ភ្នំពេញៈ អង្គការ​ស្បៀង និង​កសិកម្ម​នៃ​សហប្រជាជាតិ (FAO) ប្រកាស​គាំទ្រ​ដល់​ប្រទេស​កម្ពុជា​លើ​ការ​វាយតម្លៃ​ប្រព័ន្ធ​គ្រប់គ្រង​ស្បៀងអាហារ​ថ្នាក់ជាតិ ដើម្បី​ធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​សុខភាព​សាធារណៈ និង​ការប្រកួតប្រជែង​ក្នុង​ពាណិជ្ជកម្ម​ប្រព័ន្ធ​ស្បៀងអាហារ​។

ការប្រកាស​នេះ​ធ្វើឡើង​ក្នុង​ជំនួប​រវាង​លោក យឹម ឆៃលី ឧបនាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ (CARD) និង​លោកស្រី Rebekah Bell តំណាង​អង្គការ FAO ប្រចាំ​កម្ពុជា​នា​ថ្ងៃទី ​៦ ខែមេសា ដើម្បី​ពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិការ និង​សកម្មភាព​រួមគ្នា​នាពេល​ខាងមុខ​។

ក្នុងជំនួប​នោះ លោកស្រី Bell បាន​អបអរសាទរ​ដល់​ប្រទេស​កម្ពុជា​ដែល​សម្រេចបាន​នូវ​លទ្ធផល​គួរឱ្យ​កត់សម្គាល់​ដូចជា​ការរីកចម្រើន​ដ៏សំខាន់​លើ​ការលើក​កម្ពស់​សន្តិសុខ​ស្បៀង អាហារូបត្ថម្ភ ការកាត់បន្ថយ​ភាព​ក្រីក្រ និង​ជាពិសេស ការឆ្លើយតប​ប្រកប​ដោយ​ប្រសិទ្ធភាព និង​ជោគជ័យ​ជាមួយ​ការចាក់​វ៉ាក់សាំង​របស់​ប្រជាជន​កម្ពុជា​។

លោកស្រី​ប្រកាសថា​៖ «​ការងារ​សំខាន់​ថ្មី​របស់​អង្គការ FAO គឺ​ការផ្តល់​ការគាំទ្រ​ផ្នែក​បច្ចេកទេស​ដល់​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​ធ្វើការ​វាយតម្លៃ​បឋម​លើ​ការគ្រប់គ្រង​ស្បៀងអាហារ​ថ្នាក់ជាតិ និង​ប្រព័ន្ធ​សុវត្ថិភាព​ស្បៀងអាហារ ដែល​នឹង​ប្រព្រឹត្ត​ទៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខ ដោយមាន​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ពី​សហភាព​អឺរ៉ុប​»​។

លោកស្រី Bell ថ្លែងថា ខណៈ​ដែល​កម្ពុជា​កំពុង​ឈានឆ្ពោះ​ដើម្បី​ក្លាយជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​ ២០៣០ កម្ពុជា​មាន​តម្រូវការ​ប្រព័ន្ធ​ផលិតកម្ម​កសិកម្ម និង​ស្បៀងអាហារ ដើម្បី​បំពេញ​តាម​ស្តង់ដា​ស្បៀងអាហារ​អន្តរជាតិ ដែល​ធ្វើឱ្យ​កម្ពុជា​បង្កើន​ឱកាស​នាំចេញ​។

លោកស្រី​ថ្លែងថា​៖ «​ការពង្រឹង​ប្រព័ន្ធគ្រប់គ្រង​ស្បៀងអាហារ​នឹងធ្វើ​ឱ្យ​ប្រសើរឡើង​នូវ​សុខភាព​សាធារណៈ និង​ការប្រកួតប្រជែង​ក្នុង​ពាណិជ្ជកម្ម​ប្រព័ន្ធ​ស្បៀង ដោយ​ផ្តល់​ឱកាស​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​លើកកម្ពស់​ជីវភាព​រស់​នៅ​»​។

លោកស្រី Bell ថ្លែងថា​៖ «​ចំពោះ​ការវាយតម្លៃ​នេះ យើង​នឹងមិន​ត្រឹមតែ​ទទួលបាន​អនុសាសន៍​សម្រាប់​អនុវត្ត​សកម្មភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​អាច​ចាប់ផ្តើម​រៀបចំ​ផែនការ​វិនិយោគ​ដើម្បីឱ្យ​យើង​អាច​ប្រែក្លាយ​អនុសាសន៍​ទាំងនោះ​ឱ្យក្លាយ​ជា​ការពិត​»​។

គួរ​បញ្ជាក់ថា ការវាយតម្លៃ​នេះ​នឹង​អនុវត្តតាម​វិធីសាស្ត្រ​កសិដ្ឋាន បទប្បញ្ញត្តិ និង​លិខិតបទដ្ឋាន​គតិយុត្ត ការអនុវត្ត ការកែច្នៃ​ចំណីអាហារ ទីផ្សារ និង​គ្រប់​មធ្យោបាយ​ទាំងអស់​ចំពោះ​គុណភាព​អាហារ និង​អាហារូបត្ថម្ភ​។

ក្នុង​ជំនួប​នោះ លោក យឹម ឆៃលី បានលើកឡើង​ពី​លទ្ធផល​សំខាន់ៗ និង​វឌ្ឍនភាព​ដែល​សម្រេចបាន ដោយសារ​ការដឹកនាំ និង​ការសម្រប​សម្រួល​របស់ CARD ប្រកប​ដោយ​ប្រសិទ្ធភាព ដោយ​មាន​ការគាំទ្រ​ពី​ក្រសួង​ជំនាញ និង​ដៃគូ​អភិវឌ្ឍន៍​ផ្សេងៗ រួមទាំង អង្គការ FAO ផងដែរ​។

លោក​ថ្លែងថា លោក​គាំទ្រ​យ៉ាងខ្លាំង​ចំពោះ​គំនិត​ផ្តួចផ្តើម​នេះ ព្រោះ​វា​មាន​សារៈសំខាន់​ណាស់​សម្រាប់​កម្ពុជា​។

ប្រទេស​កម្ពុជា​ស្ថិតក្នុង​ចំណោម​ប្រទេស​ជាង​ ១៤០ ផ្សេងទៀត ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ប្រព័ន្ធ​ស្បៀងអាហារ​សកល​របស់​អង្គការ​សហប្រជាជាតិ​កាលពី​ឆ្នាំមុន ហើយ​បាន​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការសម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​តាមរយៈ​ដំណោះស្រាយ​ប្រព័ន្ធ​ស្បៀងអាហារ​។

អង្គការ FAO បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នា​ថ្ងៃទី​ ៦ ខែមេសា ថា ប្រទេស​កម្ពុជា​បានដាក់​ចេញ​នូវ​ផែនទី​បង្ហាញផ្លូវ​សម្រាប់​ប្រព័ន្ធ​ស្បៀងអាហារ​ក្នុងការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ឆ្នាំ ​២០៣០ ដោយបាន​ណែនាំ​ការវិនិយោគ​របស់​ប្រទេស​កម្ពុជា​ ដើម្បី​សម្រេចបាន​នូវ​ចក្ខុវិស័យ​ប្រព័ន្ធ​ស្បៀងអាហារ​ឆ្នាំ​ ២០៣០ ដែល​ផ្តោតលើ​ការផ្តល់​នូវ​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ​សម្រាប់​ប្រជាជន​ទាំងអស់​។

អង្គការ FAO បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន ថា សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ គឺជា​បញ្ហា​ដ៏ស្មុគស្មាញ និង​មាន​បញ្ហា​ប្រឈម​ជាច្រើន ដើម្បី​សម្រេចបាន​នូវ​សន្តិសុខ​ស្បៀង និង​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​អាហារូបត្ថម្ភ​នៅ​កម្ពុជា​។ ផ្នែក​ខ្លះ​ទាមទារ​ឱ្យមាន​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​ពី​អ្នកពាក់ព័ន្ធ​។ ផ្នែក​ផ្សេងទៀត គឺជា​បញ្ហា​ប្រឈម​ពហុវិស័យ​ស្មុគស្មាញ ដែល​ទាមទារ​ឱ្យមាន​សកម្មភាព​រួមគ្នា និង​ការសម្របសម្រួល​៕