃនេះ មន្ដ្រីទាំង ៤៥ នាក់ គឺនឹងត្រូវឱ្យបម្រើការងារនៅមជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀននៅខេត្តព្រះសីហនុតែម្ដង៕