ភ្នំពេញៈ តំណាងកម្ពុជាបានសម្តែងពីមោទនភាពទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិដែលកម្ពុជាជាប់ចំណាត់ថ្នាក់ទី ១៣ ក្នុងចំណោមប្រទេសចំនួន ១២២ និងលេខ ២ ក្នុងចំណោមប្រទេសអាស៊ាន ដែលបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពជាស្ត្រីទៅកាន់បណ្តាប្រទេសនានាក្រោមឆត្រអង្គការសហប្រជាជាតិ។
ស្ថានបេសកកម្មអចិន្រៃ្តយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីសលើកឡើងថា កម្ពុជាគាំពារសមភាពយេនឌ័រ និងការផ្តល់អំណាចដល់ស្ត្រី ដែលត្រូវតែជាអាទិភាពលើគ្រប់វិស័យ។ ស្ត្រីកម្ពុជាបាននិងកំពុងដើរតួនាទីដឹកនាំក្នុងកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ និងការឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ ១៩។
ការថ្លែងដូច្នេះធ្វើឡើងក្នុងអំឡុងនៃកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិរយៈពេល ៥ សប្តាហ៍ ចាប់ពីថ្ងៃទី ២៨ ខែកុម្ភៈ ដល់ថ្ងៃទី ១ ខែមេសា។ តំណាងកម្ពុជាបញ្ជាក់ថា៖ «ក្នុងវិស័យសន្តិភាព និងសន្តិសុខ កម្ពុជាមានមោទនភាព ដែលជាប់ចំណាត់ថ្នាក់ទី ១៣ ក្នុងចំណោមប្រទេសចំនួន ១២២ និងលេខ ២ ក្នុងចំណោមប្រទេសអាស៊ានដែលបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពជាស្ត្រីក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ»។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ស្ថានបេសកកម្មនេះ នាថ្ងៃទី ៤ ខែមេសា។
ពាក់ព័ន្ធនឹងការបញ្ជូនកងកម្លាំងរក្សាសន្តិភាពជាស្ត្រីក្រោមឆត្រអង្គការសហប្រជាជាតិ លោក រ៉ូ វណ្ណៈ សហស្ថាបនិកវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា ថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ៦ ខែមេសាថា វាបង្ហាញពីពលិកម្ម និងការប្តេជ្ញាចិត្តខ្ពស់របស់នារីខ្មែរក្នុងបុព្វហេតុមនុស្សធម៌អន្តរជាតិដែលពួកគាត់បានឃ្លាតចាកឆ្ងាយមាតុភូមិកំណើត និងក្រុមគ្រួសារជាទីស្រឡាញ់ និយាយដាច់ដោយឡែក។ «និយាយជារួម វាជួយលើកមុខមាត់កម្ពុជាលើឆាកអន្តរជាតិក្នុងនាមជាប្រទេសតូច និងធ្លាប់រងគ្រោះដោយសារសង្គ្រាមមហាអំណាចមានសមត្ថភាពបញ្ជូនកម្លាំងជួយប្រទេសដទៃ ក្នុងន័យមនុស្សធម៌ និងសន្តិភាពដែលស្ថិតក្រោមឆ័ត្រអង្គការសហប្រជាជាតិដែលគួរគោរពវីរភាពរបស់ពួកគាត់»។
យោងតាមមជ្ឈមណ្ឌលបោសសម្អាតមីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងបណ្តុះបណ្តាលបានឱ្យដឹងថា កម្ពុជា គិតចាប់ពីឆ្នាំ ២០០៦ រហូតមកដល់ឆ្នាំ ២០២២ នេះកម្ពុជាបានបញ្ជូនកងកម្លាំងសរុបជាង ៨ ០០០ នាក់ ក្នុងនោះមាននារីចំនួន ៥២៨ នាក់ ទៅកាន់បេសកកម្មចំនួន ១១ ក្នុងប្រទេសចំនួន ៩។
មជ្ឈមណ្ឌលនេះបញ្ជាក់ថា ដោយឡែកនៅក្នុងឆ្នាំ ២០២២ នេះ កម្ពុជាមានកងទ័ពមួកខៀវចំនួនជិត ៨០០ នាក់ កំពុងបំពេញបេសកកម្មរក្សាសន្តិភាព នៅតាមបណ្តាប្រទេសចំនួន ៤ រួមមាន ប្រទេសស៊ូដង់ខាងត្បូង លីបង់ អាហ្វ្រិកកណ្តាល និងប្រទេសម៉ាលី។
ថ្មីៗនេះ លោកស្រីវរសេនីយ៍ទោ ជាម៉ៃ សារ៉ស់ បានទទួលមេដាយអង្គការសហប្រជាជាតិសម្រាប់ការកោតសរសើរ ចំពោះមេបញ្ជាការកងកម្លាំង រួមជាមួយនឹងការទទួលស្គាល់យ៉ាងទូលំទូលាយ ចំពោះភាពក្លាហាន និងការប្តេជ្ញាចិត្តរបស់លោកស្រី។ នេះបើតាមការបញ្ជាក់របស់ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស។
លោកបានសរសេរនៅលើហ្វេសប៊ុកកាលពីពាក់កណ្តាលខែមីនាថា លោកស្រី ជាម៉ៃ សារ៉ស់ បានបំពេញបេសកកម្មនៅប្រទេសស៊ូដង់ខាងត្បូង និងព្រំប្រទល់លីបង់ និងអ៊ីស្រាអែល ខណៈដែលត្រូវបានជ្រើសរើសយកមកផ្សព្វផ្សាយក្នុងយុទ្ធនាការ «ស្ត្រីដើម្បីពហុភាគីនិយម។ លោកសរសេរថា៖ «យើងពិតជាមានមោទនភាព ចំពោះលោកស្រីក៏ដូចជាបុគ្គលជាច្រើនរូបទៀតដែលខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីបុព្វហេតុសន្តិភាព និងសន្តិសុខនៃតំបន់ និងពិភពលោក»។
គួរបញ្ជាក់ថា ក្នុងឆ្នាំ ២០២២ នេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំជាស្ត្រីលើកទី ២ ក្រោមប្រធានបទ «កសាងចីរភាពបរិយាប័ន្ន និងភាពធន់៖ សហគ្រិនភាពរបស់ស្ត្រីនៅអាស៊ាន»។
នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនោះផងដែរ តំណាងកម្ពុជាលើកឡើងថា ការដោះស្រាយចំពោះការកើនឡើងនៃការប្រើប្រាស់ភាសាស្អប់ខ្ពើម ការផ្សព្វផ្សាយព័ត៌មានមិនពិត និងការញុះញង់ដែល «ពួនជ្រកក្រោមស្លាកសេរីភាពនៃការបញ្ចេញមតិ» គួរជាអាទិភាពរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។
តំណាងកម្ពុជាក៏បានអំពាវនាវដល់ក្រុមប្រឹក្សាអង្គការសហប្រជាជាតិឱ្យបង្កើតយន្តការត្រួតពិនិត្យក្រមសីលធម៌របស់អ្នករាយការណ៍ពិសេសរបស់ខ្លួន ដើម្បីធានាការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវក្រមសីលធម៌នេះ ដោយលើកឡើងថា៖ «កម្ពុជាគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងសំដៅកែលម្អការងាររបស់អ្នករាយការណ៍ពិសេស ហើយឯករាជភាពមិនអាចគេចចេញពីការទទួលខុសត្រូវបានទេ»។
គួរបញ្ជាក់ថា ក្នុងអំឡុងនៃកិច្ចប្រជុំនោះលោក វិទិត មុនតាប៊ន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាកាលពីថ្ងៃទី ២៩ ខែមីនា បានលើកឡើងអំពីស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជាថា លម្ហសេរីភាពពលរដ្ឋ និងនយោបាយនៅកម្ពុជាកាន់តែរួមតូចទៅ និងដើរថយក្រោយដោយសារតែការគ្រប់គ្រង «បែបឯកបក្ស»។
ប៉ុន្តែតំណាងកម្ពុជាថ្លែងការពារនៅក្នុងកិច្ចប្រជុំនេះថា កម្ពុជាបានប្រកាន់គោលការណ៍សិទ្ធិមនុស្សជាស្នូលជាពិសេសសិទ្ធិមានជីវិត សុខភាព និងការរស់រាន។
ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានបញ្ចប់សម័យប្រជុំលើកទី ៤៩ កាលពីថ្ងៃទី ១ ខែមេសា បន្ទាប់ពីបានរៀបចំកិច្ចសន្ទនាអន្តរសកម្មជាមួយអ្នករាយការណ៍ពិសេសតាមប្រធានបទ និងប្រទេសជាក់លាក់ចំនួន ៤១ កិច្ចពិភាក្សាទូទៅចំនួន ៩ និងកិច្ចពិភាក្សាជាក្រុមចំនួន ៨ ព្រមទាំងបានអនុម័តសេចក្តីសម្រេចចិត្តពាក់ព័ន្ធនឹងបញ្ហាតាមប្រធានបទ និងប្រទេសជាក់លាក់ សរុបចំនួន ៣៥។
ក្នុងអំឡុងនៃកិច្ចប្រជុំរយៈពេល ៥ សប្តាហ៍នេះ តំណាងកម្ពុជាបានទ្បើងថ្លែងបទអន្តរាគមន៍សរុប ៣៣ លើកដោយបង្ហាញពីកិច្ចប្រឹងប្រែងសមិទ្ធផល និងវឌ្ឍនភាពក្នុងទិដ្ឋភាពច្បាប់ គោលនយោបាយ និងការអនុវត្តជាក់ស្តែងរបស់កម្ពុជា ក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្សគ្រប់ប្រភេទ មានដូចជាសិទ្ធិពលរដ្ឋ សិទ្ធិនយោបាយ សិទ្ធិសង្គម សេដ្ឋកិច្ច និងវប្បធម៌ រួមទាំងសិទ្ធិអភិវឌ្ឍន៍។
ជាមួយគ្នានេះ គណៈប្រតិភូកម្ពុជាក៏បានចូលរួមចំណែកក្នុងកិច្ចពិភាក្សានានា ស្ដីពីការពង្រឹងរបៀបរបបការងាររបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស និងអ្នករាយការណ៍ពិសេស ព្រមទាំងប្រធានបទស្តីពីស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសមួយចំនួនផងដែរ៕