ភ្នំពេញៈ លោក ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានណែនាំដល់សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ មិនត្រូវគំរាមកំហែងប្រើអំពើហិង្សាដល់ជនបរទេសឡើយ ដើម្បីឱ្យជនបរទេសទាំងនោះ កៀរគរជនបរទេសផ្សេងៗទៀត មកបណ្ដាក់ទុនវិនិយោគនៅប្រទេសកម្ពុជាបន្ថែម។
លោក ស ខេង បានថ្លែងបែបនេះក្នុងពេលអញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២១ និងលើកទិសដៅការងារឆ្នាំ ២០២២ របស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ កាលពីថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ។
លោកលើកឡើងថា ការគ្រប់គ្រងជនបរទេសចូលមកកម្ពុជា គឺជាការងារធានាសន្ដិសុខជាតិ និងសណ្ដាប់ធ្នាប់សាធារណៈរបស់កងកម្លាំងគ្រប់លំដាប់ថ្នាក់។
លោកថ្លែងថា៖ «យើងក៏ធានាដល់ការលើកទឹកចិត្តសម្រាប់ការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមជាតិផងដែរ។ គឺខិតខំលើកទឹកចិត្តដល់អន្ដោប្រវេសន៍គ្រប់ផ្នែកដែលរស់នៅប្រទេសកម្ពុជា ជាពិសេសអន្ដោប្រវេសន៍ស្របច្បាប់ធ្វើយ៉ាងម៉េចឱ្យគេរស់នៅប្រកបដោយសុខស្រួល គ្មានការគំរាមកំហែង គ្មានអំពើហិង្សា គ្មានការឆបោក លួច ឆក់ ប្លន់ ជាដើម ដើម្បីលើកទឹកចិត្តឱ្យគេកៀរគរជនបរទេសផ្សេងៗទៀត ឬវិនិយោគិនផ្សេងទៀតពីបរទេសមកបណ្ដាក់ទុននៅកម្ពុជាកាន់តែច្រើន»។
លោកបានអំពាវនាវដល់សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវគ្រប់គ្រងសណ្ដាប់ធ្នាប់សាធារណៈ ពិសេសពង្រឹងការការពារជនបរទេស ហើយប្រឆាំងដាច់ខាតចំពោះបទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេសតាមច្រកព្រំដែនផងដែរ។
លោក គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានប្តេជ្ញាចិត្តរួមគ្នាក្នុងការកំណត់យុទ្ធសាស្ត្រសំដៅដោះស្រាយ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការផ្តល់សេវាអន្តោប្រវេសន៍ និងការគ្រប់គ្រងជនបរទេសនៅកម្ពុជាក្នុងគោលបំណងសំខាន់ ដើម្បីចូលរួមរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ។
លោក ពុំ វិត្យា ប្រធាននាយកដ្ឋានរដ្ឋបាលនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានលើកឡើងទាក់ទងនឹងការគ្រប់គ្រងការស្នាក់នៅរបស់ជនបរទេស អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានខិតខំបង្កើនការគ្រប់គ្រងវត្ដមានស្នាក់អាស្រ័យនៅកម្ពុជារបស់ជនបរទេសគ្រប់ប្រភេទក្នុងគោលដៅថែរក្សា សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងការអភិវឌ្ឍជាតិ។ ការគ្រប់គ្រងជនបរទេសអន្តោប្រវេសន៍ ជនបរទេសអន្តោប្រវេសន៍ដែលបានដាក់ពាក្យស្នើសុំទទួលស្គាល់ និងបណ្ណស្នាក់នៅអចិន្រៃ្តយ៍ គិតត្រឹមថ្ងៃបិទឱសានវាទថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០១៩ យុទ្ធនាការជំរឿនស្ថិតិ និងដកហូតឯកសាររដ្ឋបាលមិនប្រក្រតីមានចំនួន ២៨ ៩៤៥ គ្រួសារក្នុងនោះមានមនុស្សចំនួន ៨៩ ៧៨៦ នាក់។
លោកបន្តថា ដើម្បីគ្រប់គ្រងក្រសួងមហាផ្ទៃបានផ្ដល់បណ្ណស្នាក់នៅអចិន្រៃ្តយ៍ជូនអ្នកដែលមានអាយុ ១៨ ឆ្នាំឡើងទៅចំនួន ៦៥ ១៦៨ នាក់ ជាមួយគ្នានោះផងដែរបានផ្ដល់បណ្ណបន្តសុពលភាពដែលមានរយៈពេល ២ ឆ្នាំម្ដងសរុបចំនួន ១៩ ៥៦១ បណ្ណក្នុងនោះបានបន្តសុពលភាពលើកទី ១ ចំនួន ១៥ ៩៣៣ នាក់ លើកទី ២ ចំនួន ៣ ៥៦៧ នាក់ លើកទី ៣ ចំនួន ៥២ នាក់ និងលើកទី ៤ ចំនួន ៩ នាក់។
ដោយឡែកចំពោះភ្ញៀវបរទេសចូលមកកម្ពុជា លោក ពុំ វិត្យា បានឱ្យដឹងថា មានការថយចុះយ៉ាងគំហុក បើប្រៀបធៀបភាគរយទៅនឹងឆ្នាំ ២០២០ មានការថយចុះ ៩០,៦៧ ភាគរយ។ បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៩ មុនការឆ្លងរីករាលដាលជំងឺកូវីដ ១៩ មានការថយចុះរហូត ៩៧,៦៥ ភាគរយ។ ក្នុងនោះភ្ញៀវទេសចរថយចុះ ៩៥,០២ ភាគរយ អ្នកជំនួយថយចុះ ៦១,៤៦ ភាគរយ។ ជាមួយគ្នានេះប្រជាពលរដ្ឋខ្មែរដែលធ្វើដំណើរចេញទៅបរទេសមានការថយចុះ ៩២,២១ ភាគរយ និងពលករខ្មែរទៅធ្វើការនៅក្រៅប្រទេសដែលបានអាជ្ញាធរបរទេសចាប់ខ្លួនបញ្ជូនមកវិញ ៤៥, ៦៤ ភាគរយផងដែរ។
លោកបានឱ្យដឹងថា អ្នកដំណើរជនបរទេសចូលជាលក្ខណៈអន្តរជាតិសរុបមាន ១៤៧ ៧៧៧ នាក់ ក្នុងនោះមាន ១៥៨ សញ្ជាតិ លើ ២ ៨២២ នាក់ ក្នុងនោះមានពាណិជ្ជករ ៨៩ ១៨៤ នាក់ ស្នើនឹង ៦០,៣៦ ភាគរយ។ ទេសចរ ១១ ៥២៦ នាក់ស្មើនឹង ៧, ៧៩ ភាគរយ។ ក្រៅពីនោះអ្នកការទូតមាន ១ ០៨៥ នាក់។
លោកបញ្ជាក់ថា ក្នុងចំណោមអ្នកដំណើរជនបរទេសចូលជាលក្ខណៈអន្តរជាតិមកកម្ពុជាសរុបមាន ១៤៧ ៧៧៧ នាក់ ចូលតាមច្រកទ្វារផ្លូវអាកាសចំនួន ៩៩ ៥២០ នាក់ ផ្លូវគោកចំនួន ១ ២៣៦ នាក់ និងផ្លូវទឹកចំនួន ៣៦ ២២១ នាក់ នៅក្នុងនោះភាគច្រើនមានជនជាតិចិន វៀតណាម និងថៃ។
ចេញជាលក្ខណៈអន្តរជាតិសរុបមានចំនួន ១៥០ ១៥១ នាក់ មាន ១៦៣ សញ្ជាតិ លើ ១៩២៧ ៦៨៨ នាក់ បើប្រៀបធៀបដូចគ្នាក្នុងឆ្នាំ ២០២០ គឺមានការថយចុះ ៩២,២១ ភាគរយ។ ចេញជាលក្ខណៈតំបន់ព្រំដែនមានចំនួន ៨៨ ៨៤៧ នាក់លើ ២៩ ៣៨៤ នាក់ កើនឡើងចំនួន ៦៦,៦៦ ភាគរយ៕