ភ្នំពេញៈ ក្រសួងរ៉ែ និងថាមពលសហការជាមួយនឹងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាននិងកំពុងរៀបចំផែនការមេអភិវឌ្ឍន៍វិស័យថាមពលឱ្យមានភាពពេញលេញសម្រាប់រយៈពេលវែងឆ្នាំ (២០២១-២០៤០) ដោយធ្វើការសិក្សាវាយតម្លៃអំពីសេណារីយោនៃកំណើនតម្រូវការ ជម្រើសផ្សេងៗនៃការអភិវឌ្ឍប្រភពអគ្គិសនី និងការសិក្សាស្វែងយល់ អំពីតម្រូវការក្នុងការពង្រីកបណ្តាញបញ្ជូន និងបណ្តាញចែកចាយ។
លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ថ្លែងនៅក្នុងពិធីបើកវេទិកាថាមពលកម្ពុជា ស្ដីពី «ការរៀបចំប្រព័ន្ធថាមពលកម្ពុជាសម្រាប់ពេលអនាគត» នៅថ្ងៃទី ៥ ខែមេសាថា គោលការណ៍ដែលជាមូលដ្ឋានដឹកនាំដំណើរការរៀបចំផែនការមេនេះ គឺដើម្បីផ្តល់ឱ្យអ្នកប្រើប្រាស់ទាំងអស់នូវថាមពលអគ្គិសនីមួយ ដែលមានតម្លៃសមរម្យ មានស្ថិរភាព និងអាចទុកចិត្តបាន ទន្ទឹមនឹងការធ្វើឱ្យប្រសើរឡើងនូវសន្តិសុខនៃការផ្គត់ផ្គង់អគ្គិសនី និងប្រសិទ្ធភាពនៃការប្រើប្រាស់អគ្គិសនីក្នុងគ្រប់វិស័យ។
លោក ស៊ុយ សែម ថ្លែងថា៖ «ក្រសួងរ៉ែ និងថាមពល បេ្តជ្ញាក្នុងការបង្កើន និងផ្តល់អាទិភាពឱ្យបានជាអតិបរមា ការពង្រីកការប្រើប្រាស់ថាមពលស្អាត ជាពិសេសថាមពលកកើតឡើងវិញ និងប្រសិទ្ធភាពថាមពល»។ បើតាមលោក ស៊ុយ សែម វិធីសាស្ត្រនេះ គឺស្របទៅតាមក្របខ័ណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចក្នុងការរស់នៅជាមួយកូវីដ ១៩ តាមគន្លងប្រក្រតីភាពថ្មី ដែលបានកំណត់ដោយរដ្ឋាភិបាល រួមមានសសរស្តម្ភចំនួន ៣ គឺ ការងើបឡើងវិញកំណែទម្រង់ និងភាពធន់។
លោក ហេង គុណលាង អ្នកនាំពាក្យ ក្រសួងរ៉ែ និងថាមពល ប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ៥ ខែមេសាថា កន្លងមកនេះ ក្រសួងបានរៀបចំផែនការមេនៅក្នុងការអភិវឌ្ឍវិស័យអគ្គិសនីម្តងរួចហើយ បន្ទាប់ពីកម្ពុជាមានការខ្វះខាតក្នុងការផ្គត់ផ្គង់ភ្លើងអគ្គិសនីនៅក្នុងឆ្នាំ ២០១៩ ដែលនៅពេលនោះ រដូវប្រាំងមានរយៈពេលវែង ការខ្វះខាតទឹកដែលធ្វើឱ្យគម្រោងអគ្គិសនី ៧ គម្រោងអត់ដំណើរការ។ នៅពេលនោះ ក្រសួងបានធ្វើផែនការរយៈពេលខ្លីជាមួយជប៉ុន ជាបន្ទាន់មួយដើម្បីដោះស្រាយបញ្ហាទាំងអស់នេះ។
លោកបន្តថា នៅពេលចប់ផែនការខាងលើនេះ ក្រសួងក៏បានធ្វើផែនការមេថ្មីមួយទៀតជាមួយធនាគារ អភិវឌ្ឍន៍អាស៊ី (ADB ) រយៈពេលវែង (២០២១-២០៤០) ដែលផែនការមេនេះ មានលក្ខណៈគ្រប់ជ្រុងជ្រោយ។ ក្រៅពីនេះក៏មានផែនការតម្រូវការអគ្គិសនីដែលប៉ះពាល់ ដោយសារជំងឺកូវីដ ១៩ និងមានសេណារីយោផ្សេងទៀត ពាក់ព័ន្ធនឹងផែនការផ្គត់ផ្គង់អគ្គិសនី។ លោកថ្លែងថា៖ «ផែនការថ្មីនេះ យើងសហការជាមួយ ADB ដោយបានរៀបចំនៅថ្ងៃនេះ (ទី ៥ ខែមេសា)។ យើងដាក់សេចក្តីព្រាងសូមឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការដៃគូអភិវឌ្ឍន៍ និងស្ថានទូតជាដើមចូលរួមផ្តល់មតិយោបល់លើផែនការថ្មីនេះដើម្បីឱ្យមានភាពងាយស្រួល និងបង្គ្រប់ឱ្យគ្រប់ជ្រុងជ្រោយ»។
បើតាមក្រសួងរ៉ែ និងថាមពលវេទិកាថាមពលកម្ពុជា ស្ដីពី «ការរៀបចំប្រព័ន្ធថាមពលកម្ពុជាសម្រាប់ពេលអនាគត»- Cambodia Energy Forum: Designing the Future of Cambodia''s Power System គឺជាព្រឹត្តិការណ៍អន្តរជាតិដំបូងមួយដែលរៀបចំឡើង ដោយក្រសួងរ៉ែ និងថាមពលក្នុងនាមជាប្រធាននៃកិច្ចប្រជុំថាមពលអាស៊ានឆ្នាំ ២០២២ ក្រោមកិច្ចគាំទ្រ និងសហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
ក្រសួងបន្តថា វេទិកានេះបានធ្វើការពិភាក្សាជាចម្បងលើវិស័យថាមពលកម្ពុជា បន្ទាប់មកទៀតនឹងមានការសន្ទនាថ្នាក់តំបន់លើបញ្ហាអន្តរកាលវិស័យថាមពល នៅក្នុងតំបន់អាស៊ីអាគ្នេយ៍៕