មណ្ឌលគិរីៈ នគរបាលខេត្តមណ្ឌលគិរីរបស់កម្ពុជា និងមន្ទីរនគរបាលខេត្តដាក់ឡាក់របស់វៀតណាមបានប្ដេជ្ញាបន្តកិច្ចសហប្រតិបត្ដិការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានានៅតាមតំបន់ព្រំដែន បន្ទាប់ពីនៅឆ្នាំ ២០២០-២០២១ ភាគីទាំង ២ នៅរក្សាបាននូវការផ្ដល់ព័ត៌មានឱ្យគ្នាទៅវិញទៅមកលើបញ្ហាផ្សេងៗ បើទោះបីជាមានបញ្ហាបណ្ដាលមកពីជំងឺកូវីដ ១៩ ក៏ដោយ។
ការប្ដេជ្ញាចិត្តរវាងភាគីទាំង ២ នេះ ធ្វើឡើងតាមរយៈកិច្ចប្រជុំស្ដីពីកិច្ចសហប្រតិបត្តិការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសនៅតាមតំបន់ព្រំដែនរវាងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី និងមន្ទីរនគរបាលខេត្តដាក់ឡាក់របស់វៀតណាមកាលពីថ្ងៃទី ៤ មេសា។
កិច្ចប្រជុំនេះភាគីកម្ពុជាដឹកនាំដោយលោក ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី និងមានការចូលរួមពីលោក ឆាយ សុខា អនុប្រធាននាយកដ្ឋានទទួលបន្ទុកកិច្ចការព្រំដែននៃអគ្គស្នងការនគរបាលជាតិ និងមន្ដ្រីពាក់ព័ន្ធ ១៥ នាក់។ រីឯភាគីវៀតណាមដឹកនាំដោយលោក ឡេ វិញគ្វី នាយកមន្ទីរនគរបាលខេត្តដាក់ឡាក់របស់វៀតណាម និងប្រតិភូសរុបចំនួន ១៥ នាក់។
លោក ឡោ សុខា ថ្លែងពេលបើកកិច្ចប្រជុំនេះថា ក្នុងឆ្នាំ ២០២០ និងឆ្នាំ ២០២១ កន្លងទៅ ដោយសារជំងឺកូវីដ ១៩ បានផ្ទុះឡើងដែលជាផ្នែកមួយបានជះឥទ្ធិពលយ៉ាងខ្លាំងដល់កិច្ចសហប្រតិបត្តិការរវាងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីកម្ពុជា និងមន្ទីរនគរបាលខេត្តដាក់ឡាក់របស់វៀតណាម។
លោកថ្លែងថា៖ «ប៉ុន្តែភាគីទាំង ២ នៅតែរក្សាការជូនដំណឹងគ្នាទៅវិញទៅមក និងបានផ្ដល់ព័ត៌មានឱ្យគ្នាទៅវិញទៅមកតាមបណ្តាញទំនាក់ទំនងជំនួបនៅលើខ្សែបន្ទាត់ព្រំដែន និងបានអនុវត្តយ៉ាងម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួនទៅតាមវិធានការរបស់ក្រសួងសុខាភិបាលរបស់ភាគីនៃប្រទេសទាំង ២»។
បើតាមរបាយការណ៍កិច្ចប្រជុំនោះភាគីទាំង ២ បានឯកភាពចំពោះលទ្ធផលដែលសម្រេចបាន និងបញ្ហាដែលនៅសេសសល់នៃកិច្ចសហប្រតិបត្តិការទប់ស្កាត់បទល្មើសរវាងភាគីទាំង ២ រយៈពេល ២ ឆ្នាំ (ឆ្នាំ ២០២០-២០២១)។
«ភាគីទាំង ២ បន្តអនុវត្តឱ្យមានប្រសិទ្ធភាពតាមផែនការសហប្រតិបត្តិការប្រចាំឆ្នាំរវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម ដែលថ្នាក់ដឹកនាំក្រសួងទាំង ២ ជាហត្ថលេខីព្រមទាំងបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់នូវខ្លឹមសារនៃកិច្ចសហប្រតិបត្តិការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានានៅតាមតំបន់ព្រំដែន...»។ នេះបើតាមរបាយការណ៍ដដែល។
របាយការណ៍បញ្ជាក់ថា ភាគីទាំង ២ បន្តកិច្ចប្រតិបត្តិការផ្លាស់ប្ដូរព័ត៌មានអំពីសភាពការណ៍សន្តិសុខតាមព្រំដែនដូចជា សកម្មភាពអមិត្ត និងអង្គការចាត់តាំងអាជីវកម្មអន្តរជាតិព្រមទាំងមុខសញ្ញាបំពានច្បាប់នៃប្រទេសនីមួយៗ។
លោក ឡោ សុខា បញ្ជាក់ថា មិនតែប៉ុណ្ណោះភាគីកម្ពុជាបានស្នើសុំឱ្យខេត្តដាក់ឡាក់បន្ត និងសហការជួយទប់ស្កាត់បទល្មើសឆ្លងដែនខុសច្បាប់ បទល្មើសសេដ្ឋកិច្ច ការជួញដូរស្ត្រី និងកុមារ និងបទល្មើសជួញដូរគ្រឿងញៀនឆ្លងដែនផងដែរ។
លោកថ្លែងថា៖ «ភាគីទាំង ២ បានសហការគ្នាបានល្អជាមួយសមត្ថកិច្ចពាក់ព័ន្ធ ម្ចាស់ការក្តាប់បាននូវសភាពការណ៍ដែលពាក់ព័ន្ធ រកឃើញទាន់ពេលវេលា និងបានជូនដំណឹងគ្នាទៅវិញទៅមកទាន់ពេលវេលាអំពីសភាពការណ៍បទល្មើស»។
លោក ឡេ វិញគ្វី នាយកមន្ទីរនគរបាលខេត្តដាក់ឡាក់របស់វៀតណាមបានឯកភាពតាមសំណើរបស់ភាគីកម្ពុជា និងបានលើកឡើងពីចំណងសាមគ្គីភាព និងកិច្ចសហប្រត្តិបត្តិការរវាងនគរបាលខេត្តមណ្ឌលគិរី និងមន្ទីរនគរបាលនៃខេត្តដាក់ឡាក់ដែលតែងមានទំនាក់ទំនងគ្នាល្អលើការទប់ស្កាត់បទល្មើសតាមព្រំដែន។
លោកថា៖ «ស្ថិតក្នុងបរិយាកាសស្និទ្ធស្នាលប្រកបដោយការសាមគ្គីភាព មិត្តភាព និងមានការយោគយល់គ្នាទៅវិញទៅមក ភាគីយើងទាំង ២ បានបន្ត និងពិភាក្សា និងបានឯកភាពគ្នាលើកទិសដៅសហប្រតិបត្តិការសម្រាប់ឆ្នាំ ២០២០-២០២១ មានចំនួន ១២ ចំណុចសំខាន់ៗក្នុងកិច្ចសហប្រតិបត្តិការរវាងស្នងការដ្ឋាននគរបាលនៃខេត្តយើងទាំង ២ និងបញ្ហាសេសសល់មួយចំនួនទៀត និងគ្រោងធ្វើនៅពេលខាងមុខបន្តទៀត»។
បើតាមរបាយការណ៍ ភាគីនៃខេត្តទាំង ២ ក៏បានឯកភាព និងចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំនេះផងដែរ៕