ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា អង្គការសហប្រជាជាតិ (UN) ប្រចាំកម្ពុជាបានប្រកាសប្ដេជ្ញាចិត្តបន្តគាំទ្រកម្ពុជាលើវិស័យធនធានមនុស្ស ប្រព័ន្ធឌីជីថល ការប្រែប្រួលអាកាសធាតុ និងសេដ្ឋកិច្ចបៃតង។
ការប្តេជ្ញាចិត្តនេះធ្វើឡើងក្នុងជំនួបនាថ្ងៃទី ៧ ខែមេសា រវាងលោក ហ៊ុន សែន និងលោកស្រី Pauline Tamesis អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាដែលត្រូវចប់អាណត្តិនៅវិមានសន្តិភាព រាជធានីភ្នំពេញ។
ហ្វេសប៊ុកលោក ហ៊ុន សែន បានដកស្រង់សម្ដីលោកស្រីថា៖ «ប្រព័ន្ធអង្គការសហប្រជាជាតិប្ដេជ្ញាចិត្តបន្តគាំទ្រកម្ពុជាតាមរយៈវិស័យដែលមានសក្តានុពល ដូចជា ទី ១ វិនិយោគលើវិស័យធនធានមនុស្ស ទី ២ ជំរុញការប្រើប្រាស់ប្រព័ន្ធឌីជីថល និងទី ៣ ការប្រែប្រួលអាកាសធាតុ និងសេដ្ឋកិច្ចបៃតង»។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាពប្រាប់ភ្នំពេញប៉ុស្តិ៍នាថ្ងៃទី ៧ ខែមេសាថា ការដែលមានជំនួយក្នុងការអភិវឌ្ឍធនធានមនុស្សកាន់តែច្រើនកាន់តែល្អ ហើយកាន់តែធ្វើឱ្យកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍ ឬដើរទាន់ការវិវឌ្ឍនៃបច្ចេកវិទ្យានៅលើពិភពលោក។ ប្រសិនជាមានការគាំទ្រការបណ្តុះបណ្តាលធនធានមនុស្សវារឹតតែជាការចាំបាច់។
ហ្វេសប៊ុកលោក ហ៊ុន សែន បញ្ជាក់ថា លោកស្រី Tamesis បានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា ជាពិសេសថ្មីៗនេះក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ- ១៩ ហើយប្រព័ន្ធអង្គការសហប្រជាជាតិទាំងអស់បានចូលរួមចំណែក និងឆ្លងកាត់ការលំបាកជាមួយកម្ពុជា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានលើកឡើងករណីនៃការចូលរួមរបស់ប្រព័ន្ធអង្គការសហប្រជាជាតិក្នុងការទទួលឱ្យចូលចតនូវនាវាទេសចរណ៍ Wasterdam នៅកម្ពុជាកាលពីដើមឆ្នាំ ២០២០ ប្រាប់លោកស្រី Tamesis ផងដែរ ថា នៅពេលនោះប្រសិនបើកម្ពុជា មិនអនុញ្ញាតឱ្យចូលចតនោះទេ មិនដឹងជាវាសនាអ្នកធ្វើដំណើរនៅលើនាវានោះទៅជាយ៉ាងណាឡើយ។
សូមរំឭកថា កាលពីខែកុម្ភៈ ឆ្នាំ ២០២០ នាវាទេសចរណ៍ Westerdam ត្រូវបានកម្ពុជាអនុញ្ញាតឱ្យចូលចតនៅកំពង់ផែខេត្តព្រះសីហនុ បន្ទាប់ពីប្រទេសចំនួន ៥ ដែលរួមមានជប៉ុន កោះតៃវ៉ាន់ កោះហ្គួមរបស់សហរដ្ឋអាមេរិក ហ្វីលីពីន និងថៃ បានបដិសេធមិនឱ្យនាវានេះចូលចតនៅកំពង់ផែរបស់ពួកគេ ខណៈដែលជំងឺកូវីដ ១៩ បានចាប់ផ្តើមរីករាលដាលកាន់តែខ្លាំងឡើង។
លោក ហ៊ុន សែន ក៏បានប្រាប់លោកស្រី Tamesis នូវយុទ្ធសាស្ត្រផ្ការីក ដែលកម្ពុជាបានប្រើសម្រាប់ប្រយុទ្ធប្រឆាំងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩ ក្នុងប្រទេសកម្ពុជាជាមួយការបន្តយកចិត្តទុកដាក់លើកិច្ចគាំពារសង្គម និងវិស័យសុខាភិបាល។
សូមបញ្ជាក់ថា កាលពីខែឧសភា ឆ្នាំ ២០២១ រដ្ឋាភិបាលដាក់ឱ្យប្រើប្រាស់នូវផែនការយុទ្ធសាស្ត្រយុទ្ធនាការជាតិ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ- ១៩ ដោយចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងចេញពីរាជធានីភ្នំពេញ និងតំបន់ទីប្រជុំជនសំខាន់ៗជុំវិញរាជធានីហើយពង្រីកជាជំហានៗទៅកាន់តំបន់ផ្សេងទៀត។
ហ្វេសប៊ុកលោក ហ៊ុន សែន បញ្ជាក់ថា លោកស្រី Tamesis បានកោតសរសើរចំពោះភាពជាដៃគូល្អ កិច្ចសហប្រតិបត្តិការល្អ និងការប្ដេជ្ញាខ្ពស់រវាងភាគីទាំង ២ ចំពោះពហុភាគីនិយមការចូលរួមចំណែកក្នុងការរក្សាសន្តិភាពស្ថិរភាពពិភពលោក និងការដឹកនាំប្រកបដោយប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ ១៩។
ហ្វេសប៊ុកលោក ហ៊ុន សែន ដកស្រង់សម្ដីលោកស្រី Tamesis ថា៖ «ទាំងអស់នេះសុទ្ធសឹងជាភាពជោគជ័យ ដែលជាគំរូមិនត្រឹមតែសម្រាប់ប្រទេសនានាទេ ប៉ុន្តែជាបទពិសោធដែលអាចយកទៅប្រើប្រាស់បាននាពេលអនាគត»។
បើតាមហ្វេសប៊ុកលោក ហ៊ុន សែន លោកស្រី Tamesis ថ្លែងថា លោកស្រីពិតជាមានកិត្តិយសណាស់ដែលបានមកបម្រើការងារជាអ្នកសម្របសម្រួលប្រព័ន្ធអង្គការសហប្រជាជាតិរយៈពេលកន្លងមក៕