ភ្នំពេញៈ ក្រសួង​អប់រំ យុវជន និង​កីឡា ថ្កោលទោស​ការបន្លំ​ឯកសារ​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ (​បាក់ឌុប​) សម្រាប់​ប្រឡង​ថ្នាក់ជាតិ និង​អំពាវនាវ​ដល់​សមត្ថកិច្ច​ចាត់ការ​បុគ្គល​ពាក់ព័ន្ធ​តាមច្បាប់ ប៉ុន្តែ​អង្គការ​សង្គម​ស៊ីវិល​អះអាងថា ការបន្លំ​នេះ​អាចមាន​ការពាក់ព័ន្ធ​ដល់​មន្ត្រី​សាធារណៈ​មួយចំនួន​ក្នុង​ប្រព័ន្ធ​ត្រួតពិនិត្យ​ការប្រឡង ហើយ​ថា​ចាំបាច់​ត្រូវ​រក​ភ័ស្តុតាង​ឱ្យឃើញ​ដើម្បី​ទប់ស្កាត់​រឿងនេះ​កុំឱ្យ​កើតមាន​បន្តទៀត​។

លោក​ ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការ​ប្រចាំការ​ទីស្តីការ​គណៈរដ្ឋមន្ត្រី ប្រធាន​គណៈកម្មាធិការ​ប្រឡង​ថ្នាក់ជាតិ សម្រាប់ ការបណ្តុះបណ្តាល​ក្នុង​វិស័យ​សុខា​-​ភិ​បាល បានបញ្ជាក់​ក្នុង​លិខិត​លុបឈ្មោះ​កាលពី​ចុងខែ​មីនា ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួលបាន​នៅ​ថ្ងៃទី​ ៥ មេសា ថា និស្សិត​ចំនួន​ ៤៣ ​នាក់​ត្រូវបាន​លុបឈ្មោះ​ចេញពី​បញ្ជី​ឈ្មោះ​និស្សិត​ប្រឡង​ថ្នាក់ជាតិ​ជ្រើសរើស​ចូលរៀន​ថ្នាក់​ឆ្នាំ​សិក្សា​មូលដ្ឋាន សម្រាប់​កម្រិត​បរិញ្ញាបត្រ និង​ថ្នាក់​ឆ្នាំ​ទី​ ១​ សម្រាប់​កម្រិត​បរិញ្ញាបត្រ​រង ទោះបី​ជាប់​ចូលរៀន​ផ្នែក​បរិញ្ញាបត្ររង​គិលានុបដ្ឋាក បរិញ្ញាបត្ររង​បច្ចេកទេស​មន្ទីរពិសោធន៍ និង​បរិញ្ញាបត្ររង​ទន្ត​គិលានុបដ្ឋាក​នៅតាម​គ្រឹះស្ថាន​បណ្តុះបណ្តាល​វិស័យ​សុខាភិបាល​ចាប់ពី​ឆ្នាំ ​២០១៩ -២០២០ តទៅ​ក៏ដោយ​។

ក្នុង​លិខិត លោក ​ហ៊ីង ថូរ៉ាក់ស៊ី បញ្ជាក់ថា ការ​លុបឈ្មោះ​និស្សិត​ទាំង​ ៤៣​ នាក់​មូលហេតុ ដោយសារតែ​ក្លែងបន្លំ​ឯកសារ​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​។ ក្នុង​ចំណោម​និស្សិត​ចំនួន​ ៤៣ ​នាក់ ដែល​ត្រូវ​លុបឈ្មោះ​ចេញ​នោះ​រួមមាន និស្សិត​ផ្នែក​វេជ្ជបណ្ឌិត​ចំនួន​ ១ ​នាក់ និស្សិត​ផ្នែក​បរិញ្ញាបត្ររង​គិលានុប្បដ្ឋាក​ចំនួន​ ២៨ ​នាក់ និស្សិត​ផ្នែក​បរិញ្ញាបត្ររង​បច្ចេកទេស​មន្ទីរពិសោធន៍​ ៧​ នាក់ និស្សិត​ផ្នែក​បរិញ្ញាបត្រ​រង​ទន្ត​គិលានុបដ្ឋាក​ ៤​ នាក់ និង​និស្សិត​ផ្នែក​បរិញ្ញាបត្ររង​ឆ្មប​ ៣ ​នាក់​។

លោក ​ប៉ិច ពិសី នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា ថ្លែង​នៅ​ថ្ងៃទី​ ៥ មេសា ថា ជុំវិញ​រឿងនេះ ក្រសួង​សុខាភិបាល​ក៏ដូចជា​ក្រសួង​អប់រំ​ត្រូវ​ធានា​សុចរិតភាព​នៃ​ការប្រឡង​ឱ្យមាន​កម្រិត​ខ្ពស់បំផុត​។ ជាពិសេស គឺ​ធានា​ឱ្យបាន​ថា អ្នក​ដែល​បានដាក់​ពាក្យ​ប្រឡង​ត្រូវមាន​បុគ្គលិកលក្ខណៈ និង​បទពិសោធ​គ្រប់គ្រាន់​ក្នុងការ​ដាក់ពាក្យ​ស្របទៅនឹង​លក្ខណវិនិច្ឆ័យ ដែល​ដាក់ជូន​ដោយ​ក្រសួង ឬ​គណៈកម្មការ​ប្រឡង​។

លោក​បន្តថា ការធានាបាន​នូវ​ការប្រឡង​មួយ​ដែលមាន​សុចរិត​ភាព​នឹង​អាច​ធ្វើការ​ជ្រើសរើស​បាន​អ្នកមាន​សមត្ថភាព​ពិតប្រាកដ​សម្រាប់​ការរៀនសូត្រ​បន្ថែម ដើម្បី​ក្លាយទៅជា​គ្រូពេទ្យ ឬ​វេជ្ជបណ្ឌិត​ទៅតាម​ជំនាញ​។ វិស័យ​សុខាភិបាល​ជា​វិស័យ​មួយ​ដែល​អាច​ប៉ះពាល់​ដល់​អាយុជីវិត សុខុមាលភាព​សាធារណៈ​។ ហេតុនេះ​ការធានាបាន​អ្នកចេះ​ពិតប្រាកដ គឺ​ការប្រឡង​ជាប់​ជា​រឿង​ចាំបាច់ សម្រាប់​កម្ពុជា​ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​សេវា​សុខាភិបាល ខណៈ​បច្ចុប្បន្ន វិស័យនេះ​នៅមាន​កម្រិត​នៅឡើយ​។

ការ​រើស​មន្ត្រី​ចូលធ្វើការ គឺ​ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​ដែលជា​ម្ចាស់ឆ្នោត និង​ជា​អ្នក​បង់ពន្ធ​ទៀតផង ហេតុនេះ​ការធានា​បាន​នូវ​ការជ្រើសរើស​មន្ត្រីរាជការ​ដែលមាន​ជំនាញ មាន​បទពិសោធ មាន​បុគ្គលិក​លក្ខណៈ​គ្រាប់​គ្រាន់ គឺជា​កិច្ចការងារ​មួយ​ចាំបាច់ ដែល​រដ្ឋាភិបាល​គួរតែ​ធានា​ឱ្យបាន​ដើម្បី​ប្រជាពលរដ្ឋ​ទទួលបាន​សេវា​ល្អ​ជាង​មុន​។ នេះ​ជាការ​បញ្ជាក់​របស់លោក​ពិសី​។ លោក​ថា ការកេងបន្លំ​ឯកសារ​សញ្ញាបត្រ​អាចពាក់ព័ន្ធ​ជាមួយ​មន្ត្រី​សាធារណៈ​ដែល​បម្រើ​ការងារ​ក្នុង​ផ្នែក​នោះ ជាពិសេស ក្នុង​ប្រព័ន្ធ​តាមដាន ត្រួតពិនិត្យ​ការប្រឡង​ទាំងមូល ព្រោះ​ប្រជាពលរដ្ឋ​អាចដាក់​ពាក្យ​ទៅបាន លុះត្រា​តែមាន​ការសហការ​ក្នុង​រូបភាព​ណាមួយ​ដើម្បី​ទទួលយក​ពួកគាត់​នោះ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​គិតថា ទោះបីជា យើង​រកឃើញ​ក្នុង​កម្រិត​ថា​គាត់​បន្លំ ប៉ុន្តែ​បើ​យើង​មិន​ធ្វើការ​ត្រួតពិនិត្យ តាមដាន ឬក៏​ស៊ើបអង្កេត​ផ្ទៃក្នុង ឬក៏​យ៉ាង​ណាមួយ ដើម្បី​រក​មូលហេតុ​ពិតប្រាកដ​ទេ យើង​នឹង​អាច​ជួប​បញ្ហា​ហ្នឹង​ទៀត​ទៅ​ថ្ងៃក្រោយ​។ នៅពេល​មានការ​ប្រឡង​ផ្សេង គឺ​នៅតែមាន​ការកេងបន្លំ ហើយ​កិច្ចការ​នេះ​តាម​ខ្ញុំ​ស្មាន​ប្រហែលជា​អាចពាក់ព័ន្ធ​ស៊ីជម្រៅ​ថែមទៀត មិន​ត្រឹមតែ​ប្អូនៗ​គាត់​បន្លំ​តែឯង​ទេ​»​។

លោក​ រស់ សុវាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន និង​កីឡា ថ្លែង​នៅ​ថ្ងៃទី ​៥ ខែមេសា​ថា ក្រសួង​អប់រំ​កំពុង​ត្រួតពិនិត្យ​រឿងនេះ និង​អំពាវនាវ​ដល់​សមត្ថកិច្ច​ចាត់វិធានការ​បុគ្គល​ដែល​ពាក់ព័ន្ធ​តាមច្បាប់​។

លោក​បាន​ថ្លែងថា​៖ «​ក្រសួង​អប់រំ យុវជន និង​កីឡា​ថ្កោលទោស​រាល់​បទ​ក្លែងបន្លំ​ឯកសារ​សាធារណៈ​។ ក្រសួង​អប់រំ យុវជន និង​កីឡា ពិនិត្យ​ករណីនេះ និង​សូម​អំពាវនាវ​ដល់​ភាគី​មាន​សមត្ថ​កិច្ចចាត់ការ​បុគ្គល​ពាក់ព័ន្ធ​តាមផ្លូវ​ច្បាប់​»៕

វីដេអូ៖